ពលករខ្មែរនៅខេត្តសាមុតសាខនបង្ហាញក្តីបារម្ភក្រោយផ្ទុះកូវីដ១៩ក្បែរកន្លែង​ខ្លួនរស់នៅ

ពលករបរទេសដែលទាក់ទងនឹងផែលក់បង្គានៅខេត្តសាមុតសាខន ប្រទេសថៃ កំពុងឱ្យគ្រូពេទ្យយកសំណាកដើម្បីធ្វើតេស្តរកកូវីដ១៩ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។ (រូបភាព៖Twitter ក្រសួងសុខភាពសាធារណៈថៃ)

ពលករខ្មែរ​ដែលកំពុងធ្វើការនៅខេត្តសាមុតសាខនបារម្ភពីការប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ ខណៈលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃនេះអំពាវនាវឱ្យ​ពលករខ្មែរដែលកំពុង​រស់នៅ​ប្រទេស​ថៃ​ត្រូវជឿជាក់លើរដ្ឋាភិបាលថៃក្នុងការដោះស្រាយបញ្ហានេះ។

កាលពីម្សិលមិញ​ក្រសួងសុខភាពសាធារណៈថៃ បានប្រកាសរកឃើញ​ករណីឆ្លងកូវីដ១៩​ក្នុង​សហគមន៍​ដែល​បានផ្ទុះ​ឡើងក្នុងផ្សារបោះដុំបង្គាមួយកន្លែងក្នុងខេត្តសាមុតសាខន ដែល​អ្នក​ឆ្លងនោះ​​ភាគ​ច្រើន​ជាពលករ​បរទេសដែលជាជនជាតិភូមា។ គិតត្រឹម​ល្ងាចថ្ងៃ​អាទិត្យនេះក្រសួង​សុខភាព​សាធារណៈ​ថៃបានរកឃើញ​អ្នកឆ្លងកូវីដ១៩ក្នុងសហគមន៍​ខេត្តសាមុតសាខនកើនដល់​ជិត​៦៩៤ករណី។ នេះបើតាមការសែតថៃThe Nation។

ពលករខ្មែរដែលជាកម្មករសំណង់និងជាអ្នករស់នៅក្បែរផែលក់​បង្គាក្នុងខេត្តសាមុតសាខន​ដែល​ផ្ទុះកូវីដ​១៩ លោក សូ សុធី បានលើកឡើងថាលោកបានទទួលព័ត៌មាន​ពីករណីកូវីដ១៩​ក្នុង​សហគមន៍ដែលលោកកំពុងរស់នៅនេះកាលពីម្សិលមិញតាមរយៈអ្នកបើករថយន្តក្រុងដែលលោកជិះចេញ​ពីធ្វើការ។  លោកបានប្រាប់វីអូឌីថាផ្សារដែលជាផែលក់បង្គារនោះ​មានចម្ងាយ​ប្រហែល​​​ជាង៣០០ម៉ែត្រពីបន្ទប់ជួលដែលលោកនិងពលករខ្មែរ​ប្រមាណជា៥០នាក់​ផ្សេង​ទៀត​កំពុងស្នាក់នោះ។

លោកបាននិយាយថា៖«ខ្ញុំបារម្ភ បារម្ភយកតែមែនទែន ព្រោះខ្ញុំនៅជិតផ្សារហ្នឹង»។

ទោះយ៉ាងណាក៏ដោយ លោក សូ សុធី បានប្រាប់ថាក្នុងរយៈពេល​ចុងក្រោយនេះលោកមិនបាន​ទៅផ្សារលក់បង្គារនោះទេ។ លោក សុធី បាននិយាយថាលោកទើបមកពីផ្សារផ្សេង​ដើម្បីទិញ​ត្រី​សាច់ និងបន្លែសម្រាប់ទុកធ្វើម្ហូបយកទៅធ្វើការនៅព្រឹកស្អែក។

ពលករដែលធ្វើការនៅប្រទេសថៃរយៈពេល៩ឆ្នាំរូបនេះបាន​ប្រាប់ថា​លោកសព្វថ្ងៃរស់នៅ​ជា​មួយ​​​ភរិយា​របស់លោក​ដែលជាកម្មករ​សំណង់ដែរ។ លោកបានលើកឡើងថាអ្វីដែល​ធ្វើ​ឱ្យ​លោក​​​កាន់​តែបារម្ភពីហានិភ័យក្នុងការឆ្លងនោះគឺដោយសារនៅការដ្ឋានសំណង់ និង​កន្លែង​រស់នៅ​របស់​លោក​មានពលករបរទេសផ្សេងទៀតរស់នៅ​និងធ្វើការ។

ក្រសួងសុខភាពសាធារណៈរបស់ថៃបាន​ប្រកាសបិទ​ខេត្តសាមុតសាខន​ និងដាក់បម្រាម​គោចរ​ចន្លោះពីម៉ោង១០យប់ដល់​ម៉ោង​៥ភ្លឺ  ចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ដល់​ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១។ ចំណែកជន​បរទេស​មិនត្រូវបានអនុញ្ញាតិឱ្យចេញពីខេត្តនេះទេក្នុងរយៈពេល​១៤​ថ្ងៃ​នេះ។សម្រាប់ជនជាតិថៃអាចចេញទៅខេត្តផ្សេងបានតែត្រូវជូនដំណឹងដល់​អាជ្ញាធរខេត្ត​ដែល​​ខ្លួន​នឹង​ទៅនោះ​ជាមុនសិន។ ប្រភពដដែលឱ្យដឹងថាកន្លែងលក់ម្ហូបអាហារនិងភេសជ្ជៈអាចបើក​បាន​ជាធម្មតា ប៉ុន្តែមិនអនុញ្ញាតឱ្យភ្ញៀវនៅញ៉ាំនោះទេ ដោយ​តម្រូវឱ្យពួកគេខ្ចប់យកទៅផ្ទះវិញ។ ចំណែក​សាលារៀន ទីតាំងលេងកីឡា និង​សួនច្បារក្នុងខេត្តនេះត្រូវបិទទាំងអស់។

ទោះជាយ៉ាងណាក៏ដោយពលករខ្មែរ​ដែលជំនាញផ្នែកបូកជញ្ជាំង វ័យ៤២ឆ្នាំរូបនេះ បានបញ្ជាក់​ថា​លោកនៅតែធ្វើការងារនៅការដ្ឋានសំណង់ជាមួយភរិយារបស់លោក​ជាធម្មតាដោយ​ត្រូវចេញ​ទៅនៅម៉ោងជាង៥ព្រឹក និងត្រលប់មកវិញនៅម៉ោង៥ល្ងាច។ លោកបានបញ្ជាក់ថាដោយត្រូវ​ចេញ​ទៅធ្វើការ​មិនអាច​ចៀសមិនបាន លោកត្រូវបង្កើនការប្រុងប្រយ័ត្នថែមទៀត ដោយលោក​ត្រូវពាក់ម៉ាស និងបាញ់កាល់អុលជាប្រចាំ។ បន្ថែមលើសលោកក៏ត្រូវគោរពតាមការបទបញ្ជា​ដោយ​​មិនចេញពីកន្លែងលោករស់នៅនោះទេចាប់ពីម៉ោង១០យប់ដល់​៥ព្រឹក។

សម្រាប់លោក សូ សុធី ប្រសិនបើអាជ្ញាធរថៃឱ្យពលករបរទេសធ្វើចត្តាឡីស័ក​ លោកព្រួយ​បារម្ភ​​ពីប្រាក់បម្រុងទុក​សម្រាប់ចាយវាយព្រោះថាលោក​មិនសូវមានលុយសន្សំនៅច្រើនទេ ដោយ​ត្រូវផ្ញើមកឱ្យកូនដែលកំពុងរៀននៅស្រុកកំណើតនាប្រទេសកម្ពុជាជារៀងរាល់ខែ។ លោកបាន​អំពាវ​ឱ្យ​រដ្ឋាភិបាលកម្ពុជាពិភាក្សាជាមួយរដ្ឋាភិបាលថៃដោយស្នើឱ្យភាគីថៃ​ជួយផ្គត់ផ្គង់​ដល់ពលករខ្មែរករណីមានការតម្រូវឱ្យពលករខ្មែរធ្វើចត្តាឡីស័ក។

មន្រ្តីបណ្ដាញ​លើក​កម្ពស់​គុណភាព​ជីវិត​ពលករ(LPN) លោក ប្រាក់ ភក្រ្តា​ បានប្រាប់វីអូឌីនៅ​រសៀល​នេះថា​លោកក៏មានការព្រួយបារម្ភពីហានិភ័យ​នៃការឆ្លងកូវីដ១៩​ចំពោះពលករខ្មែរដែល​កំពុង​ធ្វើការ​នៅខេត្តសាមុតសាខន និងបណ្តាខេត្តដែលជាប់​នឹងខេត្តនេះផងដែរ។ លោកបានឱ្យ​ដឹងថា​ការទទួល និងការផ្សព្វផ្សាយព័ត៌មានដល់​​ពលករខ្មែរទាក់ទងនឹង​បញ្ហាជំងឺកូវីដ១៩នេះនៅ​មាន​កម្រិតនៅឡើយ។

លោកបានលើកឡើងថា៖«ខ្ញុំគិតថាហានិភ័យខ្ពស់មែនទែន ព្រោះថាពលករ​គាត់​មិនទទួលបាន​ព័ត៌មាន​ពេញ​លេញដូចពលរដ្ឋថៃទេ  ព្រោះថាពេលខ្លះគាត់នៅកន្លែងធ្វើការណាមួយ​អត់មាន​ស្ថាប័នណាមួយដែលទៅផ្សព្វផ្សាយឱ្យដល់​តំបន់ដែលគាត់នៅទេ»។

លោកបានលើកជាសំណើថា៖«ការសំណូមពររបស់ខ្ញុំគួរតែមានវិធានការមួយជួយប្រកាស ឬធ្វើ​យុទ្ធនាការណ៍ផ្សព្វផ្សាយឱ្យបានទួលំទូលាយដល់ពលករខ្មែរ​យើង ដែលនៅក្នុងខេត្តដែល​ប្រឈម​​​ដូចជា​ខេត្តសាមុតសាខន សាមុតប្រាកាន ឬខេត្តផ្សេងទៀតដែលមានព្រំប្រទល់ជាប់​ខេត្តនេះ​ ដើម្បី​ឱ្យពលករខ្មែរយើងហ្នឹងបាន​ត្រៀមខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ»។

វីអូឌី មិនអាចទាក់ទងសុំការឆ្លើយតបពី​អ្នកនាំពាក្យក្រសួងការបរទេស​កម្ពុជា លោក កុយ គួង បាននៅឡើយទេទាក់ទងនឹងការផ្សព្វផ្សាយរឿងកូវីដ១៩ដល់ពលករខ្មែរនៅប្រទេសថៃ។

បើ​តាមលោក ប្រាក់ ភក្រ្តា​ ពលករខ្មែរប្រមាណ១០ភាគរយធ្វើការនៅខេត្តសាមុតសាខន ហើយ​ភាគច្រើនពួកគេ​ធ្វើការសំណង់ និងជាកម្មករ​​នេសាទ។ លោកបានលើកឡើងទៀត​ថាពលករ​ខ្មែរ​ដែលជាអ្នកនេសាទប្រឈមនឹងហានិភ័យជាងគេព្រោះថា​ពួកគេត្រូវលើកដាក់​ត្រីនិងគ្រឿង​សមុទ្រ​​នៅផែហើយ​ត្រូវជួប​ជាមួយថៅកែដែលជាអ្នកលក់គ្រឿងសមុទ្រ។

លោកក៏បានអំពាវនាវឱ្យពលករខ្មែរទាំងអស់ត្រូវបង្កើនការការពារ និងតាម​ដានសុខភាពរបស់​ខ្លួនជាប្រចាំ​ បើមានភាពមិនប្រក្រតីត្រូវទៅពិនិត្យជាបន្ទាន់ និងស្តាប់ការណែនាំរបស់ក្រសួង​សុខាភិបាល​ថៃ។ លោកបានស្នើឱ្យពលករខ្មែរទាំងអស់មិនត្រូវចាកចេញពី​កន្លែងដែលខ្លួន​រស់នៅនោះទេ ដើម្បីបញ្ចៀសការផាកពិន័យ និងការពារខ្លួនពីជំងឺកូវីដ១៩។

បន្ថែមលើនេះលោកភក្រ្តាបានអំពាវនាវដល់អាជ្ញាធរថៃផ្តល់ជំនួយដល់ពលករបរទេសឱ្យបានដូចពលរដ្ឋថៃដែរ ប្រសិនបើ​ពួកគេត្រូវផ្អាកការងារបណ្តោះអាសន្នដោយសារវិបត្តិកូវីដ១៩។

របាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២០ របស់​ការិយាល័យរដ្ឋបាលពលករបរទេសរបស់​ថៃ​បង្ហាញ​ថា​​ពលករបរទេស​ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃមាន​ចំនួន​២ ៤៨២​ ២៥៦នាក់ ដែលក្នុងនោះមាន​ពលករខ្មែរចំនួន៥០១ ៩៥០នាក់។

ក្នុងសារជាសម្លេងដែលផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះ លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បានអំពាវនាវឱ្យពលករខ្មែរដែលកំពុងរស់​នៅប្រទេសថៃត្រូវជឿជាក់លើ​រដ្ឋាភិបាលថៃក្នុង​ការគ្រប់គ្រងសភាពការណ៍នៃការឆ្លងកូវីដ១៩ក្នុងសហគមន៍ប្រទេសនេះ។ លោកជឿជាក់ថារដ្ឋាភិបាលមាន​សមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហានេះ ព្រោះនេះមិន​មែនជាលើកទី១ដែលថៃប្រឈមនឹងបញ្ហានេះ។​

លោកបានថ្លែងថា៖«សង្ឈឹមថាប្អូនកម្មករ​កម្មការិនីរបស់យើងដែលធ្វើការនៅក្នុងប្រទេសថៃ​ជឿ​ទុក​ចិត្តទៅលើ​សមត្ថភាពនៃការដោះស្រាយរបស់រាជរដ្ឋាភិបាលថៃ របស់សមត្ថកិច្ច​ពាក់​ព័ន្ធរបស់​ថៃ ដែលធ្វើការនៅទីនោះ មិនគួររត់ចាកចេញពីប្រទេសថៃក្នុងពេលដែលថៃមាន​ការ​លំបាក»។

លោកនាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា​ការមិនធ្វើដំណើរចាកចេញពីប្រទេសថៃអាចជួយ​ការពារខ្លួននៅ​នឹងកន្លែងសម្រាប់ពលករខ្មែរ ព្រោះថារដ្ឋាភិបាលថៃនឹងផ្តល់កិច្ចការពារ ហើយ​ម្យ៉ាង​ទៀត​វាក៏អាចទប់ស្កាត់ការនាំចូលកូវីដ១៩មកកម្ពុជាផងដែរ។ លោកក៏បានអំពាវនាវ​ផងដែរឱ្យពលរដ្ឋប្រាប់​ដល់សាច់ញាតិកំពុងរស់នៅប្រទេសថៃឱ្យស្ថិតនៅទីនោះជាបន្តសិន។

លោកបានថ្លែងបន្តថាប្រសិនបើ​ពលករខ្មែរចង់ត្រលប់មកកម្ពុជាវិញនោះជាដាច់​ខាតពួកគេ​ត្រូវធ្វើតេស្តរកកូវីដ១៩ និងធ្វើចត្តាឡីស័កឱ្យគ្រប់ចំនួន១៤ថ្ងៃ។

លោកនាយករដ្ឋមន្រ្តី ក៏បានបញ្ជាដល់​មន្រ្តីក្រោមឱវាទឱ្យ​ពង្រឹងការធ្វើចត្តាឡីស័កលើអ្នកដែល​មកពីប្រទេសថៃឱ្យបានម៉ត់ចត់ថែមទៀត ដោយលោក​ឱ្យ​បើកតែច្រកទ្វារអន្តរជាតិចំនួន៣​តែ​ប៉ុណ្ណោះ​ដើម្បីងាយស្រួលគ្រប់គ្រង ដែលក្នុងនោះមានច្រកអូរស្មាច់ ដូង និងប៉ោយប៉ែត។ លោក​​ក៏បានបញ្ជាឱ្យមានការត្រៀមរថយន្តកងទ័ពទុកដឹកពលករសម្រាប់ធ្វើចត្តាឡីស័កផងដែរ។

លោកបានបញ្ជាឱ្យក្រសួងសុខាភិបាលបញ្ជូនបន្ថែមនូវម៉ាសក្រណាត់ និងម៉ាសធម្មតា​​ដល់​ខេត្ត​ជាប់​ព្រំដែនថៃ​ ដើម្បីឱ្យពលករដែលត្រលប់ចូលកម្ពុជាវិញ ដែលក្នុងនោះម្នាក់អាច​ទទួលបាន​ម៉ាសចំនួន២។

ក្រសួងសុខាភិបាល​កម្ពុជា បានចេញសេចក្តីណែនាំបន្ទាន់មួយនៅថ្ងៃនេះដោយ​ឱ្យអាជ្ញាធរនៅ​ខេត្ត​តាមបណ្តោយព្រំដែនថៃ​មានកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និង​ឧត្តរ​មាន​ជ័យ​​​ជាដើមត្រូវ​បង្កើនការប្រុងប្រយ័ត្ន និងពិនិត្យឱ្យបានម៉ឺងម៉ាត់​ជាពិសេស​វាស់កំដៅ និង​បំពេញ​ទម្រង់ពិនិត្យ​សុខភាពអ្នកដំណើរឱ្យបាន​ត្រឹមត្រូវបំផុត និងត្រូវមានការរៀបចំការរក្សា​គម្លាត​ពីគ្នា​ឱ្យបានពី១ម៉ែត្រកន្លះឡើង។ចំណែកសំណាក​របស់អ្នកដំណើរត្រូវយក និងបញ្ជូនមក​ធ្វើ​តេស្ត​នៅ​វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាសា្ថនសុខភាពសាធារណៈ និង​មន្ទីរពេទ្យខេត្តសៀមរាប​ នៅថ្ងៃដែល​ពួកគេមក​ដល់ច្រកចូលកម្ពុជា។​

ក្រសួងសុខាភិបាល ក៏បានអំពាវនាវឱ្យ​អាជ្ញាធរថ្នាក់ក្រោមជាតិត្រូវ​ធ្វើការត្រួតពិនិត្យការធ្វើ​ចត្តាឡីស័ក​របស់អ្នកដំណើរ​ឱ្យបានត្រឹមត្រូវ ដើម្បីបង្ការ​ការរបូតចេញពីការធ្វើចត្តាឡីស័កជា​យថា​ហេតុ​ណា​មួយ។ ចំណែក​ពលរដ្ឋត្រូវចូលរួម​ផ្តល់ព័ត៌មានទៅអាជ្ញាធរ ប្រសិនបើមានអ្នក​ចំណូល​ថ្មីណាម្នាក់​​ចូលក្នុងសហគមន៍ខ្លួន​ដោយមិនបានធ្វើការត្រួតពិនិត្យសុខភាព និង​ធ្វើចត្តាឡីស័កឱ្យបានគ្រប់១៤ថ្ងៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ