ក្រសួង​ប្រៃសណីយ៍​​អះអាង​​ថា​ ក្រុម​​ឧក្រិដ្ឋ​​ជន​​អ៊ី​ន​ធឺ​ណិ​ត​ក្លែង​បន្លំ​​ឈ្មោះ​​មេ​ដឹក​នាំ​​ដើម្បី​​គ្រប់​គ្រង​​ទិ​ន្ន​ន័យ

បុរសម្នាក់កំពុងសាកល្បងតេស្តលើការប្រើប្រាស់កម្មវិធីទូរសព្ទមួយ។ (ហ៊ី ឆាយ)

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ អំពាវនាវ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការឆ្លើយឆ្លង​ព័ត៌មាន​តាម​បណ្តាញ​សង្គម​តេឡេក្រាម​ (Telegram​) ដោយ​ថា មាន​ឧក្រិដ្ឋជន​តាម​ប្រព័ន្ធ​អ៊ីធឺ​ណិ​ត (Hacker​) ក្លែងបន្លំ​ឈ្មោះ​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រដ្ឋាភិបាល ដើម្បី​បោកបញ្ឆោត​គ្រប់គ្រង​ទិ​ន្នន័យជាគោល​ដៅ​វាយប្រហារ ។

ការ​អំពាវនាវ​របស់ក្រ​សួង​នេះ ធ្វើឡើង​តាមរយៈ​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃម្សិលមិញ​នេះ ដែល​បាន​ដាក់ចេញ​នូវ​វិធានការ​រារាំង​ការវាយប្រហារ​តាម​ប្រព័ន្ធ​តេឡេក្រាម ក្រោម​ទម្រង់​ជា​ការ​ក្លែងបន្លំ​ឈ្មោះ​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាលឬឈ្មោះ​បុគ្គល​ដទៃ។

ក្រសួង​និយាយ​ថា ការវាយប្រហារ​នេះកំពុង​កើតឡើង​គួរ​ឱ្យ​កត់សម្គាល់ ក្រោយពី​ឧក្រិដ្ឋជន​តាម​ប្រព័ន្ធ​អ៊ីធឺណិ​តបាន​យកឈ្មោះ​ថ្នាក់ដឹកនាំឬបុគ្គល​ដទៃទៀត ដើម្បី​បញ្ជូន​មេរោគ​តាម​សារ​ក្នុង​កម្មវិធី​តេឡេក្រាម។

ក្រសួង​គូសបញ្ជាក់​ថា ក្នុងករណី​អ្នកប្រើ​ប្រាស់​ចុច​លើ​ឯកសារ ឧក្រិដ្ឋជន​អាច​ចូល​ទៅ​គ្រប់គ្រង​កុំព្យូទ័រឬទូរសព្ទ​របស់​អ្នកប្រើ​ប្រាស់​ពី​ចម្ងាយ​ដោយ​ជោគជ័យ និង​ផ្តល់​លទ្ធភាព​ឱ្យ​ឧក្រិដ្ឋ​ជន​លួច​យក​ទិ​ន្នន័យ ដូចជា​ ឯកសារ លេខ​កូដ​សម្ងាត់ ព្រមទាំង​បញ្ជា​ម៉ាស៊ីនថតរូប និង​ឧបករណ៍​ថត​សំឡេង​ផង​ដែរ។

ក្រសួង​ណែនាំ​ថា ដើម្បី​ចៀស​វាង​ពី​ការ​ធ្លាក់​ចូលក្នុង​អន្ទាក់​បោកប្រាស់​របស់​អ្នក​វាយប្រហារ អ្នកប្រើ​ប្រាស់​តេឡេក្រាម គួរ​ផ្ទៀងផ្ទាត់និង​ត្រួតពិនិត្យ​គណនី​បុគ្គលនិង​លេខទូរសព្ទ​របស់​អ្នក​ផ្ញើ​សារ​មក ទោះ​មាន​រូបភាពនិង​ឈ្មោះ​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រដ្ឋាភិបាល​ក៏ដោយ។

ក្រៅពី​ជូនដំណឹង​នេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក៏បាន​បញ្ជាក់​ផង​ដែរ​ថា សេចក្តី​ព្រាង​អនុ​ក្រឹត្យស្តី​ពី​ច្រកចេញ​ចូល​ប្រព័ន្ធ​អ៊ិ​នធឺ​ណិ​ត ត្រូវ​បាន​បញ្ចប់​ហើយ​ដែរ ខណៈ​អនុក្រឹត្យ​នេះត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ព្រួយបារម្ភ​ថា វា​អាច​នឹងជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​រឹត​បន្តឹង​សេរីភាព​បញ្ចេញមតិ​លើ​បណ្តាញ​សង្គម។

អ្នកនាំពាក្យ​ក្រសួង​នេះ លោក តុល ញ៉​ក់ បានប្រាប់​ថា លោក​មិនទាន់​ដឹងពី​ការ​វិវត្តនៃ​សេចក្តី​ព្រាង​នេះ​នៅ​ឡើយ​ទេ ដោយ​ថា លោក​កំពុង​ជាប់​ធ្វើ​ចត្តាឡីស័​ក។

ប៉ុន្តែលោក​ប្រាប់​ថា មុន​លោក​ធ្វើ​ចត្តាឡីស័​ក សេចក្តី​ព្រាង​នេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​​ធ្វើការ​ជាមួយ​ក្រសួង​យុត្តិធម៌ ស្តី​ពី​ទោ​សប្ប​ញ្ញ​ត្តិ ដើម្បី​ឱ្យ​ស្រប​នឹង​ក្រម​ព្រហ្មទណ្ឌនិង​ក្រមរ​ដ្ឋ​ប្ប​វេណី មុន​បញ្ជូន​ទៅ​គណៈរដ្ឋ​មន្ត្រី។

លោក តុល ញ៉​ក់ ប្រាប់​ថា៖ «សំខាន់​ដោយសារ​កូ​វី​ដ មិ​នបាន​ធ្វើការ​ពេញដៃពេញជើង​ជាមួយ​អង្គភាព​ពាក់ព័ន្ធ ប៉ុន្តែដំណាក់កាល​កំពុងធ្វើការ​ជាមួយ​ក្រសួង​យុត្តិធម៌»។

នៅពេល​សួរ​ថា តើ​កន្លងទៅ​ឈ្មោះ​ថ្នាក់ដឹកនាំ​ណាខ្លះដែល​ត្រូវ​បាន​ឧក្រិដ្ឋ​ជន​អ៊ីនធឺ​ណិតយ​កទៅ​ប្រើប្រាស់ ហើយ​ធ្លាប់​ចាប់បាន​ឧក្រិដ្ឋជន​ទាំងនោះ​មក​ផ្តន្ទា​ទោស​ឬទេ លោក​សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ ដោយ​ជំរុញ​ឱ្យទៅ​សួរ​ប្រធាន​នាយក​ដ្ឋាន​សន្ដិ​សុខ​ផ្នែក​ព័ត៌មាន​វិទ្យា និង​ទូរគមនាគមន៍ លោក អ៊ូ ផា​ណា​រិទ្ធិ ដែល​ប្រាប់​ថា លោក​មិន​មានការ​អនុញ្ញាតឱ្យ​បញ្ចេញ​ព័ត៌មាន​ទាំងនេះ​ទេ ដោយ​អះអាង​ថា បញ្ហា​មួយចំនួន ក្រសួងមហាផ្ទៃ​បាន​បកស្រាយ​ហើយ។

១សប្តាហ៍​កន្លងមក​នេះ យ៉ាងហោចណាស់​មន្ត្រី​ជាន់ខ្ពស់​នគរបាល​ជាតិ​ពីរ​រូប​ រួមមាន អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿ​ន និង​អគ្គស្នងការ​រង​ទទួលបន្ទុក​ផ្នែក​សន្តិសុខ លោក ឌី វិជ្ជា ត្រូវ​បាន​អគ្គស្នងការ​នគរបាល​ជាតិ ​ចេញប្រកាស​ច្រានចោល​ថា មិនបាន​ធ្វើការ​ទំនាក់ទំនង​ទៅ​អង្គភាព​ចំណុះ​បញ្ជាការ​ដ្ឋាន​កងទ័ពជើងទឹក ដើម្បី​ស្នើសុំនិង​សាកសួរ​ព័ត៌មាន​អំពី​សន្តិសុខជាតិ​ទេ។

ស្ថាប័ន​រដ្ឋាភិបាល​មួយ​នេះចាត់ទុក​ព័ត៌មាន​នោះ​ថា មាន​គោលបំណង​ទុច្ចរិត ធ្វើ​ឱ្យ​មានការ​ភ័ន្តច្រឡំ បំផុសបំផុល​នាំ​ឱ្យ​មាន​ចលាចល​ក្នុង​ជួរ​កងកម្លាំង​ប្រដាប់​អាវុធ។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព មើលឃើញ​ថា បញ្ហា​ទាំងនេះ​កំពុង​ជំរុញ​ឱ្យមានការ​ព្រួយបារម្ភ​ពី​ការ​រួម​តូច​នៃ​សិទ្ធិ​បញ្ចេញមតិ​លើ​បណ្តាញ​សង្គម ខណៈ​ពលរដ្ឋ​កំពុង​ផុលផុស​ប្រើប្រាស់​បណ្តាញ​សង្គមដើម្បី​បញ្ចេញមតិ ក្រោយ​សិទ្ធិ​មួយចំនួនត្រូវ​បាន​រឹត​បន្តឹង​ទៅ​ហើយ​នោះ។

អ្នកស្រី ចក់ សុភាព ប្រាប់​ថា៖ «ទោះបី​មិនទាន់​មានច្បាប់​ហើយក៏​ដោយ ក៏​អាជ្ញាធរ​បាន​ធ្វើ​ចំណាត់ការ​ច្រើន​ទៅលើ​អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម​ហើយ។ អ៊ីចឹង បើ​មានច្បាប់​ថែមទៀត នោះ​គ្រាន់តែ​ការ​បន្ថែម​ទម្ងន់​ក្នុង​ការ​ធ្វើ​ឱ្យ​អាជ្ញាធរ​ទប់ស្កាត់និង​ចោទប្រកាន់​បន្ថែម​ទៅលើ​អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម»។

នាយក​វិទ្យា​ស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក ប៉ា ចន្ទ​រឿន មើលឃើញ​ថា បញ្ហា​ដែល​បាន​កើតឡើង អាច​ជា​អាវុធ​មុខ​ពីរ ដែល​ថា ​ទី១ ឧក្រិដ្ឋ​ជន​អ៊ិ​នធឺ​ណិ​តនៅ​ប្រទេស​ណា​ក៏មានដែរ តែបើ​ចំណាត់ការ​របស់​រដ្ឋាភិបាល​មាន​ភាព​ស្មោះត្រង់ នោះ​ចំណាត់ការ​នឹង​ធានា​ដល់​ការ​ពង្រឹង​សន្តិសុខជាតិ។

ប៉ុន្តែលោក​ថា បើ​ចំណាត់ការ​ រួម​ទាំង​ការ​ធ្វើ​ច្បាប់​បង្កប់​នូវ​ចេតនា​នយោបាយ មិន​ឈរ​លើ​គន្លង​ប្រជាធិបតេយ្យ វា​នឹង​បង្កើត​ជា​ហានិភ័យ​ដល់​សេរីភាព​បញ្ចេញមតិនិង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក ប៉ា ចន្ទ​រឿន ប្រាប់​ថា៖ «ប៉ុន្តែបើ​ប្រើប្រាស់​ច្រក​តែមួយ​ហើយ ហើយ​ស្ថានភាព​នយោបាយ​យើង​វា​មិនសូវ​ល្អ ការរំលោភ​សិទ្ធិមនុស្សនិង​ដំណើរការ​ប្រជាធិបតេយ្យ​នៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ អាហ្នឹង​វា​ប៉ះពាល់​ទៅដល់​សេរីភាព​នៃ​ការប្រើ​ប្រាស់​អ៊ិ​នធឺ​ណិ​តផង​ដែរ»។

របាយការណ៍​របស់​និយតករ​ទូរគមនាគមន៍​កម្ពុជា បង្ហាញថា គិត​ត្រឹម​ខែសីហា ឬត្រឹម៨ខែ​ឆ្នាំ២០២០ អ្នកប្រើ​ប្រាស់​អ៊ី​នធឺ​ណិត​តាម​ទូរសព្ទចល័ត​មាន​ចំនួន​ជាង១៥លាន​នាក់ ឬស្មើនឹង​ជាង៩០ភាគរយ​នៃ​ប្រជាជន​កម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ