តុលាការ​​សម្រេច​​ឃុំ​ខ្លួន​​ជន​ជាតិ​​ថៃ​​ម្នាក់​​ពាក់​ព័ន្ធ​​នឹង​​គ្រឿង​ញៀន​៥០​គីឡូ​ ខណៈ​​សមត្ថ​កិច្ច​​កំពុង​​រក​​អ្នក​​ពាក់​ព័ន្ធ​​

បុរស​ឈ្មោះ សុ​រៈ​ឆៃ ខាំ​កែវ (SURACHAI KHAMKAEW​) អាយុ៣៧ឆ្នាំ ជនជាតិ​ថៃ រួម​នឹង​គ្រឿងញៀន​ចំនួន៥០គីឡូក្រាម ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​និង​រឹបអូស​បាន ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ Anti​-Drug Department​)

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​ជនជាតិ​ថៃ​ម្នាក់ពី​បទ​ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ក្រោយ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​កាល​ពីពេល​ថ្មី​ៗនេះជាមួយនឹង​គ្រឿងញៀន​ជាង៥០គីឡូក្រាម ខណៈ​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត។ 

អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ​សួស វិទ្យា​រ៉ា​ឌី មានប្រសាសន៍​នៅ​ថ្ងៃសុក្រ​នេះ​ថា ចៅក្រម​ស៊ើបសួរ បានសម្រេច​ចោទប្រកាន់​បុរស​ជនជាតិ​ថៃ​រូប​នេះ ពី​បទ «ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់» ហើយ​បច្ចុប្បន្ន ជនជាប់ចោទ​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅពន្ធនាគារ​ព្រៃស។

លោក​បញ្ជាក់​ថា៖ «ជួញដូរ​ដោយ​ខុសច្បាប់​នៃ​សារធាតុ​ញៀន បច្ចុប្បន្ន​នេះ​ គឺ​ស្ថិត​ក្នុង​ដំណា​ក់​កាល​នៃ​ការ​ស៊ើប​នៅឡើយ»។

កាលពី​ថ្ងៃម្សិលមិញ មន្ទីរ​​ប្រឆាំង​បទល្មើស​គ្រឿងញៀន បានឱ្យ​ដឹង​ថា កម្លាំង​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ស្រាវជ្រាវនិង​បង្ក្រាប​បាន​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន មក​ពី​ប្រទេស​ថៃចូល​កម្ពុជា នៅ​ចំណុច​ក្បែរ វិមាន​ឈ្នះ​ឈ្នះ ស្ថិត​ក្នុង​សង្កាត់​ព្រែកតាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

អង្គភាព​ដដែលបន្ត​ថា ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​នោះ កម្លាំង​ជំនាញបាន​ចាប់ខ្លួន​បុរស​ជនជាតិ​ថៃ​ម្នាក់ឈ្មោះ សុរៈឆៃ ខាំ​កែវ (SURACHAI KHAMKAEW​) អាយុ៣៧ឆ្នាំ ជាមួយនឹង​វត្ថុ​តាង​សារធាតុ​ញៀន ប្រភេទ​មេតំ​ហ្វេ​តា​មីន ICE ទម្ងន់​ជាង៥០គីឡូក្រាម រួម​ជាមួយនឹង​រថយន្ត​ម៉ាក LEXUS470 មួយ​គ្រឿង ដែល​ជនសង្ស័យ​បាន​ជួល​ពី​គេ​ដើម្បី​ដឹកជញ្ជូន​គ្រឿងញៀន។

លោក អ៊ិ​ន សុង នាយរង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ​នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ មានប្រសាសន៍​នៅ​ថ្ងៃសុក្រ​នេះ​ថា តាម​ការស៊ើបអង្កេត ក្រៅពី​ជនសង្ស័យ​ជា​បុរស​ជនជាតិ​ថៃ​នេះ កម្លាំង​ជំនាញក៏បាន​កំណត់​មុខសញ្ញា​ជនល្មើស​ផ្សេងទៀតដែល​ជា​ជនជាតិ​ថៃនិង​ជនជាតិ​ខ្មែរ ដែល​ជា​ឈ្មួញ​នាំចូល​គ្រឿងញៀន​ពី​ប្រទេស​ថៃ តាម​ច្រករបៀង ក្បែរ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

ប៉ុន្តែលោក​បាន​បដិសេធ​អត្ថា​ធិប្បាយ​លម្អិត ដោយ​ថា ករណីនេះ​កំពុង​ស្ថិត​ក្នុង​ការស៊ើបអង្កេត​បន្ត ដែល​ត្រូវ​លាក់ការ​សម្ងាត់។

លោកនិយាយ​ថា៖ «យើង​បាន​កំណត់​មុខសញ្ញា​ពាក់​ព័ន្ឋរួចហើយ មាននៅ​ថៃ និង​ខ្មែរ​ […] សុំទោស​! ពូ​មិន​អាច​ជម្រាប​អូន​បានទេ នេះ​ជា​ការសម្ងាត់ ត្រូវ​បន្ត​ស៊ើបអង្កេត»។

នៅមុន​មួយថ្ងៃ​នៃ​ការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​លើ​បុរស​ជនជាតិ​ថៃ​នេះ សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន ក៏បាន​ចាប់ខ្លួន​ស្ត្រីជន​ជាតិ​ថៃ​ម្នាក់ ជាមួយនឹង​គ្រឿងញៀន​ទម្ងន់៣០គីឡូក្រាម​ផង​ដែរ កាលពី​ថ្ងៃទី៥ ខែធ្នូ។ 

របាយ​កា​រណ៍​របស់​អង្គការសហប្រជាជាតិ​ស្ដី​អំពី​គ្រឿងញៀន​និង​ឧក្រិដ្ឋ​កម្ម បាន​ព្រមាន​ថា ការ​ផ្គត់ផ្គង់​ដ៏​ច្រើនលើស​លប់ បាន​ធ្វើ​ឱ្យ​តម្លៃ​នៃ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន បាន​ធ្លាក់ចុះ​ដល់កម្រិត​ដែល​ទាប​ក្នុង​មួយ​ទស​វត្សរ៍ចុងក្រោយ​នេះ ដែល​នាំ​ឱ្យ​ទីផ្សារ​គ្រឿងញៀន​នៅ​តំបន់​អាស៊ី​ខាងកើតនិង​អាស៊ី​អា​គ្នេយ៍ បាន​បន្ត​រីក​រាលដាលនិង​កាន់តែ​ធំជាង​មុន។

លោក Jeremy Douglas តំណាង​អង្គការសហប្រជាជាតិ ​ស្តី​ពី ​គ្រឿងញៀននិង​ឧក្រិដ្ឋ​កម្ម (UNODC​) ប្រចាំ​តំបន់​អាស៊ី​អា​គ្នេយ៍និង​ប៉ាស៊ីហ្វិក បាន​កត់សម្គាល់​ថា ស្រប​ពេល​ដែល​ពិភពលោកកំពុង​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​លើ​ជំងឺរាតត្បាត​កូ​វីដ១៩ ករណី​ជួញដូរនិង​ការផលិត​គ្រឿងញៀនក៏​មានការ​រីក​រាលដាល​កាន់តែ​ធំជាង​មុន​ដែរ។

ក្នុង​កិច្ចប្រជុំ​កំពូល​តំបន់ត្រីកោណ កម្ពុជា ឡាវ និង​វៀតណាម (CLV​) លើក​ទី១១ រវាង​កម្ពុជា ឡាវ និង​វៀតណាម កាលពី​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លើកឡើង​ពី​ភាព​ចាំបាច់​នៃ​ការ​សហ​ប្រតិ​បត្តិការ​រវាង​ប្រទេស CLV ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្សនិង​គ្រឿងញៀន បទល្មើស​ឆ្លងដែន បទល្មើស​ព្រៃឈើ និង​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន​ផ្សេងទៀត​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ