រដ្ឋ​មន្ត្រី​​ក្រសួង​មហា​ផ្ទៃ​ និង​​មន្ត្រី​​សំ​ខាន់​​ៗ​អវិជ្ជ​មាន​​វីរុស​​កូ​វីដ​ក្រោយ​​ធ្វើ​តេស្ត​​លើក​​ទី​២​​

លោក ស ខេង ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិនិត្យ​ពិភាក្សា​សេចក្ដីព្រាង​ព្រះរាជ​ក្រឹត្យ​ស្ដីពី «ការ​បន្ធូរបន្ថយ​លើកលែងទោស» នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក​លោក ស ខេង​)

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ប្រធាន​រដ្ឋសភា រួម​ទាំង​ក្រុម​គ្រួសារ និង​មន្ត្រី​សំ​ខាន់​ៗទាំងអស់ដែល​បាន​ធ្វើតេស្ត​រក​វីរុស​កូ​វីដ១៩ លើក​ទី២ ទទួល​បាន​លទ្ធផល​អវិជ្ជមាន​ទាំងអស់ ប៉ុន្តែ​ពួក​គាត់​នៅ​បន្ត​ធ្វើ​ចត្តាឡីស័​កតាម​ការណែនាំ​របស់ក្រ​សួង​សុខាភិបាល។

ខុទ្ទកាល័យលោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឱ្យ​ដឹង​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ​នៅ​ថ្ងៃទី១០ ខែធ្នូ​នេះ​ថា តាម​ការ​បញ្ជាក់​របស់ក្រ​សួង​សុខាភិបាល ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​រូប​នេះ ជាមួយ​ក្រុម​គ្រួសារ កងការពារ ព្រមទាំង​មន្ត្រី​សំ​ខាន់​ៗទាំងអស់​ដែល​បាន​ធ្វើតេស្ត​ជំងឺ​កូ​វីដ​-១៩ លើក​ទី២ គឺ​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​ទាំងអស់។ 

ខុទ្ទកាល័យ​រដ្ឋមន្ត្រី​រូប​នេះបន្ត​ថា ពេលនេះ លោ​ក ស ខេង នៅតែ​បន្ត​ធ្វើ​ចត្តាឡីស័​កនិង​អនុវត្ត​តាម​ការណែនាំ​របស់ក្រ​សួង​សុខាភិបាល​ជា​បន្ត​ទៀត ហើយ​លោកក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ ថ្នាក់ដឹកនាំ​មន្ត្រី​រាជការ​ស៊ីវិល នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ បន្ត​អនុវត្ត​តាម​ការណែនាំ​របស់ក្រ​សួង​សុខាភិបាល​ឱ្យ​បាន​ខ្ជាប់ខ្ជួន។

ចំណែកប្រធាន​រដ្ឋសភា លោក​ ហេង សំ​រិន បានឱ្យ​ដឹងតាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក កាលពី​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ដែរ​ថា ក្រោយ​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដលើក​ទី២រួច សុខភាព​របស់​លោកនិង​សមាជិក​គ្រួសារ មាន​ភាពល្អ​ប្រសើរ​ជា​ធម្មតា ហើយ​លោក​និង​គ្រួសារ​នឹង​បន្ត​ធ្វើ​ចត្តាឡីស័​កក្នុង​ផ្ទះ​រហូត​គ្រប់១៤ថ្ងៃ។

បើ​តាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋសភា នៅ​ថ្ងៃទី១០ ខែធ្នូ​នេះ សមាជិករដ្ឋសភានិង​មន្ត្រី​រាជការ​រដ្ឋសភា​ដែល​ពាក់ព័ន្ធ​ទាំងអស់ នឹង​ត្រូវ​យក​សំណាក​ធ្វើតេស្ត​រក​វីរុស​កូ​វីដ១៩ ជា​លើក​ទី៣ នៅ​ថ្ងៃទី១២ ខែធ្នូ ចុង​សប្តាហ៍​នេះ នៅ​វិមានរដ្ឋ​សភា។

គួរ​បញ្ជាក់​ថា មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល រដ្ឋសភា និង​មន្ត្រី​រាជការ​នៅ​ក្រសួងមហាផ្ទៃ​ជាច្រើន​នាក់ បាន​ធ្វើតេស្តនិង​ដាក់ខ្លួន​ឱ្យ​នៅ​ដាច់ដោយឡែក​រយៈពេល១៤ថ្ងៃ ក្រោយពី​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់និង​ប្រយោល​ជាមួយលោក ឆែម សា​វុធ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ និង​ភរិយា ដែល​រក​ឃើញថា​បាន​ឆ្លង​ជំងឺ​កូ​វីដ១៩ ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍​២៨វិច្ឆិកា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ