គណបក្ស​ គបម​ ចង់​ឱ្យ​​ក្រសួង​​អប់រំ​​គិត​​និទ្ទេស​​ឱ្យ​​សិស្ស​ដើម្បី​​ធានា​​គុណ​ភាព​​អប់រំ​​

បុរសពីរនាក់ជិះម៉ូតូពីមុខក្រសួងអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (គបម​) គាំទ្រ​រដ្ឋាភិបាល​ដែល​សម្រេច​ឱ្យ​សិស្ស​ដែល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (បាក់ឌុប​) និង​មធ្យមសិ​ក្សា​បឋមភូមិ ជាប់​ជាស្ថាពរ ប៉ុន្តែគណបក្ស​នេះស្នើ​ដល់​ក្រសួង​អប់រំ គួរ​កំណត់​និទ្ទេស​ដល់​សិស្ស​ដើម្បី​ធានា​គុណភាព​អប់រំ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​លើក​ឡើ​ថា ក្រសួង​អប់រំ នៅ​ថ្ងៃទី១៦ ខែធ្នូ បានសម្រេច​ឱ្យ​សិស្ស​ដែល​ត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​មធ្យមសិក្សា​បឋមភូមិ ក្នុង​ឆ្នាំ​សិក្សា២០១៩​-២០២០នេះ ជាប់​ជាស្ថាពរ ដោយ​គ្មាន​ការកំណត់​និទ្ទេស។ 

ករណីនេះ គណបក្ស គបម បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការសម្រេច​នេះ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ដែល​កំពុង​បង្ក​ហានិភ័យ​ដល់​ពិភពលោកនិង​ប្រទេស​កម្ពុជា។ 

ប៉ុន្តែ​គណបក្ស​នេះយល់ឃើញ​ថា ក្រសួង​អប់រំ គប្បី​យក​លទ្ធផល​នៃ​ការ​ប្រឡង​ឆមាស​ទី១និង​ឆមាស​ទី២ មក​គិត​និទ្ទេស​ដែល​ជា​ករណី​ពិសេស​បំផុត ដើម្បី​ជំរុញនិង​លើកទឹកចិត្ត​ដល់​សិស្ស​ក្នុង​ការ​ខិតខំ​រៀនសូត្រ និង​ធានា​គុណភាព​នៃ​ការអប់រំដែល​ក្រសួង​បាន​ព្យាយាម​កែទម្រង់​កន្លងមក។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា មានប្រសាសន៍ថា ក្រសួងអប់រំ បានកំណត់ឱ្យ “ជាប់ជាស្ថាពរ” ចំពោះបេក្ខជនទាំងអស់ (រួមទាំងបេក្ខជនស្វៃរិន បំពេញវិជ្ជា និងស្វៃរិនបំពេញវិជ្ជា) ដែលបានចុះឈ្មោះប្រឡង ឆ្នាំសិក្សា២០១៩-២០២០ ដោយគ្មានការកំណត់និទ្ទេស។ លោកបន្តថា ក្រសួងក៏នឹងជម្រាបជូនដំណឹងបន្ថែមស្តីពីទិដ្ឋភាពពាក់ព័ន្ធក្នុងពេលឆាប់ៗនេះ។

បើ​តាម​ក្រសួង​អប់រំ បេក្ខជន​ដែល​បាន​ដាក់ពាក្យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (បាក់ឌុប​) ឆ្នាំ២០២០នេះ មាន​ចំនួន​ជាង១២១ ១០៨នាក់។ ចំណែក បេក្ខជន​ដែល​បាន​ចូលរួម​ការ​ប្រឡង​មធ្យមសិក្សា​បឋមភូមិ កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ មាន​ចំនួន១៥៨ ៧១៧នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ