រដ្ឋា​ភិបាល​​កម្ពុជា​​កំពុង​​កៀរគរ​​មូល​និធិ​​សម្រាប់​​បញ្ជា​ទិញ​​វ៉ា​ក់​សាំង​ប្រឆាំង​កូ​វីដ​១៩​

មនុស្សតម្រង់ជួរដើម្បីទទួលការធ្វើតេស្ត Covid នៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ។ (Newsroom Cambodia)

​រដ្ឋាភិបាល​កម្ពុជា​កំពុង​កៀរគរ​មូលនិធិ​ពី​សប្បុរសជន​នានា ក្រោយពី​មាន​ឧក​ញ៉ា​ធំៗ​បាន​នាំ​គ្នា​សម្រុកបរិច្ចាគ​ថវិកា​ជាបន្តបន្ទាប់ ក្រោយពេល​រដ្ឋាភិបាល​ប្រកាស​ទិញ​វ៉ា​ក់សំាង​កូ​វីដ១៩។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ព្រឹក​ថ្ងៃនេះ​ថា បន្ទាប់ពី​លោក​បាន​ប្រកាស​ពី​ការទិញ​វ៉ាក់សាំង​ការពារ​កូ​វីដ១៩មក គឺ​មាន​ចលនា​គាំទ្រ​យ៉ាង​ធំធេង​ទាំង​តាមផ្លូវ​ចិត្តនិង​ទាំង​តាម​ការ​ផ្តល់​ថវិ​កា ដែ​លលោ​កចាត់ទុកថា នេះ​ជា​ខឿន​ការពារ​សុខភាព​របស់​ប្រជាជន។

លោក​បញ្ជាក់​ថា សរុបថ​វិ​កាដែ​លសប្បុរសជន​ចូលរួម​រហូត​ពេលនេះ មាន​ចំនួន​ជាង១៨លាន​ដុល្លារ​អាមេរិក។ ក្រៅពី​ប្រកាស​ថវិកា​សប្បុរសជន លោក ហ៊ុន សែន ក៏បាន​ប្រកាស​ពី​លេខទូរសព្ទលោក សេង ទៀង ដែល​ប្រចាំការ​ទទួល​នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី ចាំ​ទទួល​ថវិកានិង​លេខ​គណនី​ធនាគារ​ផង​ដែរ។

ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន រៀបរាប់​ថា៖ «ខ្ញុំ​ព្រះករុណា​ខ្ញុំ​សូម​ទូល​ប្រគេននិង​ជម្រាប​ជូន​ថា ក្នុងករណី​មានការ​ផ្ទេរ​តាម​ធនា​គារ​នេះ សូមកុំ​ភ្លេច​ដាក់ឈ្មោះនិង​ទីកន្លែង​រស់នៅ​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឱ្យ​ខ្ញុំ​ព្រះករុណា​ខ្ញុំ​បាន​ធ្វើ​លិខិត​ថ្លែងអំណរគុណ​ចំ​ឈ្មោះ​ពិតប្រាកដ»។

កាលពី​ម្សិលមិញ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ពី​គម្រោង​ទិញ​វ៉ា​ក់​សាំងកូ​វីដ១៩ ក្នុង​ដំណាក់កាល​ដំបូង​ចំនួន១លា​នដូស ប៉ុន្តែ​ចំពោះ​អ្នក​ដែល​មានលទ្ធភាព​ទទួល​បាន​វ៉ា​ក់សាំង​នេះ​មុនគេគឺ​មាន​ក្រុម​គ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធ និង​មន្រ្តី​យុត្តិធម៌។

ក្រៅពី​មន្ត្រី​ខាងលើ ក៏​មាន​មន្រ្តី​ការពារ​ព្រៃឈើ ជលផល បរិស្ថាន មន្ត្រី​តុលាការ និង​មេធាវី ជាអាទិភាព ដែល​លោក​ចាត់ទុក​ក្រុម​មន្រ្តី​ទាំងនេះ​ថា មាន​ហានិភ័យ​ខ្ពស់​ជាង​អ្នកដទៃ។

រដ្ឋលេខាធិការ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី លោក សេង ទៀង ដែល​ប្រចាំការ​ទទួល​ថវិកា​តាម​លេខ​គណនី​ធនាគារ បានឱ្យ​ដឹង​ថា លោក​មិនទាន់​បាន​សរុប​តួលេខ​ថវិកា​នៅឡើយ​ទេ​នៅ​រសៀល​ថ្ងៃនេះ ដោយ​ថា កំពុង​មមាញឹក​ជាមួយនឹង​ការ​កត់ត្រា​ថវិ​កាដែ​លចូលរួម​ពីសំណាក់​ប្រជាពលរដ្ឋ​ជាច្រើន​មក​ពី​ទូទាំង​ប្រទេស។

ចំណែក​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ​លោកស្រី ឱ វណ្ណ​ឌីន មានប្រសាសន៍​ថា ជាប់រវល់​ប្រជុំ។ 

អ្នកនាំពាក្យ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុ​ខសេន​សាន សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ទេ ដោយ​ប្រាប់​ឱ្យ​រង់ចាំ​សេចក្ដីសម្រេច​ដែល​ប្រកាស​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន ប្រាប់​ថា រដ្ឋាភិបាល​មិនទាន់​បានសម្រេច​នៅឡើយ​ទេ​អំពី​ចំនួន​ថវិកា​ជាក់លាក់​ដែល​ត្រូវ​បញ្ចេញ​សម្រាប់​បញ្ជាទិញ​វ៉ា​ក់​សាំង។ ជាង​នេះ​ទៀត លោក​ប្រាប់​ថា រដ្ឋាភិបាល​ស្ថិត​ក្នុង​ដំណាក់កាល​ជជែក​ពិភាក្សា​ថា តើ​នឹង​សម្រេច​ទិញ​វ៉ា​ក់​សាំងផលិត​ឡើង​ដោយ​ប្រទេស​ណាមួយ ហើយក៏​មិនទាន់​ដឹងពី​តម្លៃ​ផង​ដែរ។

ក្រសួងសុខាភិបាល​ឱ្យ​ដឹង​ថា គិត​ពី​ថ្ងៃទី២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ក្រសួង​បាន​យក​សំណាក​អ្នក​ប៉ះពាល់​ព្រឹត្តិ​ការណ៍​សហគមន៍ ២៨វិច្ឆិកា ទៅ​ធ្វើតេស្ត​ចំនួន១១ ៣០៥​សំណាក​ ក្នុង​នោះ​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ចំនួន៣៤នាក់ ដែល​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្មែរ​សូវៀត និង​មណ្ឌលសុខភាព​ចាក់​អង្រែ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ