អ្នក​ធ្វើ​​តេ​ស្ត​រ​ក​វី​រុ​ស​កូ​វីដ​១៩​មួយ​ចំនួន​​បារម្ភ​​ពី​​ហានិភ័យ​​នៃ​​ការ​​ឆ្លង​ ខណៈ​​ទីតាំង​​យក​​សំណាក​​មិន​បាន​​រក្សា​​គម្លាត​​សុវត្ថិ​ភាព

ពលរដ្ឋ​ដែល​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​និង​ប្រយោល​ក្នុង​ព្រឹត្តិ​ការណ៍២៨វិច្ឆិកា នាំគ្នា​ទៅ​ផ្ដល់​សំណាក​យក​ទៅ​ធ្វើតេស្ត នៅ​ពហុ​កីឡដ្ឋាន​អូឡាំពិក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

​អ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍​សហគមន៍ ២៨វិច្ឆិកា បារម្ភ​ពី​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូ​វីដ១៩ ដោយ​ថា ការ​ធ្វើតេស្ត​យក​សំណាក​លើក​ទី២ នៅ​ទីតាំង​មួយចំនួន មាន​មនុស្ស​ច្រើន និង​មិន​មានការ​រៀបចំ​គម្លាត​សុវត្ថិភាពឱ្យ​បាន​ត្រឹមត្រូវតាម​ការណែនាំ​របស់ក្រ​សួង​សុខាភិបាល។

កាលពី​ម្សិលមិញ និង​ថ្ងៃនេះ អ្នក​ធ្វើ​ចត្តាឡីស័​កជា​ច្រើន​រយ​នាក់ បាន​ធ្វើដំណើរ​ទៅកាន់​ក្រសួងមហាផ្ទៃ និង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើតេស្ត​តាមដាន​សុខភាព​ជា​លើក​ទី២ តាម​ការណែនាំ​របស់ក្រ​សួង​សុខាភិបាល ក្រោយពី​ពួក​គេ​បាន​ដាក់ខ្លួន​ឱ្យ​នៅ​ដាច់​ដោយឡែក​មួយ​រយៈ ក្រោយ​ប៉ះពាល់​ផ្ទាល់និង​ប្រយោល​ជាមួយ​អ្នកជំងឺ​កូ​វីដ១៩ ដែល​ក្រសួងសុខាភិបាល​បាន​រក​ឃើញ។

ស្ត្រី​ម្នាក់នៅ​ខណ្ឌ​ច្បារអំពៅ ជាម​ន្ត្រី​បម្រើការ​ងារ​នៅ​ក្រសួងមហាផ្ទៃ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា គាត់​បាន​ធ្វើតេស្ត​លើក​ទី១ តាម​ការណែនាំ​របស់ក្រ​សួង​សុខាភិបាល។ ប៉ុន្តែ​ការ​ធ្វើតេស្ត​លើក​ទី២នេះ គាត់​មិនបាន​ទៅ​ទេ ដោយសារតែ​គាត់​បារម្ភ​ខ្លាច​ឆ្លង​ពី​អ្នកដទៃ ខណៈ​ទីតាំង​យក​សំណាក​នៅ​ក្រសួងមហាផ្ទៃ​នោះ មាន​មនុស្ស​ច្រើន​ ហើយ​មិន​រក្សា​គម្លាត​សុវត្ថិភាព។

អ្នកស្រី​ថា៖ «ខ្ញុំ​ធ្វើការ​នៅក្នុង​ក្រសួង​ហ្នឹង ដល់​ឃើញ​មនុស្ស​ណែន​តាន់តាប់ ខ្ញុំ​មក​ផ្ទះ​វិញ​ទៅ ព្រោះ​ខ្ញុំ​ខ្លាច ខ្ញុំ​នៅ​មានកូន​តូច ខ្លាច​យើង​អត់អី តែ​គេ​អី​អ៊ីចឹង»។

ស្តី្រអាយុ២៥ឆ្នាំ​រូប​នេះ និយាយ​ទៀត​ថា គាត់​បាន​ធ្វើ​ចត្តាឡីស័​ក៨ថ្ងៃ​មក​ហើយ ពាក់ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍​សហគមន៍២៨វិច្ឆិកា​នេះ គាត់​សំណូម​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ធ្វើ​យ៉ាងណា​រៀបចំ​ឱ្យ​មានការរក្សា​គម្លាត​សុវត្ថិភាពត្រឹមត្រូវ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ណាមួយ​ដែល​អាច​កើតឡើង​ជាយថាហេតុ។

បុរស​ម្នាក់ទៀត សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ដែរ និយាយ​ថា នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ គាត់​បាន​ទៅ​ធ្វើតេស្ត​នៅ​ពហុកីឡដ្ឋាន​អូឡាំពិក ដើម្បី​ធ្វើតេស្ត​តាមដាន​សុខភាព​ជា​លើក​ទី២ ខណៈ​ការ​ធ្វើ​ចត្តាឡីស័​ករបស់​គាត់​បាន១៤ថ្ងៃ​រួចមក​ហើយ មិន​មាន​រោគសញ្ញា​អ្វី​កើតឡើង​ឡើយ។

បុរស​វ័យ៤០ឆ្នាំ​រូប​នេះ និយាយ​ទៀត​ថា ពេលខ្លះ​លោក​អត់ដង្ហើម​ដោយ​ខ្លាច​ឆ្លង នៅពេល​មាន​មនុស្ស​ប្រជ្រៀតគ្នា​ទៅ​ធ្វើតេស្ត នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នោះ។ លោក​ថា បញ្ហា​នេះជា​ហានិភ័យ​សម្រាប់​គាត់ ប្រសិន​មាន​នរណា​ម្នាក់ក្នុងចំណោម​នោះមាន​ផ្ទុក​ជំងឺ​កូ​វីដ១៩។

លោក​ថា៖ «ពេល​ចូល​ដំ​បូ​ងរ​ញ៉េរញ៉ៃណាស់ កៀក​ៗគ្នា​ហ្មង ហើយខ្ញុំ​ចង់​ភ័យ ព្រោះអី​នៅ​ខាងឆ្វេង ខាងស្តាំ ខាងមុខ ខាងក្រោយ ណែន​ហ្មង ទាល់តែ​ចូលក្នុង​បាន​រៀបចំ​ស្រួលបួល ហើយ​ពេល​ហ្នឹង បើ​មាន​អ្នក​ឆ្លង​ដឹង​តែចប់ហើយ​មួយ​ក្រុម​ហ្នឹង»។

លោក​បាន​ស្នើ​ដល់​មន្ត្រី​សុខាភិបាល ក៏ដូចជា អាជ្ញាធរ​មានសមត្ថកិច្ច គួរ​រៀបចំ​សណ្តាប់​ធ្នាប់ រៀបចំ​គម្លាត​សុវត្ថិភាពតាំងពី​ផ្លូវចូលនិង​ទីតាំង​រង់​ចាំ សម្រាប់​អ្នក​ទៅ​ធ្វើតេស្ត​លើ​កក្រោយ​ៗទៀត និង​គួរ​មាន​មេក្រូ​សម្រាប់​ហៅ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​វីរុស​កូ​វីដ១៩ ក្នុងអំឡុងពេល​ទៅ​ធ្វើតេស្ត។ 

បុរស​ម្នាក់ទៀត ជាម​ន្ត្រី​រាជការ ធ្វើការ​នៅ​រដ្ឋសភា បាន​និយាយ​ដែរ​ថា ក្រសួងនិង​អាជ្ញាធរគួរ​រៀបចំ​ជា​ផែន​ដាច់ដោយឡែក​ពីគ្នា រវាង​អ្នក​ប៉ះពាល់​អ្នកជំងឺ​ផ្ទាល់និង​អ្នក​ប៉ះពាល់​ដោយប្រយោល ដើម្បី​ចៀស​វាង​ការ​ចម្លង​តគ្នា​ពេល​ពួក​គេ​មក​ធ្វើតេស្ត​​សំណាក​នេះ។

លោក​ថា៖ «យើង​អត់​ដឹង​ថា អ្នកណា​ផ្ទាល់​ អ្នកណា​មិន​ផ្ទាល់​ទេ យើង​គួរតែ​បែងចែក​ទៅ អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​ព្រឹត្តិ​ការណ៍​ថ្ងៃ២៨ហ្នឹង មិន​ច្រើន​ទេ ដល់​អ៊ីចឹង​យើង​ប្រឈម​ណាស់»។

រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​អ្នកនាំពាក្យ​​ក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ មិន​អាច​ទាក់ទង​បានទេ ប៉ុន្តែ​បើ​តាម​សារ​សំឡេង​របស់​លោកស្រី​ដែល​ប្រាប់​អ្នកសារព័ត៌មាន កាលពី​ម្សិលមិញ គឺ​ក្រសួងសុខាភិបាលបាន​អន្តរាគមន៍​ទៅ​ក្រសួងមហាផ្ទៃឱ្យ​មានការរៀបចំរក្សា​គម្លាត​ហើយ ក្រោយពី​បានឃើញ​អ្នក​ទៅ​ធ្វើតេស្ត​មាន​ចំនួន​ច្រើននិង​មិន​រក្សា​គម្លាត។

លោកស្រី​ថា៖ «ឱ្យ​កម្លាំង​ជួយ​ញែក​គាត់​ដែរ ឱ្យ​គាត់​មាន​គម្លាត​មានអី បើកាលណា​គា​ត់ប្រ​ជ្រៀត​គ្នា​អ៊ីចឹង វា​ឆ្លង​តៗ​គ្នា ទោះបី​គាត់​ពាក់​ម៉ាស់​ក្តី យើង​បារម្ភ​ខ្លាច​ឆ្លង ហើយ​ឆ្លង​ទាំង​ពេទ្យ​ទាំង​អី​ទៀត»។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​មួយ​រូប​ទៀត លោកស្រី ឱ វណ្ណ​ឌីន មានប្រសាសន៍​យ៉ាង​ខ្លី​តាម​បណ្តាញ​សង្គម​តេឡេក្រាម​ថា៖ «សំខាន់​បុគ្គល​ម្នាក់​ត្រូវ​យល់ដឹង កុំ​ប្រជ្រៀតគ្នា ព្រោះ​ទីធ្លា​ស្តាត​ [ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិក​] ធំ»

ចំណែកអ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុ​ភ័ក្រ មានប្រសាសន៍​ថា បញ្ហា​នេះ​វា​បាន​កើតឡើង​មួយរយៈពេល​ខ្លី ប៉ុន្តែ​ត្រូវ​បាន​រៀបរយ​វិញក្រោយ​មាន​កិច្ច​អន្តរាគមន៍។

លោក​ថា៖ «រយៈពេល​ធ្វើ​ យើង​ប្រកាស​ថា ​ធ្វើ​មួយថ្ងៃ​ឱ្យ​រួច ហើយ​ធ្វើ​តែមួយ​កន្លែង ដូច្នេះហើយ​បងប្អូន​យើង​នៅសល់​ច្រើន ដូច្នេះ​ហើយ​វា​ពពាក់ពពូន​ទៅ ប៉ុន្តែ​មួយភ្លែត​ហ្នឹងវា​អ៊ីចឹង​មែន ប៉ុន្តែ​បន្ទាប់មក ​វា​ល្អ​ទេ មិនមែន​អ៊ីចឹង​រហូត​ទេ»។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គឹម​អេង មានប្រសាសន៍​ថា ការ​មិន​អាច​រក្សា​គម្លាត​សុវត្ថិភាព​បាននៅកន្លែង​ធ្វើតេស្ត​សម្រាប់​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍ ២៨វិច្ឆិកា អាច​ធ្វើ​ឱ្យ​កន្លែង​នោះក្លាយជា​ប្រភព​ចម្លងជំងឺ។

មួយ​វិញទៀត លោក​ថា នេះ​ជា​គំរូមិនល្អ​មួយដែល​កន្លងមក ក្រសួងសុខាភិបាលធ្លាប់​ប្រកាស​ឱ្យ​រក្សា​គម្លាត​សុវត្ថិភាព ដើម្បី​ទប់ស្កាត់​ហានិភ័យ​នៃ​ការ​ចម្លង ប៉ុន្តែ​ទីតាំង​ធ្វើតេស្ត​ដែល​រៀបចំ​ដោយ​ក្រសួង​មួយ​នេះបែរជា​មិន​មាន​រក្សា​គម្លាត​ទៅវិញ។

លោក​ថា៖ «កន្លែង​ធ្វើតេស្ត​ជា​កន្លែង​រៀបចំ​ដោយ​ក្រសួងសុខាភិបាល​ទៅ​ទៀត ចុះ​ហេតុ​អី​បាន​ជា​អត់​អាច​រក្សា​គម្លាត​ឱ្យ​ល្អ​ប្រសើរ​បាន ព្រោះ​នេះ​ជា​រឿង​មួយ​សំខាន់ណាស់ វា​គួរតែ​កន្លែង​ហ្នឹង​រៀបចំ​ឱ្យទៅ​ជា​គំរូ ដែល​អាច​ឱ្យ​គេ​យក​ធ្វើជា​ស្តង់ដារ​បាន​សម្រាប់​អនុវត្ត»។

ការ​ធ្វើតេស្ត​ដើម្បី​តាម​សុខភាព​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិ​ការណ៍ ២៨វិច្ឆិកា ​នៅ​ភ្នំពេញ ក្រសួងសុខាភិបាល បាន​កំណត់​យក​ទីតាំង​មួយចំនួនសម្រាប់​ធ្វើតេស្ត ដូចជា នៅ​ក្រសួងមហាផ្ទៃ ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក រដ្ឋសភា ទីតាំង​អង្គភាព​ភី​ឡត​បន្ទាយ​ទួល​ក្រសាំង ផ្ទះ​លោក​ហេង សំ​រិន ប្រធាន​រដ្ឋសភា និង​ផ្ទះ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។

តែ​យ៉ាងណា លទ្ធផល​នៃ​ការ​ធ្វើតេស្ត​ទាំងនោះ ក្រសួងសុខាភិបាលនៅ​មិនទាន់​បង្ហាញ​នៅឡើយ។

បើ​តាម​ក្រសួងសុខាភិបាល គិត​មកដល់​ម៉ោង៧ព្រឹក​ថ្ងៃអង្គារ​នេះ ក្រសួង​រក​ឃើញថា មាន​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍២៨វិច្ឆិកា សរុប​ចំនួន៣៤នាក់​ហើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ