មន្ត្រី​​សុខា​ភិបាល​​ថា​ ការ​​ឆ្លង​​ជំងឺ​​កូ​វី​ដ​ក្នុង​​សហ​គមន៍​​ហាក់​​ថម​ថយ​ប៉ុន្តែ​​នៅ​តែ​​មាន​​ហានិភ័យ​​ខ្ពស់​​

ពលរដ្ឋ​ដែល​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​និង​ប្រយោល​ក្នុង​ព្រឹត្តិ​ការណ៍២៨វិច្ឆិកា នាំគ្នា​ទៅ​ផ្ដល់​សំណាក​យក​ទៅ​ធ្វើតេស្ត នៅ​ពហុ​កីឡដ្ឋាន​អូឡាំពិក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

មន្ត្រី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល អំពាវនាវ​ដល់​ពលរដ្ឋ​បន្ត​ការ​ប្រុងប្រយ័ត្ននិង​ការពារ​ការ​ឆ្លង​ជំងឺ​កូ​វីដ១៩ បើ​ទោះ​បច្ចុប្បន្ន មន្ត្រី​រូប​នេះ​ថា ករ​ណី​ឆ្លង​ក្នុង​សហគមន៍​ហាក់​ថម​ថយ​ខ្លះ​ៗហើយក៏​ដោយ ប៉ុន្តែ​ហានិភ័យ​នៅតែ​មាន​ខ្ពស់​នៅឡើយ។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណ​ឌីន មានប្រសាសន៍​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​តាម​ប្រព័ន្ធ​តេឡេក្រាម នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​បញ្ជាក់​ថា ការ​ដាក់​រូបថត​អ្នកជំងឺ​កូ​វីដ១៩ ភ្ជាប់​ជាមួយ​អត្តសញ្ញាណ​អ្នកជំងឺ ធ្វើឡើង​ក្នុងអំឡុងពេល​សកម្មភាព​ក្នុង​ការរុករក ប៉ុន្តែពេលនេះមិន​មាន​តម្រូវការ​ដាក់​រូប​ទៀត​ទេ ព្រោះ​ដើម្បី​រក្សាសិទ្ធិ​បុគ្គល។

លោកស្រីបាន​បន្ត​ថា ចំពោះ​ស្ថានការណ៍​នៃ​ព្រឹត្តិការណ៍​សហគមន៍ ២៨វិច្ឆិកា ក្រសួង​នៅ​មិនទាន់​អាច​សន្និដ្ឋាន​បែប​ណា​បាន​នៅឡើយ​ទេ ដោយ​គ្រាន់តែ​បច្ចុប្បន្ន ករណី​ឆ្លង​ហាក់ដូចជា​ថម​ថយ​ខ្លះ​ៗហើយ។ 

តែ​យ៉ាងណា លោកស្រី​ថា៖ «អ្វី​ដែល​សំខាន់​នោះ គឺ​យើង​ត្រូវតែ​បន្ត​ការ​ប្រុងប្រយ័ត្ន​ថែមទៀត ក្រែងលោ វីរុស​កូ​វីដ​-១៩ នេះ វា​នៅ​ចរាចរ​កន្លែង​ផ្សេងទៀតដែល​យើង​មិនទាន់​បានដឹង ព្រោះ​ពេលនេះគឺជា​ការ​ចម្លង​ក្នុង​សហគមន៍​ ជា​ចង្កោម និង​ដោយ​កន្លែង ហើយ​ហានិភ័យ​នៅ​ខ្ពស់​នៅឡើយ​ទេ»។

បើ​តាម​ការ​ជូនដំណឹង​របស់ក្រ​សួង​សុខាភិបាល នៅ​ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍ ២៨វិច្ឆិកា ចំនួន​ម្នាក់ទៀតដែល​ជា​អ្នក​បាន​ទៅ​ទិញទំនិញ​នៅ​ហាង Zando ។ ក្រសួង​បន្ត​ថា គិត​ចាប់ពី​ថ្ងៃទី២៨ ខែវិច្ឆិកា ដល់​ព្រឹក​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ក្នុង​សហគមន៍​ចំនួន៣៩នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ