សមត្ថ​កិច្ច​​ស្វែង​រក​​ចាប់​ខ្លួន​​មនុស្ស​៤​នាក់​​ទៀត ក្រោយ​​ចាប់​ខ្លួន​​ស្ត្រី​​ថៃ​​ម្នាក់​​ជាមួយ​​គ្រឿង​ញៀន​​ជិត​៣០​គីឡូ​ក្រាម​​

អាជ្ញាធរខេត្តនិងមន្ត្រីប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង ឃាត់ខ្លួននិងរឹបអូសគ្រឿងញៀនជិត៣០គីឡូក្រាម ដែលនាំចូលដោយស្ត្រីម្នាក់និងបក្ខពួកមកពីប្រទេសថៃ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង)

នគរបាល​ប្រឆាំង​គ្រឿងញៀន បានឱ្យ​ដឹង​ថា សមត្ថកិច្ច​កំពុង​ស្វែងរក​មេខ្លោង​នៃ​គ្រឿងញៀន​ខ្ទង់​៣០គីឡូក្រាមដែល​ត្រូវ​បាន​រឹបអូស​​ពី​ស្ត្រី​ថៃ​ម្នាក់​កាលពី​សប្ដាហ៍​មុន។

ស្នងការ​ដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃសៅរ៍​សប្ដាហ៍​មុន​ថា នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​នេះ បាន​ឃាត់​ស្ត្រីជន​ជាតិ​ថៃ​ម្នាក់​អាយុ៣១ឆ្នាំ ជាមួយ​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ​ចំនួន៣០ដុំ​ មាន​ទម្ងន់​ជិត៣០គីឡូក្រាម។

នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តបាត់ដំបង លោក សុខ និមល បាន​ប្រាប់​វី​អូ​ឌីកា​លពី​ថ្ងៃម្សិលមិញ​ថា ស្ត្រីជន​ជាតិ​ថៃ​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​ខេត្ត​ ចាប់ខ្លួន​ជាមួយ​គ្រឿងញៀន​ដ៏​ច្រើននេះ កាលពី​ថ្ងៃទី៥ ខែធ្នូ នៅក្នុង​ស្រុក​កំរៀង ៥ថ្ងៃក្រោយ​ពី​ស្ត្រី​ថៃ​រូប​នេះបាន​ចូល​មក​ទឹកដី​កម្ពុជា។

មន្ត្រី​នគរបាល​ប្រឆាំង​គ្រឿងញៀន​រូប​នេះ បានឱ្យ​ដឹង​ទៀត​ថា ស្ត្រី​ថៃ​រូប​នេះត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ឯពន្ធនាគារ​ខេត្តបាត់ដំបង​រួចហើយ។

លោក និមល បាន​បញ្ជាក់​ថា មេខ្លោង​នៃ​គ្រឿងញៀន​ដែល​ជា​ជនជាតិ​ថៃ​ដែរ​នោះ បាន​គេចខ្លួន​ចូល​ទៅ​ក្នុងទឹក​ដី​ថៃ​វិញ​ហើយ ហើយ​លោក​ថា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ជាមួយ​សមត្ថកិច្ច​ប្រទេស​ថៃ ដើម្បី​ស្វែងរក​ចាប់ខ្លួន​មេខ្លោង​នៃ​ការនាំចូល​គ្រឿងញៀន​នេះ។

លោក សុខ និមល ប្រាប់​ថា៖ «មេខ្លោង​វា​រត់គេច​ខ្លួន​ចូល​ទៅ​ប្រទេស​ថៃ ព្រោះ​មេខ្លោង​វា​គឺជា​ជនជាតិ​ថៃ។ ប៉ុន្តែឥលូវនេះ យើង​កំពុង​ស្រាវជ្រាវ​ជាមួយ​ប្រទេស​ថៃ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ពួក​ហ្នឹង​ទៀត»។

នៅពេល​សួរ​ថា តើ​ស្ត្រីជន​ជាតិថៃ​នាំចូល​គ្រឿងញៀន​មក​កម្ពុជា​ដោយ​របៀបណា​នោះ នគរបាល​រូប​នេះប្រាប់​ថា សមត្ថកិច្ច​កម្ពុជា​នឹងស្រាវជ្រាវ​បន្ថែម ប៉ុន្តែលោក​ថា ស្ត្រី​ថៃ​បាន​នាំចូល​គ្រឿង​ញៀន​​​តាម​ច្រករបៀង​នៃ​ព្រំដែន​កម្ពុជា​-ថៃ មិនមែន​នាំចូល​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង​នោះ​ឡើយ។

ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តបាត់ដំបង លោក ផាន់ រតនា បាន​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា ស្ត្រី​រូប​នេះ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ជួញដូរ​គ្រឿងញៀន​កាលពី​ថ្ងៃទី៦ ខែធ្នូ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​នេះ។

លោក ផាន់ រតនា បានឱ្យ​ដឹង​បន្ថែម​ថា តុលាការ​ក៏បាន​ចោទប្រកាន់និង​ចេញដីកា​ស្វែងរក​ចាប់ខ្លួន​មនុស្ស៤នាក់​ផ្សេងទៀត ក្នុង​នោះ​មាន​ទាំង​ជនជាតិ​ថៃនិង​ខ្មែរ​ផង​ដែរ ដែល​ត្រូវ​បាន​សង្ស័យ​ជាប់ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ ប៉ុន្តែលោក​បដិសេធ​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត ដោយ​ថា កុំ​ឱ្យប៉ះពាល់​ដល់​នីតិវិធី​របស់​តុលាការ។

នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន លោក អ៊ិ​ន សុង បានឱ្យ​ដឹង​បន្ថែម​ថា ស្ត្រី​ថៃ​នោះត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ជិត​ច្រកព្រំដែន​អន្តរជាតិ​ដូង ប៉ុន្តែលោក​ថា ស្ត្រី​ថៃ​រូប​នេះ​មិនបាន​ចូល​តាម​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​-ថៃ​នោះ​ទេ។

ប្រធាន​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង លោក ហម សំខាន់ អះអាង​ថា ស្ត្រី​ថៃ​រូប​នេះ​មិនបាន​ឆ្លងកាត់​តាម​ច្រក​ទ្វារ​ព្រំដែន​មួយ​នេះ​ទេ ក្រោយពី​សមត្ថកិច្ច​ច្រកព្រំដែន​របស់​លោក​បាន​ត្រួត​ពិនិត្យ​រួច​នោះ។

លោក ហម សំខាន់ ប្រាប់​ថា៖ «ខាង​ជំនាញ​កំពុងតែ​ស៊ើបសួរ​ជន​ត្រូវ​ចោទ ជនល្មើស​ហ្នឹង​ថា តើ​គាត់​យកចេញ​ពី​ច្រក​ណា​អ៊ីចឹង តែ​គាត់​មិនទាន់​បំភ្លឺ»។

អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន លោក ម៉ក់ ជី​តូ អះអាង​ថា កម្ពុជា​គឺជា​ទីកន្លែង​ឆ្លងកាត់​នៃ​គ្រឿងញៀន​ទៅកាន់​ប្រទេស​ទីបី ដូចជា កោះ​តៃវ៉ាន់ នូវែលហ្សេឡង់ និង​ហ្វីលីពីន ជាដើម។

បើតាមមន្ត្រី​នគរបាល​ជាន់ខ្ពស់​រូប​នេះ ៧០ភាគរយ​នៃ​គ្រឿងញៀន​ដែល​ត្រូវ​បាន​នាំចូល​កម្ពុជា​នោះ ត្រូវ​បាន​នាំចេញ​ទៅកាន់​ប្រទេស​ទីបី ខណៈ​ចំណែក៣០ភាគរយ​ទៀត​នៅ​សេសសល់ ត្រូវ​បាន​ចែក​ចាយ​នៅក្នុង​ប្រទេស​កម្ពុជា។

លោក ម៉ក់ ជី​តូ ប្រាប់​ថា៖ «គោលដៅ​របស់​វា គឺ​យក​មកដល់​ស្រុកខ្មែរ​ ហើយ​វេច​ខ្ចប់ រួចហើយ​បាន​បញ្ជូន​ទៅ​ខាងក្រៅ ប៉ុន្តែ​វា​បញ្ជូន​ទៅ​ខាងក្រៅ​ប្រហែល៧០ភាគរយ ហើយ​នៅ​យើង៣០ភាគរយ វា​ចែកចាយ​ជួញដូរ»។

របាយការណ៍​ផ្ដល់​ដោ​យម​ន្ទី​រប្រឆាំង​គ្រឿងញៀន បង្ហាញថា គិត​ចាប់ពី​ថ្ងៃ១ ខែមករា ដល់​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ បង្ហាញថា បទល្មើស​គ្រឿងញៀន​សរុប ៩ ៧៣៧ ករណី ប្រើប្រាស់ ៣ ៥៣៥ ករណី និង​ជួញដូរ ៦ ២០២ ករណី ឃាត់​មនុស្ស​សរុប ១៩ ៨៨១ នាក់ (ស្រី ១ ២១៨​) ក្នុង​នោះ​ជនបរទេស ៣១៨ នាក់ (ស្រី ៤៣ នាក់​) និង​មាន ១៤ សញ្ជាតិ និង​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជិត ៣ ១៨៨ គីឡូក្រាម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ