ចិន​​ផ្តល់​​សម្ភារ​​កាត់​បន្ថយ​​ការ​​បញ្ចេញ​​កាបូន​​នូវ​​ទឹក​ប្រាក់​​ប្រមាណ​៣​លាន​​ដុល្លារ​​ដល់​​កម្ពុជា​​

លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក Wang Wentian ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​កម្ពុជា​និង​ចិន នូវ​ជំនួយ​ជា​សម្ភារ​និង​បរិក្ខារ​កាត់បន្ថយ​ការ​បញ្ចេញ​កាបូន​នៅ​កម្ពុជា នៅ​ទីស្ដីការ​ក្រសួងបរិស្ថាន​កម្ពុជា ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ Ministry of Environment​)

ក្រសួង​អេកូឡូស៊ី និង​បរិស្ថាន​នៃ​ប្រទេស​ចិន ផ្តល់​ជំនួយ​ជា​សម្ភារនិង​បរិ​ក្ខារ​កាត់បន្ថយ​ការ​បញ្ចេញ​កាបូនដល់​ប្រទេស​កម្ពុជា ដែល​មាន​ទឹកប្រាក់​ប្រមាណ៣លាន​ដុល្លារ​សហរដ្ឋអាមេរិក។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បាន​ប្រាប់​អ្នកសារព័ត៌មាន​តាម​បណ្តាញ​សង្គម​តេឡេក្រាម​ថា ពិធី​ប្រគល់​សម្ភារ​ជា​និមិត្តរូប​ដែល​ជា​ជំនួយ​របស់ក្រ​សួង​អេកូឡូស៊ី និង​បរិស្ថាន​នៃ​ប្រទេស​ចិន តាមរយៈ​ក្រុមហ៊ុន Spark Co​., Ltd កាលពី​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅ​ទី​ស្តី​ការក្រ​សួង​បរិស្ថាន។ 

លោក​បន្ត​ថា ជំនួយ​ជា​សម្ភារនិង​បរិ​ក្ខា​រកាត់បន្ថយ​ការ​បញ្ចេញ​កាបូន​នេះ ធ្វើឡើង​តាមរយៈ​អនុស្សរណៈ​យោគយល់​គ្នា ស្តី​ពី កិច្ច​សហប្រតិបត្តិ​ការ​គម្រោង​សាកល្បង​បញ្ចេញ​កាបូន​តិច​នៅ​ខេត្ត​ព្រះសីហនុ ដែល​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​កន្លងទៅ រវាង​ក្រសួងបរិស្ថាន​កម្ពុជា និង​ក្រសួង​អេកូឡូស៊ី​និង​បរិស្ថាន​ចិន។ 

លោក ​នេត្រ ភក្ត្រា បាន​បន្ថែម​ថា ជំនួយសម្ភារនិង​បរិ​ក្ខា​រទាំងនោះ រួមមាន អំពូល​បំភ្លឺ​ផ្លូវ​ចំនួន២ ៨០០ដើម​, សូ​ឡា PV ចំនួន២០០គ្រឿង​, ម៉ូតូ​អាគុយ​ចំនួន២០០គ្រឿង និង​ឧបករណ៍​សម្រាប់​មន្ទីរពិសោធន៍​ត្រួតពិនិត្យ​គុណភាព​ខ្យល់​ចំនួន២០សម្រាប់ សរុប​ជា​ទឹកប្រាក់​ប្រមាណ៣លាន​ដុល្លារ​សហរដ្ឋអាមេរិក។ 

លោក Wang Wentian ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ត្រូវ​បាន​ក្រសួងបរិស្ថាន​ស្រង់​ប្រសាសន៍​ថា ជំនួយ​ជា​សម្ភារទាំងនេះគឺជា​ការ​រឹតចំណង​មិត្តភាពរវាង​ប្រទេស​ទាំងពីរ ហើយនឹង​ជួយ​ប្រទេស​កម្ពុជា​លើ​ផ្នែក​វិស័យ​បរិស្ថាន។ 

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​កម្ពុជា លោក សាយ សំ​អាល់ បាន​ថ្លែង​ថា សម្ភារ​បំភ្លឺ​ទាំងនោះនឹង​ត្រូវ​ដាក់​ឱ្យ​ប្រើ​នៅ​តាម​ទី​សាធារណៈនិង​សាលារៀន​នានាក្នុង​ខេត្ត​ព្រះសីហនុ ហើយក៏​ដើម្បី​អនុញ្ញាត​ឱ្យ​សិស្សានុសិស្សបាន​សិក្សា​ពី​សម្ភារ​ប្រើប្រាស់​ថាមពល​ព្រះអាទិត្យ ក៏ដូចជា​ជួយ​បំភ្លឺ​កន្លែង​ហាត់​កីឡា​នានា។ 

លោក​បន្ត​ថា៖ «គោលដៅ​សំខាន់ គឺ​ធ្វើ​ឱ្យ​ឪពុក​ម្តាយ​សិស្ស​វិលត្រឡប់​មក​សាលារៀន ដើម្បី​ហាត់​កីឡា និង​មានឱកាស​អាច​ជជែក​ពិភាក្សា​ជាមួយ​លោកគ្រូ​អ្នកគ្រូ ​[…] ម៉ូតូ​អាគុយ​និង​ឧបករណ៍សម្រាប់​ត្រួតពិនិត្យ​គុណភាព​ខ្យល់ ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​នៅ​ទី​ស្តី​ការក្រ​សួង​បរិស្ថាន នៅ​មន្ទី​រពិសោធន៍​និង​តាម​ទីតាំង​ត្រួតពិនិត្យ​តាមដាន​របស់ក្រ​សួង​បរិស្ថាន»។

បើ​តាម​ក្រសួងបរិស្ថាន ចាប់តាំងពី​ឆ្នាំ២០១៥ ដល់២០២០ ក្រសួង​បាន​ចុះ​អនុស្សរណៈ​យោគយល់ និង​កិច្ច​ព្រមព្រៀង​ជាមួយ​ស្ថាប័ន​សំ​ខាន់​ៗនៃ​សាធា​រណរដ្ឋ​ប្រជាមានិត​ចិន​មួយចំនួន រួមមាន កិច្ច​សហប្រតិបត្តិ​ការ​គាំពារ​បរិស្ថាន​កម្ពុជា​-ចិន​, ការបង្កើត​ការិយាល័យ​រៀបចំ​មជ្ឈមណ្ឌល​កិច្ច​សហប្រតិបត្តិ​ការ​បរិស្ថាន​កម្ពុជា​-ចិន​, ការ​ផ្ដល់​ជំនួយ​ឧបករណ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​, កិច្ច​សហប្រតិបត្តិ​ការសាកល្បង​ក្នុង​ការ​អភិរក្ស​ជីវចម្រុះ និង​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​, ការរៀបចំ​មន្ទីរពិសោធន៍​សហ​ប្រតិ​បត្ដិ​ការ កម្ពុជា​-ចិន​, ការរៀបចំ​តំបន់​បញ្ចេញ​កាបូន​តិច និង ការ​ផ្ដល់​ជំនួយ​ស្ថានីយ​តាមដាន​គុណ​ភាពទឹក​ស្វ័យប្រវត្តិ ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ