សម្ព័ន្ធ​​អ៊ី​នធឺ​ណិ​ត​អាស៊ី​​បារម្ភ​​ពី​​សេរី​ភាព​​បញ្ចេញ​មតិ​ ក្រោយ​​កម្ពុជា​​ត្រៀម​​បង្កើត​​ច្រក​​អ៊ីនធឺ​ណិ​ត​ជាតិ​

បុរសម្នាក់កំពុងចុចទូរសព្ទបើកមើលព័ត៌មាន។ រូបភាព៖ ហេង វិចិត្រ

​អង្គការ​សម្ព័ន្ធ​អ៊ីនធឺ​ណិ​តអាស៊ី បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​ការ​បង្ក្រាប​ទៅលើ​សេរីភាព​បញ្ចេញមតិ​នៅ​លើ​បណ្ដាញ​អ៊ីនធឺ​ណិ​ត ក្រោយពី​កម្ពុជា​មាន​ផែនការ​បង្កើត​ច្រក​អ៊ីន​ធឺ​ណិ​តជាតិ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​កាលពី​ថ្ងៃម្សិលមិញ​នេះ សម្ព័ន្ធ​អ៊ីនធឺណិត​អាស៊ី បាន​និយាយ​ថា កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​ស្តី​ពី​ការបង្កើត​ច្រក​អ៊ី​នធឺ​ណិ​តថ្នាក់​ជាតិ មិន​សម្រេច​គោលបំណង​នៃ​ការ​ពង្រឹង​ប្រសិទ្ធភាព​តភ្ជាប់​អ៊ីនធឺណិត​របស់​កម្ពុជា​នោះ​ឡើយ។

អង្គការ​មួយ​នេះនិយាយ​បន្ត​ថា ផ្ទុយទៅវិញ អនុក្រឹត្យ​នេះ​នឹង​ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល​ក្នុង​ការរារាំង​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ការ​ត្រួតពិនិត្យ​ចាប់​ពិរុទ្ធ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ឯកជន​ភាព​របស់​អ្នកប្រើ​ប្រាស់​ជាដើម។

បន្ថែម​ពីនេះ សម្ព័ន្ធ​អ៊ីនធឺ​ណិ​តអាស៊ី លើកឡើង​ថា ការរៀបចំ​ផ្លូវ​ចរាចរ​ណ៍​អ៊ី​នធឺ​ណិត​អន្តរជាតិ​ទាំងអស់​ឱ្យ​ចូល​តាម​ចំណុច​តែមួយ អាច​ធ្វើ​ឱ្យ​ល្បឿន​អ៊ីនធឺ​ណិ​តធ្លាក់ចុះ ធ្វើ​ឱ្យ​ទន់ខ្សោយ​ខ្លាំង​ដល់​កំណើន​សេដ្ឋកិច្ច​ឌីជីថល និង​បង្កើន​ហានិភ័យ​សន្តិសុខ​អ៊ីនធឺណិត ជាពិសេស​ប៉ះពាល់​ដល់​អ្នកប្រើ​ប្រាស់​អ៊ីនធឺណិត​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា រួម​ទាំង​អ្នក​វិនិយោគ​បរទេស និង​អាជីវកម្ម​កម្ពុជា​ដែល​មាន​វត្តមាន​អន​ឡាញ​ទៀតផង។

អ្នកនាំពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី លោក ផៃ ស៊ី​ផាន បាន​ច្រានចោល​ការ​លើកឡើង​របស់​សម្ព័ន្ធ​អ៊ីនធឺណិត​អាស៊ី ដោយ​លោក​ថា ​ប្រទេស​មហាអំណាច​មួយចំនួនក៏​បង្កើត​ច្រក​អ៊ីនធឺ​ណិ​តនោះ​ដែរ ដើម្បី​ងាយស្រួល​គ្រប់គ្រង​ប្រាក់ចំណូល​ចូល​រដ្ឋនិង​អំពើ​ភេរ​វក​ម្ម​អន្តរជាតិ ​ជាដើម។

លោក ផៃ ស៊ី​ផាន មានប្រសាសន៍​ថា៖ «ការ​លើកឡើង គឺ​លម្អៀង​រឿង​នយោបាយ​ទេ មិនមែន​រឿង​ការ​ជួយ​បង្ហាញ​ការពិត​ដល់​មហាជន។ អ្វី​ដែល​ជា​ការពិត គឺ​ការរៀបចំ​ឱ្យ​មានផ្លូវ​ចេញចូល​តែមួយ គឺ​ស្រួល​ក្នុង​ការ​រកចំណូល ក្នុង​កិច្ចការពារ​ក្នុង​រឿង​សកម្មភាព​ព្រហ្មទណ្ឌ​ពី​ភេ​រវកម្ម​អន្តរជាតិ។ រី​ឯការ​បញ្ចេញមតិឬការរិះគន់ យើង​បើកចំហ​តើ​! មាន​ប្រទេស​ណា​ស្រួល​ជាង​កម្ពុជា​? ប្រទេសជិតខាងគឺ​អត់មាន​ទេ​!»។

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៅ​សមា​គម​អាដ​ហុក លោក ស៊ឹង សែន​ករុណា លើកឡើង​ថា ការបង្កើត​ច្រក​អ៊ីន​ធឺ​ណិ​តថ្នាក់​ជាតិ គេ​បង្កើត​ឡើង​សម្រាប់​ប្រទេស​កម្មុ​យនី​ស្ត​តែប៉ុណ្ណោះ។ ករណីនេះ លោក​ថា កម្ពុជា​ជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ មិន​គួរ​ចេញ​អនុក្រឹត្យ​ស្តី​ពី​ការបង្កើត​ច្រក​អ៊ីន​ធឺ​ណិ​តថ្នាក់​ជាតិ​នោះ​ទេ ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ។

លោក ស៊ឹង សែន​ករុណា មានប្រសាសន៍​ថា៖ «រដ្ឋាភិបាល​មាន​សិទ្ធិ​ក្នុង​ការបង្កើត ប៉ុន្តែសម្រាប់​ជា​ទស្សនៈ​របស់​យើង ខ្ញុំ​គិតថា ​មិន​គួរ​បង្កើត​ទេ​នៅក្នុង​បរិបទ​ប្រទេស​ដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​ដូច​ប្រទេស​យើង ពីព្រោះ​វា​ប៉ះពាល់​ទៅដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ»។

តួលេខ​រដ្ឋាភិបាល បង្ហាញថា ចំនួន​ស៊ី​មកា​តដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​កម្ពុជា មាន​រហូតដល់​ជាង ២១លាន៦៧ស៊ី​ម ខណៈ​អ្នក​ចុះឈ្មោះ​ប្រើ​ប្រាស់​អ៊ី​នធឺ​ណិ​តនៅ​កម្ពុជា​មានដល់​ទៅ​ជាង​១៦លាន​នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ