ពលករ​កម្ពុជា​នៅ​ថៃ​​ក្បែរ​តំបន់​ផ្ទុះ​ជំងឺ​កូវីដ​១៩ ទៅ​ធ្វើ​តេស្ត​និង​ត្រូវ​ហាម​ធ្វើ​ដំណើរ​

ពលរដ្ឋ​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​កូ​វីដ១៩ ក្នុង​ខេត្ត​សា​មុត​សា​ខន ប្រទេស​ថៃ ឈរ​តម្រង់​ជួរ​រង់ចាំ​ផ្តល់​សំណាក​យក​ទៅ​ធ្វើតេស្ត​កូ​វីដ១៩ នៅ​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។ (បណ្ដាញ​លើកកម្ពស់​គុណភាព​ជីវិត​ពលករ LPN Foundation​)

ក្រោយ​ពីមាន​ករណីឆ្លងជាចង្កោមនៃជំងឺកូវីដ១៩ បានផ្ទុះចេញពីផ្សារលក់គ្រឿងសមុទ្រមួយកន្លែងនៅខេត្តសាមុតសាខន ប្រទេសថៃ ពលករកម្ពុជាដែលធ្វើការក្នុងខេត្តនោះ​ និយាយថា ពួកគេកំពុងតម្រង់ជួរធ្វើតេស្ត និង​ត្រូវអាជ្ញាធរថៃណែនាំមិនឱ្យចាកចេញពីកន្លែងធ្វើការនិងអគារស្នាក់នៅរបស់ពួកគេឡើយ​ ដើម្បីចៀសវាងការសាយភាយនៃមេរោគនេះ។

មនុស្សជាង១ពាន់នាក់ក្នុងប្រទេសថៃ ត្រូវបានរកឃើញមានផ្ទុកវីរុស​កូវីដ១៩ ពាក់ព័ន្ធនឹងការចម្លង​ជាចង្កោមដែលផ្ទុះឡើងចេញពីផ្សារលក់បង្គារក្នុងខេត្តសាមុតសាខន កាលពីចុងសប្តាហ៍មុន។

កម្មករសំណង់ខ្មែរដែលធ្វើការនៅខេត្តសាមុតសាខន លោក សូ​ សុធី អាយុ៤៣ឆ្នាំ បាននិយាយកាលពីថ្ងៃពុធម្សិល​មិញ​ថា អាគារស្នាក់នៅរបស់កម្មករនៅក្រុមហ៊ុនរបស់គាត់ មានចម្ងាយប្រហែល៣០០ម៉ែត្រពីផ្សារដែលផ្ទុះជំងឺ ប៉ុន្តែគាត់និងកម្មករដទៃទៀតមិនទាន់ត្រូវបានស្នើឱ្យធ្វើតេស្តរកវិជ្ជមានកូវីដ​១​៩នៅឡើយ។ យ៉ាងណា ​លោកថា រោងចក្របាន​ប្រើប្រាស់​រថយន្តដឹកកម្មករទៅមកពីកន្លែងស្នាក់នៅនិងការដ្ឋាន ដោយមិនអនុញ្ញាតឱ្យទៅក​ន្លែងណាផ្សេងឡើយ សូម្បីតែទៅផ្សារបន្លែ។

លោកបន្ថែមថា លោកបារម្ភខ្លាចឆ្លងជំងឺមួយ​នេះ ដែលអាចនឹងត្រូវចំណាយប្រាក់លើថ្លៃព្យាបាល ខណៈប្រាក់ចំណូលធ្លាក់ចុះជិត៥០ភាគរយ ធៀបនឹងរយៈពេលមុនផ្ទុះជំងឺ ដោយសារពុំមានការងារថែមម៉ោង។

លោក សូ សុធី ប្រាប់ថា៖ «បារម្ភមែនទែនហ្នឹង មិនមែនបារម្ភលេងៗអី។ យើងពិបាកដែរហ្នឹង បើសិនជាឆ្លងទៅ យើងមានថ្នាំឯ​ណា​​ការពារ។ បើជា ក៏យើងមានបញ្ហាអស់លុយអស់កាក់ដែរ ថ្នាំពេទ្យគេមាន គ្រាន់តែយើងអស់លុយអស់កាក់»។  ​

ពលករកម្ពុជាម្នាក់ទៀតនៅខេត្ត​សាមុតសាខន លោក នាង នៈ ប្រាប់ VOD តាមទូរសព្ទខណៈលោក​កំពុងឈរត​ម្រង់ជួ​រដើម្បីធ្វើតេស្តរកកូវីដ១៩ ថា​លោកមកផ្តល់សំណាកតាមការណែនាំរបស់អាជ្ញាធរដែនដី។ លោកប​ន្ថែមថា មានកម្មករកម្ពុជាប្រហែលពី៥០ទៅ៦០នាក់ធ្វើការក្នុងការដ្ឋានសាងសង់រោងចក្រជាមួយលោក។

លោក នាង នៈ ប្រាប់ថា៖ «ភ័យដែរហ្នឹង តែមិនដឹងធ្វើម៉េច។ យើងមកនៅស្រុកគេ មកធ្វើការ។ បើមិនធ្វើការ វាអត់មានអីហូបអញ្ចឹងណាបង»។  

មន្រ្តីបណ្ដាញ​លើក​កម្ពស់​គុណភាព​ជីវិត​ពលករ (LPN) លោក ប្រាក់ ភក្រ្តា និយាយថា អាជ្ញាធរខេត្តក្បែរខាង គឺខេត្តឈុ​នបុរី បានប្រកាសនៅថ្ងៃពុធថា ស្រ្តីកម្ពុជាម្នាក់អាយុ១៩ឆ្នាំ បានឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃនៅថ្ងៃទី១៧ ខែធ្នូ បានធ្វើ​តេស្តឃើញលទ្ធផល​វិជ្ជមាន។

លោកបន្ថែមថា នាងនិងអ្នកពាក់ព័ន្ធ កំពុងត្រូវបានដាក់នៅដាច់ដោយឡែកនិងទទួលការព្យាបាល។

តែយ៉ាងណា អាជ្ញាធរកម្ពុជានិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ករណីនេះមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយ។ 

លោក ភក្ត្រា បន្ថែមថា អាជ្ញាធរថៃគួរតែធ្វើឱ្យ​ប្រាកដថា ពួកគេទទួល​បានការជូនដំ​ណឹងអំពីដំណើរវិវត្តនៃបញ្ហាសុខភាពសាធារណៈឱ្យល្អប្រសើរនិងទូលំទូលាយ។

លោក ភក្រ្តា ប្រាប់ថា៖ «ខ្ញុំគិតថា ហានិភ័យខ្ពស់មែនទែន ព្រោះថា ពលករ​គាត់​មិនទទួលបាន​ព័ត៌មាន​ពេញ​លេញដូចពលរដ្ឋថៃទេ ព្រោះថា ពេលខ្លះគាត់នៅកន្លែងធ្វើការណាមួយ ​អត់មាន​ស្ថាប័នណាមួយដែលទៅផ្សព្វផ្សាយឱ្យដល់​តំបន់ដែលគាត់នៅទេ»

លោក ភក្រ្តា ថា ពលករអន្តោប្រវេសន៍កម្ពុជាក្នុងប្រទេសថៃ គឺមានប្រមាណ១០ភាគរយក្នុងខេត្តសាមុតសាខន ដោយពួកគេភាគច្រើនធ្វើការក្នុងវិស័យសំណង់និងនេសាទ។ អ្នកបកប្រែភាសាថៃរូបនេះបន្ថែមថា អ្នកនេសាទជាក្រុមអ្នកប្រឈមហានិភ័យខ្ពស់ជាងគេ ដោយធ្វើការកៀកនឹងផ្សារលក់គ្រឿងសមុទ្រ។

របាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២០ របស់​ការិយាល័យរដ្ឋបាលពលករបរទេសរបស់​ថៃ​បង្ហាញ​ថា​​ ពលករបរទេស​ដែលកំ​ពុ​ងធ្វើការនៅក្នុងប្រទេសថៃមាន​ចំនួនជិត២លាន៥សែននាក់ (​២ ៤៨២​ ២៥៦នាក់) ដែលក្នុងនោះមាន​ពលករខ្មែរចំនួនជាង៥សែននាក់។

យ៉ាងណា​ ដោយសារការឆ្លងដែនខុសច្បាប់មានកម្រិតខ្ពស់ តួលេខជនអន្តោប្រវេសន៍មានការប៉ាន់ប្រមាណខុសៗគ្នា។ មុនពេលកូវីដ១៩ ក្រសួងការងារកម្ពុជាថា ពលករកម្ពុជាក្នុងប្រទេសថៃ មាន១លាន១សែននាក់ ប៉ុន្តែក្រុមសង្គមស៊ីវិលមួយចំនួនថាមានជិត២លាននាក់។  

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង និយាយថា កម្មករកម្ពុជាជិត១ម៉ឺននាក់ កំពុងធ្វើការនៅខេត្តសាមុតសាខន ហើយគ្មាននរណាម្នាក់ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩នោះទេ។ លោកនិយាយនៅថ្ងៃព្រហស្បតិ៍ថា របាយការណ៍ដែលថា មានស្រ្តីកម្ពុជាម្នាក់មានវិជ្ជមានមេរោគក្នុងខេត្តឈុនបុរី មិនទាន់ទទួលបានការបញ្ជាក់ជាផ្លូវការពីខាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃនៅឡើយ។

មេការកម្មករកម្ពុជា នៅរោងចក្រផលិតអាហាររបស់ក្រុមហ៊ុនជប៉ុនមួយក្នុងខេត្តអយុធ្យា ឋិតនៅភាគខាងជើងទីក្រុងបា​ងកក អ្នកនាង ធី មុន្ថា និយាយថា កម្មករនៅរោងចក្ររបស់នាងត្រូវបានរឹតបន្ដឹងការធ្វើដំណើរ ដោយហាមមិនឱ្យពួកគេទៅក​ន្លែ​ងមានការជួបជុំច្រើន រាប់​​ទាំងទៅទិញម្ហូបអាហារនៅផ្សារក្នុងពេល២សប្តាហ៍ រហូតដល់ថ្ងៃទី៤ ខែមករា។

អ្នកនាងឱ្យដឹងថា នៅរោងចក្រមានកម្មករធ្វើការប្រមាណ៤០០នាក់ រាប់ទាំងកម្មករកម្ពុជា​១៤០នាក់ រស់នៅក្នុងអាគារស្នាក់នៅតែមួយ ហើយអ្នកដែលចង់ចេញទៅក្រៅ ចាំបាច់ត្រូវស្នើសុំការអនុញ្ញាត។

អ្នកនាង មុន្ថា ប្រាប់ថា៖ «គឺគេមានបម្រាមដែរ ដូចថា បើសិនជាពលករយើងល្មើសនឹងច្បាប់វិន័យដែលរោងចក្រនីមួយៗបានកំណត់ហ្នឹង គេនឹងត្រូវដាក់ខ្លួន ហើយអត់អាចទទួលបានប្រាក់ឈ្នួលទេ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ