ក្រុមអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួន ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ខួប៧២ឆ្នាំនេះ បានទាមទារឱ្យរដ្ឋាភិបាលស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ និងរកដំណោះស្រាយនយោបាយ ដើម្បីរក្សាផលប្រយោជន៍ជាតិ។
នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ក្នុងវេទិកាមួយនៅវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ក្នុងក្រុងភ្នំពេញ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះថា ចាប់ពីឆ្នាំ២០១៧មក ដែលជាឆ្នាំរំលាយអតីតគណបក្សសង្គ្រោះជាតិនោះ លោកថា ស្ថានភាពសិទ្ធិមនុស្សបានធ្លាក់ចុះធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភ។
លោកបន្តថា សិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយដែលធានាដោយរដ្ឋធម្មនុញ្ញនិងកតិកាសញ្ញាអន្តរជាតិ បានតម្រូវឱ្យអាជ្ញាធរដើរតួជាអ្នកសម្រួលដល់សិទ្ធិសម្តែងមតិដោយសន្តិវីធី ប៉ុន្តែផ្ទុយទៅវិញ អាជ្ញាធរបានរារាំងនិងបង្ក្រាបដោយហិង្សានិងការចាប់ឃុំខ្លួនលើអ្នកសម្តែងមតិមួយចំនួន។
លោកបន្ថែមថា ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួនកន្លងមកនេះ រួមទាំងការចាប់ខ្លួនអ្នកបញ្ចេញមតិតាមបណ្តាញសង្គម ក៏ជាការបញ្ជាក់ពីការធ្លាក់ចុះនៃលំហប្រជាធិបតេយ្យដែរ។

លោកថា៖ «សហគមន៍អឺរ៉ុបដែលគេផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ២០ភាគរយហ្នឹង គឺលក្ខខណ្ឌរបស់គេ យើងឃើញហើយថា ក្រោយឆ្នាំ២០១៧ហ្នឹងមក គឺគេទាមទារឱ្យមានការស្តារឡើងវិញនៃលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ហើយក្រោយមក សហគមន៍អឺរ៉ុបគេបាននិយាយថា កម្ពុជាមានការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ»។
ករណីនេះ លោកបានជំរុញឱ្យរដ្ឋាភិបាលស្តារស្ថានភាពនេះឡើងវិញ ដើម្បីបញ្ចៀសវិធានការនានាពីសហគមន៍អន្តរជាតិ ដែលធ្វើឱ្យកម្ពុជាបន្តខាតបង់។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ដែរថា បរិបទនយោបាយជាង៣ឆ្នាំមកនេះ បានប៉ះទង្គិចធ្ងន់ធ្ងរដល់សសរស្តម្ភនៃប្រជាធិបតេយ្យ យ៉ាងតិច៤ ដូចជា ការដកហូតអាសនៈរបស់អតីតគណបក្សប្រឆាំង ទៅចែកឱ្យគណបក្សផ្សេងទាំងមិនឆ្លងយោបល់ម្ចាស់ឆ្នោត, ការយាយីទៅលើបណ្តាញចុះបង្កើតសហគមន៍ និងក្រុមយុវជនបរិស្ថាន, ការចោទប្រកាន់អ្នកការពារសិទ្ធិមនុស្សនិងសិទ្ធិការងារ ថាជាអ្នកញុះញង់ឱ្យមានការតវ៉ាជាដើម។

លោកស្រីថ្លែងថា៖ «នេះជាការប្រឈមមួយដែលយើងត្រូវយកមកដាក់លើតុទាំងអស់គ្នា ក្នុងការពិនិត្យថា តើកម្ពុជាយើងពិតជាអនុលោមទៅតាមអ្វីដែលយើងបានប្តេជ្ញានៅក្នុងរដ្ឋធម្មនុញ្ញ ដែលរដ្ឋធម្មនុញ្ញយើងទទួលស្គាល់នូវលិខិតតុបករណ៍អន្តរជាតិដែរឬទេ»។
ស្របពេលគ្នានេះដែរ មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសរសេរនៅលើហ្វេសប៊ុករបស់លោកដោយធ្វើការកត់សម្គាល់ថា កម្ពុជាអាចមានសន្តិភាពនិងការបង្រួបបង្រួមជាតិពិតប្រាកដបាន លុះត្រាតែប្រជាពលរដ្ឋខ្មែរគ្រប់រូបទទួលបាននូវការគោរពសិទ្ធិ និងចូលរួមធ្វើការសម្រេចនូវជោគវាសនាអនាគតរបស់ខ្លួននិងប្រទេសជាតិ។
មេដឹកនាំដែលកំពុងជាប់បម្រាមតុលាការរូបនេះ អំពាវនាវឱ្យអ្នកដែលមានឥទ្ធិពល មានអំណាច ចូលរួមលើកស្ទួយសិទ្ធិមនុស្ស ដើម្បីឱ្យមានបរិយាកាសនយោបាយមួយដែលខ្មែរគ្រប់រូបមានសិទ្ធិចូលរួមក្នុងជីវភាពនយោបាយដោយគ្មានការភ័យខ្លាច។
លោកថា៖ «មានតែការគោរពសិទ្ធិមនុស្សពេញលេញទេ ដែលអាចនាំមកនូវស្ថិរភាពនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពពិតជូនប្រជាពលរដ្ឋបាន»។
ចំណែក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏បានចេញសេចក្តីថ្លែងការណ៍ស្នើដល់ប្រមុខរាជរដ្ឋាភិបាល ប្រើបុព្វសិទ្ធិធ្វើសំណើថ្វាយព្រះមហាក្សត្រ សុំព្រះរាជទានលើកលែងទោសឱ្យទណ្ឌិត រួមទាំងអ្នកទោសមនសិការ និងអ្នកនយោបាយជាប់ទោស និងធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយាបាយ ទាក់ទិននឹងបម្រាមហាមអ្នកនយោបាយមិនឱ្យធ្វើនយោបាយមករយៈពេលត្រឹម៦ខែ ព្រមទាំងបើកលំហសេរីភាពបញ្ចេញមតិ សេរីភាពសមាគម និងការជួបជុំឱ្យបានទូលាយជាងមុនផងដែរ។
គណបក្សនេះថា ការស្នើនេះជាការលើកស្ទួយរបបប្រជាធិបតេយ្យសេរីពហុបក្ស និងធ្វើឱ្យប្រសើរនូវសេរីភាពនយោបាយនៅកម្ពុជា។
ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូនេះដែរ សហរដ្ឋអាមេរិកតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បាននិយាយថា ខ្លួនចងចាំថា សេរីភាពក្នុងការចងក្រងគ្នាជាក្រុម សមាគម និងសេរីភាពក្នុងការបញ្ចេញមតិ ជាសិទ្ធិជាសកល ដែលត្រូវបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញនៃសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជា។
ស្ថានទូតអាមេរិកបញ្ជាក់ថា៖ «សង្គមដែលមានស្ថិរភាពនិងសន្តិភាព អនុញ្ញាតឱ្យមានការពិភាក្សានិងមតិប្រឆាំង។ អាជ្ញាធរមានកាតព្វកិច្ចត្រូវការពារសិទ្ធិទាំងនេះ ហើយអនុញ្ញាតឱ្យមានទស្សនៈប្រឆាំង។ សហរដ្ឋអាមេរិកនឹងបន្តគាំទ្រសិទ្ធិស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រជាជនកម្ពុជា ក្នុងការមានសេរីភាពជាមូលដ្ឋាននិងតាមលទ្ធិប្រជាធិបតេយ្យ»។
ទោះយ៉ាងណា ប្រធានក្រុមអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានច្រានចោលការលើកឡើងនេះ ដោយលោកថ្លែងថា រដ្ឋាភិបាលកំពុងតែពង្រឹងស្ថិរភាពនយោបាយដើម្បីវិលចូលគន្លងនីតិរដ្ឋ រៀបចំឱ្យមានវប្បធម៌ទទួលខុសត្រូវចំពោះមុខច្បាប់។
លោកថា៖ «យើងសព្វថ្ងៃ រដ្ឋាភិបាលគ្រាន់តែទប់កុំឱ្យមានបញ្ហា ដើម្បីរក្សាសន្តិភាព ដើម្បីផ្តាល់ប្តូរជីវភាពប្រជាពលរដ្ឋ ឱ្យមានការស្រឡាញ់ជីវិត គឺការស្រឡាញ់សន្តិភាពនេះឯង»។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាល លោក កែវ រ៉េមី ក្នុងទិវានេះ ក៏បានចេញសារតាមវីដេអូបង្ហោះលើបណ្តាញសង្គមដែរថា រដ្ឋាភិបាលបានធានាពេញលេញនូវការគោរពសិទ្ធិមនុស្សតាមគោលការណ៍ជាតិនិងអន្តរជាតិ តាមរយៈការទម្លាក់ថវិកាជួយពលរដ្ឋក្រីក្រ អំឡុងប្រទេសជួបវិបត្តិកូវីដ១៩ ជាពិសេសការប្តេជ្ញាចិត្តថា មិនឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ។
បន្ថែមពីនេះ អ្នកនាំពាក្យគណៈកម្មាធិការនេះ លោក កត្តា អ៊ន បានច្រានចោលដែរចំពោះមតិលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិល ដោយលោកថា ការលើកនេះជាការយល់ច្រឡំមួយ ទៅលើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល។
លោកថា៖ «ខ្ញុំយល់ថា ការដែលយើងយកសិទ្ធិមួយរបស់អ្នកនយោបាយមួយក្រុមតូច ហើយយើងមកលាតប៉ាតអំពីសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដែលមានប្រជាជនជាង១៦លាននាក់ ហើយចាត់ទុកថា ជាការធ្លាក់ចុះសិទ្ធិមនុស្សនោះ ជាការប្រមាថចំពោះប្រជាពលរដ្ឋខ្លួនឯង ពីព្រោះក្នុងសង្គមប្រជាធិបតេយ្យ គេសង្កេតមើលមតិភាគច្រើន គេមិនសម្លឹងមើលមនុស្សមួយក្រុមតូចដែលធ្វើខុសច្បាប់ ហើយយើងលាបពណ៌ថា សិទ្ធិមនុស្សធ្លាក់ចុះនោះទេ»។
អ្នកសិក្សាស្រាវសង្គម លោកបណ្ឌិត សេង សារី ថ្លែងក្នុងវេទិកាសិទ្ធិមនុស្សនោះដែរថា ក្នុងមុំនយោបាយការគ្រប់គ្រងរដ្ឋមិនបានធានាយន្តការប្រជាធិបតេយ្យទេ ដោយថា សំឡេងនៅក្នុងសភាគ្រប់គ្រងដោយបក្សតែមួយ ខណៈការគ្រប់គ្រងរដ្ឋបានចាប់ដៃជាមួយមូលធន ដែលជាប្រព័ន្ធងាយរងគ្រោះដល់ពលរដ្ឋក្រីក្រ ។
លោកថា៖ «នៅពេលដែលរដ្ឋចាប់ដៃគ្នាជាមួយមូលធន អ្នកដែលរងផលប៉ះពាល់ជាអវិជ្ជមាន មានន័យថា រដ្ឋនិងក្រុមហ៊ុនការពារគ្នាទៅវិញទៅមក អ៊ីចឹងអ្នកដែលរងគ្រោះ គឺពលរដ្ឋតូចតាច អាហ្នឹងទី១។ ទី២ នៅពេលដែលរដ្ឋមានឥទ្ធិពលលើប្រព័ន្ធយុត្តិធម៌ ការចាប់ចងខុសច្បាប់ ការរត់ភៀសខ្លួនខាងនយោបាយ កើនឡើង»។
អ្នកឃ្លាំមើលសង្គមរូបនេះ ផ្តល់ជាយោបល់ថា គួរដល់ពេលអ្នកនយោយបាយត្រូវតម្កល់ប្រយោជន៍ជាតិជាធំ ដោយយកបញ្ហាទៅដាក់លើតុ ដើម្បីស្វែងរកដំណោះស្រាយ។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ តាមរយៈសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហាញកង្វល់របស់ខ្លួនអំពីការរឹតបន្តឹងសិទ្ធិបញ្ចេញមតិ ការគំរាមកំហែងដល់អ្នកឃ្លាំមើលសិទ្ធិមនុស្ស ក្រោយពីមានការចាប់ខ្លួនមនុស្ស២១នាក់ ក្នុងនោះមានទាំងព្រះសង្ឃ ក្រុមយុវជនមាតាធម្មជាតិ អ្នកចម្រៀងរ៉េបវ័យក្មេងនៅខេត្តសៀមរាប រួមទាំងការចាប់ខ្លួនលោក រ៉ុង ឈុន ជាដើម។
អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិទាំងនោះ អំពាវនាវឱ្យអាជ្ញាធរកម្ពុជាបញ្ឈប់ជាបន្ទាន់នូវការឃុំខ្លួនជាលក្ខណៈប្រព័ន្ធ និងធានាពីសិទ្ធិនេះឡើងវិញ តបតាមរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិដែលរដ្ឋាភិបាលទទួលស្គាល់៕