ក្រសួង​ថា​ អ្នក​ជំងឺ​កូវីដ​ក្នុង​​សហ​គមន៍​​​ចំនួន​៥​នាក់​ទៀត​ជា​សះ​ស្បើយ​និង​គ្មាន​អ្នក​ឆ្លង​ថ្មី​​

ទីតាំងធ្វើតេស្តរកមេរោគកូវីដ១៩ នៅបរិវេណទីស្ដីការគណៈរដ្ឋមន្ត្រី រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។ ((ម៉ិច ដារ៉ា)

ក្រសួងសុខាភិបាលប្រកាសថា អ្នកជំងឺកូវីដ១៩ដែលឆ្លងក្នុងសហគមន៍ចំនួន៥នាក់ទៀតបានជាសះស្បើយ​ពីជំងឺ និងមានមានករណីឆ្លងថ្មី។

សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយនោះ រួមមាន ស្រ្តីជាភរិយាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួង​មហាផ្ទៃ, ស្ត្រីនិងកូនអាយុ៧ខែ ជាប្អូនស្រីរបស់អ្នកបើកបរឱ្យអគ្គនាយកពន្ធនាគារ, បុគ្គលិកធនាគារចិន និងបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ​។

ក្រសួងបន្តថា មិនមានករណីវិជ្ជមាន​វីរុស​កូវីដ១៩ថ្មី នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

ក្រសួងបន្តទៀតថា អ្នកជំងឺកូវីដ​ដែលបានរកឃើញពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍​២៨វិច្ឆិកា គិតមកដល់​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ សរុបមានចំនួន៤១នាក់ ក្នុងនោះបានព្យា​បាល​​​​​ជា​សះស្បើយ​ចំនួន១៣នាក់។

ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលក៏បានក្រើនរំឭកជាថ្មីដល់​ប្រជាពលរដ្ឋដែលធ្លាប់បាន​ទៅអង្គុយ​ពិសាកាហ្វេនៅហាងឈ្មោះ Hidden Coffee ដែលមានទីតាំងនៅហាងលេខ១២៥ ផ្លូវ២០២០ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ទៅធ្វើតេស្តនៅវិទ្យាស្ថាន​ជាតិសុខភាពសាធារណៈ និងត្រូវធ្វើចត្តាឡីស័ក​នៅតាមផ្ទះរបស់ខ្លួន​ឱ្យ​បាន​ចំនួន​១៤ថ្ងៃ ព្រមទាំងត្រូវតាមដាន​សុខភាពផ្ទាល់ខ្លួន​ឱ្យបានហ្មត់ចត់។

បើតាមក្រសួង គិត​មកដល់​ម៉ោង​៧ព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ​១៩ សរុបចំនួន៣៦២នាក់ ក្នុងនោះព្យាបាលជាសះស្បើយ​ចំនួន៣២៤នាក់ និងកំពុងសម្រាក​ព្យាបាលចំនួន៣៨នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ