ក្រុមអង្គការការពារសិទ្ធិមនុស្ស ២ បានជំរុញទៅរដ្ឋាភិបាលកម្ពុជាឱ្យចាត់វិធានការបន្ទាន់ ដើម្បីការពារអ្នកជាប់ឃុំក្នុងពន្ធនាគារពីការឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីកម្ពុជាបានរកឃើញមន្ត្រីពន្ធនាគារមួយចំនួនឆ្លងជំងឺផ្លូវដង្ហើមមួយនេះ។
ក្នុងសេចក្ដីថ្លែងការណ៍រួមចេញនៅថ្ងៃនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និងអង្គការការពារសិទ្ធិមនុស្សលីកាដូ បានរំឭកថា អគ្គនាយកពន្ធនាគារ លោក ឆែម សាវុធ បានចុះទៅធ្វើការនៅតាមពន្ធនាគារ នៅមុនគាត់ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩នោះ។
អង្គការទាំងពីរនេះ បានស្នើរដ្ឋាភិបាលកម្ពុជាឱ្យអនុវត្តវិធានការអនាម័យនិងរក្សាគម្លាតសង្គមនៅក្នុងពន្ធនាគារ ព្រមទាំងចាត់វិធានការទៅលើភាពចង្អៀតណែនក្នុងពន្ធនាគារ ដោយថា ដើម្បីការពារសិទ្ធិទទួលបានសេវាថែទាំសុខុមាលភាពរបស់អ្នកជាប់ឃុំ។
Human Rights Watch និងលីកាដូ និយាយថា ស្ថានភាពនេះអាចបង្កជាហានិភ័យខ្ពស់ក្នុងការចម្លងជំងឺនេះទៅអ្នកជាប់ឃុំ ខណៈពន្ធនាគារនៅក្នុងប្រទេសកម្ពុជាមានភាពចង្អៀតណែនខ្លាំង ដោយមានអ្នកជាប់ឃុំក្នុងពន្ធនាគារជិត៤ម៉ឺននាក់កំពុងតែប្រឈមយ៉ាងខ្លាំងពីការឆ្លងវីរុសកូវីដ១៩ ដែលអាចបណ្ដាលឱ្យមានការស្លាប់បាត់បង់ជីវិតដោយសារការឆ្លងវីរុសនេះ។
គិតត្រឹមព្រឹកថ្ងៃពុធនេះ មនុស្ស៣៨នាក់ហើយ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ ក្នុងចង្កោមតែមួយពាក់ព័ន្ធនឹងភរិយាប្រធានអគ្គនាយកដ្ឋានពន្ធនាគារកម្ពុជា ដែលបានទៅធ្វើតេស្តនៅថ្ងៃទី២៨ ខែវិច្ឆិកា បន្ទាប់ពីគាត់លេចអាការរោគផ្តាសាយ៣ថ្ងៃ។
លោក ឆែម សាវុធ ត្រូវបានធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩នៅសប្តាហ៍តែមួយ ពេលដែលលោកបានចុះទៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ ដោយមានថតរូបលោកកំពុងឈរលើកដៃក្បែរជនជាប់ឃុំអង្គុយជាជួរ។ លោកមិនមានពាក់ម៉ាស់មុខនោះទេ ក្នុងរូបថតបង្ហោះលើទំព័រ Facebook ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៅថ្ងៃទី២៣ ខែវិច្ឆិកា។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា លើកឡើងថា មិនទាន់មានការប្រមូលសំណាកអ្នកជាប់ឃុំនៅពន្ធនាគារព្រៃស ដើម្បីរកករណីវិជ្ជមានកូវីដ១៩នៅឡើយ បើទោះជាមានអ្នកជាប់ឃុំខ្លះកំពុងលេចអាការក្អក ផ្តាសាយ និងហៀរសំបោរតិចតួច ដោយសារអាកាសធាតុប្រែប្រួល ហើយសូម្បីតែមានកើតករណីឆ្លងជាចង្កោមចេញពីគ្រួសាររបស់ប្រធានអគ្គនាយកដ្ឋានក្តី។
លោក នុត សវនា ប្រាប់ VOD ឱ្យដឹងនៅថ្ងៃម្សិលមិញថា មន្រ្តីពន្ធនាគារជាច្រើនបានទៅផ្តល់សំណាកសម្រាប់ការធ្វើតេស្តរកករណីវិជ្ជមានកូវីដ១៩ ជុំទី២ របស់ពួកគេ ខណៈអ្នកដែលនៅសល់នៅធ្វើបន្ត ប៉ុន្តែលោកថា សម្រាប់អ្នកជាប់ឃុំក្នុងពន្ធនាគារមិនទាន់ត្រូវបានធ្វើតេស្តនៅឡើយ។
លោក សវនា មានប្រសាសន៍ថា៖ «ដោយឡែក សម្រាប់ជនជាប់ឃុំ ដូចជាអត់ទាន់មានសញ្ញាណអីដែលអាចកំណត់បានថា ឬសន្មត់បានថា មានករណីគួរឱ្យសង្ស័យទេ។ មានអ្នកក្តៅខ្លួនអីតិចតួច ដោយសារស្ថានភាពអាកាសធាតុយើងវាប្រែប្រួល។ មានករណីខ្លះ គាត់ហៀរសំបោរឬក៏ក្អកអីតិចតួចហ្នឹង តែយើងមិនធ្វេសប្រហែសទេ។ ករណីដែលមានអាការពាក់ព័ន្ធឬប្រហាក់ប្រហែលនឹងរោគសញ្ញាកូវីដ គឺយើងប្រយ័ត្នប្រយែងបំផុត»។
មន្រ្តីអ្នកនាំពាក្យរូបនេះ បន្ថែមថា អ្នកមានកើតអាការទាំងនោះ ខាងពន្ធនាគារមិនបានយកពួកគេដាក់នៅបន្ទប់ដាច់ដោយឡែកណាផ្សេងនោះទេ។
លោក នុត សវនា បន្ថែមថា៖ «យើងដាក់នៅបន្ទប់ដដែល គ្រាន់តែមានការប្រុងប្រយ័ត្ន ហើយនិងឃ្លាំមើលជាប្រចាំ ហើយនិងទទួលការព្យាបាល ពីព្រោះយើងដឹងពីប្រវត្តិបម្លាស់ទីរបស់គាត់។ មិនមែនគាត់អត់ដែលទៅណាសោះ គាត់មិនទៅកើតកូវីដកើតទេ។ អ៊ីចឹង បើគាត់នៅហ្នឹងរាប់ខែរាប់ឆ្នាំហើយ ហើយគាត់ផ្តាសាយហ្នឹង ភាគច្រើនគឺគាត់ផ្តាសាយ»។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ប្រាប់ VOD តាមប្រព័ន្ធ Telegram ថា អាជ្ញាធរសុខាភិបាលមិនទាន់បានទទួលព័ត៌មានជុំវិញករណីមានអ្នកទោសលេចអាការក្អកឬក្តៅខ្លួននោះនៅឡើយ។ លោកស្រីថា ខាងនាយកដ្ឋានពន្ធនាគារគួរតែជូនដំណឹងមកអាជ្ញាធរសុខាភិបាល។
អ្នកស្រី ឱ វណ្ណឌីន ប្រាប់ថា៖ «ខ្ញុំបានជូនទៅក្រុមការងាររួចហើយ ដើម្បីឆែកមើលតើមានអ្នកឈឺមែនដែរទេ?»។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការលីកាដូ លោក អំ សំអាត លើកឡើងថា លោកបារម្ភអំពីការរីករាលដាលរបស់មេរោគនៅក្នុងពន្ធនាគារដែលមានស្ថានភាពចង្អៀតណែន ហើយលោកជំរុញឱ្យមានការធ្វើតេស្តលើអ្នកជាប់ឃុំ។
លោក អំ សំអាត៖ «វាគួរតែមានការពិនិត្យដែរ ដែលពាក់ព័ន្ធកន្លែងដែលឯកឧត្តម ឆែម សាវុធ គាត់អញ្ជើញទៅ។ ពិព្រោះបើយើងមើលខាងក្រៅ កន្លែងដែលគាត់អញ្ជើញទៅ ឬក៏អ្នកពាក់ព័ន្ធ ត្រូវទៅធ្វើតេស្តទាំងអស់ ប៉ុន្តែដោយឡែកនៅខាងពន្ធនាគារហ្នឹង យើងអត់ទាន់ទទួលបានដំណឹងថា[មាន]ការធ្វើតេស្តនៅឡើយ»។
លោកមានប្រសាសន៍បន្ថែមថា៖ «កាលណាបើសិនជាមានអ្នកដែលឆ្លង អាហ្នឹងវាពិបាកក្នុងការគ្រប់គ្រង ទោះបីថាគាត់នៅមួយកន្លែងក៏ដោយ ប៉ុន្តែភាពចង្អៀតណែនហ្នឹងគឺជាហានិភ័យមួយដែរ»។
នៅថ្ងៃពុធនេះ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ បានផ្ញើលិខិតមួយដែលលោកស្រីថា ជាលិខិតដែលចុះហត្ថលេខាដោយលោក រ៉ុង ឈុន ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ដោយក្នុងលិខិតនោះសរសេរថា លោក រ៉ុង ឈុន ខ្លាចមានការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងពន្ធនាគារ និងស្នើឱ្យមានការជម្លៀសអ្នកជាប់ឃុំចេញជាបន្ទាន់។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch លើកឡើងក្នុងសេចក្តីថ្លែងរួមមួយចេញផ្សាយនៅថ្ងៃម្សិលមិញថា យ៉ាងហោចណាស់ ពន្ធនាគារចំនួន៨ក្នុងប្រទេសកម្ពុជា ផ្ទុកអ្នកជាប់ឃុំលើសចំណុះជាង៣០០ភាគរយ ខណៈពន្ធនាគារ៧ផ្សេងទៀត ផ្ទុកលើសពី១០០ទៅ៣០០ភាគរយ។
Human Rights Watch និងលីកាដូ បញ្ជាក់ថា សិទ្ធិទទួលបានសេវាសុខាភិបាល គឺមានសម្រាប់មនុស្សគ្រប់រូបស្មើៗគ្នា ដោយអ្នកជាប់ឃុំក្នុងពន្ធនាគារក៏មានសិទ្ធិទទួលបានសេវាថែទាំសុខភាពគ្រប់គ្រាន់ ដូចសហគមន៍ដែលមានសេរីភាពនៅខាងក្រៅដែរ ហើយរដ្ឋគឺជាអ្នកទទួលខុសត្រូវដើម្បីផ្ដល់សេវាថែទាំសុខភាពដល់អ្នកដែលត្រូវបានដកហូតសេរីភាពទាំងនេះ។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន អះអាងថា រដ្ឋាភិបាលបានការពារសិទ្ធិអ្នកជាប់ឃុំជាយូរមកហើយ តាមរយៈក្រសួងសុខាភិបាល។ លោកថា វិធានការនេះត្រូវបានយកទៅអនុវត្តក្នុងពន្ធនាគារ ហើយលោកថា មណ្ឌលអប់រំក៏មានគ្រូពេទ្យប្រចាំការដើម្បីតាមដាននិងបង្ការជំងឺឆ្លងនេះដែរ។
ចំណែកភាពចង្អៀតណែនក្នុងពន្ធនាគារវិញ លោកថា កំពុងតែដោះស្រាយដែរ តាមរយៈយុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះនៅក្នុងប្រព័ន្ធតុលាការ។
លោក កត្តា អ៊ន ប្រាប់ថា៖ «បញ្ហាពន្ធនាគារ គឺយើងនៅមានកម្រិតនៅឡើយ កម្រិតនៅត្រង់ថា អគារដែលកសាង យើងនៅមានការខ្វះខាត ដែលបទល្មើសបានកើតឡើងច្រើន។ អ៊ីចឹងហើយបានជាយើងពន្លឿនឱ្យមានការកាត់ទោសតាមនីតិវិធី ដើម្បីធ្វើយ៉ាងណាកុំឱ្យកកស្ទះសំណុំរឿង»៕