ពេទ្យ គ្រូ កម្លាំងប្រដាប់អាវុធ និងមន្រ្តីយុត្តិធម៌ ត្រូវ​ទទួល​បានវ៉ាក់សាំងកូវីដ១៩មុនគេ

មន្ត្រីជំនាញក្រសួងសុខាភិបាលរៀបចំបញ្ជូនអ្នកសង្ស័យឆ្លងកូវីដ១៩ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ (ហ្វេសប៊ុក៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC)

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​ បានបញ្ជាក់ថាវ៉ាក់សាំង​កូវីដ១៩​ចំនួន​១លាន​ដូស​​ដែលទិញ​មក​ក្នុង​ដំណាក់​កាលដំបូង​នឹង​ត្រូវចាក់ជូនមុនគេដល់​​អ្នក​ប្រឈមនឹង​ការឆ្លង​ជំងឺកូវីដ​១៩​ខ្ពស់​ដែល​ក្នុងនោះ​មានក្រុមគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធ និង​មន្រ្តី​យុត្តិធម៌។

កាលពីម្សិលមិញ​លោក​នាយករដ្ឋមន្រ្តីបាន​ប្រកាសឱ្យដឹងពីគម្រោងទិញ​វ៉ាក់សាំងកូវីដ១៩ ក្នុង​ដំណាក់កាលដំបូង ដែល​​នឹងផ្តល់ឱ្យមនុស្ស​​ចំនួន​៥០​ម៉ឺននាក់ដែល​ធ្វើការ​នៅកន្លែង​មាន​ហានិភ័យ​ខ្ពស់​ និងអ្នក​ដែល​មានហានិភ័យ​ក្នុងការឆ្លង​កូវីដ១៩។

ក្នុងវីដេអូឃ្លីបជិត៩នាទីដែលបង្ហោះលើទំព័រហ្វេសប៊ុក​របស់លោកនាម៉ោងប្រមាណជា១ព្រឹក​ថ្ងៃនេះ លោកនាយករដ្ឋមន្រ្តី​ហ៊ុន សែន បានលើកឡើងថាមូលហេតុនៃ​ការ​ផ្តល់​វ៉ាក់សាំង​កូវីដ​១៩​ដល់​ក្រុមគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធ និង​មន្រ្តី​យុត្តិធម៌រួមមានមន្រ្តីការពារ​ព្រៃឈើ ជលផល បរិស្ថាន មន្រ្តីតុលាការ(ចៅក្រម ព្រះរាជអាជ្ញា) និងមេធាវី ជាអាទិភាព ព្រោះក្រុម​មន្រ្តី​ទាំងនោះមានហានិភ័យខ្ពស់ជាងអ្នកដទៃ។

លោក​បានបន្ថែម​ថា​អ្នកដែលធ្វើការក្នុងវិស័យ​អាទិភាព​ដែលត្រូវទទួលវ៉ាក់សាំងកូវីដ១៩​មុនគេ​នេះ​មាន​ប្រមាណ​ជា៤០ម៉ឺននាក់ ដូច្នេះ​វ៉ាក់សាំងដែលសល់​សម្រាប់មនុស្ស​១០ម៉ឺនទៀតលោក​ទុក​សិទ្ធិឱ្យ​ក្រសួង​សុខាភិបាល​ជាអ្នកសម្រេច។

លោកនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ផងដែរថាកន្លែងរក្សាទុកវ៉ាក់សាំងកូវីដ១៩មិនចោទជាបញ្ហានេះទេ ព្រោះថា​​រដ្ឋាភិបាលកំពុងសាងសង់ឃ្លាំងសម្រាប់​ស្តុកដែល​មានកម្រិត​សីតុណ្ហភាព​រហូត​ដល់​៨០អង្សារសេក្រោមសូន្យ។ តាមការចុះផ្សាយរបស់សារព័ត៌មាន​BBC វ៉ាក់សាំងកូវីដ១៩ មួយចំនួន​ត្រូវ​រក្សា​ទុក​នៅ​សីតុណ្ហភាព​រហូតដល់​៧០អង្សារសេក្រោម​សូន្យ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ