វត្ត​​ចាក់​អង្រែ​ក្រោម​​ស្នើ​​អាជ្ញា​ធរ​​បង្វែរ​​ទុយោ​​បូម​​ខ្សាច់​​ចេញ​ពី​​វត្ត​

សាឡង់បូមខ្សាច់នៅលើទន្លេបាសាក់ដែលដំណើរការបូមខ្សាច់ពីទីតាំងមួយជិតវត្តចាក់អង្រែលើ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។ (ត្រាន់ តិចសេង)

គណៈកម្មការ​វត្ត​ចាក់អង្រែក្រោម ស្នើ​ទៅ​អាជ្ញាធរ​ឱ្យ​ក្រុមហ៊ុន​បូម​ខ្សាច់​បង្វែរ​បណ្តាញ​ទុយោ​បូម​ខ្សាច់​ក្រោម​ដី​ចេញពី​វត្ត ដើម្បី​បញ្ចៀស​បញ្ហា​ជាយថាហេតុ​នា​ពេល​ខាងមុខ​ទៀត ដែល​សំណើ​នេះ​ធ្វើឡើង​បន្ទាប់ពី​កើត​បញ្ហា​ផ្ទុះ​ទុយោ​បូម​ខ្សាច់​ប៉ះពាល់​ដល់​សាលាឆាន់។

កាលពី​វេលា​ម៉ោង១០ព្រឹក​ថ្ងៃអង្គារ ទុយោ​បូម​ខ្សាច់​មួយ​ខ្សែ​ក្នុងចំណោម៦ខ្សែ​ដែល​មានមុខ​កាត់​ប្រវែង៣០សង់ទីម៉ែត្រ បាន​ផ្ទុះឡើង​ធ្វើ​ឱ្យ​របើក​ផ្ទៃ​បេតុង​ជាប់​សាលាឆាន់​ក្នុង​វត្ត​ចាក់អង្រែក្រោម ធ្វើ​ឱ្យ​ដីខ្សាច់និង​ទឹកបាញ់​ចេញមកចូល​ក្នុងនិង​ក្រៅ​បរិវេណ​សាលាឆាន់។

ផ្ទៃ​បេតុង​នៅ​ជាប់​សាលាឆាន់​ក្នុង​វត្ត​ចាក់អង្រែក្រោម ត្រូវ​របើក​ដោយសារតែ​ផ្ទុះ​ទុយោ​បូម​ខ្សាច់ ធ្វើ​ឱ្យ​ដីខ្សាច់​និង​ទឹកបាញ់​ចេញ​មក​ចូលក្នុង​និង​ក្រៅ​បរិវេណ​សាលាឆាន់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។ (ត្រាន់ តិច​សេង​)

ប្រធាន​គណៈកម្មការ​វត្ត លោក ហោ យៀវ ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃម្សិលមិញ​ថា ទុយោ​បូម​ខ្សាច់​នោះ ផ្ទុះ​បែក​ដោយសារ​បរិមាណ​ខ្សាច់​ក្នុង​ទុយោ​បុក​ខ្លាំងពេក និង​នាំ​ឱ្យ​របើក​បេតុង​នៅ​ក្បែរ​សាលាឆាន់ ហើយ​បាចសាច​ខ្សាច់​លាយ​ទឹក​ក្នុង​សាលានិង​ហៀរ​ចេញក្រៅ។ លោក​ថា បញ្ហា​នេះ​កើតឡើង​បន្ទាប់ពី​ក្រុមហ៊ុន​បើក​ដំណើរការ​បូម​ខ្សាច់​ឡើងវិញ​ក្នុង​សប្តាហ៍​នេះ បន្ទាប់ពី​ផ្អាក​សកម្មភាព​ជិត​មួយឆ្នាំ។

តាម​ប្រភព​ដដែល មុន​គណៈកម្មការ​វត្ត​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​បង្កប់​បណ្តាញ​ទុយោ​ក្រោម​ដី​ឆ្លងកាត់​បរិវេណ​វត្ត​កាលពី​ជិត២ឆ្នាំមុន គឺ​មាន​ក្រុមហ៊ុន៤បាន​មក​សុំ​ជា​ហូរហែរ ប៉ុន្តែខាង​គណៈ​គ្រប់គ្រង​វត្ត​បដិសេធ​ ដោយសារ​បារម្ភ​ពី​ផល​ប៉ះពាល់​ទៅ​ថ្ងៃក្រោយ។

លោក ហោ យៀវ ប្រាប់​ថា៖ «យើង​មិន​អនុញ្ញាត​ឱ្យ​ទេ យើង​ខ្លាច​មាន​បញ្ហា​ប៉ះពាល់។ ដោយឡែក​ ក្រុមហ៊ុន​ចុងក្រោយ​នេះមាន​ចំណារ​ពី​លោក​អភិបាលក្រុង លោក​ស្នើសុំ​ក្នុង​គោលបំណង​អភិវឌ្ឍ​ទីក្រុង​យើង​នៅក្នុង​បឹង​ខាងក្រោយ ហើយ​យើង​ក៏បាន​សម្រេច​គ្នា​ប្រជុំ​គណៈកម្មការ​ជាមួយ​លោក​ [សង្ឃ​] ហើយ​អនុញ្ញាត​តាម​សំ​ណើ តែ​មាន​លក្ខខណ្ឌ​ជួសជុល ពេល​មាន​បញ្ហា​កើតឡើង​អ៊ីចឹង»។

លោក​បន្ត​ថា ផល​ប៉ះពាល់​ពី​ការ​ផ្ទុះ​ទុយោ​ ខាង​ក្រុមហ៊ុន​ជា​អ្នក​ជួសជុល​ប៉ូវ​សង​តាម​លក្ខខណ្ឌ​ក្នុង​កិច្ចសន្យា​ដែល​បាន​ព្រមព្រៀង​ក្រោម​ការធានា​ពីសា​លា​ក្រុង ប៉ុន្តែលោក​បារម្ភ​បញ្ហា​នឹង​កើតឡើង​នៅពេល​ខាងមុខ​ទៀត បើ​បណ្តាញ​បំពង់​បញ្ជូន​ខ្សាច់​មិន​បង្វែរ​ទៅ​បង្ហូរតាម​ផ្លូវ​វិញ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការផ្លាស់ប្ដូរទុយោបង្ហូរខ្សាច់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។ (ត្រាន់ តិចសេង)

លោក ហោ យៀវ ប្រាប់​បន្ត​ថា៖ «ធម្មតា​ ទុយោ​វា​នៅក្នុង​ដី យើង​នៅ​លើ​ យើង​មើល​អត់​ឃើញ​ទេ អ៊ីចឹង​បារម្ភ​ខ្លាច​តែ​វា​ផ្ទុះ​ទៀត។ ខ្លាច​តែ​វានេះ​ទៀត ដល់អ៊ីចឹង​ចង់​ប្រាប់​ទៅ​ខាង​តំណាង​ក្រុមហ៊ុន​ឱ្យ​ទំនាក់ទំនង​ទៅ​សាលា​រាជធានី​ភ្នំពេញ ​សូម​ឱ្យ​គាត់​ប្តូរ​ទិស​ឱ្យ​ចេញពី​វិហារ ចេញពី​សាលាឆាន់​ហ្នឹង ឱ្យ​វា​នៅ​លើ​ផ្លូវ​វិញ»។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី លើកឡើង​ថា លោក​ពុំ​ទាន់​ទទួល​បាន​របាយការណ៍​លម្អិត​ជុំវិញ​មូលហេតុ​នៃ​ការ​ផ្ទុះ​នេះ​ទេ និង​មិនទាន់​បាន​ស្គាល់​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញា​បណ្ណ​បូម​ខ្សាច់​ពីអ​ភិបាល​រាជធានី​ភ្នំពេញ​នៅ​ទីនោះ​នៅឡើយ។

លោក ម៉េ​ត មាស​ភក្តី និយាយ​ថា៖ «ខ្ញុំ​អត់​ទាន់​ទទួល​បាន​ព័ត៌មាន​ពេញលេញ ហើយ​ម្សិលមិញ​នៅ​ឆែក​ជាមួយនឹង​អ្នកកាន់ការ​ងារ​ហ្នឹង​នៅឡើយ។ ចាំ​បាន​ព័ត៌មាន​ហ្នឹង ចាំ​ខ្ញុំ​ជម្រាប​ជូន​អ្នកសារព័ត៌មាន​តាម​ក្រោយ​វិញ»។

អភិបាលរង​ខណ្ឌមានជ័យ លោក ឌី រ័ត្ន​ខេម​រុ​ណ មិន​អាច​ប្រាប់​ពី​ឈ្មោះ​ក្រុមហ៊ុន​ដែល​ទទួលខុសត្រូវ​លើ​ការ​បូម​ខ្សាច់​ពីសា​ឡង់​នៅ​ទន្លេបាសាក់ ទៅ​ចាក់​បំពេញ​បឹង​ជើងឯក​នោះ​ទេ ដោយ​លោក​ថា លោក​មិនបាន​ចាំ​ឈ្មោះ​ក្រុមហ៊ុន ហើយ​លោក​ក៏​មិនដឹង​ថា ក្រុមហ៊ុន​នោះ​បូម​ខ្សាច់​ទៅណា​ផង​ដែរ ដោយ​ថា នោះ​ជា​រឿង​ឯកជន​របស់​ក្រុមហ៊ុន មិនមែន​ជា​សមត្ថកិច្ច​របស់​អាជ្ញាធរ​ដែនដី។

យ៉ាងណាលោក​លើកឡើង​ថា បញ្ហា​បែកធ្លាយ​ទុយោ គឺ​ដោយសារ​បណ្តាញ​ទុយោ​ត្រូវ​បាន​តច្រើន​ឆ្នាំ មាន​សភាព​ចាស់​ងាយ​ធ្លុះធ្លាយ ហើយ​ខាង​អាជ្ញាធរ​បាន​បញ្ជា​ទៅ​ក្រុមហ៊ុន​ឱ្យ​ផ្អាក​ការ​បូម​បណ្តោះអាសន្ន និង​ណែនាំ​ឱ្យ​ពួក​គេ​ពិនិត្យ​លទ្ធភាព​បង្វែរ​ខ្សែ​បណ្តាញ​ចេញពី​វត្ត និង​រៀបចំ​កែសម្រួល​ប្រព័ន្ធ​វា​ឡើងវិញ ចៀសវាង​បង្ក​បញ្ហា​ជាថ្មី។

លោក ឌី រ័ត្ន​ខេម​រុ​ណ៖ «ឥលូវនេះ យើង​កំពុង​រៀបចំ​ឱ្យ​គាត់​បង្វែរ​ទិសដៅ និង​រៀបចំ​លក្ខណៈ​ប្រព័ន្ធ​បច្ចេកទេស​ឱ្យ​បាន​ត្រឹមត្រូវ ហើយនិង​គុណភាព​ខ្ពស់​ជាង​មុន។ និយាយរួម មិន​ឱ្យ​មាន​លើក​ទី២ទេ ហើយ​បើ​មាន​ជា​លើក​ទី២ យើង​នឹង​បិទ​ជាស្ថាពរ​តែម្តង»

អាជ្ញាធរ​ខណ្ឌ​រូប​នេះបាន​ប្រាប់​ថា លោក​មិន​ដឹង​ពី​អាជីវកម្ម​របស់​ក្រុមហ៊ុន ឬ​ប្រភពខ្សាច់​ដែល​ត្រូវ​បាន​បូម​យក​មក​ដែរ។

បឹង​ស្ទើរ​ទាំង​អស់​នៅ​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​ចាក់​ដីលុប​ ដែល​ភាគ​ច្រើន​បើក​ផ្លូវ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​នានា។ បឹង​ជើង​ឯក​ និង​បឹង​ទំពន់ ស្ថិត​នៅ​ផ្នែក​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ កំពុង​ត្រូវ​បាន​ចាក់​លុប​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​​ដ៏​ធំ​របស់​ក្រុមហ៊ុន ING។

សមាគមធាង​ត្នោត បាន​និយាយ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ​អភិវឌ្ឍន៍​ទីក្រុង បឹង​នានា​មាន​«សារៈ​សំខាន់»​ សម្រាប់​ការ​ចម្រោះ​ទឹក​កខ្វក់ និង​ការពារ​ទឹក​ជំនន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ