ក្រសួង​​ថា​ អ្នក​ជំងឺ​​កូ​វីដ​១៩​ចំនួន​២​នាក់​​ទៀតជា​សះ​ស្បើយ​ និង​​គ្មាន​​ករណី​​ឆ្លង​​ថ្មី​​

មន្ត្រី​ក្រសួងសុខាភិបាល​និង​អ្នកជំនាញ ពិនិត្យ​និង​ចុះ​យក​សំណាក​ពលរដ្ឋ​នៅ​ខេត្ត​កណ្ដាល ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល​)

ក្រសួងសុខាភិបាលប្រកាស​ថា អ្នកជំងឺ​កូ​វីដ១៩ចំនួន២នាក់បាន​ជាសះស្បើយ ក្នុង​នោះ​មាន​អ្នក​ឆ្លង​ក្នុង​សហគមន៍​ម្នាក់និង​អ្នកដំណើរ​មក​ពីក្រៅ​ប្រទេស​ម្នាក់ និង​មិន​មាន​ករណី​ឆ្លង​ថ្មី​នោះ​ទេ។

សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​សុខាភិបាលនៅ​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ឱ្យ​ដឹង​ថា អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ១៩ ជា​ស្ត្រី​អាយុ៣២ឆ្នាំ ស្នាក់នៅ​ក្នុង​បុរី​ លឹម ឈាង​ហាក់ សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ទៀតអាយុ៧៥ឆ្នាំ ជា​អ្នកដំណើរ​មក​ពី​ប្រទេស​ចិន។ 

ក្រសួង​បន្ត​ថា នៅ​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ មិន​មាន​ករណី​វិជ្ជមាន​កូ​វីដ១៩ទេ។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណ​ឌីន កាលពី​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​អំពាវនាវ​ជាថ្មីដល់​ប្រជាពលរដ្ឋ​បន្ត​អនុវត្ត​នូវ​វិធានការ​ការពារ​សំ​ខាន់​ៗចំនួន៣ រួមមាន ពាក់​ម៉ាស់ លាងដៃ​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពី​មួយ​ម៉ែត្រ​កន្លះ​ឡើង។

លោកស្រីក៏បាន​ណែនាំ​នូវ​វិធា​នការ​ «កុំ ៣» ផង​ដែរ ដូចជា កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន កុំទៅ​កន្លែង​ដែល​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល ប្រើ​ម៉ា​ស៊ី​នត្រជាក់​ច្រើន និង​កុំ​ប៉ះពាល់​គ្នា ដូចជា​ពេល​ជួប ​កុំ​ចាប់ដៃ​គ្នា កុំ​ឱប​គ្នា កុំ​កៀកគ្នា​ ជាដើម។

លោកស្រី​បន្ត​ថា៖ «ការ​ធ្វេសប្រហែស​របស់​បុគ្គលនឹង​អាច​នាំមក​នូវ​ការ​ចម្លង​វីរុស​កូ​វីដ​-១៩ ក្នុង​គ្រួសារនិង​ក្នុង​សហ​គមន៌​ដោយ​មិនដឹង​ខ្លួន ដូច្នេះ​ការ​ខិតខំ​អនុ​វត្ត​វិធានការ​សុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន ព្រមទាំង​ចេះកែ​ប្រែ​ឥរិយាបថរបស់​ខ្លួនសម្រាប់​ការរស់នៅ​ធម្មតា​តាម​បែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ជា​ភារកិច្ច​របស់​បុគ្គល​ម្នាក់ៗ»។ 

បើ​តាម​ក្រសួងសុខាភិបាល គិត​មកដល់​ម៉ោង៧ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ កម្ពុជារក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប​ចំនួន៣៦៣នាក់ ក្នុង​នោះ​ព្យាបាល​ជាសះស្បើយ​ចំនួន៣៤៧នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យចំនួន១៦នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ