រដ្ឋា​ភិបាល​កែ​សម្រួល​​អត្រា​ពន្ធ​​លើ​​មុខ​ទំនិញ​​មួយ​ចំនួន​ ខណៈ​​កិច្ច​​ព្រម​ព្រៀង​​ពាណិជ្ជ​កម្ម​​សេរី​​កម្ពុជា​​-​ចិន​ជិត​​ចូល​ជា​ធរមាន​

ស្ត្រីម្នាក់ឈរកាន់ទង់ជាតិកម្ពុជានិងទង់ជាតិ ស្វាគមន៍ដំណើរមកដល់នៃក្រុមគ្រូពេទ្យចិនមកពីខេត្តគ័ងស៊ី ប្រទេសចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

រដ្ឋាភិបាលបានសម្រេច​បន្ធូរបន្ថយ​អត្រាពន្ធគយលើ​មុខទំនិញ​នាំចូល​មួយចំនួន ក្នុង​នោះ​មុខទំនិញ​ខ្លះត្រូវ​បាន​បន្ថយ​រហូតដល់​សូន្យ​ភាគរយ ខណៈ​ដែល​កម្ពុជា​រំពឹងលើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិនដែលជិត​ចូលជាធរមាន​នៅដើម​ឆ្នាំ២០២១។

ការសម្រេច​របស់​រដ្ឋាភិបាល​នេះ ធ្វើឡើង​តាម​អនុក្រឹត្យ​ស្តី​ពី «ការ​កែសម្រួល​អត្រាពន្ធគយ និង​អត្រា​អាករ​ពិសេស​លើ​មុខទំនិញ​មួយចំនួន» ចុះ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ។

តាម​អនុក្រឹត្យ ទំនិញ​នាំចូល​ដែល​រដ្ឋាភិបាល​បន្ថយពន្ធរហូត​សូន្យ​ភាគរយ​នោះ​ រួមមាន ឧបករណ៍និង​គ្រឿងម៉ាស៊ីន​កែច្នៃបម្រើ​ដល់​សង្វាក់​ផលិតកម្ម​ បញ្ចុះ​ពី១៥ភាគរយដល់​សូន្យ​ភាគរយ​, ប្រេងរំអិល​ប្រើប្រាស់​ក្នុង​វិស័យ​វាយនភណ្ឌ ម៉ាស៊ីន​លាងចាន និង​ទោចក្រយាន​ពី១០ភាគរយមក​សូន្យ​ភាគរយ​, វត្ថុធាតុដើម​សម្រាប់​ផលិតកម្ម​ចំណី​អាហា ភេសជ្ជៈ និង​ប្រព័ន្ធ​សូ​ឡា ពី៧ភាគរយមក​សូន្យ​ភាគរយ។

អនុក្រឹត្យ​ដដែលក៏បាន​បន្ថយពន្ធ​ទៅលើ​វត្ថុធាតុដើម ដូចជា ​ម៉ា​ស៊ីន​កែច្នៃ​សំ​ខាន់​ៗសម្រាប់​បម្រើការ​ឱ្យ​សង្វាក់​ផលិតកម្ម​នានា ពី១៥ភាគរយមក៧ភាគរយ សម្ភារអគ្គិសនី​ពី១០ភាគរយ​មក​៥​ភាគរយ ខណៈ​វត្ថុធាតុដើមនិង​ម៉ាស៊ីន​កែច្នៃ​សំ​ខាន់​ៗបម្រើការ​ឱ្យ​សង្វាក់​ផលិតកម្ម​នានា ក៏បាន​បញ្ចុះ​ផង​ដែរ ពី១៥ភាគរយមក៧ភាគរយ រួម​នឹង​មុខទំនិញ​មួយចំនួន​ទៀត។ តែ​យ៉ាងណា អនុក្រឹត្យ​របស់​រដ្ឋាភិបាល មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​បន្ធូរបន្ថយ​ពន្ធ​លើ​មុខទំនិញ​ទាំងនេះ​ទេ។

ប្រធាន​ក្រុម​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន មិន​អាច​សុំ​ការ​អត្ថា​ធិប្បាយ​បានទេ​នៅ​ថ្ងៃនេះ។

ចំណែកអ្នកនាំពាក្យ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខ​សេន​សាន ប្រាប់ VOD តាម​បណ្តាញ​សង្គម​តេឡេក្រាម​ថា៖ «ការ​បញ្ចុះ​អត្រា​ [ពន្ធ​] ទាំងនេះ គឺជា​ការអនុវត្ត​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកស្ទួយ​វិស័យ​សហគ្រាស​ធុនតូចនិង​មធ្យម ​[SMEs​]។ បន្ទាត់​ពន្ធ​ទាំងនេះសុទ្ធសឹង​ជា​ធាតុ​ចូល [វត្ថុធាតុដើម និង​គ្រឿងម៉ាស៊ីន​] សម្រាប់​បម្រើ​ឱ្យ SMEs [Small and medium​-sized enterprises​] ពាណិជ្ជកម្ម ជាមួយ​ចិន»។

ចំណែកអ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ាង ថៃ មានប្រសាសន៍​ថា ការប្រកាស​កាត់​ពន្ធ​លើ​មុខទំនិញ​មួយចំនួន​របស់​រដ្ឋាភិបាល​កម្ពុជាកាលពី​ថ្ងៃម្សិលមិញ​នេះ មិន​សំដៅ​សម្រាប់​តែ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-ចិន​នោះ​ទេ គឺ​សម្រាប់​គ្រប់​ប្រភព​នាំចូល​ទាំងអស់។ 

លោក​បន្ត​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-ចិន ដែល​បាន​ចុះហត្ថលេខាដោយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ កាលពី​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នឹង​ចូល​ជាធរមាន​ក្នុងរយៈពេល៣០ថ្ងៃ បន្ទាប់ពី​កាលបរិច្ឆេទ​ដែល​ភាគី​ទាំងពីរ​បាន​ផ្លាស់​ប្តូរ​សេចក្តី​ជូនដំណឹង អំពី​ការ​បញ្ចប់​នីតិវិធី​ផ្ទៃក្នុង​របស់​ខ្លួន រួមមាន ការ​ទទួល​បានការ​អនុម័ត​ពី​សភាជាតិ និង​ការ​ឡាយ​ព្រះ​ហត្តលេខា​ផ្តល់​សច្ចាប័ន​ពី​អង្គ​ព្រះមហាក្សត្រ ឬអាច​ចូលជាធរមាននៅ​កាលបរិច្ឆេទ​ផ្សេង​ពីនេះ តាម​ការ​ឯកភាព​គ្នា​រវាង​ភាគី​ទាំងពីរ។

លោក​បាន​គូសបញ្ជាក់​ថា៖ «សព្វថ្ងៃ ក្រុមការងារ​ភាគី​កម្ពុជាកំពុង​បំពេញការងារ​របស់​ខ្លួន ដើម្បី​បញ្ចប់​នីតិវិធី​ផ្ទៃក្នុង ឈាន​ទៅ​ផ្លាស់​ប្តូរ​សេចក្តី​ជូនដំណឹង​ជាមួយ​ភាគី​ចិន»។

បើ​តាម​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ធ្លាប់​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​វេទិកា​នៅ​រាជបណ្ឌិត្យសភា​នា​ពេល​ថ្មី​ៗនេះ​ថា នៅពេល​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-ចិន ​(FTA​) ចូលជាធរមាន​នៅដើម​ឆ្នាំ២០២១ នឹង​ជួយ​ឱ្យ​ទំនិញ​កម្ពុជា​ជាង៣៤០មុខ អាច​នាំចេញ​ទៅ​ប្រទេស​ចិន។

ចំណែកកម្ពុជា​ទទួល​បាន​ទីផ្សារ​ចិន​សម្រាប់​ទំនិញ​របស់​ខ្លួន​ប្រមាណ៩៨ភាគរយ​នៃ​មុខទំនិញ​សរុប ខណៈ​កម្ពុជា​បាន​បើក​ទីផ្សារ​ឱ្យ​ភាគី​ចិន៩០ភាគរយនៃ​បន្ទាត់​ពន្ធគយ​សរុប។

បើ​យោង​តាម​របាយការណ៍​ពី​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជានិង​ចិន មាន​ទឹកប្រាក់​ប្រមាណ៩,៤២ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ២០១៩ កើនឡើង២៧,២៩ភាគរយ បើ​ធៀប​នឹង​ឆ្នាំ២០១៨ ដែល​មាន​ទឹកប្រាក់​ប្រមាណ៧,៤ពាន់​លាន​ដុល្លារ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ