កម្ពុជា​​រក​​ឃើញ​​អ្នក​​ឆ្លង​​ជំងឺ​​កូ​វីដ​​ចំនួន​៣​នាក់​ក្នុង​​នោះ​​កុមារ​​ម្នាក់​​ឆ្លង​​ក្នុង​​សហ​គមន៍​ និង​​អ្នក​ជា​៣​នាក់​

មន្ត្រី​ក្រសួងសុខាភិបាល​និង​អ្នកជំនាញ ពិនិត្យ​និង​ចុះ​យក​សំណាក​ពលរដ្ឋ​នៅ​ខេត្ត​កណ្ដាល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល​)

​ក្រសួងសុខាភិបាល​ថា កូនប្រុស​របស់​ស្ត្រី​ម្នាក់​ដែល​ឆ្លង​ជំងឺ​កូ​វីដ១៩ ក្នុង​ព្រឹត្ត​ការណ៍​សហគមន៍​២៨វិច្ឆិកា បាន​រក​ឃើញថា ​មាន​ផ្ទុក​ជំងឺ​នេះ​ដែរ និង​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ២នាក់​ទៀតជា​អ្នកដំណើរ​មក​ពីក្រៅ​ប្រទេស ខណៈ​មន្ត្រី​ក្រសួងមហាផ្ទៃ២នាក់និង​ស្ត្រី​ម្នាក់ដែល​ឆ្លង​ក្នុង​សហ​គម​ន៍​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ។ 

សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​សុខាភិបាល ចុះ​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ឱ្យ​ដឹង​ថា ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ថ្មី​ចំនួន៣នាក់ ក្នុង​នោះ មាន​ស្ត្រី​ពីរ​នាក់​ជា​អ្នកធ្វើ​ដំណើរ​មក​ពី​សហរដ្ឋអាមេរិកនិង​ប្រទេស​ជប៉ុន ចូល​មក​កម្ពុជា កាលពី​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ និង​ម្នាក់ទៀតជា​កុមារា​ អាយុ១ឆ្នាំ ជា​កូន​ស្ត្រី​ដែល​វិជ្ជមាន​វីរុស​កូ​វីដ១៩ ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍ ២៨វិច្ឆិកា។

ក្រសួង​បន្ត​ថា ស្រប​ពេល​គ្នា ក៏​មាន​ករណី​អ្នកជា​សះស្បើយ​ចំនួន៣នាក់ដែល​ជា​អ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍​សហគមន៍ ២៨វិច្ឆិកា រួមមាន បុរស​អាយុ៥៧ឆ្នាំ រស់នៅ​បុរី​ប៉េង​ហួត​ផ្លូវ៦០ម៉ែត្រ រាជធានី​ភ្នំពេញ ជា​អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ ស្ត្រី​អាយុ៣០ឆ្នាំ ​ជាស​មា​ជិ​កគ្រួសារ​អ្នកបើកបរ​ឱ្យ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ និង​បុរស​អាយុ៣៤ឆ្នាំ ធ្វើការ​នៅ​ក្រសួងមហាផ្ទៃ ជា​អ្នក​ប៉ះពាល់​ជាមួយ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ។ 

ពាក់ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍​សហគមន៍២៨វិច្ឆិកា​នេះ​ដែរ ក្រសួង​ថា នៅ​មាន​សំណាក​ចំនួន​៥២៧​សំណាក​ទៀត ដែល​ត្រូវ​ធ្វើវិភាគ​បន្ត​នៅ​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ។

ក្រសួង​បញ្ជាក់​ថា៖ «សរុប​អ្នកជំងឺ​កូ​វីដ១៩ ដែល​បាន​រក​ឃើញ​ពាក់ព័ន្ធ​ព្រឹត្តិ​ការណ៍​សហគមន៍២៨វិច្ឆិកា ពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ មាន​ចំនួន៤១នាក់»។

បើ​តាម​ក្រសួងសុខាភិបាល គិត​ត្រឹម​ម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ស្ថានភាព​ជំងឺ​កូ​វីដ១៩ នៅ​កម្ពុជា សរុប​មាន​ចំនួន៣៦២នាក់ ក្នុង​នោះ​បាន​ព្យាបាល​ជាសះស្បើយ៣១២នាក់ និង​អ្នក​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន៥០នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ