វិស័យ​​ទេស​ចរណ៍​​កម្ពុជា​​ធ្លាក់​ចុះ​​ស្ទើរ​​ទាំង​ស្រុង​​បង្ខំ​​ឱ្យ​​និយោជិត​​ជាង​៤​ម៉ឺន​​នាក់​​បាត់​បង់​​ការងារ

បុរស​ម្នាក់​អង្គុយ​លើ​រ៉ឺម៉ក​កង់​បី​របស់ លោក រង់ចាំ​អ្នកដំណើរ​ហៅ​ជិះ នៅ​ម្ដុំ​ផ្សារ ដើម​គរ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។ (បញ្ញា ឆពណ្ណ)

​វិស័យ​ទេសចរណ៍​ជា​វិស័យ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេបង្អស់​ក្នុងចំណោម​វិស័យ​ដែល​ជាស​ស​រស្ដម្ភ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​កម្ពុជា បន្ទាប់ពី​មានការ​រីក​រាលដាល​នៃ​មេរោគ​កូ​វីដ១៩។

របាយការណ៍​ប្រចាំឆ្នាំ២០២០ របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ស្ដីពី​ការអភិវឌ្ឍតំបន់​អាស៊ី លើកឡើង​ថា វិបត្តិ​កូ​វីដ១៩ បា​នប​ង្ក​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់ចុះ​ក្នុងរង្វង់៤ភាគរយ​នៅ​ឆ្នាំនេះ និង​បណ្ដាល​ឱ្យ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា រងគ្រោះ​យ៉ាងដំណំរហូតដល់​អាជីវកម្ម​មួយចំនួន​ក្ស័យ​ធុន បិទទ្វារ និង​ខ្លះទៀត​ផ្អាក​ដំណើរការ​ទៀតផង។

ADB លើកឡើង​ថា បន្ទាប់ពី​ប្រទេស​កម្ពុជា​បាន​បិទ​ព្រំដែន​ឈប់​ចេញទិដ្ឋាការ​ទេសចរណ៍​ក្នុង​ខែ​មីនា​រួចមក ភ្ញៀវ​អន្តរជាតិ​ចូល​មក​កម្ពុជា បាន​ធ្លាក់ចុះ​ប្រមាណ៩៨,១ភាគរយ ធៀប​នឹង​ឆ្នាំ២០១៩កន្លងមក។ អាជីវកម្ម​សេវាកម្ម​ចំនួន​ជាង៣ ០០០បាន​បិទទ្វារ​ត្រឹម​ខែមិថុនា ហើយ​មាន​បុគ្គលិក កម្មករ​និយោជិត​ប្រមាណ៤៥ ០០០នាក់​បាន​បាត់បង់​ការ​ងារធ្វើ។

ADB បញ្ជាក់​ថា កម្ពុជា​បាន​បើក​ឱ្យ​មាន​ឡើងវិញ​នូវ​ជើងហោះហើរ​មួយចំនួន​នៅ​ឆមាស​ទី២ឆ្នាំនេះ​ក៏​ពិតមែន ប៉ុន្តែវិស័យ​សេវាកម្ម​នៅតែ​ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​ធ្លា​ក់ចុះ១៥,១ភាគរយ​ក្នុងរយៈពេល​មួយឆ្នាំ​ពេញ។

លោក សុខ សា​ម៉េ​ត គឺជា​បុគ្គលិក​ជាន់ខ្ពស់​បម្រើការ​ងារ​នៅ​សណ្ឋាគារ​មួយ​នា​សៀមរាប ដែល​លោក​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ដោយសារ​មិន​ចង់ឱ្យ​ប៉ះពាល់​ដល់​ថៅកែ។

លោក សា​ម៉េ​ត ប្រាប់​វី​អូ​ឌី​ថា ថៅកែ​របស់​គាត់​បាន​កាត់​ម៉ោង​បំពេញការងារ​របស់​បុគ្គលិក ដើម្បី​បែងចែក​គ្នា​ធ្វើការនិង​ទប់​លំនឹង​ការពារ​កុំឱ្យ​ដួល​រលំ។ លោក​ថា ចំណូល​ក្នុង​គ្រួសារ​របស់​លោក ធ្លាក់ចុះ​ជាង​ពាក់កណ្ដាល​បើ​ធៀប​នឹង​ឆ្នាំមុន។

លោក សុខ សា​ម៉េ​ត ប្រាប់​ថា៖ «ថៅកែ​ខ្ញុំ គាត់​ហៅ​ចែកវេន​គ្នា​ធ្វើ ចែក​គ្នា​មាន​បាយ​ហូប។ បើ​មិន​ធ្វើ​អ៊ីចឹង មានតែ​បញ្ឈប់​ខ្លះ ព្រោះ​ខ្សត់​ភ្ញៀវ​មែនទែន។ ប្រាក់ខែ​ខ្ញុំ​កាត់​អស់​ពាក់កណ្ដាល ខ្ញុំ​នៅ​ទប់ទល់​បាន​ខ្លះ នៅ​មាន​លុយ​ខ្លះ​បង់​ធនាគារ មាន​លុយ​ទិញ​បាយ​ម្ហូប​ឱ្យ​កូន​ហូប តែ​កូនចៅ​ខ្ញុំ​ប្រាក់ខែ​គ្នា​បី​បួន​រយ​អី ហើយ​កាត់​ពាក់កណ្ដាល​ទៀត​ ចប់ហើយ ​គ្នា​ស្ទើ​រដាច់ខ្យល់​ងាប់​ម្ដង​ៗ»។

លោក សា​ម៉េ​ត បន្ថែម​ថា គាត់​មានសំណាង​ជា​បុគ្គលិក​សណ្ឋាគារ​ផ្សេងទៀត​ដែល​បាន​បាត់បង់​ការងារ​ធ្វើ​បន្ទាប់ពី​មាន​វិបត្តិ​សកល​នេះ។

មគ្គុ​ទ្ទេសក៍​ទេសចរណ៍​ភាសាអង់គ្លេស​នៅ​ខេត្តសៀមរាប កញ្ញា លីង អ័រ ឱ្យ​ដឹង​ថា កញ្ញានិង​មិត្ត​រួមការ​ងារ​ដទៃ​ទៀតបាត់បង់​ប្រាក់ចំណូល​ទាំងស្រុង​ចាប់តាំងពី​ខែមីនា ហើយ​ត្រូវ​បង្ខំចិត្ត​ប្ដូរ​អាជីព​ដើម្បី​រកចំណូល​ខ្លះ​ចិញ្ចឹម​ក្រពះ។

កញ្ញា លីង អ័រ ប្រាប់​ថា៖ «ខ្ញុំ​មក​ធ្វើការងារ​តាម​ម៉ាត​នៅ​ភ្នំពេញ​វិញ ​បី​ខែ​មក​ហើយ។ នៅ​ទីនេះ​មាន​ប្រាក់ចំណូល​តិច​ជាង​មុន​ប្រហែល៨០ភាគរយ តែ​ត្រូវតែ​ធ្វើ​ ដើម្បី​រក​បាយ​ហូប​សិន។ មគ្គុ​ទ្ទេសក៍​ច្រើន​គ្នា​ណាស់ រត់​ទៅ​លក់​អាហារ​តាមផ្លូវ ស៊ីឈ្នួល​លក់​ដី​ឡូ​តិ៍ និង​ចាកចេញ​ពី​សៀមរាប ដើម្បី​រកមុខ​របរ​ផ្សេង»។

មគ្គុ​ទ្ទេសក៍​ទេសចរណ៍​រូប​នេះ​រំពឹង​ថា នឹង​ត្រលប់​ទៅ​ដើរ​លើ​គន្លង​អាជីព​ចាស់​ជាថ្មី នៅពេល​ដែល​ស្ថានភាព​ទេសចរណ៍​មាន​ភាពល្អ​ប្រសើរ​នៅពេល​ខាងមុខ។

ប្រធាន​សហព័ន្ធ​សហជីពកម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា លោក ទូច កុសល បានឱ្យ​ដឹង​ថា នៅ​ឆ្នាំនេះ និយោជិត​មួយចំនួន​ដែល​ធ្វើការងារ​ក្នុង​វិស័យ​ទេសចរណ៍ បាន​រងគ្រោះ​ពីរ​ជាន់​ផ្ទួន​ៗ គឺ​រងគ្រោះ​ដោយសារ​កូ​វីដ១៩ផង និង​រងគ្រោះ​ដោយសារ​ថៅកែ​រំលោភសិទ្ធិ​ផង។

លោក ទូច កុសល ប្រាប់​ថា៖ «រឿង​កូ​វីដ ត្រូវ​ថៅកែ​យក​មក​ធ្វើ​លេស​ដើម្បី​បញ្ឈប់​តំណាង​សហជីព កាត់ប្រាក់ខែ​កម្មករ បណ្ដេញ​បុគ្គលិក កម្មករ​ចេញ​ដោយ​មិន​មាន​សំណង​តាមច្បាប់​ការងារ​កំណត់»។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា អ្នកស្រី ឆាយ ស៊ី​វលី​ន មានប្រសាសន៍​ថា ឥទ្ធិពល​កូ​វីដ១៩ បាន​បង្ខំ​ឱ្យ​សណ្ឋាគារ ផ្ទះសំណាក់មួយចំនួន​បិទទ្វារនិង​ផ្អាក​អាជីវកម្ម​បណ្ដោះអាសន្ន​ជាដើម។

អ្នកស្រី ​ឆាយ ស៊ី​វលី​ន មានប្រសាសន៍​ថា៖ «វិស័យ​ទេសចរណ៍​ហ្នឹង​បាក់​មែនទែន សន្លប់​ធំ​មែនទែន​! អត់មាន​ពន្លឺ​ណាដែល​យើង​អាច​មើលឃើញ​ថា អាច​ស្ដារ​ឡើងវិញ​ក្នុងរយៈពេល​ឆាប់​អីហ្នឹង វា​ទៅ​មិន​រួច។ អាជីវកម្ម​ទេសចរណ៍​ត្រឹម៥ភាគរយ ​ទៅ៦ភាគរយ ​ប៉ុណ្ណោះដែល​នៅ​បន្តដំណើរ​ការ ខណៈ​ដែល​ជាង៩០ភាគរយ​ទៀត​ដួល​បាត់​ហើយ»។

អ្នកស្រី​បន្ត​ថា ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វីដ១៩ រាជរដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​ពន្ធ​នៅ​ឆ្នាំ២០២០នេះ ប៉ុន្តែរដ្ឋ​បាន​ប្រើ​យុទ្ធសាស្ត្រ​ទារបំណុល​ពន្ធ​ចាស់​ៗ ដែល​ជា​បន្ទុក​សង្កត់​លើ​ផ្នែកឯកជន​បន្ថែម​ទៀត លើស​ពី​បន្ទុក​បណ្ដាលមកពី​កូ​វីដ១៩នេះ។

អ្នកស្រី ស៊ី​វលី​ន ប្រាប់​បន្ត​ថា៖ «យើង​ត្រូវការ​ជំនួយ​ផ្សេងទៀត លើស​ពី​អ្វី​ដែល​រដ្ឋ​បាន​ធ្វើកន្លង​ទៅ ពិសេស​គឺ​ការលើកលែង​បំណុល​ពន្ធ​ចាស់​ៗតែម្ដង។ ពួក​យើង​យក​លុយ​ដែល​សល់​ទាំងប៉ុន្មាន​មក​ទប់​អស់ហើយ អស់ពីខ្លួន​រលីង​ហើយ»។

អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ លោក តុប សុ​ភ័ក្ដិ មានប្រសាសន៍​ថា ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​កម្ពុជា​ក្នុងរយៈពេល១០ខែ ​ឆ្នាំ២០២០ គឺ​ថយ​ចុះ​ប្រមាណ​ជាង៧០ភាគរយ មិនមែន​ថយ​ជាង៩៨ភាគរយ​ឡើយ។ លោក​បន្ត​ថា ក្រសួងទេសចរណ៍​បាន​ចាត់វិធានការ​ជាបន្តបន្ទាប់ ដើម្បី​ស្ដារ​វិស័យ​នេះ​ឡើងវិញ ​បន្ទាប់ពី​ជំងឺ​កូ​វីដ១៩ផុតរលត់​ទៅ។

លោក តុប សុ​ភ័ក្ដិ ប្រាប់​ថា៖ «យើង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង១លាន៧សែន​នាក់ នៅ១០ខែ​ឆ្នាំនេះ​ នៅ​ទូទាំង​ប្រទេស។ រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង បាន​ដំណើរការ​កម្មវិធី​មួយចំនួន​ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​វិស័យ​នេះ រួមមាន ការ​បណ្ដុះបណ្ដាល ការ​បន្ធូរបន្ថយ​ពន្ធ ការលើកលែង​បង់ថ្លៃ​ឯក​សារ​ផ្សេង​ៗ»។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ និយាយ​ថា វិបត្តិសេដ្ឋកិច្ច​បណ្ដាលមកពី​កូ​វីដ១៩នេះ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​អ្នកធ្វើការ​ដោយ​ផ្ទាល់​ក្នុង​វិស័យ​ទេសចរណ៍​ទាំង​ជាង៤ម៉ឺន៥ពាន់​នាក់​ ដែល ADB លើកឡើង​នោះ​ទេ ប៉ុន្តែលោក​ថា ក្រុម​អ្នកបម្រើ​សេវាកម្ម​ដឹកជញ្ជូន​ក្រៅ​ប្រព័ន្ធ​នោះ ក៏​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់​ដែរ។

លោក វន់ ពៅ ប្រាប់​ថា៖ «បើ​និយាយទៅ ពួក​ខ្ញុំ​ខាង​ដឹកជញ្ជូន​ក្រៅ​ប្រព័ន្ធ​នេះ លំបាក​លែងនិយាយ​កើត​ហើយ រហូត​អ្នកខ្លះ​យក​រ៉ឺម៉ក យក​ម៉ូតូ​លក់​យក​លុយ​បង់​ឱ្យ​ធនាគារ និង​ទិញ​អង្ករ​ឱ្យ​កូន​ហូប​ក៏​មាន។ ខាង​រដ្ឋាភិបាល​ជួយ​តែ​អ្នកធ្វើការ​ក្នុង​ប្រព័ន្ធ​ទេ គេ​មាន​ធានារ៉ាប់រង​សុខភាព បាន​ប្រាក់ឧបត្ថម្ភ៤០ដុល្លារ តែ​ពួក​យើង​វិញ​ អត់​បាន​អីទាំងអស់។ យើង​សំណូមពរ​ចង់បាន​ការ​ជួយ​ពីរ​ដ្ឋ​ខ្លះ ​ព្រោះ​យើង​ក៏​ជា​ពលរដ្ឋ​រស់នៅ​ក្នុង​ប្រទេស​នេះ​ដែរ»។

អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មានប្រសាសន៍​ថា អ្នកប្រឈម​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​វិបត្តិសេដ្ឋកិច្ច​បណ្ដាលមកពី​កូ​វីដ១៩ គឺ​ក្រុម​អ្នក​បាត់បង់​ការងារនិង​អ្នក​ប្រកបរបរ​ក្រៅ​ប្រព័ន្ធ ពិសេស​អ្នករក​ស៊ីលើ​វិស័យ​ទេសចរណ៍។

លោក​បណ្ឌិត មាស នី មានប្រសាសន៍​ថា៖ «យើង​គ្រាន់តែ​មើល​ភ្នែកទទេ ក៏​ដឹង​ថា ជីវភាព​ពលរដ្ឋ​កាន់តែ​យ៉ាប់ ពិសេស​ក្រុម​អ្នក​រត់​ម៉ូតូឌុប តុ​កៗ ឬអ្នក​ប្រកបរបរ​ក្រៅ​ប្រព័ន្ធ​ ជាដើម»។

កាលពី​ខែកញ្ញា ធនាគារពិភពលោក​បាន​ចេញ​ព្រឹត្តិ​បត្រ​សង្ខេប​ស្ដីពី​ស្ថានភាព​សេដ្ឋកិច្ច ដែល​កំពុង​ត្រដាបត្រដួស​ចំពោះមុខ​ការ​ធ្លាក់ចុះនៃ​វិស័យ​សំ​ខាន់​ៗរបស់​ក្បាលម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ជាពិសេស វិស័យ​សំណង់​ ទេសចរណ៍ និង​ការនាំចេញ​ទំនិញ។ ធនាគារពិភពលោក​ ថែមទាំង​ព្យាករ​ថា អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា​ ទំនងជា​នឹង​កើនឡើង​វិញទៀត​ផង។

ទិន្នន័យ​ដែល​ផ្ដល់​ដោយ​អ្នកនាំពាក្យ​ក្រសួងផែនការ បង្ហាញថា គិត​ត្រឹម​ដំណាច់​ខែកញ្ញា​កន្លងមក​នេះ ប្រទេស​កម្ពុជា​មាន​ប្រជាពលរដ្ឋ​ចំនួន​ជាង២លាន៦សែន​នាក់ដែល​កាន់​បណ្ណ​ក្រីក្រ ហើយ​បាន​ទទួល​ប្រាក់​ឧប​ត្ថ​ម្ភពី​រាជរដ្ឋាភិបាល​ក្នុង​គម្រោង​ដោះស្រាយ​បញ្ហា​ប្រឈម​ដោយសារ​កូ​វីដ១៩នេះ។ 

ទោះជាយ៉ាងណា របាយការណ៍​ប្រចាំឆ្នាំ២០២០ របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​រក​ឃើញថា សេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​មាន​ការកើនឡើង​ប្រមាណ៥,៩ភាគរយ​នៅ​ឆ្នាំ២០២១ខាងមុខ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ