ក្រសួងសុខាភិបាល ស្នើដល់ប្រជាពលរដ្ឋដែលបានទៅហាងលក់ទំនិញ Zendo និង Pedro ទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខាភ្នំពេញ ខណៈក្រសួងរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤នាក់ទៀត ជាបុគ្គលិកនិងអ្នកទៅហាងទាំងពីរនេះ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០៨ ខែធ្នូនេះថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងបានរកឃើញអ្នកដែលបានធ្វើតេស្តវិជ្ជមានមេរោគកូវីដ១៩ សុទ្ធតែជាអ្នកធ្លាប់បានទៅហាងលក់ទំនិញ Zendo នៅផ្លូវត្រសក់ផ្អែម និង Pedro នៅផ្លូវព្រះសីហនុ រាជធានីភ្នំពេញ។
លោកបន្តថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺនេះ ក្រសួងស្នើដល់ប្រជាពលរដ្ឋដែលបានទៅហាងលក់ទំនិញទាំងពីរ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ រួសរាន់ទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខាភ្នំពេញ ហើយរាល់ការចំណាយទាំងអស់ជាបន្ទុករបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលក៏បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ចំនួន៤នាក់ទៀត។
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤នាក់នោះ រួមមាន ឈ្មោះ អិត កុម៉ាល អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ បានទៅហាង Zendo កាលពីថ្ងៃទី២៧ ខែវិច្ឆិកា, ឈ្មោះ សន សាន់បញ្ញារិទ្ធ អាយុ២០ឆ្នាំ រស់នៅក្រុងតាខ្មៅ ជាបុគ្គលិកហាង Pedro, ឈ្មោះ ឡុង សុខនី អាយុ៣៣ឆ្នាំ រស់នៅក្រុងតាខ្មៅ ជាបុគ្គលិកហាង Pedro និងឈ្មោះ ទៅ គឹមហុក អាយុ២៧ឆ្នាំ រស់នៅខណ្ឌមានជ័យ ចូលទៅហាង Pedro និងជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺឈ្មោះ ញិល សុខកូឡា។
បើតាមក្រសួងសុខាភិបាល គិតមកដល់ម៉ោង៧ព្រឹក ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣៥៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន៣០៧នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤៧នាក់៕