អ្នក​ជំងឺ​​កូ​វីដ​​ចំនួន​១៧​នាក់​​ទៀត​បាន​​ជា​សះ​ស្បើយ​ និង​​មិន​​មាន​​ករណី​​ឆ្លង​​ថ្មី​

មន្ត្រី​ក្រសួងសុខាភិបាល​និង​អ្នកជំនាញ ពិនិត្យ​និង​ចុះ​យក​សំណាក​ពលរដ្ឋ​នៅ​ខេត្ត​កណ្ដាល ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល​)

​ក្រសួងសុខាភិបាល ប្រកាស​ថា អ្នកជំងឺ​កូ​វីដ១៩ ចំនួន១៧នាក់​ទៀត បាន​ព្យាបាល​ជាសះស្បើយ ដែល​ភាគច្រើន​ជា​បុគ្គលិកនិង​អ្នក​ចូល​ហាង Pedro និង Zendo ខណៈ​មិន​មាន​ករណី​ឆ្លង​ថ្មី។

សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​សុខាភិបាល នៅ​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ឱ្យ​ដឹង​ថា អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ១៩ ចំនួន១៧នាក់ ក្នុង​នោះ​មាន​អ្នក​ឆ្លង​ក្នុង​សហគមន៍១៥នាក់ និង​អ្នកធ្វើ​ដំណើរ​មក​ពីក្រៅ​ប្រទេស២នាក់ ។

ក្រសួង​បន្ត​ថា អ្នក​ដែល​ឆ្លង​ជំងឺ​កូ​វីដ១៩ ក្នុង​សហគមន៍​ចំនួន១៥នាក់ដែល​ជាសះស្បើយ​នោះ រួមមាន បុគ្គលិក​ហាង Pedro (ផ្លូវ​ព្រះសីហនុ​) ចំនួន០៦នាក់​, អ្នក​ចូល​ហាង Pedro និង Zendo ចំនួន០៣នាក់​, បុគ្គលិក​ហាង Carl’s Jr Burger ទួលទំពូង ០១នាក់​, បុគ្គលិក​ហាង​លក់​កំ​ព្យូទ័រ​ឌីម ផ្លូវ​ព្រះសីហនុ ០១នាក់​, កូនស្រី​ច្បង​របស់​អគ្គនាយក​ពន្ធនាគារ និង​សាច់​ញាតិរបស់​អ្នកបើកបរ​ឱ្យ​អគ្គនាយក​ពន្ធនាគារ​ចំនួន០៤នាក់។ 

ក្រសួង​បញ្ជាក់​ទៀត​ថា នៅ​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ មិន​មាន​ករណី​ឆ្លង​ថ្មី​នោះ​ទេ។

បើ​តាម​ក្រសួងសុខាភិបាល គិត​មកដល់​ម៉ោង៧ព្រឹក ​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបាន​រក​ឃើញ​ករណី​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប​ចំនួន៣៦២នាក់ ក្នុង​នោះ​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន៣៤១នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន២១នាក់។ 

ដោយឡែក បើ​គិតតែ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍២៨វិច្ឆិកា​វិញ ក្រសួង​ថា គិត​មកដល់​ថ្ងៃម្សិលមិញ មាន​អ្នកជំងឺ​សរុប៤១នាក់ ក្នុង​នោះ​បាន​ព្យាបាល​ជាសះស្បើយ​២៨នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ