លោក​ ហ៊ុន​ សែន​ អនុញ្ញាត​​ឱ្យ​​សិស្ស​​ថ្នាក់​​ទី​១២​ទាំង​អស់​​ជាប់​​បាក់​ឌុប​​ដោយ​​មិន​បាច់​​ប្រឡង​​នៅ​​ឆ្នាំ​នេះ​​

អនុរក្សឆែកបេក្ខជនមកប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រលងវិទ្យាល័យជាស៊ីម បឹងកេងកង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ឱ្យ​សិស្ស​ដែល​ត្រូវ​ប្រឡង​បាក់ឌុប​ក្នុងឆ្នាំ២០២០នេះ ជាប់​ទាំងអស់គ្នា ដោយ​ថា ដើម្បី​ឱ្យ​ពួក​គេ​បាន​សប្បាយ​ចូលរួម​ទប់ស្កាត់​កូ​វីដ១៩។

ក្នុង​ឱកាស​ថ្លែង​សារ​ពិសេស​ទៅកាន់​ប្រជាពលរដ្ឋ​នៅ​ថ្ងៃនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​អនុញ្ញាត​ឱ្យ​សិស្ស​ថ្នាក់​ទី១២ សម្រាប់​ឆ្នាំ​សិក្សា២០១៩​-២០២០ ជាប់​ស្វ័យប្រវត្តិ​ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប ដែល​ត្រូវ​បាន​កំណត់​ធ្វើ​នៅ​ថ្ងៃទី១១ ខែមករា​ឆ្នាំក្រោយ​នោះ​ឡើយ ដោយ​ថា ដើម្បី​ការពារ​ការ​ចម្លងជំងឺ​កូ​វីដ១៩។

លោក ហ៊ុន សែន បញ្ជាក់​ថា មូលហេតុ​ដែល​លោក​ជ្រើសរើស​មធ្យោបាយ​នេះ ដោយសារ​រដ្ឋាភិបាល​មិនទាន់​អាច​ទប់ស្កាត់​បាន​ទាំងស្រុង​នូវ​ព្រឹត្តិ​ការណ៍​ឆ្លង​ក្នុង​សហគមន៍២៨វិច្ឆិកា ខណៈ​កម្ពុជា​មិនទាន់​​បានទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩។

លោក ហ៊ុន សែន ថ្លែង​ថា៖ «ប្រឡង​រួម​ធ្វើ​វា​មិនកើត ព្រោះ​ខ្ញុំ​មិន​អនុញ្ញាត​ឱ្យធ្វើ​ទេ ព្រោះ​លោក​ឯង​យក​តែ​វិស័យ​អប់រំ​មួយ​យក​មក​គិត អត់មាន​គិតដល់​ប្រជាជនទូទៅ តើ​ឱ្យ​ខ្ញុំ​ទទួល​ម៉េច​បាន។ មេដឹកនាំ​ប្រទេស​ទទួលខុសត្រូវ​មុខ​សភា ក៏ដូចជា​ការទទួលខុសត្រូវ​ចំពោះ​ព្រះ​ភ័ក្ត្រ​ព្រះមហាក្សត្រ។ ទុក​ឱ្យ​កូន​គេ​ងាប់​ឆ្លង​ពេញ​ទឹក​ពេញ​ដី​ពេញ​ហ្នឹង ដោយសារតែ​រឿង​ពួក​អស់លោក​ធ្វើ​ដូច្នេះ។ ខ្ញុំ​មាន​សិទ្ធិ​អារ​កាត់ ខ្ញុំ​អត់ឱ្យ​ប្រឡង​ទេ​នៅ​ថ្ងៃទី១១ ខែមករា ខ្ញុំ​អត់ឱ្យ​ប្រឡង​ទេ»។

សាកល​វិទ្យា​ធិការ​នៃ​សាកល​វិទ្យាល័យ​អាស៊ី​-អឺរ៉ុប លោក ជា សុភាព សង្កេតឃើញ​ថា គុណភាព​សិក្សា​របស់​សិស្ស​មិន​ថយ​ចុះ​នោះ​ទេ ដោយ​លោក​យល់ថា ក្នុង​អំឡុង​កូ​វីដ១៩នេះ ក្រសួង​អប់រំ និង​លោកគ្រូ​អ្នកគ្រូ​បាន​ខិតខំ​បង្រៀន​ដល់​សិស្ស​ខ្លាំង

លោក​បន្ត​ថា ទោះបីជា​សិស្ស​មិនបាន​រៀន​គ្រប់គ្រាន់ឬចប់ចុងចប់ដើម​ក៏ដោយ ប៉ុន្តែនៅពេល​ឡើង​ដល់​មហាវិទ្យាល័យ​នោះ លោក​ថា នឹង​មាន​កា​របំ​ប៉ន​ជំនាញ​នី​មួយ​ៗបន្ថែម​ទៀត​ទៅដល់​និស្សិត។

លោក ជា សុភាព មានប្រសាសន៍​ថា៖ «អ៊ីចឹង គុណភាព​សម័យ​កូ​វីដ យើង​ទទួលយក​តាម​ជាក់ស្ដែង យើង​ធ្វើ​ម៉េច ​វា​អ៊ីចឹង។ គ្រាន់តែ​ថា ខ្ញុំ​មើលទៅ​វា​មិន​ថយគុណភាព​ខ្លាំងក្លា​ណាស់ណា​ទេ ពីព្រោះ​ថ្នាក់​ទី១២នេះ ឃើញ​ក្រសួង​ប្រឹងប្រែង គាត់​បង្រៀន​តាម​ទូរទស្សន៍​ផង។ អ៊ីចឹង​ឃើញ​ស្វះស្វែង​ណាស់ អ៊ីចឹង​គុណភាព​មិន​ថយ​ចុះ​ប៉ុន្មាន​ទេ»។

យុវ​សិស្ស ស៊ិន ឧត្តម អាយុ២០ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី១២ នៅ​វិទ្យាល័យ ហ៊ុន​សែន សាមគ្គី​ដូនស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង បង្ហាញ​អារម្មណ៍​សប្បាយចិត្ត ប៉ុន្តែយុវជន​រូប​នេះយល់ថា ការសម្រេច​ឱ្យ​ជាប់​ទាំងអស់ នឹង​ធ្វើ​ឱ្យ​សិស្ស​ដែល​ខំរៀន​កន្លងមកបាក់ទឹកចិត្ត។

យុវជន​ ឧត្ដម និយាយ​ថា ខ្លួន​ចង់ឱ្យ​ប្រឡងឬក៏​ឱ្យ​លោកគ្រូ​-អ្នកគ្រូ​ធ្វើការ​វាយតម្លៃ​ទៅលើ​ការសិក្សា​របស់​សិស្ស​នី​មួយ​ៗ មុននឹង​សម្រេច​ឱ្យ​ជាប់។

យុវ​សិស្ស ស៊ិន ឧត្ដម និយាយ​ថា៖ «ខ្ញុំ​គិតថា គេ​មិនសូវ​លើក​តម្លៃ​យើង​ទេ ព្រោះ​គេ​ឱ្យ​ជាប់​ទាំងអស់​អ៊ីចឹង។ ណាមួយ​មិនសូវ​មានការ​ធ្វើ គេ​មិនសូវ​លើកតម្កើង​យើង ព្រោះ​គេ​ឱ្យ​ជាប់​ទាំងអស់។ បើ​ថា​ប្រឡង​តឹង ​[នៅក្នុង​ថ្នាក់រៀន​] កុំឱ្យ​ជាប់​ទាំងអស់ គេ​ឱ្យ​តម្លៃ​យើង​ថា យើង​ចេះសមត្ថភាព​យើង​ពិតប្រាកដ»។

ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា អ្នកស្រី អ៊ុ​ក ឆា​យ៉ា​វី សម្ដែង​ការ​មិន​គាំទ្រ​ចំពោះ​ការសម្រេច​នេះ​ទេ ដោយ​អ្នកស្រី​ថា រដ្ឋាភិបាល​ឬក្រសួង​អប់រំ គួរ​រៀបចំ​ការ​ប្រឡង​នៅ​តាម​សាលា​ដែល​សិស្ស​កំពុង​រៀន ឬត្រូវ​ឱ្យ​លោកគ្រូ-អ្នកគ្រូ​វាយតម្លៃ​ជាមុន​សិន ជាជាង​ការសម្រេច​ឱ្យ​ជាប់​បែបនេះ។

អ្នកស្រី អ៊ុ​ក ឆា​យ៉ា​វី ប្រាប់​ថា៖ «បើសិនជា​យើង​ធ្វើ​អ៊ីចឹង អានេះ​វា​ជា​សមត្ថភាព​របស់​គាត់ ហើយ​អ្នក​ជាប់​ក៏​មាន​មោទកភាព ដោយសារ​ខ្ញុំ​ប្រឡង​បាន​និទ្ទេស A ដោយសារ​នៅ​សម័យ​កូ​វីដ​ផង អាហ្នឹង​ពិតជា​មោទកភាព​ចំពោះ​គាត់​ខ្លួនឯង ​ក៏ដូចជា​គ្រួសារ និង​លោកគ្រូ​-អ្នកគ្រូ​យើង​ដែល​បង្រៀន​គាត់​ដែរ»។

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា លោក រស់ សុ​វាចា ប្រាប់​វី​អូ​ឌីតា​មប្រព័ន្ធ​តេឡេក្រាម​ថា ក្រសួង​នឹង​អនុវត្ត​ទៅ​តាមអនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល។

លោក រស់ សុ​វាចា ប្រាប់​ថា៖ «ក្រសួង​អប់រំ យុវជន និងកីឡា គោរព​ទទួល​អនុសាសន៍​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី សម្រាប់​ពិភាក្សា​ផ្ទៃក្នុង​ក្រសួង រួច​នឹង​ជម្រាប​ជូន​ពី​ករណីនេះ​ក្នុង​ពេល​ឆាប់​ៗ»។

លោក រស់ សុ​វាចា បញ្ជាក់​ថា ក្នុង​ឆ្នាំ​សិក្សា២០១៩​-២០២០នេះ បេក្ខជន​ដែល​បាន​ដាក់ពាក្យ​ប្រឡង​បាក់ឌុប​ មាន​ចំនួន១២១ ១០៨នាក់ ក្នុង​នោះ ស្រី ៦៣ ៩០៨នាក់ និង​ត្រូវ​បាន​បែងចែក​ថ្នាក់​វិទ្យាសាស្ត្រ​ដែល​មាន​បេក្ខជន​ប្រឡង ៤០ ៧៤៦នាក់ និង​ថ្នាក់​វិទ្យា​សា​ស្ដ្រស​ង្គម​ដែល​មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង ៨០ ៣៦២នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ