ក្រសួង​សុខា​ភិបាល​ឱ្យ​​អាជ្ញា​ធរ​​រាជ​ធានី​​-​ខេត្ត​ចាត់​វិធាន​ការ​​ផ្លូវ​ច្បាប់​​លើ​​អ្នក​​គេច​វេះ​​ធ្វើ​​ចត្តា​ឡីស័​ក​

ពលករ​កម្ពុជា​បាន​ធ្វើដំណើរ​វិល​ត្រលប់​ពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា តាមរយៈ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ នៅ​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ​-Oddar Meanchey provincial police​)

ក្រសួងសុខាភិបាល ណែនាំ​ដល់​អភិបាល​រាជធានី​-ខេត្ត ពង្រឹង​ការ​គ្រប់​គ្រង​ចត្តាឡីស័​កនិង​អនុវត្ត​វិធានការ​សុខភាព​សាធារណៈ ក្នុង​នោះ ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​បុគ្គល​ណា​ដែល​មិន​អនុវត្តឬគេចវេះ​ពី​ការ​ធ្វើចត្តាឡីស័​ក។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ​ម៉ម ប៊ុ​នហេង បាន​លើកឡើង​ក្នុង​លិខិត​ជូន​អភិបាល​រាជធានី​-ខេត្ត ចុះ​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ថា កន្លងមក ការងារ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ និង​ការគ្រប់គ្រង​ពលករ​ចំណាកស្រុក​មក​ពី​ប្រទេស​ថៃ មាន​លទ្ធផល​ល្អ​ប្រសើរ។

ប៉ុន្តែក្រសួង​ថា មាន​ខេត្ត​ខ្លះ ការ​ដាក់​ពលករ​មក​ពី​ប្រទេស​ថៃ​ឱ្យ​ធ្វើ​ចត្តាឡីស័​ក អាច​មាន​ចំនួន​លើស​ពី​បន្ទុក​ដែល​អាច​គ្រប់គ្រង​បាន ដែល​បង្ក​ជា​ការ​ព្រួយបារម្ភ​សម្រាប់​ការងារ​គ្រប់គ្រង​អ្នក​ធ្វើ​ចត្តាឡីស័​ក។

ករណីនេះ ក្រសួង​បាន​ណែនាំ​ដល់​អភិបាល​រាជធានី​-ខេត្ត ត្រូវ​ពង្រឹង​ការ​គ្រប់​អ្នក​អ្នក​ធ្វើ​ចត្តាឡីស័​កឱ្យ​បាន​ចំនួន១៤ថ្ងៃ និង​គ្រប់គ្រង​អ្នកដំណើរ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា តាម​ច្រក​អន្តរជាតិនិង​តាម​ច្រករបៀង​ទាំងអស់នៅ​តាម​ព្រំដែន​កម្ពុជា​-ថៃ ឱ្យ​បាន​ហ្មត់ចត់​បំផុត និង​ត្រូវ​អនុវត្ត​វិធានការ​សុខភាព​សាធារណៈ ព្រមទាំង​ផ្គត់ផ្គង់​អាហារ​និង​របស់​ប្រើប្រាស់​សម្រាប់​អ្នក​ធ្វើ​ចត្តាឡីស័​កជា​ដើម។ 

ក្រសួង​បាន​សង្កត់ធ្ងន់​ថា៖ «ប្រសិនបើ​បុគ្គល​ណាមិន​គោរព​អនុវត្ត​តាម​វិធាន​ការ​ចត្តាឡីស័​កចំនួន១៤ថ្ងៃ ឬរត់ចេញ ឬគេចវេះ​ពី​ការ​ធ្វើ​ចត្តាឡីស័​ក អាជ្ញាធរ​មានសមត្ថកិច្ច​នៅនឹង​កន្លែង ដោយមាន​ការពិគ្រោះ​យោបល់​ជាមួយ​អាជ្ញាធរ​ខេត្ត ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជាធរមាន ដោយមាន​ការ​ពិន័យ​អន្តរការណ៍ពី២០ម៉ឺន​រៀលទៅ១លាន​រៀល និង​ទោស​ព្រហ្មទណ្ឌ​ទៅតាមច្បាប់​កំណត់»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ