អាជ្ញាធរ​​ឧត្តរ​មាន​ជ័យ​​ថា​ ខ្វះ​​កន្លែង​​ធ្វើ​ចត្តា​ឡី​ស័ក​ ខណៈ​​ពលករ​​ខ្មែរ​​ច្រើន​​ត្រឡប់​​មក​​ពី​​ថៃ​​

ពលករ​កម្ពុជា​បាន​ធ្វើដំណើរ​វិល​ត្រលប់​ពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា តាមរយៈ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ នៅ​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ​-Oddar Meanchey provincial police​)

អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ អះអាង​ថា ពលរដ្ឋខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​នាំគ្នា​សម្រុក​មក​ប្រទេស​កម្ពុជា​វិញ ដែល​ធ្វើ​ឱ្យ​ខេត្ត​នេះប្រឈម​នឹង​ខ្វះ​កន្លែង​ធ្វើចត្តាឡីស័​ក ស្រប​ពេល​រដ្ឋាភិបាល​ថៃកំពុង​រឹត​បន្តឹង​ពលករ​បរទេស​ដែល​ធ្វើការ​នៅក្នុង​ប្រទេស​នេះ។

អភិបាលរងខេត្ត​ឧត្ដរមានជ័យ លោក លឹម សុខ​តូ ប្រាប់​វី​អូ​ឌី​ថា នៅក្នុង​ខេត្ត​នេះ មាន​មណ្ឌល​ចត្តាឡីស័​កចំនួន៥កន្លែង ហើយ​បច្ចុប្បន្ន​កំពុង​រៀង​ចំ​មួយ​កន្លែង​ទៀត។ លោក​បន្ត​ថា កន្លែង​ធ្វើ​ចត្តាឡីស័​កមួយ​កន្លែង​ទៀត​ដែល​រៀបចំ​នេះ សម្រាប់​ដាក់​ពលករ​ដែល​សង្ស័យ​មាន​កូ​វីដ១៩ និង​ដាក់​ពលករ​ខេត្ត​ឧត្តរមានជ័យ​ប៉ុណ្ណោះ។

លោក​ថា៖ «ទោះបី​យ៉ាងណាក៏ដោយ យើង​ប្រឈម​នឹង​ការ​ខ្វះ ដោយសារ​ពលករ​គាត់​មក​ច្រើន​ទៅ យើង​រៀបចំ​ដាក់​មិន​គ្រប់គ្រាន់​ទេ ដោយសារយើង​ទុក​កន្លែង​ខ្លះ​សម្រាប់​ដាក់​អ្នក​ហានិភ័យ អ៊ីចឹង​អ្នក​ដែល​យក​សំណាក​ហើយ​ត្រូវ​ដាក់​នៅ​នោះ​រហូត​អត់​បញ្ហា។ យើង​អាច​ជួបប្រទះ​នឹង​ការ​ខ្វះខាត​ដែរ ប៉ុន្តែ​ថ្ងៃស្អែក​យើង​សុំ​គោលការណ៍​ថ្នាក់ដឹកនាំ អាច​បញ្ជូន​ទៅ​បណ្ដាខេត្ត​ផ្សេង​ខ្លះឬយ៉ាងម៉េច ​ចាំ​មើល​ថ្ងៃស្អែក»។ 

លោក លឹម សុខ​តូ បន្ត​ថា គិ​តត្រឹម​ថ្ងៃទី២៣នេះ ពលករ​ចំនួន៤០៣នាក់ ក្នុង​នោះ ១៣១នាក់​ត្រូវ​បាន​យក​សំណាក​ទៅ​ធ្វើតេស្ត ដោយសារ​ពួក​គាត់​នៅ​ជិត​តំបន់​ដែល​មាន​ផ្ទុះ​ជំងឺ​កូ​វីដ១៩។

លោក​បញ្ជាក់​ថា ពលករ​ដែល​ត្រឡប់​មក​ប្រទេសកំណើត​ភាគច្រើន គ្មាន​ការងារ​ធ្វើ ខណៈ​ខេត្ត​ខ្លះ​ត្រូវ​បាន​បិទ បន្ទាប់ពី​មាន​ផ្ទុះ​ជំងឺ​កូ​វីដ១៩។

នាយក​រដ្ឋបាល​សាលាខេត្ត​បាត់ដំបង លោក សឿម ប៊ុ​នរិទ្ធ បានឱ្យ​ដឹង​ថា កន្លែង​ធ្វើ​ចត្តាឡីស័​កនៅក្នុង​ខេត្ត​នេះមិនទាន់​ប្រឈម​នឹង​កង្វះ​ទីតាំង​ទេ ព្រោះ​ចាប់​ពីថ្ងៃទី២១​និង២២ ខែធ្នូនេះ​ ទើបមានពលករ​ចំនួន១២១នាក់​ប៉ុណ្ណោះ ហើយ​ភាគច្រើន​ពលករ​ទាំងនោះលួច​ឆ្លងដែន​ខុសច្បាប់ ដោយ​ដើរកាត់​ព្រៃ​តាម​អូរ​ឆ្លង​ប្រទេស​ថៃ​ចូល​មក​កម្ពុជា។

លោក​បន្ត​ថា ពលករ​ទាំង១២១នាក់ត្រូវ​បាន​គ្រូពេទ្យ​យកសំណាក​ទៅ​ពិនិត្យ​រក​កូ​វីដ១៩ និង​បាន​ដាក់​ឱ្យ​ពួក​គេ​ធ្វើ​ចត្តាឡីស័​ករយៈពេល១៤ថ្ងៃ បើ​ទោះបីជា​មិន​មាន​អាការក្ដៅខ្លួន​ក៏ដោយ ខណៈ​ពលករ​ជាង១០០នាក់ ក្នុង​នោះ ពលករ២នាក់មក​ពី​ខេត្ត​សា​មុត​សា​ខន​ដែល​ជា​ខេត្ត​ផ្ទុះ​ជំងឺ​កូ​វីដ១៩។

លោក​ថា៖ «គោលការណ៍​យើង​ត្រូវ​ឱ្យ​យក​សំណាក​ទាំងអស់​សិន ក្នុង​កាលៈទេសៈនេះ យើង​អត់​អាច​ធ្វេសប្រហែស​បាន។ បើ​ធ្វេសប្រហែស យើង​អាច​មាន​បញ្ហា អ្វី​ដែល​លទ្ធភាព​យើង​អាច​ធ្វើ​បាន ​យើង​ត្រូវ​យក​សំណាក​ទាំងអស់​ជាមុន​សិន»។

លោក សឿម ប៊ុ​នរិទ្ធ បន្ត​ថា អាជ្ញាធរ​ខេត្ត​កំពុង​ដាក់​វិធានការ​ត្រួតពិនិត្យ​តាមផ្លូវ​ជាតិ ៥៩ តាម​ក្រវាត់​ព្រំដែន​ពី​កូន​ដំរី​មកដល់​ប៉ៃលិន បន្ទាប់ពី​មាន​ពលករ​នៅតែ​បន្ត​លួច​ឆ្លងដែន​ពី​ថៃ​ចូល​កម្ពុជា ខណៈ​អាជ្ញាធរ​ថៃ​មិនទាន់​យល់ព្រម​បើក​ច្រកព្រំដែន​អន្តរជាតិ​ដូង។ 

អភិបាលរងខេត្ត​បន្ទាយមានជ័យ លោក លី សារី បានឱ្យ​ដឹង​ថា ពលករ​ដែល​វិលត្រឡប់​ពី​ប្រទេស​ថៃ​ចាប់ពី​ថ្ងៃទី២២ ខែធ្នូ​នេះ មន្ត្រី​សុខាភិបាលនិង​អាជ្ញាធរ​បាន​យក​សំណាក​ធ្វើតេស្ត​ទាំងអស់ បើ​ទោះបីជា​ពួក​គាត់​មិន​មាន​អាការ​ក្ដៅខ្លួន​ក៏ដោយ ដោយ​ថា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វីដ១៩។

លោក​បន្ត​ថា គិត​ចាប់ពី​ថ្ងៃទី២០ ដល់​ថ្ងៃទី២២ ខែធ្នូ​នេះ ពលករ​ដែល​វិល​ពី​ថៃ​ចូល​មក​កម្ពុជា​មាន​ចំនួន៦៨៣នាក់ ហើយ​បច្ចុប្បន្ន​ អ្នក​ទាំងនោះ​ត្រូវ​បាន​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័​កទៅតាម​ទីតាំង​ដែល​បាន​រៀបចំ។ 

លោក​ថា៖ «ទី១ អត់​ការងារ​ធ្វើ ទី២ គាត់​ទៅ​ខុសច្បាប់ អត់មាន​ឯកសារ​ត្រឹមត្រូវ ថៃ​គេ​ចាប់​បញ្ជូន​មកវិញ មិនមែន​មក​ពី​ខេត្ត​សា​មុត​សា​ខន​ផ្ទុះ​ជំងឺ​កូ​វី​ដទេ»។

ក្រោយពី​មាន​ផ្ទុះ​ជំងឺ​កូ​វីដ១៩ នាយក​រដ្ឋមន្ត្រី​ថៃ ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា កាលពី​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បាន​ស្តី​បន្ទោស​ពលករ​បរទេស​ថា ​ជាដើម​ចម​នៃ​ការ​ផ្ទុះ​ជំងឺ​កូ​វីដ១៩ចូលក្នុង​សហ​គមន៍​​នៅ​ខេត្ត​សា​មុត​សា​ខន។

លោក នាង នៈ ជា​កម្មករ​សំណង់​ដែល​សាងសង់​អគារ​រោងចក្រ​នៅ​ខេត្ត​សា​មុត​សា​ខន ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា រូបលោកនិង​កម្មករ​ផ្សេងទៀតត្រូវ​បាន​ក្រុមហ៊ុន​ឱ្យធ្វើ​តេ​ស្តរ​កមេរោគ​កូ​វីដ១៩។

លោក​បន្ត​ថា នៅពេល​ដែល​មាន​ផ្ទុះ​ជំងឺ​បែបនេះ លោក​ចង់​មក​ស្រុកកំណើត​វិញ​ដែរ ប៉ុន្តែ​អាជ្ញាធរ​ថៃ​បាន​បិទ​មិន​ឱ្យ​មានការ​ចេញចូល​ឡើយ។

លោក នាង នៈ៖ «ភ័យ​ដែរ​ហ្នឹង តែ​មិនដឹង​ធ្វើ​ម៉េច។ យើង​មក​នៅ​ស្រុក​គេ ​មក​ធ្វើការ។ បើ​មិន​ធ្វើការ​ វា​អត់មាន​អី​ហូប​អញ្ចឹង​ណា​បង»។

លោក នាង នៈ បន្ត​ថា សម្រាប់​ពលករ​ខ្មែរ​ដែល​មិន​មាន Passport ឬលិខិត​ឆ្លងដែន និង​ឯកសារ ត្រូវ​បាន​ចាប់​បញ្ជូន​មក​ប្រទេសកំណើត​វិញ ប៉ុន្តែ​អ្នកខ្លះ​ត្រូវ​ក្រុមហ៊ុន​ផ្អាក​ការងារ​មួយ​រយៈ​សិន ខណៈ​អ្នកមាន Passport ឬលិខិត​ឆ្លងដែន និង​ឯកសារ ក្រុមហ៊ុន​នៅតែ​ឱ្យធ្វើ​ការ​ធម្មតា គ្រាន់តែ​ហាម​មិន​ឱ្យ​ចេញចូល​ទៅ​កន្លែង​ផ្សេងតែប៉ុណ្ណោះ។

លោក នាង នៈ និយាយ​ថា៖ «វិធានការ​គេ ​វា​តឹងតែង​ណាស់ណា​បង! បើ​ថា​យើង​មាន Passport ត្រឹមត្រូវ គឺ​យើង​អត់​ពិបាក​ភ័យ​ព្រួយបារម្ភ ព្រោះអី​គេ​មើលថែ​យើង​ល្អ​តើ! បើ​អត់មាន គេ​នឹង​ចាប់​បញ្ជូន ព្រោះអី​គេ​មិន​ឱ្យ​នៅ គេ​ខ្លាច​ឆ្លង ព្រោះអី​យើង​ដើរ​រហេតរហូត»។

ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ តាមរយៈសេចក្ដីជូនដំណឹងដែលចេញផ្សាយនៅថ្ងៃនេះ បាន​អំពាវនាវ​ទៅដល់​ពលករ​ខ្មែរ​នៅក្នុង​ប្រទេស​ថៃ ឱ្យ​អនុវត្ត​តាម​វិធានការ​អនាម័យ​និង​សេចក្ដីណែនាំ​របស់​រដ្ឋាភិបាល​ថៃ ដើម្បី​បញ្ចៀស​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ បន្ទាប់ពី​ប្រទេស​នេះ​រក​ឃើញ​ករណី​ឆ្លង​ច្រើន។

បើ​តាម​សេចក្ដីជូនដំណឹង​​ដដែលថា រដ្ឋាភិបាល​ថៃបាន​ហាមឃាត់​ថៅកែ​រោងចក្រ សហគ្រាស និង​ម្ចាស់​ក្រុមហ៊ុន​នានា មិន​ឱ្យ​ចល័ត​ពលករ​បរទេស​ចេញ​ឬចូល​ទីតាំង​ដែល​ជំងឺ​កូ​វីដ១៩កំពុង​ផ្ទុះ​រីក​រាលដាល។

ស្ថានទូត​កម្ពុជាប្រចាំប្រទេសថៃ បញ្ជាក់​ថា រដ្ឋាភិបាល​ថៃក៏បាន​ដាក់ចេញ​វិធានការ​វេជ្ជសាស្ត្រ​មួយចំនួន​សម្រាប់​ត្រួតពិនិត្យ​ទៅលើ​ពលករ​បរទេស​ផង​ដែរ ដូចជា វាស់​កម្ដៅ​រាងកាយ ត្រួតពិនិត្យ​អាការ​ផ្លូវដង្ហើម ការ​សម្អាត​ដៃ​ជាមួយ​ទឹក​អាល់កុល ការ​រក្សា​គម្លាត​អំឡុង​ពេល​បំពេញការងារ ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ