សង្គម​​ស៊ីវិល​ ស្នើ​​រដ្ឋា​ភិបាល​​ទប់​ស្កាត់​​ការ​រំលោភ​​ដី​​នៅ​​តំបន់​​វប្បធម៌​​ជន​ជាតិ​​ដើម​​ភាគ​តិច​​នៅ​​ខេត្ត​រតន​គិរី​

គ្រឿងចក្រ​របស់​ក្រុមហ៊ុន​វៀតណាម ហ៊ង​អាន យ៉ា​ឡាយ (HAGL​) កំពុងធ្វើការ​ឈូស​ឆាយដី​ភ្នំ​ប៉ាទូ ដែល​ជា​តំបន់​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្តរតនគិរី អំឡុង​ឆ្នាំ២០២០នេះ។ (ផ្ដល់​ឱ្យ​)

​ក្រុម​អង្គការ​-សមាគម​ចំនួន៦ អំពាវនាវ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ឱ្យ​ទប់ស្កាត់​ករណី​ក្រុមហ៊ុន​វៀតណាម​មួយរំលោភ​យក​ដី​ភ្នំ​ដែល​ជា​តំបន់​វប្បធម៌​ជនជាតិ​ដើម​ភាគតិច ទំហំ​ជាង៧០០ហិ​កតា នៅ​ខេត្តរតនគិរី ដើម្បី​រក្សា​តំបន់​នោះ​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅបាន​ប្រើប្រាស់​ជាទី​សក្ការ​បូជា​តាម​បែប​ជំនឿ​សាសនា​បន្ត​ទៀត។

អង្គការ​-សមាគម​ចំនួន៦ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយកាលពី​ថ្ងៃម្សិលមិញ ដោយ​លើកឡើង​ថា ក្រុម​ហ៊ុន​ ហ៊ង​អាន យ៉ា​ឡាយ ​(HAGL​) ជា​ក្រុម​ហ៊ុន​កសិ​ពាណិជ្ជកម្ម​វៀតណាម បាន​បន្ត​កាយដី​នៅ​ភ្នំ​ប៉ា​ទូ ដែល​ជា​ភ្នំ​អារក្ស​របស់​ជនជាតិ​ដើម​ភាគតិច ស្ថិត​ក្នុង​ភូមិ​ឃុំ​ញ៉ាង ស្រុក​អណ្តូងមាស ខេត្តរតនគិរី បើ​ទោះ​ក្រុមហ៊ុន​នេះធ្លាប់​បានធ្វើ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរនិង​ប្រជា​សហគមន៍ ឱ្យ​បញ្ឈប់​សកម្មភាព​កាយដី ដើម្បី​រង់​ចាំ​ដំណោះស្រាយ​ក៏ដោយ។

ក្រុម​អង្គការ​ទាំងនោះ បាន​គូសបញ្ជាក់​ថា៖ «ភ្នំ​ប៉ា​ទូ ជា​កន្លែង​ទី​សក្ការបូ​ជាដ៏សំខាន់​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច ១២ភូមិ នៅ​តំបន់​នោះ។ ពួក​គេ​ថា តំបន់​ទាំងនេះគឺជា​ផ្នែក​មួយ​នៃ​ផ្ទៃដី​សរុប​ជាង ៧រយ​ហិ​កតា ​[៧៤២,៦​] ក្នុងចំណោម​តំបន់​ចំនួន៦៤កន្លែង​ផ្សេងគ្នា ដែល​មាន​សារៈសំខាន់​ខ្លាំង​ខាង​វប្បធម៌ ដែល​ត្រូវ​បាន​កំណត់​សម្រាប់​ប្រគល់​ជូន​សហគមន៍​ជនជាតិ​ដើម​ភាគ​ទាំង១២ភូមិ​វិញ តាម​ប្រកាស​របស់​អភិបាលខេត្ត​រតនគិរី លោក ថង សា​វុន។ ការ​ប្រគល់​ដី​នេះ កំពុង​រង់ចាំ​ការសម្រេច​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ»។

នាយក​ប្រតិបត្តិ​ស្តីទី​អង្គការ​សមាគម​ខ្មែរលើ លោក ម៉ង វិចិត្រ និយាយ​ថា ភ្នំ​ប៉ា​ទូ ជា​បណ្តុំ​សក្ការ​បូជា​របស់​ជនជាតិ​ដើម​ភាគតិច ត្រូវ​បាន​ក្រុមហ៊ុន​វៀតណាម​មួយ​នេះឈូស​ឆាយ​អស់​ព្រៃនិង​ដី​មួយចំនួន​រួច​ទៅ​ហើយ អំឡុង​ឆ្នាំ២០១០និង២០១១ ក្រោយពី​ក្រុមហ៊ុន​នេះទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ចទំហំ៤ម៉ឺន៧ពាន់​ហិ​កតា ពី​រដ្ឋាភិបាល​សម្រាប់​ដាំ​កៅស៊ូ​នៅ​តំបន់​នោះ។

ប៉ុន្តែ​ថា ដោយសារ​មានការ​តវ៉ា​ពី​ប្រជា​សហគមន៍ នៅ​អំឡុង​ឆ្នាំ១០១៥ ក្រុមហ៊ុន​បាន​ចុះ​កិច្ច​ព្រមព្រៀងដោយ​រង់ចាំ​ដំណោះស្រាយ​ពី​អាជ្ញា​ធរមូលដ្ឋាន​របស់​កម្ពុជា។

លោក​ថា៖ «មែនទែន​ទៅ ​ក្រុមហ៊ុនឈូស​ឡើង​ត្រងោល​អស់ហើយ​ហ្នឹង ប៉ុន្តែ​អ្វី​ដែល​សហគមន៍​យើង​ទាមទារ​ជា​តំបន់​ភ្នំ បានន័យ​ថា គាត់​នឹង​មាន​ផែនការ​ដាំ​ដើមឈើ​ឡើងវិញនៅ​តំបន់​អារក្ស​របស់​គាត់»។

លោក តឹង ខាំ ជា​ជនជាតិ​ដើម​ភាគតិច​ម្នាក់​នៅ​តំបន់​នេះ បាន​និយាយ​ថា ឆ្នាំ២០២០នេះ ក្រុមហ៊ុន​វៀតណាម​ ហ៊ង​អាន​ យ៉ា​ឡាយ ធ្វើសកម្មភាព​ឈូស​ឆាយដី​តំបន់​អារក្ស​នេះដល់ទៅ​ពីរ​ដង រំលោភ​លើ​កិច្ចសន្យា។ ប៉ុន្តែលោក​ថា បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​ផ្អាក​សកម្មភាព​ហើយ ក្រោយ​មាន​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ។

លោក​ថា៖ «ទីតាំង​តំបន់​ហ្នឹង ភាគី​ក្រុមហ៊ុននិង​អាជ្ញាធរ​ខេត្តបាន​ចុះទៅ​វាស់វែង ហើយ​គេ​ឯកភាព​គ្នា​ថា នឹង​ប្រគល់​ដី​ហ្នឹង​ឱ្យទៅ​សហគមន៍​វិញ។ តែ​ឥលូវហ្នឹង ក្រុមហ៊ុន​បែរជា​ទៅ​កាយ​ភ្នំ​រំលោភ​បន្ថែម​ទៀត ធ្វើ​ឱ្យ​ប៉ះពាល់​ព្រៃ​ដី​ជំនឿ​របស់​គេ»។

នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី ចាត់ទុក​សកម្មភាព​ជីក​យក​ដី​ព្រៃ​អារក្ស​របស់​ជនជាតិ​ដើម​ភាគតិច​ជាថ្មី​ទៀតពីសំណាក់​ក្រុមហ៊ុន​វៀតណាម​មួយ​នេះ ថា​ជា​ការរំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ផង និង​រំលោភ​លើ​សមត្ថកិច្ច​របស់​អាជ្ញាធរ​កម្ពុជា​ផង ដែល​ត្រូវ​មាន​វិធានការ​បន្ទាន់។

លោក​ថា៖ «ជា​ការងារ​បន្ទាន់ អាជ្ញាធរ​ត្រូវ​បញ្ឈប់​សកម្មភាព​របស់​ក្រុមហ៊ុន កុំឱ្យ​មានការ​ទប់​អូរ ទាក់ទង​នឹង​បំផ្លាញ​ព្រៃ​អារក្ស ត្រូវ​មានការ​ជជែកគ្នា​ទៅមុខ​ទៀត ហើយ​ជា​សមត្ថកិច្ច​របស់​រដ្ឋ​ ត្រូវ​ធ្វើ​យ៉ាងណាឱ្យ​ក្រុមហ៊ុន​ប៉ះប៉ូវ​ផល​ប៉ះពាល់​របស់​សហគមន៍»។

VOD មិន​អាច​ទាក់ទង​ក្រុមហ៊ុន ហ៊ង​អាន ​យ៉ា​ឡាយ បានទេ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈ​អភិបាលខេត្ត​រតនគិរី លោក ថង សា​វុន មិន​លើក​ទូរសព្ទ។

ចំណែកអ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្តា្រ អះអាង​ថា មិនទាន់​បានដឹង​រឿង​នេះ​នៅឡើយ។

ប៉ុន្តែ​បើ​តាមអង្គការ​សមាគម​ទាំង៦ និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​នេះ​ថា តាមរយៈ​ការសម្រប​សម្រួល​ពី​អាជ្ញាធរ​កម្ពុជា កាលពី​ឆ្នាំ២០១៥ ក្រុមហ៊ុន ហ៊ង​អាន យ៉ា​ឡាយ បាន​យល់ព្រម​ប្រគល់​ដី​នៅក្នុង​តំបន់​ដីសម្បទាន​របស់​ខ្លួនដែល​ជា​កម្មសិទ្ធិ​របស់​សហគមន៍​ជូន​សហគមន៍​វិញ ក្នុង​នោះ មាន​ភ្នំ​អារក្ស​ចំនួន២០កន្លែង ទី​បញ្ចុះសព២ន្លែង និង​តំបន់​ភ្នំ​ប៉ា​ទូ ដែល​ជា​បណ្តុំ​ទី​សក្ការ​បូជា​ពិធី​បែប​សាសនា​ទាំង៦៤កន្លែង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ