កម្ពុជា​​ប្តេជ្ញា​​ធ្វើ​ការ​ងារ​​ជាមួយ​​រដ្ឋ​បាល​​ប្រធានា​ធិប​តី​​អាមេរិក​​ថ្មី​ ដើម្បី​​ពង្រឹង​​ទំនាក់​ទំនង​​ទ្វេ​ភាគី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ចូ បៃដិន ប្រធានាធិបតីថ្មីអាមេរិក ទី៤៦។ (ហ្វេសប៊ុកលោក ហ៊ុន សែន និងហ្វេសប៊ុក Joe Biden)

​រាជរដ្ឋាភិបាល​កម្ពុជា បង្ហាញ​ការ​ប្តេជ្ញា​ក្នុង​ការ​ធ្វើការងារ​ជាមួយ​រដ្ឋបាល​ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី​ថ្មី​របស់​សហ​រដ្ឋ​អាមេរិក ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់តែ​ល្អ​ប្រសើរ។

ក្នុង​លិខិត​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​ជូនលោក ចូ​សែប រ៉ូប៊ី​នណែ​ត បៃ​ដិន ជេ អរ (Joseph Robinette Biden Jr​.) ប្រធានាធិបតី​ជាប់ឆ្នោត​នៃ​សហរដ្ឋអាមេរិក ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃម្សិលមិញ បាន​លើកឡើង​ថា កម្ពុជាសាទរ​ចំពោះ​លោក ចូ បៃដិន ដែល​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក ទី៤៦។

លិខិត​ដដែល លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ជឿជាក់​ដែរ​ថា ក្រោម​ការដឹកនាំ​របស់​លោក បៃ​ដិន សហរដ្ឋអាមេរិក​នឹង​បន្ត​រីកចម្រើន​ទៅមុខ ព្រមទាំង​នាំ​ពិភពលោក​មាន​ស្ថិរភាពនិង​វិបុលភាព​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់​បន្ថែម​ក្នុង​លិខិត​ថា៖ «រាជរដ្ឋាភិបាល​របស់ខ្ញុំ បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​ពេញលេញ ក្នុង​ការ​ធ្វើការងារ​ជាមួយ​រដ្ឋបាល​របស់​ឯកឧត្តម ដើម្បី​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត»។

បើ​តាម​សារព័ត៌មាន CNA អង្គ​បោះឆ្នោត​នៅ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ បាន​បោះឆ្នោត​ទទួលស្គាល់​ជា​ផ្លូវការ​ហើយ​លើ​ជ័យជម្នះ​របស់លោក ចូ បៃ​ដិន ដើម្បី​ឱ្យ​លោក​ក្លាយជាប្រធានាធិបតី​ថ្មីរបស់​សហរដ្ឋអាមេរិក។

ប្រភព​ដដែលបន្ត​ថា លទ្ធផល​បោះឆ្នោត​នៃ​អង្គ​បោះឆ្នោត នឹង​ត្រូវ​រង់ចាំការប្រកាសនិង​ទទួលស្គាល់​ជា​ផ្លូវការ​ពីសំណាក់​សភា​ទាំង២ ដែល​នឹង​ត្រូវ​បើកសម័យ​ប្រជុំ​នៅ​ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ក្រោម​ការដឹកនាំ​ដោយ​ផ្ទាល់​ពីអនុ​ប្រធានាធិបតី​អាមេរិក លោក ម៉ៃ​ក៍ ភែន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ