កម្ពុជា​ បន្ត​​ព្យាបាល​​អ្នក​ជំងឺ​​កូ​វីដ​១៩​ជា​សះ​ស្បើយ​​ចំនួន​២​នាក់​​ទៀត​​

ក្រុម​គ្រូពេទ្យ​កំពុងធ្វើការ​ពិសោធន៍​លើ​សំណាក​ជន​សង្ស័យ​ឆ្លង​មេរោគ​កូ​វីដ១៩ នៅ​មន្ទីរពិសោធន៍។ (នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC​)

ក្រសួងសុខាភិបាល ប្រកាស​ថា អ្នកជំងឺ​កូ​វីដ១៩ ចំនួន២នាក់​ទៀតបាន​ជាសះស្បើយនិង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ ខណៈ​មិន​មាន​ករណី​ឆ្លង​ថ្មី​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។

សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​សុខាភិបាល នៅ​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានឱ្យ​ដឹង​ថា ក្នុងចំណោម​អ្នកជា​សះស្បើយ​ទាំង២នាក់​នោះ មាន​ម្នាក់​ជា​ស្ត្រី​អាយុ៣០ឆ្នាំ ជា​ភរិយា​របស់​បុរស​ម្នាក់​ដែល​ធ្វើការ​នៅ​ក្រសួងមហាផ្ទៃ រស់នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​ជា​អ្នកជំងឺ​ឆ្លង​ក្នុង​សហគមន៍ និង​ម្នាក់ទៀតជាបុរស​ជនជាតិ​ខ្មែរ​អាមេរិក អាយុ៥៤ឆ្នាំ ដែល​បាន​ធ្វើដំណើរ​មក​ពី​ប្រទេស​ចិន។

ក្រសួង​បន្ត​ថា មិន​មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ១៩ថ្មី នៅ​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។

បើ​តាម​ក្រសួងសុខាភិបាល គិត​មកដល់​ម៉ោង៧ព្រឹក​ ថ្ងៃទី២៤ ខែធ្នូ​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប៣៦៣នាក់ ក្នុង​នោះ​ព្យាបាល​ជាសះស្បើយ​ ចំនួន៣៥១នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ចំនួន១២នាក់។

ដោយឡែក បើ​គិតតែ​របាយការណ៍​ដែល​ឆ្លង​ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍២៨វិច្ឆិកា​វិញ ក្រសួង​ថា អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប​ចំនួន៤១នាក់ ក្នុង​នោះ​បាន​ព្យាបាល​ជាសះស្បើយ​ ចំនួន៣៣នាក់ និង​កំពុង​សម្រាក​ព្យាបាល ចំនួន៨នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ