ឧទ្យានរាជបណ្ឌិត្យសភាជម្លៀសពលរដ្ឋដើម្បីបញ្ចប់ការកាប់ឈើ

លោក សុខ ទូច ប្រគល់រថយន្តដឹកឈើ និង ជន សង្ស័យ ករណីកាប់ឈើក្នុងឧទ្យានលោកគ្រប់គ្រងទៅសមត្ថកិច្ច។ រូបហ្វេសប៊ុកលោក សុខ ទូច។​

ឧទ្យានរបស់រាជបណ្ឌិត្យសភានៅក្នុងខេត្តព្រះវិហារកំពុងតែដំណើរការជម្លៀសប្រជាពលរដ្ឋចំនួន​៣១គ្រួសារចេញទៅទីតាំងផ្សេងដោយអះអាងថា កន្លងមកពលរដ្ឋរស់ក្នុងឧទ្យាននេះជាអ្នកកាប់បំផ្លាញឈើបន្តបន្ទាប់។​

អនុប្រធានឩទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឬស្សីត្រឹប លោកជា សម្បត្តិ បានឱ្យដឹងថាក្រុមការងារឩទ្យានបានសហការណ៍ជាមួយអាជ្ញាធរខេត្តព្រះវិហារ រៀបចំការផ្លាស់ប្តូរពលរដ្ឋទៅទីតាំងថ្មីដែលបានរៀបចំហេដ្ឋារចនាសម្ព័ន្ធរួចរាល់ហើយ។ ប៉ុន្តែលោកថា ដំណើរការរៀបចំទីតាំងថ្មីនេះជួបការលំបាកខ្លះដោយសារពលរដ្ឋមួយចំនួនមិនព្រមទៅ។​

លោកជា សម្បត្តិ៖«ក្រុមការងារឩទ្យានបានសហការណ៍ជាមួយថ្នាក់ស្រុក និងថ្នាក់ខេត្តព្រះវិហារហ្នឹងរៀបចំដីផ្ទេរពួកគាត់ដែលរស់នៅខុសច្បាប់ក្នុងឩទ្យានហ្នឹងទៅដាក់ទីតាំងមួយដែលសមស្រប។ទីតាំងនោះមានវត្តអារាម សាលារៀន​ និងជាប់ផ្សារទៀត​ប៉ុន្តែមកដល់ពេលនេះចំណាត់ការដកពួកគាត់ចេញហាក់មានការយឺតយ៉ាវបន្តិច ដោយសារគាត់អត់ព្រមថាទៅ[…]បទល្មើសដែលកើតឡើងក្នុងឩទ្យានគឺគាត់តែម្តងដែលគាត់កាប់នៅកន្លែងហ្នឹង»។

លោក​ជា សម្បត្តិបានបន្ថែមថា  អាជ្ញារធរតែងតែអប់រំពលរដ្ឋទាំងនោះកុំឱ្យកាប់ឈើក្នុងឩទ្យានរាជបណ្ឌិតសភាកម្ពុជាតេជោសែន ឬស្សីត្រឹប ហើយថាបច្ចុប្បន្ននេះមិនទាន់មានចំណាត់ការផ្លូវច្បាប់ទៅលើពួកគាត់នោះទេដោយគ្រាន់តែបានស្នើឱ្យពួកគាត់ចាកចេញដោយស្ម័គ្រចិត្តតែប៉ុណ្ណោះ។

លោកជា សម្បត្តិ៖«យើងមិនទាន់មានវិធានការណាមួយទៅលើពួកគាត់ទេយើងកំពុងតែធ្វើយុត្តិសាស្រ្តឱ្យគាត់ទៅដោយស្ម័គ្រចិត្ត»។

លោកហ៊ឹម យ៉ាន មេឃុំ​ឆែប២មានប្រសាសន៍ថា មានពលរដ្ឋចំនួន១១គ្រួសារប៉ុណ្ណោះព្រមចាកចេញពីឩទ្យានអភិរក្សនេះ ហើយពលរដ្ឋមួយចំនួនបានទាមទារសំណងពីការបែកបាក់ផ្ទះរបស់គាត់ចំពោះការរុះរើទៅទីតាំងថ្មី ចំណែកពលរដ្ឋមួយចំនួនទៀតមិនព្រមចាកចេញនោះទេ។

លោកហ៊ឹម យ៉ាន៖« អ្នកដែលស្ម័គ្រចិត្ត១១គ្រួសារហ្នឹងគាត់រុះរើផ្ទះគាត់អត់មានទារសំណង តែយើងមិនទាន់បានវាស់វែងឱ្យគាត់ទេចាំមើលអភិបាលរងស្រុកគិតគូថ្ងៃណា វាស់ឱ្យពួកគាត់មុនគេទី១។ទី២ អ្នកស័្មគ្រចិត្ត១០គ្រួសារទៀត គាត់សុំសំណងខ្លះដូចជាខូចដែកបាក់ឈើ បែកក្តាអី។ទី៣អ្នកដែលមិនព្រមមកដាច់ខាតសុខចិត្តងាប់គរលើគា្ននៅទីនោះហើយ»។

មេឃុំរូបនេះបានបញ្ជាក់ថាទីតាំងថ្មីស្ថិតនៅខាងជើងវត្តដងផ្លឹតមានចម្ងាយប្រមាណកន្លះគីឡូម៉ែត្រពីឩទ្យានរាបណ្ឌិតសភាកម្ពុជាតេជោសែន ឬស្សីត្រឹប ដោយក្នុង១គ្រួសារពួកគាត់ទទួលបានដី​​មានប្រវែងទទឹង៣០ម៉ែត្រ និងបណ្តោយ៥០ម៉ែត្រ។

កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ប្រធានរាជបណ្ឌិតសភាកម្ពុជាលោកសុខ ទូច បានឱ្យដឹងថា ដើមឈើធំៗប្រមាណ៣០០ដើមត្រូវបានកាប់បំផ្លាញក្នុងពេលដែលលោកខកខានល្បាតក្នុងឧទ្យានត្រឹមតែរយៈពេលជិត១ខែ។​លោកថាក្រុម​ការងាររបស់លោក​​បានត្រួតពិនិត្យ​ផ្ទះ​របស់​ពលរដ្ឋ​ទាំង​៣១គ្រួសារនោះ គឺ​បាន​រកឃើញមាន​ចំនួន១៥ ​គ្រួសារ​សុទ្ធសឹង​តែមាន​ឈើ​ដែល​ត្រូវ​បាន​កាប់បំផ្លាញ​ពី​ឧទ្យាន។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ បានជំរុញឱ្យអាជ្ញាធរដោះស្រាយជាមួយពលរដ្ឋទាំងនោះដោយសន្តិវិធី ។លោកថាកន្លងមកដីដែលអាជ្ញាធរអះអាងថាជាដីសាធារណៈដែលបានយកធ្វើជាទីកន្លែងសម្រាប់ផ្លាស់ប្តូរលំនៅពលរដ្ឋតែងតែមានជាក់ពាក់ព័ន្ធថាជាដីឯកជន។

លោកឡោ ចាន់៖«អាជ្ញាធរគួររៀបចំដោះស្រាយដោយសន្តិវិធីជាមួយពលរដ្ឋទាំងសាមសិបគ្រួសារជាង ជៀសវាងការប្រើហិង្សាជាមួយពួកគាត់ពីព្រោះយើងឃើញថាកន្លងមកអាជ្ញាធរតែងតែយកដីសាធារណៈរបស់រដ្ឋមួយចំនួនដើម្បីយកធ្វើទីកន្លែងនេះ ទីកន្លែងនោះតែជាក់ស្តែងទីកន្លែងដែលអាជ្ញាធរថាត្រូវធ្វើដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ឬផលប្រយោជន៍រួមតែងតែរបស់ឯកជន»។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំខេត្តព្រះវិហាររូបនេះបានបន្ថែមថា ទីតាំងថ្មីដែលសម្រាប់ពលរដ្ឋទាំង៣១គ្រួសាររស់នៅ គួរត្រូវបានរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមគោលស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។

លោក ឡោ ចាន់៖«បើសិនជាអាជ្ញាធរមានឆន្ទៈក្នុងការដោះស្រាយដើម្បីឱ្យពួគាត់ទៅរស់នៅទីតាំងដីថ្មីពិតមែន ទីតាំងដីថ្មីគួរណាតែសមស្រប សមរម្យទទួលយកបានទាំងអស់គ្នា។ ត្រូវមានប្រព័ន្ធទឹក ភ្លើងហើយហេដ្ឋារចនាសម្ព័ន្ធតាមគោលនយោបាយរបស់រដ្ឋាភិបាល។ បើសិនជាឱ្យគាត់ទៅរស់នៅទីតាំងថ្មីហើយសុទ្ធតែព្រៃ អត់មានទឹក ភ្លើងហើយចេះតែទៅរស់នៅមិចកើតគាត់ជាមនុស្សដែរហ្នឹង»។

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ប្ញស្សីត្រឹប ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ មានទំហំ ១៣ ៥៣៥ ហិកតា ស្ថិតនៅក្នុង​ ឃុំឆែប១ និង ឃុំឆែប ២​ស្រុកឆែប ខេត្តព្រះវិហារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ