វិភាគ៖ បញ្ហា​គ្រឿងញៀន​គួរ​ទប់ស្កាត់​ពី​ចំណុច​ណា​?

គ្រឿងញៀន​ដែល​​រឹបអូស​បាន​នៅក្នុង​ភូមិ​សាស្រ្ត​ខេត្ត​ព្រះសីហនុ ៣គោលដៅ និង​នៅ​រាជធានី​ភ្នំពេញ ៤គោលដៅ ដែល​មានតម្លៃ​ប្រមាណ​ជាង៣០លាន​ដុល្លារ​អាមេរិក នា​រសៀល​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ (អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​)

របាយការណ៍​នៃ​បទល្មើស​គ្រឿងញៀន​នៅតែ​កើនឡើង បើ​ទោះបីជា​ក្នុង​ស្ថានភាព​មេរោគ​កូ​វីដ១៩ មានការ​រឹត​បន្តឹង​ការ​ធ្វើដំណើរ​តាម​ព្រំដែន និង​ពេលខ្លះ​រឹត​បន្តឹង​ការ​ធ្វើដំណើរ​នៅក្នុង​ប្រទេស​ផង​ដែរ។

អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក មាស វីរិ​ទ្ធ ថ្លែង​ថា គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ២០២០ អ្នក​ជាប់ពាក់ព័ន្ធ​គ្រឿងញៀន​ដែល​ត្រូវ​ចាប់​ឃាត់ខ្លួន​កើនឡើង​ដល់​ជិត២ម៉ឺ​នាក់ (១៩ ៣៩៤​) គឺ​កើនឡើង​ប្រហែល២០ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន​ក្នុងរយៈពេល​ដូចគ្នា។ លោក​ថា ការ​កើនឡើង​នេះ​មក​ពី​តម្រូវការ​ប្រើប្រាស់​របស់​យុវជន​មានការ​កើនឡើង។

លោក មាស វីរិ​ទ្ធ បញ្ជាក់​ថា ការទប់ស្កាត់​គ្រឿងញៀន​ឱ្យ​មានប្រសិទ្ធភាព​ត្រូវ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។

លោក មាស វីរិ​ទ្ធ មានប្រសាសន៍​ថា៖ «ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន វា​ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​និង​តួអង្គ​ដែល​មានការ​ពាក់ព័ន្ធ ពិសេស​ត្រូវ​ផ្តើម​ចេញពី​អ្នកប្រើ​ប្រាស់ និង​មុខសញ្ញា​ដែល​ងាយ​រងគ្រោះ​ហើយ​ងាយ​ធ្លាក់ខ្លួន​ទៅ​ក្នុង​ការ​អូសទាញ​របស់​ក្រុម​ជួញដូរ​គ្រឿងញៀន»។

នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ពិសេស​ទំព័រ​ហ្វេសប៊ុក​របស់​នគរបាល​ជាតិ បាន​ផ្សព្វផ្សាយ​រាល់ថ្ងៃ​នូវ​ករណី​គ្រឿងញៀន រួម​ទាំង​អ្នកប្រើ​ប្រាស់​និង​អ្នក​ជួញដូរ។

អ្នកប្រើ​ប្រាស់​ពេលខ្លះ​ក៏​មាន​ទាំង​កុមារ​ផង​ដែរ មាន​ទាំង​ការ​ថតរូប​បង្ហាញ​នៅកន្លែង​ប្រើប្រាស់ ថតរូប​នៅ​ការិយាល័យ​របស់​សមត្ថកិច្ច ជាដើម។ ចំណែក​អ្នក​ជួញដូរ​មាន​គ្រាប់​ថ្នាំញៀន២ទៅ៣កញ្ចប់​តូច​នៅ​ជាប់​ខ្លួន ក៏​មានការ​ចាប់ខ្លួន​បាន​បន្តបន្ទាប់​ដែរ។

ចំពោះ​ករណី​ជួញដូរ​គ្រឿងញៀន​រាប់​សិប​ទៅរាប់​រយ​គីឡូក្រាម ទាំង​នៅក្នុង​ប្រទេស​និង​ការនាំចូល រួមមាន​ទាំង​ជនជាតិ​ខ្មែរ​និង​ជនបរទេស ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ជាបន្តបន្ទាប់​ដែរ។ 

បើ​តាម​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អ្នកប្រើ​ប្រាស់​ភាគច្រើន​អាយុ​ពី១៥ទៅ៤០ឆ្នាំ ហើយ​ផ្ទះ​ខ្លះ​មាន​អ្នកប្រើ​ប្រាស់៣ទៅ៤នាក់។ ចំណែក​អ្នក​ដែល​សមត្ថកិច្ច​ចាប់ខ្លួន៣ទៅ៤ដង​ហើយ​នូវ​ករណី​គ្រឿងញៀន នៅពេល​លែង​មកវិញ ក៏​នៅ​បន្តសកម្មភាព​ដូចមុន​ដដែល។

ឪពុក​ម្តាយ​មួយចំនួន ទន្ទឹម​នឹង​កូន​មិនបាន​ធ្វើការ បំផ្លាញ​ទ្រព្យសម្បត្តិ ហើយ​អ្នកខ្លះ​ត្រូវ​ចំណាយ​លុយ​សម្រាប់​ឱ្យ​សមត្ថកិច្ច​ចាប់​កូន​ខ្លួន​ទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​ដែល​ត្រូវ​ចំណាយ​លុយ​រាល់​ខែ​ទៀតផង។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន ​កាលពី​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ថា​គ្រឿងញៀន​នៅតែ​ជា​បញ្ហា​ក្កៅ​គគុក បង្ក​ផល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​និង​ជីវភាព​ប្រជាពលរដ្ឋ។ លោក​ក៏បាន​អំពាវនាវ​ដល់​ប្រទេស​នៅក្នុង​តំបន់ សហការ​គ្នា​ទប់ស្កាត់​ការ​ចរាចរ​គ្រឿងញៀន​ឱ្យ​មានប្រសិទ្ធភាព។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា និង​អ្នកស្រាវជ្រាវ​បញ្ហា​សង្គម លោក ប៉ា ចន្ទ​រឿន លើកឡើង​ថា បញ្ហា​គ្រឿងញៀន​មិនមែន​ការនាំចូល​ឬការផលិត​ទៅតាម​តម្រូវការ​អ្នកទិញ​ដូចជា​តម្រូវការ​ផលិតផល​ផ្សេង​នោះ​ទេ។ លោក​បន្ត​ថា បើសិនជា​អាជ្ញាធរ​ពង្រឹង​សមត្ថភាព​ទប់ស្កាត់​មិន​ឱ្យ​មានការ​នាំចូល​ឬច​រា​ចរណ៍​លក់ នោះ​នឹង​មិន​មាន​អ្នកប្រើ​ប្រាស់​នោះ​ទេ។

លោក ប៉ា ចន្ទ​រឿន៖ «បើសិនជា​មាន​ព័ត៌មាន​បង្ហាញថា មាន​ចរាចរណ៍​ហ្នឹង​កើនឡើង មានន័យថា វិធានការ​ទប់ស្កាត់​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កាន់តែ​មិន​មានប្រសិទ្ធភាព។ រឿង​គ្រឿងញៀន​នេះ មិនមែន​ជា​ការ​ចរាចរទំនិញ​ធម្មតា មាន Demand និង Supply Size អី​ទេ ទាល់តែ​មាន​តម្រូវការ​ខ្លាំង បាន​មានការ​ផ្គត់ផ្គង់។ អ៊ីចឹង​ទេ​! អានេះ​ជា​ការ​ចរាចរ​សារធាតុ​ខុសច្បាប់​នៅក្នុង​សង្គម»។

បើ​ទោះជា​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​អះអាង​ថា កម្ពុជា​ជា​ប្រទេស​រងគ្រោះ​ពី​ការ​ជួញដូរ​គ្រឿងញៀន​ឬជា​ប្រទេស​ដែល​នាំចូល​គ្រឿងញៀន​ពីក្រៅ​ប្រទេស​ក៏ដោយ ក៏​មាន​ករណី​ខ្លះ សមត្ថកិច្ច​ចាប់​ម៉ាស៊ីន​កែច្នៃ​ឬផលិត​គ្រឿងញៀន​នៅក្នុង​ប្រទេស​ដែរ។

ការ​ដោះស្រាយ​បញ្ហា​គ្រឿងញៀន អ្នកខ្លះ​លើកឡើង​ថា ឱ្យ​តែ​ទប់ស្កាត់​ការនាំចូល​តាម​ព្រំដែន​បាន​នោះ​នឹង​មានប្រសិទ្ធភាព​ហើយ អ្នកខ្លះ​ទៀត​ថា ត្រូវ​ចាត់វិធានការ​លើ​ឈ្មួញ​គ្រឿងញៀន​ធំ​ដែល​មាន​អ្នកមាន​អំណាច​ចាំ​ជួយការ​ពារ​ជា​ខ្នងបង្អែក ឬ ខ្លះទៀត​ថា ត្រូវ​កម្ចាត់​អំពើពុករលួយ ព្រោះ​អ្នក​ជួញដូរ​គ្រឿងញៀន មាន​លុយ​ច្រើន តែងតែ​សូកប៉ាន់​អ្នក​ពាក់ព័ន្ធ​ដើម្បី​ខ្លួន​គេ​និង​មុខរបរ​គេ​មាន​សុវត្ថិភាព។

ចំពោះ​សមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​គ្រឿងញៀន​នេះ មាន​ទាំង​មន្ត្រី​ជំនាញ​តាម​ផ្នែក និង​ថែមទាំង​មានកម្ម​វិធី​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដែល​ក្នុងចំណោម៩ចំណុច ក៏​មានការ​លើកឡើង​ពី​ការទប់ស្កាត់​ការប្រើ​ប្រាស់​និង​ជួញដូរ​គ្រឿងញៀន​ផង​ដែរ។

ចំពោះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក​តែងតែ​អះអាង​ពី​សមត្ថភាព​ក្នុង​ពន្លត់ភ្លើង​សង្គ្រាម​នាំ​ប្រទេស​ឱ្យ​មាន​សន្តិភាព​នោះ លោក​ក៏​តែងតែ​លើកឡើង​ពី​សមត្ថភាព​របស់​លោក​ក្នុង​ការគ្រប់គ្រង​សន្តិសុខ​សណ្តាប់​ធ្នាប់ មិន​ឱ្យ​កើតមាន​ហិង្សា​ឬច​លា​ចល​ក្នុង​សង្គម​ដែរ។

លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​អះអាង​ថា លោក​មាន​សមត្ថភាព មាន​ក្រុមការងារ​ច្រើន​ក្នុង​ការ​តាមដាន​ការ​ងារ​ផ្សេង​ៗ សូម្បីតែ​រឿង​ស្នេហា​ឯកជន​ឬរឿងរ៉ាវ​ផ្ទែ​ក្នុង​របស់​គណបក្ស​ប្រឆាំង ក៏​លោកនាយក​រដ្ឋមន្ត្រី​បានដឹង​ឬទទួល​បាន​សំឡេង​ដែលគេ​ចរចា​នោះ​ជា​ហូ​ហែ​ដែរ។

នៅក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​មេធាវី​រដ្ឋាភិបាល និង​មេធាវី​ស្ម័គ្រចិត្ត នៅ​វិមាន​សន្តិភាព កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ថា បណ្តុំ​មនុស្ស​ដែល​មាន​ចំនួន​ចាប់ពី៥នាក់​ឡើង​ទៅ គឺ​អាច​មាន​គ្នា​របស់​លោក​ក្នុង​នោះ​ហើយ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ត​ថា លោក ហូរ វ៉ាន់ អតីតមន្ត្រី​បក្ស​ប្រឆាំង បាន​ផ្ញើ​សារ​ជា​សំឡេង​តាម​បណ្តាញ​សង្គម (Group Chat​) ពី​សហរដ្ឋអាមេរិក ទៅកាន់​ក្រុម​អ្នក​តវ៉ា​នៅ​កម្ពុជា អំពី​ផែនការ​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​ចិន ក៏​លោក​ដឹង ព្រោះ​មាន​មនុស្សលោក​នៅក្នុង​នោះ​ដែរ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​សូម​ផ្តាំ​ទៅវិញ នៅក្នុង​គ្រុប​ហ្វេសប៊ុក ហើយ​នៅក្នុង​គ្រុប​ហ្វេសប៊ុក មាន​មនុស្ស​របស់​យើង​នៅក្នុង​ហ្នឹង អ៊ីចឹង​វា​មានរឿង​អី​ដែល​ជា​អាថ៌កំបាំង បញ្ជា​មក​តាម​គ្រុប​ហ្វេសប៊ុក មនុស្ស​ឱ្យ​តែ​ចាប់ពី៥នាក់​ឡើង​ទៅ វា​មាន​មនុស្ស ហ៊ុន សែន នៅក្នុង​នោះ​ហើយ កុំ​ឆ្ងល់​ពេក។ អ៊ីចឹង​វា​មានអី​ជា​អាថ៌កំបាំង ព្រោះ​អ្នក​នៅក្នុង​ក្រុម​ហ្នុង មាន​រាប់​សិប​នាក់​ឯណោះ ហើយ​អ្នក​ហ្នុង គេ​បញ្ចេញ​មក​ឱ្យ​យើង។ អ្នកឯង​ចង​ក្រុម​ទៀត​ទៅ ហើយ​គេ​ចូល​មើលតាម​ជាមួយ​អ៊ីចឹង ក្រុម​តេឡេក្រាម ក្រុម​ស៊ូ​ម [Zoom​] ក្រុម​ហ្វេសប៊ុក អាហ្នឹង​មានទាស់អី»។

បើ​លោកនាយក​រដ្ឋមន្ត្រី​មាន​ក្រុមការងារ​ច្រើនបែប​នេះ​មែន ហើយ​យក​ជំនាញ​នេះ​ទៅ​ប្រើ​ដើម្បី​ទប់ស្កាត់​គ្រឿងញៀន​នោះ កាន់តែ​មានប្រសិទ្ធភាព​ហើយ។

អង្គការសហប្រជាជាតិ​លើកឡើង​ក្នុង​របាយការណ៍​មួយ​កាលពី​ខែឧសភា ឆ្នាំ២០២០ ថា​កម្ពុជា​ឋិត​ក្នុងចំណោម​ប្រទេស​អាស៊ាន​ចំនួន៤ ដែល​រក​ឃើញ​ករណី​ជួញដូរ​ថ្នាំញៀន​ខុសច្បាប់​ច្រើនជាង​គេ​បំផុត​ក្នុង​តំបន់ ខណៈ​តម្លៃ​ធ្លាក់ចុះ​កាន់តែ​ទាប តែ​គុណភាព​ថ្នាំ​កាន់តែ​ខ្ពស់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ