ពលរដ្ឋ​សហ​គមន៍​ផ្លូវ​៦០​ម៉ែត្រ​តវ៉ា ក្រោយ​អាជ្ញា​ធរ​ហាម​ពួក​គេ​មិន​ឱ្យ​​ចាក់​ដី​ធ្វើ​ផ្លូវ​ក្នុង​សហ​គមន៍​

ពលរដ្ឋ​សហ​គមន៍​ផ្លូវ​៦០​ម៉ែត្រ​ ប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាខណ្ឌមានជ័យ ទាមទារដោះស្រាយករណីចាក់ដីលុបលូធ្វើផ្លូវ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ប្រជាពលរដ្ឋប្រហែល៣០នាក់នៅសហគមន៍ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមាន​ជ័យ រាជធានីភ្នំពេញ បានតវ៉ាមុខសាលាខណ្ឌ នៅថ្ងៃចន្ទនេះ ដើម្បីស្វែងរកដំណោះស្រាយ ករណីដែលពួកគេអះអាងថា អាជ្ញាធរមូលដ្ឋានហាមឃាត់​មិន​ឱ្យ​ចាក់ដីធ្វើផ្លូវក្នុងសហគមន៍។

អ្នកស្រី ឡាយ ស្រីម៉េត ដែលអះអាងថាជាតំណាងប្រជាពលរដ្ឋ ប្រាប់វីអូឌីមុខសាលាខណ្ឌមានជ័យថា ប្រជាពលរដ្ឋ​នៅសហគមន៍ផ្លូវ៦០ម៉ែត្រ បានរស់នៅលើទឹកស្អុយច្រើនឆ្នាំហើយ ដោយសារពុំមានប្រព័ន្ធលូបង្ហូរទឹកត្រឹមត្រូវ។ អ្នកស្រីថា ឆ្នាំ២០២០នេះ អាជ្ញាធរមូលដ្ឋានបានចុះរៀបចំធ្វើប្រព័ន្ធលូថ្មីតាមដងផ្លូវក្នុងសហគមន៍ ប៉ុន្តែមិនបានចាក់ដីលុបដើម្បីឱ្យ​ប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរឡើយ។

អ្នកស្រី​បន្តថា ដោយសារផ្លូវ​ពិបាកក្នុងការធ្វើដំណើរពេក អ្នកភូមិបាននាំគ្នាចាក់ដីលុបលើលូ ដើម្បីធ្វើផ្លូវ ប៉ុន្តែត្រូវអាជ្ញាធរសង្កាត់ចាក់អង្រែលើ ហាមឃាត់ពួកគាត់មិនឱ្យ​ចាក់ និងស្នើឱ្យ​កាយដីដែលបានចាក់នោះចេញវិញ ដែលធ្វើឱ្យ​ប្រជាពលរដ្ឋមិនសប្បាយចិត្ត ហើយនាំគ្នា​ទៅរកអន្តរាគមន៍ពីអាជ្ញាធរខណ្ឌជួយដោះស្រាយ។

អ្នកស្រីបន្ថែមថា៖ «និយាយរួម សហគមន៍នេះទឹកលិចជារៀងរាល់ឆ្នាំ។ អ៊ីចឹងពួកខ្ញុំរៃលុយគ្នាចាក់ដី ដល់ពេលបានចាក់ដីហើយ បែរជាលោកចៅសង្កាត់មិនឱ្យ​ចាក់ដីវិញ។ គាត់ចោទពួកខ្ញុំថា ចាក់ដីនៅក្នុងលូ តែខ្ញុំសុំបញ្ជាក់ថា ពួកយើងមិនបានចាក់ដីក្នុងលូទេ គឺចាក់ដីបំពេញផ្លូវ។ ហើយគាត់ថា ចាំចប់កូវីដ រកមេធាវីទៅដោះស្រាយតាមផ្លូវច្បាប់នៅតុលាការទៅ»

ពលរដ្ឋម្នាក់ទៀត អ្នកស្រី អន ស៊ីថា និយាយថា នៅរដូវវស្សា ផ្លូវក្នុងសហគមន៍ផ្លូវ៦០ម៉ែត្រនេះ បានរងនូវការ​ជន់​ទឹកស្អុយជម្រៅត្រឹមចង្កេះ ដែលធ្វើឱ្យ​ពលរដ្ឋពិបាករស់នៅ និងក្មេងតូចៗពិបាកធ្វើដំណើរជាដើម។

អ្នកស្រីបន្ថែមថា៖ «ក្មេងៗប្រឈមនឹងកើតជំងឺច្រើន ភាគច្រើនកើតរមាស់ និងទឹកស្អុយស៊ីជើង និយាយទៅ ក្មេងប្រឈមកើតជំងឺច្រើន ព្រោះទឹកហ្នឹងស្អុយណាស់ សំរាមកកស្ទះចេញពីលូមកទាំងអស់ អ៊ីចឹងបានជាពួកខ្ញុំស្នើសុំចាក់ដីបំពេញផ្លូវហ្នឹង មិនមែនចាក់ដីលុប​​លូរបស់រដ្ឋទេ»

បើតាមក្រុមប្រជាពលរដ្ឋ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ចៅសង្កាត់ចាក់អង្រែលើ លោក កែវ សារឿន ក៏បានចេញលិខិតកោះហៅតំណាងពលរដ្ឋ អ្នកស្រី ឡាយ ស្រីម៉េត ទៅដោះស្រាយនៅសាលាសង្កាត់ ដោយចោទថា តំណាងពលរដ្ឋរូបនេះដឹកនាំចលនាប្រជាពលរដ្ឋចាក់ដីលើប្រព័ន្ធលូដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍សាធារណៈ។

ចៅសង្កាត់ចាក់អង្រែលើ លោក កែវ សារឿន មានប្រសាសន៍ថា ពលរដ្ឋបាននាំគ្នាចាក់ដីលុបលើលូ ដែលអាចបង្កឱ្យ​មានការកកស្ទះលូ។

លោកបន្ថែមថា៖ «យើងបានធ្វើលូឱ្យ​ហើយ តែពួកគាត់រស់នៅសំណង់មិនរៀបរយហ្នឹង គាត់បានធ្វើឱ្យ​ស្ទះលូ។ ផ្លូវមានស្រួលហើយ គាត់ទៅចាក់ដីបន្ថែមពីលើទៀត។ និយាយឱ្យ​ចំ ពួកគាត់ធ្វើឱ្យ​ពិបាកតែម្តង។ ហើយបើកាលណាស្ទះលូកន្លែងហ្នឹង ពលរដ្ឋជាង១ពាន់គ្រួសារ នៅចាក់អង្រែលើ អត់មានទឹកចេញ​នៅផ្លូវ៦០ម៉ែត្រ ព្រោះកន្លែងហ្នឹងជាមេប្រព័ន្ធលូហើយ»

អភិបាលរងខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ មានប្រសាសន៍ថា លោកបានឱ្យ​មន្ត្រីចុះពិនិត្យករណីនេះហើយ ដើម្បីធ្វើការដោះស្រាយ។

លោកបន្ថែមថា៖ «យើងបានឱ្យ​សង្កាត់ជូនដំណឹងទៅម្ចាស់ទីតាំងដែលសុំចាក់ដី ស្នើសុំផ្អាកចាក់ដីសិន ទី២ ស្នើឱ្យមានការសិក្សាប្រព័ន្ធលូ និងទី៣ បើរកឃើញថា ប៉ះពាល់ខ្លាំង យើងនឹងកាយដីនោះចេញវិញហើយ»

ប្រធានកម្មវិធីនៅសមាគមធាងត្នោត លោក ឯម ខេមរា ស្នើឱ្យ​អាជ្ញាធរដោះស្រាយករណីនេះតាមសន្តិវិធី។ លោកថា ពលរដ្ឋនៅសហគមន៍ផ្លូវ៦០ម៉ែត្រ ភាគច្រើនជាពលរដ្ឋក្រីក្រ​កំពុងរស់នៅកន្លែងកខ្វក់ និងប្រឈមពីការបណ្តេញចេញ។

លោកបន្ថែមថា៖ «អាជ្ញាធរធ្វើយ៉ាងម៉េចត្រូវធានាថា កុំឱ្យ​​​មានការបណ្តេញចេញប្រជាពលរដ្ឋទាំងបង្ខំពីលំនៅឋាន។ ហើយរាល់ការអភិវឌ្ឍ​នានា គួរតែបង្ហាញពីតម្លាភាព បង្ហាញព័ត៌មានដល់សហគមន៍ ហើយធ្វើម៉េចឱ្យ​សហគមន៍គាត់ចូលរួមក្នុងដំណើរការនៃការអភិវឌ្ឍនិងចូលរួមសម្រេច​ចិត្តផង ដើម្បីឱ្យ​មានការដោះស្រាយនិងមានយុត្តិ​ធម៌»

បើតាមតំណាងប្រជាពលរដ្ឋ សហគមន៍ផ្លូវ៦០ម៉ែត្រ មានប្រជាពលរដ្ឋរស់នៅសរុប៦៣គ្រួសារ ត្រូវបានអាជ្ញាធរចោទថា រស់នៅក្នុងសំណង់មិនរៀបរយ ហើយពលរដ្ឋទាំងនោះកំពុងរស់នៅក្នុងភាពភ័យខ្លាច ដោយសារតែពួកគេមិនទាន់ទទួលបានបណ្ណកម្មសិទ្ធិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ