វិភាគ​៖ ផល​វិបាក​​នៃ​​ការ​​ដាក់​​ប្រទេស​​ក្នុង​​គ្រា​​មាន​​អាសន្ន​​

​កងកម្លាំង​រាជរដ្ឋាភិបាល​កម្ពុជា យាម​ការពារ​នៅតំបន់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត កាលពី​ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩​។ ​(រូបភាព៖ ជន ចាន់រ៉ែន)

ឥទ្ធិពល​នៃ​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វីដ១៩ កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ជា​ការ​ឆ្លង​រាលដាល​នៅក្នុង​សហគមន៍​លើកដំបូង បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​បង្កើន​វិធានការ​ដោះស្រាយ​បញ្ហា​នេះ និង​ត្រៀមលក្ខណៈ​ក្នុង​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន។

នៅ​ថ្ងៃទី៦ ខែធ្នូ​កន្លងទៅ​នេះ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ផ្ញើ​សារ​ទៅកាន់​សាធារណជន​ថា លោក​បាន​ត្រៀម​រួចរាល់សម្រាប់​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ហើយ។

លោក ហ៊ុន សែន៖ «ពិតមែនហើយ ​ខ្ញុំ​សូម​និយាយ​ដោយ​ត្រង់ ខ្ញុំ​បាន​ត្រៀម​រួចរាល់​ហើយ​នូវ​ព្រះរាជ​ក្រឹត្យ​ដើម្បី​ដាក់ថ្វាយ​ព្រះមហាក្សត្រ និងសារលិខិត​ថ្វាយព្រះ​មហាក្សត្រ​ដើម្បី​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ព្រាង​នូវ​អនុក្រឹត្យ ព្រាង​នូវ​លិខិត​សម្រាប់​ប្រធាន​រដ្ឋសភា ប្រធាន​ព្រឹទ្ធសភា​រួចរាល់​ហើយ»។

ទោះ​យ៉ាងណា លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ដែរ​ថា ទោះ​លោក​ត្រៀមលក្ខណៈ​ហើយក៏​ដោយ ប៉ុន្តែ​លោក​មិន​ចង់​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ទេ ​ព្រោះ​ជួ​បបញ្ហា​ប្រឈម​ច្រើន

លោក ហ៊ុន សែន៖ «ខ្ញុំ​មិន​ចង់​ឈាន​ដល់​ជំហាន​នេះ​ទេ​ ព្រោះ​វា​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា ​វា​គាំង​ទាំងស្រុង បើសិនជា​បិទ​ប្រទេស​ឬផ្នែក​ណាមួយ​នៃ​ប្រទេស ដូចជា​រាជធានី​ភ្នំពេញ ឬខេត្ត​ណាមួយ​នោះ ​វា​នឹង​ធ្វើ​ឱ្យ​គាំងដំណើរ​ការ​សេដ្ឋកិច្ច ជាពិសេស​ប៉ះពាល់​ដល់​ដំណើរការ​រកស៊ី​របស់​ប្រជាពលរដ្ឋ​របស់​យើង »។

តើ​អ្វី​ជា​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​? ហើយ​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​មានផល​ប្រយោជន៍​និង​ប៉ះពាល់​អ្វីខ្លះ​?

តាម​ខ្លឹមសារ​ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ប្រទេស​ស្ថិតនៅ​ក្នុង​គ្រា​មាន​អាសន្ន​ ដែល​មាន៥ជំពូក និង១២មាត្រា ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី២៩ ខែមេសា ​ឆ្នាំ២០២០ បាន​លើកឡើង​ថា ការគ្រប់គ្រង​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ គឺ​ដើម្បី​រក្សា​សន្តិសុខជាតិនិង​សណ្តាប់​ធ្នាប់​សាធារណៈ ការពារ​អាយុជីវិតនិង​សុខភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ការពារ​ទ្រព្យសម្បត្តិ និង​បរិស្ថាន។

នៅក្នុង​មាត្រា៤នៃ​ច្បាប់​នេះ​លើកឡើង​ថា ការ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ធ្វើឡើង​នៅពេល​ដែល​ប្រទេស​ជួប​គ្រោះថ្នាក់​ដូចជា សង្គ្រាម​ឬការឈ្លានពាន​ពី​បរទេស គ្រោះអាសន្ន​ផ្នែក​សុខភាព​សាធារណៈ ភាព​វឹកវរ​ដល់​សន្តិសុខជាតិ​និង​សណ្តាប់​ធ្នាប់​សាធារណៈ ព្រមទាំង​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ​ដែល​គំរាមកំហែង​ ឬបង្ក​គ្រោះថ្នាក់​ដល់​ទូទាំង​ប្រទេស។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក សឹង សែន ករុណា ពន្យល់​ថា ការ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ គឺ​ផ្តល់​សិទ្ធិ​អំណាច​បន្ថែម​ដល់​រដ្ឋាភិបាល និង​ដកហូត​សិទ្ធិ​របស់​សាធារណជន​មួយចំនួន ​ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ។

លោក សឹង សែន​ករុណា៖ «កាលណា​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ​គឺជា​ការប្រើ​ឥទ្ធិពល​និង​អំណាច​របស់​រដ្ឋាភិបាល ​នឹង​គ្របដណ្តប់​លើ​ស្ថាប័ន​ផ្សេង​ៗ ប្រើប្រាស់​ស្ថាប័ន​ផ្សេង​ៗ។ ការ​ដកហូត​សិទ្ធិ​របស់​ប្រជាពលរដ្ឋនិង​ស្ថាប័ន​ណា​ផ្សេងទៀតដែលគេ​យល់ថា អាច​ធ្វើ​ឱ្យ​មាន​ភាព​ប៉ះពាល់​ដល់​ស្ថានភាព​សាធារណៈ​ សន្តិសុខ​សង្គម សុខុមាលភាព​សង្គម​ទាំងអស់​ហ្នឹងឯង»។

លោក សឹង សែន​ករុណា ជំរុញ​ដល់​រដ្ឋាភិបាល​ប្រឹងប្រែង​ឱ្យ​អស់​លទ្ធភាព មុន​ឈាន​ដល់​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន។

លោក​ សឹង សែន​ករុណា បន្ត​ថា បើសិនជា​រដ្ឋាភិបាល​ប្រឹងប្រែង​អស់​លទ្ធភាព​ហើយ​នៅតែ​មិន​អាច​ដោះស្រាយ​បាន​ ហើយ​ឈាន​ដល់​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ទៀត ​គឺ​រដ្ឋ​ត្រូវ​ត្រៀម​ធន​ធា​នបម្រុង។

លោក​ សឹង សែន​ករុណា៖ «បើសិនជា​រដ្ឋាភិបាល​បានសម្រេច​ទៅដល់​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​នោះ ​គួរតែ​មានការ​ត្រៀម​ធន​ធា​នបម្រុងមួយចំនួន​ធំ​ ដើម្បី​ជួយ​ទៅដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឬរបស់​រដ្ឋ​អី​ហ្នឹង ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​ស្តារ​នូវ​លទ្ធភាព​របស់​ពួក​គេ ដែល​អាច​បន្ត​ទាំង​អាជីវកម្មនិង​បន្ត​ទាំង​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​ហ្នឹង»។

នៅក្នុង​ច្បាប់​ស្តី​ពី​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ គឺ​បាន​ចែង​ពី​ការ​រឹតត្បិត​សិទ្ធិ​មួយចំនួន​រួម​ទាំង​ការ​ធ្វើដំណើរ ការ​ជួបជុំគ្នា ការ​ប្រកបអា​ជីវកម្ម និង​វិធានការ​ចំពោះមុខ​មួយចំនួន​ទៀត​ដែល​អាជ្ញាធរ​គិតថា​ចាំបាច់។

ចាប់តាំងពី​ការ​ផ្ទុះ​មេរោគ​កូ​វីដ១៩ តាំងពី​ដើមឆ្នាំ២០២០មក រដ្ឋាភិបាល​បាន​រៀបចំ​ថវិកា​ចំណាយ​លើ​អ្នក​ដែល​ប៉ះពាល់​ការងារ ​ដូចជា វិស័យ​ទេសចរណ៍ និង​រោងចក្រ​ ជាដើម។

ទន្ទឹម​នឹង​នោះ អ្នកធ្វើការ​ងារ​ក្នុង​វិស័យ​សេវាកម្ម​កម្សាន្ត​ ក៏បាន​ប្រមូល​ផ្តុំ​នៅមុខ​ក្រសួងការងារ​បន្តបន្ទាប់ ​ដើម្បី​សុំ​ឱ្យ​រដ្ឋ​ជួយ​ឧបត្ថ​ម្ភ​ដល់​ពួក​គេ​ដែរ។

ចំពោះ​ក្រុម​អ្នក​ប្រកបរបរ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ក៏​ស្នើ​ឱ្យ​មានការ​ជួយសង្គ្រោះ​ពី​រដ្ឋាភិបាល​ដែរ​ដោយ​លើកឡើង​ថា ពួក​គេ​ខ្លះ​បាត់​ចំណូល​ទាំងស្រុង និង​ខ្លះ​បាត់បង់​អស់​មួយ​ផ្នែក។

ចំណែកខាង​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ បាន​បង្ហាញ​របាយការណ៍​ថា អតិថិជន​រាប់​សែន​នាក់​ដែល​មិន​មានលទ្ធភាព​បង់​សង​កម្ចី​ បាន​ស្នើសុំ​ផ្អាក​សង​ឬកែប្រែ​លក្ខខណ្ឌ​នៃ​ការ​សង។

ទាំងនេះ​បង្ហាញ​ពី​ជីវភាព​របស់​ប្រជាពលរដ្ឋ​កំពុងតែ​រង​ផល​ប៉ះពាល់​ស្រាប់​ទៅ​ហើយ ដោយសារតែ​ឥទ្ធិពល​នៃ​មេរោគ​កូ​វីដ១៩ ហើយ​បើសិនជា​មានការ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ នឹង​រង​ផល​ប៉ះពាល់​មួយ​កម្រិត​ទៀត។

ដោយសារតែ​ឥទ្ធិពល​នៃ​មេរោគ​កូ​វីដ១៩ បណ្តា​ប្រទេស​មួយចំនួន​ក៏​ធ្លាប់​ដាក់​ប្រទេស​ឬតំបន់​ខ្លះ​នៃ​ប្រទេស​គ្រប់គ្រង​ក្នុង​គ្រា​មាន​អាសន្ន​ដែរ ដូចជា​ករណី​ចិន​បិទ​ទីក្រុង ​វូ​ហាន​ មួយ​រយៈ ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​នេះ។ ចំណែក​ថៃ​ជា​ប្រទេស​នៅ​ជិតខាង​កម្ពុជា​ ក៏បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ជាបន្តបន្ទាប់​ដែរ​ ក្រោម​ហេតុផលទប់ស្កាត់​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វីដ១៩។

ដើម្បី​ទប់ស្កាត់​កូ​វីដ​ឱ្យ​មាន​ប្រសិទ្ធភាព និង​បញ្ចៀស​មិន​ឱ្យ​មានការ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហការ​និង​អត់ធ្មត់។ លោក​ក៏បាន​រំឭក​ដល់​មន្ត្រី​ឱ្យ​មាន​វិធានការ​ចំពោះ​ទីតាំង​អាជីវកម្ម​ដែល​មិន​អនុវត្ត​វិធានការ​ការពារ​កូ​វី​ដនេះ។

លោក ហ៊ុន សែន៖ «ខ្ញុំ​សូម​អនុវត្តឱ្យ​បាន​ហ្មត់ចត់​ ហើយ​ខ្ញុំ​បាន​ណែនាំ​ច្រើនសា​រហើយ ខ្ញុំ​បាន​ផ្តល់​អំណាច​ដល់​ឯកឧត្តម លោកជំទាវ​ ដែល​ជា​អភិបាលរាជធានី​ខេត្ត​រួចរាល់​អស់ហើយ បញ្ហា​នៅសល់​គឺ​ការអនុវត្ត មិន​អាច​រង់ចាំ​តែ​គ្រូពេទ្យ មិន​អាច​រង់ចាំ​តែ​មន្ទីរ​សុខាភិបាល មិន​អាច​រង់ចាំ​ក្រសួងសុខាភិបាល ទៅ​ពិនិត្យ​គ្រប់តែ​ហាង គ្រប់កន្លែង​លក់ដូរ​នោះ​ទេ តែ​នេះ​ជា​សមត្ថកិច្ច​របស់​អភិបាលខេត្ត​រាជធានី​ទាំងអស់»។

ក្នុង​កាលៈទេសៈ​ដែល​ទាំង​ថ្នាក់ដឹកនាំនិង​សាធារណជន​សុទ្ធតែ​បារម្ភ​ពី​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ដែល​នឹងបង្កឱ្យមាន​បញ្ហា​ប្រឈម​ច្រើន​នោះ ក៏​មានការ​បង្ហាញ​វី​ឌី​អូ​ពី​កាមេរ៉ា​សុវត្ថិភាព​ថា ការ​ឆ្លង​ប៉ុន្មាន​ករណី​ចុងក្រោយ​នេះជា​ការ​ធ្វេស​ប្រហែស ដែល​នៅក្នុង​ហាង​ទំនើប​មាន​ម៉ាស៊ីន​ត្រជាក់ តែ​មិនបាន​អនុវត្ត​ត្រឹមត្រូវ​តាម​វិធានការ​ការពារ​ដែល​ណែនាំ​ដោយ​ក្រសួងសុខាភិបាល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ