កម្ពុជា​​រក​​ឃើញ​​អ្នក​​ឆ្លង​​ជំងឺ​​កូ​វីដ​​ថ្មី​២​នាក់​ ក្នុង​​នោះ​​ម្នាក់​​មក​​ពី​ក្រៅ​​ប្រទេស​​និង​​ម្នាក់​ទៀត​​ឆ្លង​​ក្នុង​​សហ​គមន៍​​

ទីតាំងធ្វើតេស្តរកមេរោគកូវីដ១៩ នៅបរិវេណទីស្ដីការគណៈរដ្ឋមន្ត្រី រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។ ((ម៉ិច ដារ៉ា)

ក្រសួងសុខាភិបាល រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ចំនួន២នាក់​ទៀត ក្នុង​នោះ ម្នាក់​ជា​អ្នក​មក​ពីក្រៅ​ប្រទេស និង​ម្នាក់ទៀត​ឆ្លង​ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍២៨វិច្ឆិកា។

សេចក្តី​ជូន​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាល នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ បានឱ្យ​ដឹង​ថា អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ថ្មី ចំនួន២នាក់ ដែល​បាន​រក​ឃើញ​នោះ រួមមាន បុរស​ជនជាតិ​ខ្មែរ ឈ្មោះ យ៉េ វាសនា អាយុ២៩ឆ្នាំ ជា​អ្នកធ្វើ​ដំណើរ​មក​ពី​ប្រទេស​ជប៉ុន ឆ្លងកាត់​កូរ៉េ​ខាងត្បូង មកដល់​កម្ពុជា កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ និង​ម្នាក់ទៀតឈ្មោះ ខន ប្រសើរ អាយុ៣៧ឆ្នាំ បាន​ទៅ​ហាង Zando សាខា​បឹងកេងកង។

ក្រសួង​បន្ត​ថា ចំពោះ​អ្នកដំណើរ​តាមយន្តហោះ​ជាមួយ​បុរសឈ្មោះ យ៉េ វាសនា ចំនួន៤៧នាក់ មាន​លទ្ធផល​តេ​ស្ត​អវិជ្ជមាន​វីរុស​កូ​វីដ១៩ ត្រូវ​បាន​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័​កចំនួន១៤ថ្ងៃ នៅ​មណ្ឌល​ទ័ពអាកាស និង​សណ្ឋាគារ​មួយ​នៅ​រាជធានី​ភ្នំពេញ។

ចំណែកព្រឹត្តិ​ការណ៍​សហគមន៍ ២៨វិច្ឆិកា ក្រសួង​ថា គិត​មកដល់​ថ្ងៃទី១០ធ្នូ​នេះ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប​ចំនួន៣៩នាក់ ខណៈ​សំណាក​ចំនួន៣ ៧៩២សំណាក បាន​ធ្វើវិភាគ​រួចហើយ ដោយ​លទ្ធផល​«អវិជ្ជមាន» និង​នៅសល់​សំណាក​ចំនួន៣ ៧២៥សំណាក​ផ្សេងទៀត នឹង​ត្រូវ​បន្ត​វិភាគ​នៅ​ថ្ងៃនេះ​។

បើ​តាម​ក្រសួងសុខាភិបាល គិត​មកដល់​ម៉ោង៧ព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប​ចំនួន៣៥៦នាក់ ក្នុង​នោះ​ព្យាបាលជា​សះស្បើយ ​ចំនួន​៣០៧នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ចំនួន៤៩នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ