វិភាគ៖ មូល​ហេតុ​​នៅ​តែ​​មាន​ការ​​បំពាន​​លើ​​ការ​ណែនាំ​​របស់​ក្រ​សួង​​សុខា​ភិបាល​

ពលរដ្ឋ​ដែល​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​និង​ប្រយោល​ក្នុង​ព្រឹត្តិ​ការណ៍២៨វិច្ឆិកា នាំគ្នា​ទៅ​ផ្ដល់​សំណាក​យក​ទៅ​ធ្វើតេស្ត នៅ​ពហុ​កីឡដ្ឋាន​អូឡាំពិក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

ថ្នាក់ដឹកនាំនិង​មន្ត្រី​ជំនាញ​លើកឡើង​ថា ការ​ឆ្លង​រាលដាល​មេរោគ​កូ​វីដ១៩ជាបន្តបន្ទាប់ក្រោយ​ព្រឹត្តិ​ការណ៍ ២៨វិច្ឆិកា​ ដែលជា​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វី​ដក្នុង​សហគមន៍​នោះ ដោយសារតែ​មានការ​បំពាន​លើ​គោល​ការណ៍ណែនាំ​របស់ក្រ​សួង​សុខាភិបាល។

ក្រោយ​ព្រឹត្តិ​ការណ៍​ឆ្លង​រាលដាល​នៅក្នុង​សហគមន៍​លើកដំបូង​មក ក្រសួង​រក​ឃើញ​អ្នក​ផ្ទុកមេរោគ​នេះជា​បន្តបន្ទាប់ ហើយ​ទីតាំង​អាជីវកម្ម​មួយចំនួន​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​ខេត្ត​ ក៏​មានការ​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​ជាបន្តបន្ទាប់​ដែរ​ ដោយសារតែ​រក​ឃើញ​អ្នក​ផ្ទុកមេរោគ​កូ​វីដ១៩នៅ​ទីនោះ។

ពលរដ្ឋ​ដែល​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​និង​ប្រយោល​ក្នុង​ព្រឹត្តិ​ការណ៍២៨វិច្ឆិកា នាំគ្នា​ទៅ​ផ្ដល់​សំណាក​យក​ទៅ​ធ្វើតេស្ត នៅ​ពហុ​កីឡដ្ឋាន​អូឡាំពិក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

សារ​ជា​សំឡេង​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃទី៦ ខែធ្នូ​ លើកឡើង​ថា ការ​ឆ្លង​រាលដាល​នៅក្នុង​ហាង​មួយ​ដែល​មាន​មនុស្ស​ច្រើន​នោះ ​គឺ​ដោយសារតែ​ការបំពាន​លើ​ការណែនាំ​របស់ក្រ​សួង​សុខាភិបាល។

លោក​ ហ៊ុន សែន៖ «កន្លងទៅ​នេះ​ យើង​បាន​ពិនិត្យ​ឃើញថា ករណី​ដែល​មានការ​ឆ្លង​ដូចជា​នៅ​ហាង​មួយ​ដែល​មាន​មនុស្ស​ឆ្លង​ច្រើន ដែល​យើង​ពិនិត្យ​ឃើញថា បញ្ហា​សំខាន់​គឺ​ការបំពាន ទៅលើ​សុវត្ថិភាព​គម្លាត​បុគ្គល ហើយនិង​ខ្វះ​វិធានការ​អនាម័យ​តាម​ការណែនាំ​របស់ក្រ​សួង​សុខាភិបាល»។

ជា​ការ​ឆ្លើយតប ​ករណី​ដែល​លោក​ថាជា​ការបំពាន​ឬមិន​គោរព​តាម​ការណែនាំ​នេះ លោកនាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​មន្ត្រី​ឱ្យ​ពិនិត្យ​នៅ​តាម​ហាង​នានា​ដែលស្ថិតនៅ​ដែនដី​របស់​ខ្លួន ហើយ​ថា បើ​មិន​គោរព​តាម​ការណែនាំ​ពី​វិធានការ​ការពារ​កូ​វី​ដទេ ម​ន្ត្រី​អាច​បិទ​ហាង​នោះ​បាន។ លោក​ក៏បាន​រំឭក​ទៀត​ថា វិធានការ​ការពារ​កូ​វី​ដនេះ អាជ្ញាធរ​ដែនដី​ត្រូវ​ត្រួតពិនិត្យ​ ដោយ​មិន​ចាំបាច់​តែ គ្រូពេទ្យ មន្ទីរ​សុខាភិបាល ឬក្រសួងសុខាភិបាល​នោះ​ទេ។

បើ​ទោះជា​មានការ​ក្រើន​រំឭក​ពី​ថ្នាក់ដឹកនាំនិង​ស្ថាប័ន​ជំនាញ​ក៏ដោយ ប៉ុន្តែ​ក្នុង​ស្ថានភាព​ជាក់ស្តែង​ដូចជា អ្នកដើរ​ហាត់ប្រាណ​ជុំគ្នា​ ឬអង្គុយ​បរិភោគ​អាហារ​ជុំគ្នានៅ​តាម​ទី​សាធារណៈ​ដូចជា មុខ​ព្រះបរមរាជវាំង សួនច្បារ​ក្បែរ​វិមានឯករាជ្យ ឬមុខ​វត្ត​បទុម​វតី នៅតែ​មាន​ធម្មតា អ្នកខ្លះ​បាន​យក​គ្រឿងស្រវឹង​ទៅ​ទទួលទាន​ជុំគ្នា​នៅ​លើ​សួន​ទាំងនោះ​ទៀតផង។ ចំពោះ​រថយន្ត​ដឹក​កម្មករ​រោងចក្រ​ នៅតែ​បន្ត​ជិះ​ប្រជ្រៀតគ្នា​ដដែល ដោយសារតែ​ការ​ជិះរថយន្ត​ជុំគ្នា​របៀប​នេះ​ចំណាយ​លុយ​តិច។ 

បើ​និយាយ​ពី​វិធានការ​របស់ក្រ​សួង​សុខាភិបាល​ រួមមាន​ទាំង​ការលាងដៃ ពាក់​ម៉ាស់ ឬរក្សា​គម្លាត​ជាដើម​នោះ ផ្សព្វផ្សាយ​ទាំង​នៅ​តាម​កញ្ចក់​ទូរទស្សន៍ បដា​តាម​ដងផ្លូវ បណ្តាញ​សារព័ត៌មាន តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ជាដើម ហើយក៏​មានការ​ផ្សាយ​តាម​ឧបករណ៍​បំពង​សំឡេង​នៅ​តាម​ភូមិ​ឃុំ​ផង​ដែរ។

បើ​ទោះជា​មានការ​ប្រើប្រាស់​មធ្យោបាយ​ផ្សព្វផ្សាយ​ទាំងនេះ​ក៏ដោយ ​ក៏​ប្រសិទ្ធភាព​នៅតែ​មិន​ទទួល​បាន​ខ្ពស់។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ​លោកស្រី ឱ វណ្ណ​ឌីន ​លើកឡើង​ថា គ្រាន់តែ​ការ​ផ្សព្វផ្សាយ​បន្តគ្នា​ពី​របៀប​ពាក់​ម៉ាស់ ​ក៏​មិនបាន​ត្រឹមត្រូវ​ដែរ។

លោកស្រី ឱ វណ្ណ​ឌីន៖ «ពាក់​ម៉ាស់! មីង​ប្រាប់​ហើយ​ប្រាប់​ថា កុំឱ្យ​ចែកចាយ​គ្នា​បន្ត​វិធានការ​មិនមែន​ពាក់​តែ​ម៉ាស់​ហ្នឹង Zero Risk ទេ​ណា​! ឥលូវ​ក្មួយ​ឯង​មើល​អ្នក​ពាក់​ម៉ាស់​រាល់គ្នា ​សួរ​ថា ពាក់​ត្រូវ​បច្ចេកទេស​ឬអត់​? អត់​ត្រូវ​ទេ​ណា​ក្មួយ! ហើយ​ឥលូវ​បើ​អ្នកឯង​យក​តែ​រឿង​ពាក់​ម៉ាស់​ទៅ​ផ្សាយ បើអ្នកនេះ​ពាក់​ម៉ាស់ អ្នកនោះ​ពាក់​ម៉ាស Risk ថយ​នៅ​ប៉ុណ្ណេះ អានេះ​ពាក់ អានោះ​អត់​ពាក់​ថយ ​នៅ​ប៉ុណ្ណេះ ដល់​ចុងក្រោយ​ពាក់​ទាំងអស់គ្នា Risk Zero។ Risk Zero បានន័យ​ថា ពាក់​ម៉ាស់​ទៅ​អត់​ឆ្លង តែ​ធាតុ​ពិត​ទាល់តែ​វិធានការ ៣ រួមគ្នា​ បាន​យើង​អាច​កាត់បន្ថយ​បាន​ជា​អតិបរមា មីង​និ​យាយ​អញ្ចឹង គេ​មិនដែល​និយាយ Zero Risk ទេ​ក្មួយ»។

លោកស្រី ឱ វណ្ណ​ឌីន បញ្ជាក់​ថា ក្នុងចំណោម​វិធានការ ៣ ដើម្បី​ការពារ​ឆ្លង​កូ​វីដ​ គឺ​មិន​អាច​ខ្វះមួយ​ណា​បានទេ។

លោក ឱ វណ្ណ​ឌីន៖ «ទី១ ត្រូវ​ពាក់​ម៉ាស់​ឱ្យ​បាន​ត្រឹមត្រូវ ទី២ ត្រូវ​លាងដៃ​ឱ្យ​បាន​ញឹកញាប់​ជាទីបំផុត ទី៣ ត្រូវ​អនុវត្ត​គម្លាត​បុគ្គល​ចាប់ពី១ម៉ែត្រ​កន្លះ​ឡើង​ទៅ។ ទាល់តែ​អនុវត្ត​ទាំង ៣ ទន្ទឹម​គ្នា​ព្រម​ៗគ្នា ទើប​យើង​អាច​កាត់បន្ថយ​បាន​ជា​អតិបរមា​នៃ​ការ​ចម្លង​វីរុស​មេរោគ​កូ​វីដ១៩»។

បើ​យើង​ពិនិត្យមើល​លើ​ការ​ផ្សព្វផ្សាយ​វិធានការ​ស្ទើរគ្រប់​រូបភាព​ទាំងអស់​ហើយ​នៅក្នុង​សម័យ​បច្ចេកវិទ្យា​នេះ ប៉ុន្តែ​ការ​ទទួលយក​ទៅ​អនុវត្ត​នៅតែ​មាន​ភាព​ខ្វះចន្លោះ​ឬពេលខ្លះ​មិនបាន​អនុវត្ត​តាមតែ​ម្តង។

ករណី​លោកនាយក​រដ្ឋមន្ត្រី​លើកឡើង​ថា ហាង​មួយ​មានការ​បំពាន​លើ​គម្លាត​សុវត្ថិភាព​នោះ​លោក​មិនបាន​លើកឡើង​ថា ហាង​ណា​ឈ្មោះ​អ្វី​នោះ​ទេ។ ប៉ុន្តែ​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង​នៃ​ក្រ​សួង​សុខាភិបាល ​បាន​យក​វីដេ​អូ​ពី​កាមេរ៉ា​សុវត្ថិភាព​ពី​ហាង​ទំនើប​លក់​សម្លៀកបំពាក់​មួយ​នៅ​ភ្នំពេញ​ ឈ្មោះ Pedro ដាក់​ផ្សព្វផ្សាយ​នៅ​លើ​ហ្វេសប៊ុក​ផេ​ករបស់​នាយកដ្ឋាន ​ដែល​បង្ហាញ​ពី​ការ​មិន​ពាក់​ម៉ាស់និង​មិន​ក្សា​គម្លាត​សុវត្ថិភាព។

ក្រុម​មនុស្ស​ពាក់ព័ន្ធ​ឈរ​មុខ​ហាង​លក់​សម្លៀកបំពាក់ រង់ចាំ​ការ​ត្រួតពិនិត្យ​ពី​ក្រុម​អ្នកជំនាញ​និង​មន្ត្រី​សុខាភិបាល ក្រោយ​មាន​ករណី​រាតត្បាត​កូ​វីដ១៩នៅ​ទីតាំង​ហាង ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

ចំពោះ​រូបភាព​ដែល​ចែករំលែក​តាម​បណ្តា​ញសង្គម​ ចំពោះ​ការ​យក​សំណាក​នៅ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី៧ និង​យក​សំណាក​នៅ​ស្តាត​អូ​ឡាំ​ពិ​ក នៅ​ថ្ងៃទី៨ ខែធ្នូ ក៏បាន​បង្ហាញ​ពី​រូបភាព​មនុស្ស​ឈរ​ប្រជ្រៀតគ្នា​ច្រើន​ខុសពី​ការណែនាំ​របស់ក្រ​សួង​សុខាភិបាល​ដែរ។

កត្តា​នាំ​ឱ្យ​នៅតែ​បំពាន​ការណែនាំ​របស់ក្រ​សួង​សុខាភិបាល​នេះ ​វា​អាច​ពាក់ព័ន្ធ​ជាមួយ​ទម្លាប់​មិនសូវ​តាមដាន​ព័ត៌មាន។ នៅ​កម្ពុជា​ បច្ចុប្បន្ន​ អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​មាន​ប្រមាណ​១០លាននាក់​នៃ​អ្នកប្រើ​ប្រាស់។ 

នៅ​លើ​ផេ​ករបស់​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល ​គឺ​សារ​អប់រំ​និយាយ​ពី​សុខភាព​ មាន​អ្នក​ចុច​ចូលចិត្តនិង​ចែករំលែក​តែ​ខ្ទង់រយ​ឬពាន់​តែប៉ុណ្ណោះ។ ប៉ុន្តែ​បើ​ការ​ផ្សព្វផ្សាយ​រឿង​ភាគ​ថៃ រឿង​ទំនាក់ទំនង​ផ្លូវភេទ ឬរឿង​ជម្លោះ​ក្នុង​គ្រួសារ​អ្នកណា​ម្នាក់​វិញ​ មាន​អ្នកមើល​ចាប់ពី​រាប់​ម៉ឺន រាប់​សែន ឬទៅដល់​រាប់​លាន​នៃ​អ្នកប្រើ​ប្រាស់។

របាយការណ៍​អ្នក​ឆ្លង​មេរោគ​កូ​វីដ១៩ គិត​ត្រឹម​ថ្ងៃទី៩ ខែធ្នូ មាន​អ្នក​ឆ្លង​ជិត៧០លាន​នាក់ ហើយ​មាន​ស្លាប់​ជាង១លាន៥សែន​នាក់ ក្នុង​នោះ​ប្រទេស​អាមេរិក និង​ឥណ្ឌា​ មាន​អ្នក​ឆ្លង​ច្រើនជាង​គេ។ បើ​ទោះជា​ប្រទេស​មួយចំនួន​អះអាង​ថា រក​ឃើញ​វ៉ាក់សាំង​ការពារ​ឃើញហើយក៏​ដោយ ប៉ុន្តែ​ចំនួន​នៃ​ការ​ឆ្លង​និង​ស្លាប់​នៅតែ​ជា​ការ​ព្រួយបារម្ភ​ខ្លាំង។

ដូច្នេះ ​ទន្ទឹម​នឹង​រដ្ឋាភិបាល​ប្រឹងប្រែង​ផ្សព្វផ្សាយ​សារ​អប់រំ​ពី​សុខភាព​នេះ រដ្ឋាភិបាល​ក៏​ត្រូវ​បង្កើន​ការអប់រំ​ឱ្យ​ពលរដ្ឋ​ចេះ​តាមដាន​ព័ត៌មាន​ឬដំណឹង​ណា​ដែល​មានប្រយោជន៍​សម្រាប់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ផង​ដែរ ទើប​សារ​ដែល​រដ្ឋ​ផ្សព្វផ្សាយទៅ​ពលរដ្ឋ​ឆាប់​ទទួល​បាន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ