ពលរដ្ឋ​​មួយ​ចំនួន​​បារម្ភ​​ពី​​ការ​​បាក់​​ច្រាំង​ ផ្ទះ​ និង​​ដីចម្ការ​ ស្រប​​ពេល​​សាឡង់​​ជិត​៥​គ្រឿង​​កំពុង​​ប្រតិ​បត្តិ​​ការ​​បូម​​ស្តារ​​បាត​ទន្លេ​

សាឡង់​បូម​ខ្សាច់​និង​ដីល្បាប់​ពី​បាតទន្លេ​បាសាក់ ស្ថិតនៅ​ខណ្ឌមានជ័យ ក្រុងភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។ (ត្រាន់ តិច​សេង​)

​ប្រជាពលរដ្ឋ​មួយចំនួននៅ​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​បង្ហាញ​ក្តី​បារម្ភ​ពី​ការ​បាក់​ច្រាំងទន្លេនិង​ដីចម្ការ រួម​នឹង​ផ្ទះសម្បែង​របស់​ពួក​គាត់ ខណៈ​មាន​សាឡង់​បូម​ខ្សាច់ពី៣​ទៅ៤គ្រឿង កំពុង​ប្រតិបត្តិ​ការ​បូម​ខ្សាច់​និង​ដីល្បាប់​ពី​ទន្លេ។

អ្នកស្រី ឈិន តូច អាយុ៦៧ឆ្នាំ មានផ្ទះនិង​ដីចម្ការ​ស្ថិតនៅ​តាម​បណ្តោយ​ច្រាំងទន្លេ នៅ​ភូមិ​ទួល​រកា២ ក្នុង​សង្កាត់​ចាក់អង្រែក្រោម បានឱ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ម៉ាស៊ីនបូម​ខ្សាច់​បាន​ចាប់ផ្តើម​ដំណើរការ​បូម​ខ្សាច់​ពី​បាតទន្លេ នៅ​ចំពី​ក្រោយផ្ទះ​អ្នកស្រី​ប្រហែល១សប្តាហ៍​មក​ហើយ។ 

អ្នកស្រី​បន្ត​ថា រូប​គាត់​មិនបាន​ដឹងពី​អ្វី​ដែល​កំពុង​កើតឡើង ឬទទួល​បានការ​ជូនដំណឹង​ពី​អាជ្ញាធរ​ដែនដី​ណា​ម្នាក់ អំពី​លទ្ធភាព​នៃ​ផល​ប៉ះពាល់​ដោយសារ​ការ​បូម​ខ្សាច់​នោះ​ទេ។ តែ​យ៉ាងណា អ្នកស្រី​ថា ខ្លួន​មិន​បារម្ភ​ពី​ការ​បាក់​ផ្ទះ​នោះ​ទេ ដោយសារ​ផ្ទះ​អ្នកស្រី​នៅ​ឆ្ងាយ​ពី​ច្រាំង តែ​អ្នកស្រី​បារម្ភ​ពី​ដីចម្ការ​នៅ​ខាងក្រោយ​ផ្ទះ​ជាប់​ច្រាំងទន្លេ។

អ្នកស្រី ឈិន តូច និយាយ​ថា៖ «យើង​គ្រាន់តែ​សុំ​ថា កុំឱ្យ​បូម​អស់​ពេក។ តែបើ​រឿង​ឃាត់​គេ យើង​មិន​អាច​ឃាត់​បានទេ។ គេ​ត្រូវតែ​បូម​ហើយ។ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​សុំ​ប្រធាន​ក្រុមគេ​មក ខ្ញុំ​សុំ​គេ​ថា កុំឱ្យ​បូម​អស់​ពេក ទុក​ដី​ហ្នឹង​ដាំដំណាំ។ មិនមែន​ថា​ដាំ​មិនកើត​ទេ ដាំ​កើត ​គ្រាន់តែ​យើង​ឡើង​មក​វា​ពិបាក បើ​វា​បាក់​ទៅ​ហើយ»។ 

អ្នកភូមិ​មួយ​រូប​ទៀតដែល​មានផ្ទះ​ជាប់​ច្រាំងទន្លេ​ក្បែរ​សាឡង់​បូម​ខ្សាច់​ដែរ​នោះ ឈ្មោះ ជួប ចំរើន ប្រាប់​ថា អ្នកស្រី​មិនបាន​ទទួល​ព័ត៌មាន​ពីសា​ឡង់​បូម​ខ្សាច់​នៅ​ទន្លេ​ក្បែរ​ផ្ទះ​នោះ​ទេ ប៉ុន្តែអ្នកស្រី​បានឃើញ​សាឡង់​ដឹក​ខ្សាច់​និង​បូម​ខ្សាច់​ក្បែរ​ផ្ទះ​អ្នកស្រី​ជាច្រើន​ឆ្នាំ​មក​ហើយ។ 

អ្នកស្រី​ប្រាប់​ថា៖ «ចេះតែ​ខ្លាច​ហើយ ផ្ទះនៅ​មាត់ទន្លេ ខ្លាច​បាក់​ដី។ តែ​បូម​យូរ​ទៅ​ វា​អាច​បាក់​ដែរ​ហ្នឹង តែ​មិនដឹង​គេ​បូម​នៅ​ហ្នឹងឬបូម​នៅ​ណា យើង​មិនដឹង​ដែរ។ យើង​វា​អត់មាន​បច្ចេកទេស​ខាង​ហ្នឹង ឃើញ​តែក​ប៉ាល់ សំ​ឡេង​ងឺង​ៗ ឃើញ​បូមទឹក​បាច​ចេញ តែ​យើង​អត់​ដឹង ព្រោះ​យើង​អត់មាន​បច្ចេកទេស​ថា​គេ​ធ្វើ​អី»។

ប្រធាន​ភូមិ​ទួល​រកា១ លោក ហោ យៀវ បាន​ប្រាប់ VOD ថា សាឡង់​ទាំងនោះបាន​ចាប់​ដំណើរការ​ប្រមាណ១ខែ​ហើយ ដោយមាន​ការអនុញ្ញាត​ពីរ​ដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ ឱ្យធ្វើ​ការ​បូម​ស្តារ​ខ្សាច់​បាតទន្លេ ចាប់ពី​គល់​ស្ពាន​ព្រែក​សំរោង ក្រុង​តាខ្មៅ រហូតដល់​កោះ​ពេជ្រ។ 

លោក យៀវ សង្ឃឹមថា ក្រុមហ៊ុន​នឹង​ប្រើប្រាស់​បច្ចេកទេស​បូម​ស្តារ​ត្រឹមត្រូវនិង​មិនហួសពី​កម្រិត​បច្ចេកទេស​កំណត់ ដើម្បី​កុំឱ្យ​មានការ​បាក់​ច្រាំងទន្លេ​ដូច​នៅ​តំបន់​ដទៃ។

លោក ហោ យៀវ និយាយ​ថា៖ «ការ​ស្តារ​ទន្លេ​ បើសិន​តាម​បច្ចេកទេស​គេ​នេះ​ វា​អត់អី​ទេ កុំឱ្យ​តែ​ខាង​អ្នក​ស្តារ​មិន​មាន​បច្ចេកទេស​ស្តារ​ យើង​អាច​បារម្ភ​ដែរ ព្រោះ​កន្លងមក​កន្លែង​ផ្សេង​ៗវា​មាន​បញ្ហា​ដែល​ទាញ ទំនាញ​វា​ទាញ ទាញ​រអិល»។

កាលពី​ខែកុម្ភៈ ពលរដ្ឋ​មួយចំនួន​ក្នុង​ខេត្តកណ្តាល បាន​បាត់បង់​ផ្ទះសម្បែង​របស់​ពួក​គេ​ដែល​ឋិតនៅ​តាម​បណ្តោយ​ទន្លេបាសាក់ ដោយសារ​ការ​បាក់​ច្រាំង។

អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក យស មុនី​រ៉ាត់ និយាយ​ថា សកម្មភាព​បូម​ខ្សាច់​ទន្លេបាសាក់​ទាំងនោះ មិនមែន​ជា​របស់​ក្រុមហ៊ុន​បូម​ខ្សាច់​ជាង ៩០ ដែល​ទទួល​បាន​អាជ្ញា​បណ្ណ​ពី​ក្រសួង​នោះ​ទេ ប៉ុន្តែ​លោក​ថា វា​អាច​ជា​គម្រោង​ស្តារ​ទន្លេ​មួយ​ដែល​គ្រប់គ្រង​ដោយសា​លា​រាជធានី​ភ្នំពេញ។

លោក មុនី​រ៉ាត់ និយាយ​ថា ប្រតិបត្តិ​ករថ្មី​មួយឈ្មោះ Chaktomuk Resources Supply បាន​ចាប់ផ្តើម​អាជីវកម្ម​បូម​ខ្សាច់​តាំងពី​ខែមុន ដោយ​ផ្អែកលើ​អាជ្ញា​បណ្ណ​បូម​ខ្សាច់និង​ល្បាប់​ភក់ ក្នុង​ផ្ទៃដី​ជាង៨០០ហិត​តា នៅ​តំបន់៤ផ្សេងគ្នា​តាម​ដងទន្លេ​បាសាក់ និង​ទន្លេមេគង្គ​ក្រោម។

លោក​ថា ក្រុមហ៊ុន​បាន​ជូនដំណឹងនិង​ពិគ្រោះ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​តំបន់ មុន​ពេល​ចាប់ផ្តើម​ប្រតិបត្តិ​ការ​បូមបាតទន្លេ ហើយ​ក្រុមហ៊ុន​ក៏បាន​សិក្សា​ពី​ផល​ប៉ះពាល់និង​បាន​គោរព​តាម​លក្ខខណ្ឌ​តឹង​រ៉ឹង ដែល​មិន​ឱ្យ​បូម​ជ្រៅ​ពេកនិង​ហួស​ដែន​កំណត់​ដែរ។ លោក​បន្ត​ថា មន្រ្តី​រដ្ឋាភិបាល​នឹង​ចុះទៅ​វាស់វែង១លើក​ទៅ២លើក​ក្នុង១ខែ។ 

លោក​បន្ថែម​ថា ខ្សាច់​ដែល​បាន​បូម​អាច​ត្រូវ​បាន​លក់​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​តាម​តម្រូវការ​ជាមុន មុននឹង​នាំចេញ​ទៅក្រៅ​ប្រទេសនៅពេល​ដែល​នៅសល់។

លោក​ថា៖ «អត់មាន​ការកំណត់​ត្រូវ​នាំទៅ​ប្រទេស​ណា​ទេ គឺថា​នាំចេញ​ទីផ្សារ​ណា​ដែល​ទទួលយក​បាន គឺ​គេ​នាំចេញ​ទៅ​ទីនោះ។»

លោក មុនី​រ៉ាត់ បន្ថែម​ថា៖ «យើង​មិនមែន​ថា ក្នុង​ស្រុក ១ថ្ងៃ​ត្រូវការ​តែ១​[ទៅ]២ពាន់​ម៉ែត្រគូប ហើយ​មិនដឹង​ស្តារ​ទន្លេ​តាំងពី​ព្រំដែន​រហូតដល់​កំពង់ចាម ក្រចេះ។ មិនដឹង​ថា​ស្តារ​បាតទន្លេ​ហ្នឹង​ជ្រៅ​ទេ! អញ្ចឹង​ក៏​យើង​អនុញ្ញាត​ឱ្យ​ស្តារ ហើយ​បើ​មាន​តម្រូវការ​ក្នុង​ស្រុក ​ផ្គត់ផ្គង់​ក្នុង​ស្រុក ហើយ​បើ​លើស​ពី​តម្រូវការ ​ឱ្យធ្វើ​ការនាំចេញ»។

នាយក​ក្រុមហ៊ុន Chaktomuk Resources Supply អ្នកនាង វិចិត្រ រាសី បាន​បដិសេធ​អត្ថា​ធិប្បាយ​លម្អិត ដោយ​គ្រាន់តែ​បញ្ជាក់​ថា ក្រុមហ៊ុន​នេះបាន​ស្នើសុំ​អាជ្ញាបណ្ណ​រួចហើយ។ 

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី មិនបាន​ឆ្លើយតប​នឹង​សំណួរ​នេះ​ទេ។

ស្ថាបនិក​ក្រុមសកម្ម​ជន​បរិស្ថាន​មាតា​ធម្មជាតិ ដែល​កំពុង​ស្ថិតនៅ​ក្រៅប្រទេស លោក Alejandro Gonzalez​-Davidson និយាយ​ថា ការ​បូម​ខ្សាច់​កំពុងតែ​មាន​ប្រតិបត្តិ​ការ​កាន់តែ​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ សម្រាប់​តម្រូវការ​ចាក់​លុប​ដី​ក្នុង​ស្រុក ជាង​ការនាំចេញ​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅ។

លោក​និយាយ​ថា ក្រុម​បរិស្ថាន​របស់​លោកមានការ​បារម្ភ​អំពី​ផល​ប៉ះពាល់​ផ្នែក​សង្គមនិង​បរិស្ថាន ដោយសារ​ការ​ចាក់​លុប​បឹង ក៏ដូចជា​សុខភាព​របស់​ទន្លេ និង​ជីវភាពរស់នៅ​របស់​ពលរដ្ឋដែល​ពឹង​អាស្រ័យ​លើ​ផល​នេសាទ​ ដោយសារ​ការ​បូម​យក​ខ្សាច់​ហួសប្រមាណ​នេះ​ផង​ដែរ។ 

លោក Alex និយាយ​ថា រដ្ឋាភិបាល​គួរតែ​បង្ហាញ​ភស្តុតាង ដើម្បី​គាំទ្រ​អំណះអំណាង​របស់​ពួក​គេ ដែល​ថា ការ​បូម​ខ្សាច់​មិន​ធ្វើ​ឱ្យ​ខូចខាត។

លោក Alex ប្រាប់​ថា៖ «នៅ​ខ្មែរ បូម​ខ្សាច់​អត់មាន​កម្រិត​អី អត់មាន​ការស្រាវជ្រាវ​ច្បាស់លាស់ អត់មាន​របាយការណ៍​ស្តី​ពី​ផល​ប៉ះពាល់​បរិស្ថាន​និង​សង្គម​ជា​សាធារណៈ ប្រជាជន​មូលដ្ឋាន​មិន​អាច​បញ្ចេញ​យោបល់​បាន ហើយ​រដ្ឋាភិបាល គេ​មិនដែល​ខ្វល់​អំពីអ្វី​ដែល​សង្គម​ស៊ី​វិលឬសកម្មជន​និយាយ»។ 

លោក​បន្ថែម​ថា៖ «ក្នុងនាម​យើង​សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស​ហ្នឹង យើង​បារម្ភ​ខ្លាំង​ណាស់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ