មន្ត្រី​​សុខា​ភិបាល​៖​ បាញ់​​អាល់កុល​​លើ​​រាង​កាយ​​មនុស្ស​​មិន​​អាច​​ជួយ​​ប្រឆាំង​​វី​រុស​​កូ​វីដ​១៩​

អ្នកជំនាញ​ម្នាក់​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ ដើម្បី​បង្ការ​ជំងឺ​កូ​វីដ១៩ នៅ​សួនច្បារ​មាត់ទន្លេ ផ្សារ​តាខ្មៅ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល​)

​មន្ត្រី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល បាន​លើក​ការ​ពន្យល់​ណែនាំ​របស់​អង្គការសុខភាព​ពិភពលោក​ថា ការ​បាញ់​សារធាតុ ឬទឹក​សម្លាប់​មេរោគ ឬអាល់កុល ​លើស​រី​រាង្គមនុស្ស មិន​អាច​ជួយ​ប្រឆាំង​នឹង​វីរុស​កូ​វីដ​-១៩បានទេ ហើយ​អាច​នឹង​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​បាន។

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណ​ឌីន បាន​លើកយក​នូវ​អត្ថបទ​បកប្រែ​ក្រៅផ្លូវការ​ពីអ​ត្ថ​បទ​ភាសាអង់គ្លេស​របស់​អង្គការសុខភាព​ពិភពលោក មកផ្សព្វផ្សាយនៅថ្ងៃនេះ​ថា យោង​តាម​ការណែនាំ​តាំងពី​ខែមេសា ឆ្នាំ២០២០ បាន​បង្ហាញថា ការ​បាញ់​អាល់កុល ឬថ្នាំ​សម្លាប់​មេរោគ ឬសារ​ធាតុ​សម្លាប់​មេរោគ លើស​រី​រាង្គមនុស្ស មិនបាន​ជួយ​ដល់​ការ​ការពារ​ខ្លួន​ពី​វីរុស​កូ​វីដ-១៩នោះ​ឡើយ និង​អាច​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស​បាន។ 

អត្ថបទ​ដដែល​នោះបន្ត​ថា អង្គការសុខភាព​ពិភពលោក បាន​ណែនាំ​មិន​ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ ឬអាល់កុល ឬសារ​ធាតុ​សម្លាប់​មេរោគ ទៅលើ​ខ្លួនមនុស្ស​នៅក្នុង​គ្រប់​កាលៈទេសៈ ខណៈ​សារធាតុ​ទាំងនោះអាច​ធ្វើ​ឱ្យ​ពុល​បាន​ ប្រសិនបើ​ប៉ះ​មាត់​ហើយ​លេប​ចូល​ទៅ និង​បង្ក​ផល​ប៉ះពាល់​ដល់​ស្បែក។

អត្ថបទ​នោះ​បញ្ជាក់​ថា៖ «ថ្នាំ​សម្លាប់​មេរោគ ឬសារ​ធាតុ​សម្លាប់​មេរោគ ត្រូវ​ប្រើប្រាស់​ដោយ​ប្រុងប្រយ័ត្ន សម្រាប់​លាង​សម្អាត​ផ្ទៃ​ទីកន្លែង​ណាមួយ​ប៉ុណ្ណោះ​ […] សូម​សម្គាល់ថា អាល់កុល ឬជែល អាច​ប្រើ​សម្រាប់​សម្អាត​ដៃ​របស់​មនុស្ស​ពី​ភាព​កខ្វក់ដែល​មាន​ជាប់​មេរោគ​នៅ​លើ​ដៃ តែ​មិន​ត្រូវ​ប្រើ​សម្រាប់​បាញ់​លើ​ខ្លួនប្រាណ​ឡើយ»។

លោកស្រី ឱ វណ្ណ​ឌីន បាន​បញ្ជាក់​បន្ថែម​លើ​អត្ថបទ​នោះ​ថា លេី​កលែងតែ​ការ​លាង​សម្អាត​ដៃ​ដោយ​សាប៊ូ​ជាមួយ​ទឹក​ស្អាត ឬអាល់កុល ឬជែល ដែល​ជា​វិធានការ​សម្រាប់​ការពារ​ការ​ចម្លង​វីរុស​កូ​វីដ​-១៩បាន។

បើ​តាម​ក្រសួងសុខាភិបាល គិត​មកដល់​ម៉ោង៧ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ កម្ពុជារក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប​ចំនួន៣៦៣នាក់ ក្នុង​នោះ​ព្យាបាល​ជាសះស្បើយ​ចំនួន៣៤៧នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យចំនួន​១៦នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ