នាយក​រដ្ឋ​មន្ត្រី​៖​ ព្រឹត្តិ​ការណ៍​ឆ្លង​​កូវីដ​១៩​ក្នុង​សហ​គមន៍​គ្រប់​គ្រង​​បាន​ហើយ​​ តែ​ត្រូវ​បន្ត​តាម​ដាន​​​ទៀត​

នៅព្រឹកថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២០ លោក ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មាន ជុំវិញការវិវត្តថ្មីៗនៃសង្គមជាតិ ដែលបានធ្វើឡើងនៅវិមានសភាជាតិ។ (ជន ចាន់រ៉ែន)

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន​ បាន​ប្រកាស​ថា កម្ពុជា​អាច​គ្រប់​គ្រងការ​ឆ្លងជំងឺកូវីដ១៩ ក្នុង​​ព្រឹត្តិការណ៍​សហគមន៍​ «២៨វិច្ឆិកា» ​បាន​ហើយ ប៉ុន្តែ​មិន​ទាន់​អាច​បិទ​បញ្ចប់​នូវ​ព្រឹត្តិការណ៍​នេះ​ទេ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារជូនជនរួមជាតិ អំពីស្ថានភាពកូវីដ១៩ និងការទិញវ៉ាក់សាំង នៅព្រឹកថ្ងៃអង្គារនេះថា ព្រឹត្តិការណ៍នៃការឆ្លង​ជំងឺកូវីដ​១៩ ក្នុង​សហគមន៍​២៨វិច្ឆិកា អាចគ្រប់គ្រងបានហើយ ប៉ុន្តែមិនទាន់អាចបិទបញ្ចប់បាននៅឡើយទេ ដោយសារ​ហេតុផលសំខាន់មួយចំនួន។

ហេតុផលទាំងនោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ដោយសារ​តែការ​មិន​ទាន់​ដឹង​អស់​នូវ​ព័ត៌មាន​ដែល​អ្នក​បាន​ឆ្លង​ជំងឺ​កូវីដ១៩​ ការ​មិន​ហ៊ាន​ឬ​ខ្លាច​មក​ធ្វើ​តេស្តរក​កូវីដ​១៩ និង​អ្នក​ដែល​ប៉ះពាល់​មួយ​ចំនួន​​មិន​ទាន់ធ្វើតេស្តគ្រប់ចំនួន​ ខណៈ​អ្នក​ខ្លះ​កំពុងធ្វើចត្តាឡីស័កជាដើម។

ជាមួយគ្នានេះដែរ លោកក៏បានស្នើឱ្យ​​ក្រសួងសុខាភិបាល និងអាជ្ញាធរដែនដី បន្តតាមដានរក​អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍នេះបន្តទៀត ដើម្បីឱ្យ​ប្រាកដថា នឹងមិនមានការ​ចម្លងក្នុង​សហគមន៍បន្ថែមទៀត។

លោកនាយករដ្ឋមន្ត្រី​​ ហ៊ុន សែន ថ្លែង​ថា៖ «សូម​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​ការ​រក្សា​ស្ថាន​ភាព​ដូចនេះ​បន្ត​ទៀត​ ដើម្បី​សុវត្ថិភាព​ទាំងអស់​គ្នា។ ការ​ប្រកាស​បញ្ចប់​ព្រឹត្តិការណ៍​នេះ ​មិន​អាច​បញ្ចប់​មុន​ថ្ងៃទី​១១ ខែមករា បាន​ទេ។ ការ​ប្រកាស​បញ្ចប់​ព្រឹត្តិការណ៍​អាច​នឹង​កើត​ឡើង​ក្រោយ​ថ្ងៃ ២០ មករា​ ឯណោះ»។

បើតាមសេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងសុខាភិបាល អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា គិតចាប់​ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ មានចំនួន៤១នាក់ ក្នុងនោះមាន​អ្នកជំងឺ៣នាក់បានជាសះស្បើយ។

អ្នកជាសះស្បើយនោះ ត្រូវបានក្រសួងបញ្ជាក់អត្តសញ្ញាណថា ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ [លោក ឆែម សាវុធ] មន្ត្រីក្រសួងមហាផ្ទៃដែលប៉ះពាល់​អគ្គនាយក​ពន្ធនាគារ​ និងស្ត្រីម្នាក់ទៀតជាសមាជិកគ្រួសារអ្នកបើកបរ​ឱ្យ​អគ្គនាយកពន្ធនាគាររូបនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ