ក្រសួង​​កសិកម្ម​​ថា​ ពុំ​​ដែល​​អនុញ្ញាត​​ឱ្យ​​នាំ​ចូល​​ស៊ុត​​បក្សី​​ពី​​ប្រទេស​ជិត​ខាង​

សត្វមាន់នៅកសិដ្ឋានចិញ្ចឹមបក្សីយកស៊ុតមួយកន្លែង។

អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ នៃ​ក្រសួង​កសិកម្ម បញ្ជាក់​ថា ក្រសួង​ពុំ​ដែល​អនុញ្ញាត​ឱ្យ​មានការ​នាំចូល​ស៊ុត​ពី​ប្រទេសជិតខាងចូល​មក​ទីផ្សារ​កម្ពុជា​ឡើយ។

ការ​បញ្ជាក់​របស់ក្រ​សួងបាន​ធ្វើឡើងក្រោយ​ពី​ថ្មី​ៗនេះមាន​សាធារណជន​មួយចំនួន ជាពិសេស​អ្នក​ចិញ្ចឹម​បក្សី​យក​ស៊ុត បាន​ចូលរួម​ផ្តល់​យោបល់​ក្នុង​គណនី​ហ្វេសប៊ុក​របស់លោក វេង សា​ខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ពាក់ព័ន្ធ​នឹង​ការ​ធ្លាក់ចុះថ្លៃ​ស៊ុត​នៅ​លើ​ទីផ្សារនៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ នៃ​ក្រសួង​កសិកម្ម នៅ​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បាន​លើកឡើង​ថា ករណី​ស៊ុត​ចុះថោក​ក្រោម៣០០រៀល​ក្នុង​មួយ​គ្រាប់ និង​ពិបាក​រក​ទីផ្សារនៅ​តាម​តំបន់​មួយចំនួន​នោះ មានការ​លើកឡើង​ថា បណ្តាល​មក​ពី​ការនាំចូល​ស៊ុត​ពី​ប្រទេសជិតខាង ដូចជា ប្រទេស​វៀតណាម ជាដើម។

ករណីនេះ អគ្គនាយក​ដ្ឋានបាន​គូសបញ្ជាក់​ថា ក្រសួង​កសិកម្មពុំ​ដែល​អនុ​ញ្ញា​តជាគោល​ការណ៍​ឱ្យ​នាំចូល​ស៊ុត​ពី​ប្រទេសជិតខាងចូល​មក​ទីផ្សារ​កម្ពុជា​ឡើយ។

អគ្គនាយក​ដ្ឋានបាន​ជំរុញ​អាជីវករ អ្នកចិញ្ចឹមសត្វ ជាពិសេស​អ្នក​ចិញ្ចឹម​មាន់​-ទាយក​ស៊ុត ដែល​បានដឹង​ព័ត៌មាន​ពី​ការ​លួច​នាំចូល​ស៊ុតមាន់​-ទាពី​ប្រទេសជិតខាង រាយការណ៍​ទៅ​អគ្គនាយក​ដ្ឋាន ដើម្បី​ចុះ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ និង​ផលិតផល​សត្វ ស្របតាម​ច្បាប់​ស្តី​ពីសុខភាព​សត្វនិង​ផលិតកម្ម​សត្វ។

អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ បាន​គូសបញ្ជាក់​ដែរ​ថា តម្រូវការ​ស៊ុត​ត្រូវ​បាន​កាត់បន្ថយ​ជាអតិបរមា​នេះ អាច​បណ្តាល​មក​ពី​បញ្ហា​ជំងឺ​កូ​វីដ១៩ ដែល​ធ្វើ​ឱ្យ​កម្មវិធី​ជួប​ជុំ​ផ្សេង​ៗត្រូវ​បាន​ផ្អាក និង​នៅពេល​មានការ​ចិញ្ចឹម​បក្សី​យក​ស៊ុត​មានការ​កើនឡើង​នៅ​គ្រប់តំបន់​ទូទាំង​ប្រទេស និង​ស្រប​ពេល​រដូវ​ត្រី ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយចំនួនងាក​មក​បរិភោគ​ត្រី​ជំនួស​ស៊ុត​សត្វ​បក្សី​វិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ