ពលរដ្ឋ​​សម្រុក​​ប្រមូល​​ត្រី​​ធ្វើ​ជា​​ផ្អក​​ប្រហុក​ ខណៈ​​ផល​​នេសាទ​​នៅ​ឆ្នាំ​នេះ​​ឡើង​ថ្លៃ​​ជាង​​ឆ្នាំ​​មុន​ៗ​

ប្រជាពលរដ្ឋ​មក​ពី​ភ្នំពេញ ខេត្ត​កណ្ដាល និង​បណ្ដា​ខេ​ត្ត​ផ្សេង​ៗទៀត បាន​នាំគ្នា​មក​ទិញ​ត្រី​ទុក​ធ្វើ​ផ្អក​និង​ប្រហុក នៅ​កំពង់ផែ​មាត់ទន្លេ​សាប ស្ថិតនៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។ (Michael Dickison​)

វេលា​ព្រឹកព្រលឹម​ថ្ងៃពុធ​នេះ​ នៅពេល​អាកាសធាតុ​ត្រជាក់និង​រងា​ផង​នោះ មនុស្ស​រាប់​រយ​នាក់​បាន​សម្រុកចូល​ទៅ​ផែ​នេសាទ​នានា ស្ថិតនៅ​តាម​បណ្តោយ​បឹង​មាត់ទន្លេ​សាប ក្នុង​ស្រុក​ពញាឮ​របស់​ខេត្តកណ្តាល ដើម្បី​ធ្វើ​ប្រហុក​ បើទោះបីជា​តម្លៃ​ត្រី​ថ្លៃជាង​ឆ្នាំមុន​ក៏ដោយ។

អ្នកស្រី ម៉ ហម អាយុ៥៣ឆ្នាំ និង​ចៅស្រី​បី​នាក់​របស់​គាត់ដែល​ស្ថិតនៅ​ក្នុងចំណោម​មនុស្ស​រាប់​រយ​នាក់​នោះ កំពុងស៊ី​ឈ្នួល​កាត់​ក្បាល​ត្រី​នៅកន្លែង​ផែ​ត្រី​លេខ១២ សម្រាប់​ធ្វើជា​ប្រហុកឬផ្អក។

ស្ត្រី​រូប​នេះ​បានឱ្យ​ដឹង​ថា ពេល​គាត់​កាត់​ក្បាល​ត្រី​បាន​មួយ​គីឡូក្រាម រូប​គាត់​នឹង​ទទួល​បាន​អង្ករ​មួយ​កំប៉ុង ហើយ​ថា ក្នុង​មួយថ្ងៃ​គាត់និង​ចៅ​គាត់​អាច​កាត់​ក្បាល​ត្រី​បាន​រហូតដល់១០០គីឡូ ហើយ​អាច​បាន​អង្ក​រមួយ​រយ​កំប៉ុង។

អ្នកស្រី ម៉ ហម និយាយ​ថា៖ «ប្រហែល​បាន១០០កំប៉ុង។ មួយឆ្នាំ​យើង​កាត់​បានតែ​មួយ​ខែ។ ៥ ឬ៦ឆ្នាំមុន [ត្រី​តម្លៃ​] មួយ​គីឡូ ៣០០០រៀល ២៥០០រៀល ១៨០០រៀល តែ​ឥលូវ​ឡើង ៦០០០ ទៅ ៧០០០រៀល​ក្នុង​មួយ​គីឡូ»។

ស្ត្រី​រូប​នេះបាន​រៀបរាប់​បន្ត​ថា ប្រជាពលរដ្ឋ​ដែល​ទិញ​ត្រី​ធ្វើ​ប្រហុក ធ្វើដំណើរ​មក​ពី​តាម​បណ្តា​ខេ​ត្ត​ផ្សេង​ៗនៅក្នុង​ប្រទេស​កម្ពុជា ហើយ​ថា នៅពេល​ដែល​ពួក​គេ​ទិញ​ត្រី​បាន​ហើយ បាន​មក​ជួល​គាត់​ឱ្យ​កាត់​ក្បាល​ឱ្យ ហើយ​បន្ទាប់​មកគេ​ទៅ​ជួល​ឱ្យ​គេ​ឱ្យជាន់​ដោយ​ម៉ាស៊ីន ដែល​យកស្រ​កាចេញ​ លាង​សម្អាត និង​សំដិល ហើយ​ប្រឡាក់​អំបិល។

អ្នកស្រី ម៉ ហម និយាយ​ថា៖ «គេ​កាត់​ក្បាល​ហើយ គេ​យក​ទៅ​វាយ​ស្រ​កាឱ្យ​អស់ ហើយ​គេ​យក​វា​មក​សំដិល។ មាន​ម៉ាស៊ីន​ក្រឡុក​វាយ​ឱ្យ​អស់​ស្រ​កា។ បន្ទាប់មក​ទៀត យើង​ប្រឡាក់​អំបិល ហើយ​យើង​ដាក់​ផ្អាប់ ហើយ​យើង​ស្រង់​វា​មក ហើយ​ដាក់​ផ្អាប់​វា​មួយ​សារ​ទៀត ទើប​ប្រឡាក់​អំបិល​ញាត់​ក្រឡ»។

អ្នកស្រី ឃឹម អាយុ អាយុ៤០ឆ្នាំ ក៏​ជា​អ្នកស៊ីឈ្នួល​កាត់​ក្បាល​ត្រី​ផង​ដែរ បាន​និយាយ​ថា គាត់​មក​កា​ត់​ក្បាល​ត្រី​តាំងតែពី​ម៉ោង៦ព្រឹក ហើយ​កាត់​ដល់ម៉ោង៦ល្ងាច​ រហូតដល់​ចប់​រដូវ​ធ្វើ​ប្រហុក ហើយ​គាត់​អាច​រកបាន៧០ទៅ៨០កំប៉ុង​អង្ករ​ក្នុង​មួយថ្ងៃ ហើយ​ថា ឆ្នាំនេះ ទឹកតូច​ដែល​ធ្វើ​ឱ្យ​ពុំសូវ​សម្បូរ​ត្រី​ដូច​ឆ្នាំមុន​នោះ​ទេ នាំ​ឱ្យ​តម្លៃ​ត្រី​ថ្លៃខុសពី​រៀងរាល់​ឆ្នាំ។

អ្នកស្រី ឃឹម និយាយ​ថា៖ «ត្រី​មិនសូវ​ត្រូវ ទឹក​វា​អត់​សូវ​ឡើង​ផង​ហ្នឹង​ឆ្នាំ​ហ្នឹង ទឹកឡើង​មិនបាន​កន្លះ​ខែ​ផង ទឹក​ទៅវិញ។ ទឹកទន្លេ មិន​ឡើង​ទេ កុំ​តែ​បាន​ភ្លៀង ឆ្នាំ​ហ្នឹង​ទឹក​នៅ​បាត​ទន្លេ»។

បុរស​ម្នាក់​ឈ្មោះ សោម សំណាង អាយុ៥៣ឆ្នាំ ដែល​បាន​មក​ទិញ​ត្រី​ធ្វើ​ប្រហុក បាន​ប្រាប់​ថា ត្រី​ឆ្នាំនេះ​មានតម្លៃ​ថ្លៃជាង​ឆ្នាំមុន​ឆ្ងាយ។

លោក សោម សំណាង និយាយ​ថា៖ «ឥលូវ ៦០០០រៀល ហើយ​អា​ធំ​គឺ ១២០០០រៀល។ ដូច្នេះហើយ​ធ្វើ​តែ​បន្តិច​ ដោយសារតែ​វា​ជា​តម្រូវការ​ចាំ​បាច់។ អ្នកស្រែ​ត្រូវតែ​មាន​ប្រហុក​ផ្អក​ដូច្នេះហើយ ខែ​យើង​ច្រូត​ដក​ស្ទូង​បាន​វា​ជួយ​ជំនួស ហើ​យស្ល​ដាំ​ យើង​ត្រូវការ​វា បើ​អត់ វា​មិនកើត​ទេ»។

លោ​កបាន​ញ្ជា​ក់​បន្ថែម​ថា ម្នា​ក់ៗ​ធ្លាប់ធ្វើ​ចន្លោះ​ពី៥០ទៅ១០០គីឡូ​ក្នុង១ឆ្នាំ ប៉ុន្តែលោក​ថា ឥលូវ​មក​ធ្វើ​តែ៣០ទៅ៤០គីឡូ​ទេ ​ដោយសារតែ​លុយ​លែង​គ្រប់ ដោយ​លោក​អះអាង​ថា ឆ្នាំនេះ លោក​បាន​ចំណាយ​ទិញ​ត្រី​អស់៦០ម៉ឺន បានតែ១០០គីឡូ​ ហើយ​ត្រូវ​ជួល​គេកា​ត់​ក្បាល និង​សម្អាត​អស់១០ម៉ឺន តែ​ឆ្នាំមុន​ លោក​ចំណាយ​ត្រឹមតែ៣៥ម៉ឺន​ទៅ៤០ម៉ឺន​ក្នុង១០០គីឡូក្រាម។

ប្រធាន​រដ្ឋបាល​ជលផល​ខេត្ត​កណ្ដាល លោក ហេង សុ​ភារិ​ទ្ធ បាន​ថ្លែង​តាម​ទូរសព្ទ​ថា ការ​ចាប់ត្រី​មានកម្រិត​ទាប​នៅ​ឆ្នាំនេះ​ ដោយសារតែ​កម្រិត​ទឹក​ទាប​ដែល​ធ្វើ​ឱ្យ​បរិមាណ​ត្រី​ធ្វើ​ប្រហុក​ធ្លាក់ចុះ៣០ភាគរយ ដោយសារ​កម្ពស់​ទឹកជំនន់​ទន្លេមេគង្គ​ស្ថិត​ក្នុង​កម្រិតទាប ហើយ​បាន​អូស​បន្លាយ​ជាង​មួយ​ខែ វិសាលភាព​នៃ​ទឹកជំនន់​ក្នុង​បឹងទន្លេសាប និង​ការប្រែប្រួល​អាកាសធាតុ។

លោក ហេង សុ​ភារិ​ទ្ធ ប្រាប់​ថា៖ «ត្រី​ឆ្នាំនេះ បើ​យើង​ធ្វើការ​វាយតម្លៃ ប្រជា​នេសាទ​ដែល​នេសាទ​សាធារណៈ​នៅក្នុង​រដូវ​បើក​នេសាទ​ក្នុង​ប៉ុន្មាន​ខែ​កន្លងមក យើង​ឃើញថា កម្រិត​មានការ​ថយ​ចុះ១៨ភាគរយ ដោយសារ​អាកាសធាតុនិង​ទឹកភ្លៀង​មិន​អាច​ធ្លាក់​ចំ​អាងទន្លេ​មេគង្គ។ ដូច្នេះធ្វើ​ឱ្យ​ទឹក​មានការ​ថយ​ចុះ ដូច្នេះទឹក​មិន​អាច​ឡើង​ទៅដល់​បឹង​ព្រែក​មួយចំនួន​ដែល​ធ្វើ​ឱ្យ​ត្រី​មិន​អាច​ពង​កូន​បាន»។

លោក សុ​ភារិ​ទ្ធ បាន​បន្ត​ថា៖ «សភាព​ត្រី​ប្រហុក គឺ​មានការ​ថយ​ចុះ៣០ភាគរយ​ពីឆ្នាំ​ទៅ។ ដូច្នេះ វា​អាច​ធ្វើ​ឱ្យ​តម្លៃ​ត្រី​កើនឡើង​ពីឆ្នាំ​ទៅ ហើយ​ត្រី​នៅ​ថ្ងៃនេះ ត្រី​ប្រហុក​មួយ​គីឡូ៤០០០រៀល»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ