អ្នក​វិភាគ​៖​ បក្ស​​កាន់​អំណាច​​ដំឡើង​​ឋានៈ​​លោក ហ៊ុន​ ម៉ា​ណែ​ត​ អាច​​ជា​​ការ​​ត្រៀម​​ធ្វើ​​បេក្ខ​ភាព​​នាយក​​រដ្ឋ​មន្ត្រី​​

លោក ហ៊ុន សែន និងកូនប្រុស ហ៊ុន ម៉ាណែត ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ – ២០១៩) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ក្រុម​អ្នកវិភាគ លើកឡើង​ថា ការដំឡើង​ឋានៈលោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​លោកនាយក​រដ្ឋមន្ត្រី ជាបន្តបន្ទាប់ អាច​ជា​ការ​កៀរ​គរ​ការ​គាំទ្រ​ពី​មហាជន និង​ជា​សញ្ញា​ឱ្យ​ក្មេង​ៗជំនាន់​ក្រោយត្រៀម​បន្តវេន​ដឹកនាំ​ប្រទេស​នៅ​ថ្ងៃ​អនាគត។

កាលពី​ថ្ងៃម្សិលមិញ គណបក្សប្រជាជន​កម្ពុជា បាន​ចេញ​សេចក្តី​សម្រេច​ដំឡើង​ឋានៈ​កូនប្រុស​ច្បង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​អនុប្រធាន​គណៈ​ចលនាមហាជន​របស់​គណបក្ស​កាន់អំណាច​មួយ​នេះ។ ការដំឡើង​ឋានៈ​នេះ បន្ទាប់ពី​លោក​ត្រូវ​បាន​ដំឡើង​ឱ្យ​កាន់​តំណែង​ប្រធាន​ចលនា​យុវជន​របស់​បក្ស កាលពី​កន្លះ​ឆ្នាំមុន។

អ្នកវិភាគ​នយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការដំឡើង​ឋានៈនិង​តួនាទី​ថ្មី​បន្ថែម​ទៅ​ឱ្យ​កូនប្រុស​ច្បងលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាបន្តបន្ទាប់​នោះ ដើម្បី​ជំរុញ​ឱ្យ​យុវជន​ជំនាន់​ក្រោយ​បញ្ចេញស្នាដៃ​ជួយ​ដល់​សង្គមជាតិ និង​កៀរគរ​សំឡេង​គាំទ្រ​ពី​មហាជន​ឱ្យ​បាន​កាន់តែ​ច្រើន មុននឹង​ឈាន​ដល់​ការដឹកនាំ​ប្រទេសជាតិ​នា​ពេល​ខាងមុខនេះ។

ទោះជាយ៉ាងណា លោក​វិភាគ​ថា ដំណាក់កាល​នេះ កូនប្រុស​ច្បង​លោកនាយក​រដ្ឋមន្ត្រី មិនទាន់​លេចធ្លោ​នៅក្នុង​បក្ស ដើម្បី​ធ្វើ​ឱ្យ​មហាជន​គាំទ្រ​បេក្ខភាព​ជានា​យក​រដ្ឋមន្ត្រី​នៅឡើយ។

លោក​មានប្រសាសន៍​ថា៖ «ពេលវេលា​មិនទាន់​អំណោយផល បានន័យ​ថា ការ​កៀរ​គរ ប្រជាប្រិយ​ភាព​របស់​លោក​មិនទាន់​លេចធ្លោ​នៅក្នុង​បក្ស​ទេ បានន័យ​ថា មាន​ភាព​ប្រដំប្រសង អញ្ចឹង​ការរៀបចំ ការ​ចង្អុលបង្ហាញ​របស់​មេដឹកនាំ​បក្ស​ អាច​ទៅរួច ការបោះឆ្នោត ការ​គាំទ្រ​សមាជ​បក្ស​ អាច​ទៅ​បាន ប៉ុន្តែ​វា​នៅ​សមត្ថភាព​ផ្ទាល់​នូវ​ការគ្រប់គ្រងឬការ​គាំទ្រ​ពី​មហាជន អញ្ចឹង​ហើយ​បាន​គេ​រៀបចំ​តែងតាំង​ជា​ឋានៈ​ជា​អ្នកដឹកនាំ​មក​បន្ថែម​ទៀត»។

អ្នកវិភាគ លោក ហង្ស វិទូ មានប្រសាសន៍​ថា លោក ហ៊ុន ម៉ា​ណែ​ត មាន​សមត្ថភាពនិង​ចំណេះដឹង​ខ្ពស់ក្នុង​ការប្រកួត​ប្រជែង​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​អនាគត​បាន ដរាបណាលោក ហ៊ុន ម៉ា​ណែ​ត បញ្ចេញ​សមត្ថភាព​ជួយ​ដល់​សង្គមនិង​ប្រជាពលរដ្ឋ​ដែល​រង​ភាព​អយុត្តិធម៌ ដើម្បី​ឱ្យ​មហាជន​កាន់តែ​មាន​ភាព​ជឿជាក់និង​មានទំនុក​ចិត្ត​ក្នុង​ការដឹកនាំ។

ប៉ុន្តែលោក វិទូ បង្ហាញ​ការ​សោក​ស្តាយ​ដែល​ថ្នាក់ដឹកនាំ​បក្ស​កាន់អំណាច​ព្យាយាម​ដំឡើង​ឋានៈលោក ហ៊ុន ម៉ា​ណែ​ត ជាបន្តបន្ទាប់​ក្នុងរយៈពេល​ខ្លី ដែល​ករណីនេះ​ធ្វើ​ឱ្យ​មហាជន​មើលឃើញ​ថា រដ្ឋាភិបាល​ព្យាយាម​ពង្រឹង​អំណាច​ខ្លួនឯង ជាជាង​គិត​ប្រយោជន៍ជាតិ​ជាធំ។

លោក​វិភាគ​ថា៖ «ការដំឡើង​តំណែង​ញឹក​ញាប់​ពេក ធ្វើ​ឱ្យ​មហាជន​មើលឃើញ​ថា គាត់​ព្យាយាម​ពង្រឹង​អំណាច​ខ្លួនឯង ហើយ​លើក​កូនលើក​ចៅ​ឱ្យធ្វើ​ធំ​គ្រប់គ្នា ប្រជាពលរដ្ឋ​គាត់​មើលឃើញ​អញ្ចឹង។ អ្នកមាន​សមត្ថភាព​មាន​ច្រើន ​មិនមែន​មានតែ​កូនលោក​នាយក​រដ្ឋមន្ត្រី​ទេ។ អញ្ចឹង​ខ្ញុំ​យល់ថា ការដំឡើង​តំណែង​នោះ ទោះបីជា​សមត្ថកិច្ច​ភាព​កម្រិត​ណាក៏ដោយ ក៏​គួរតែ​មាន​រយៈពេល​សមរម្យ មិនមែន​ក្នុង​មួយឆ្នាំ​ដំឡើង​ពី​តំណែង​ពីរ​ទៅ​បី​តំណែង ខ្ញុំ​គិតថា​ វា​មិន​សមស្រប​ទេ បើសិនជា​មើលក្នុង​រយៈពេល​ខ្លី​ពេក»។

អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន ពន្យល់​ថា តួនាទី​ចលនាមហាជន​របស់​គណបក្ស​កាន់អំណាច គឺជា​អ្នក​ផ្សព្វផ្សាយ​ឃោសនា​អំពី​កម្មវិធី​នយោបាយ​របស់​បក្សឱ្យ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដើរតាម និង​ដើរតាម​រដ្ឋាភិបាល​ជាដើម។

អ្នកនាំពាក្យ​រូប​នោះ អះអាង​ថា ការដំឡើង​ឋានៈលោក ហ៊ុន ម៉ា​ណែ​ត ធ្វើឡើង​ដោយ​គណៈកម្មាធិការ​អចិន្ត្រៃ​យ៍របស់​បក្ស ដោយ​មិន​មានការ​ប្រកួតប្រជែង​ជាមួយ​សមាជិក​បក្ស​ផ្សេង​ទេ យោង​តាម​បទបញ្ជា​ផ្ទៃក្នុង​របស់​បក្ស។ ប៉ុន្តែ​លោកមិន​ចាប់អារម្មណ៍​ការរិះគន់​ពី​មហាជន​ដែល​ថា រដ្ឋាភិបាល​គ្រោង​រៀបចំ​ឱ្យ​លោក ហ៊ុន ម៉ា​ណែ​ត ធ្វើជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី នា​ពេល​ខាងមុខ​នោះ​ទេ ព្រោះ​មាន​បេក្ខភាព​នាយក​រដ្ឋមន្ត្រី មាន​យុវជន​ច្រើន​នៅក្នុង​បក្ស ត្រូវ​បន្តវេន​នៅ​ថ្ងៃ​អនាគត។

លោក​មានប្រសាសន៍​ថា៖ «រឿង​ដាក់បេក្ខភាព​នាយក​រដ្ឋមន្ត្រី អាស្រ័យ​លើ​ការ​ធ្វើ​មហាសន្និបាត​របស់​បក្ស​ទូទាំង​ប្រទេស​ លើ​អង្គការ​ចាត់តាំង​ខ្ពស់​បំផុត​របស់​គណបក្ស មិន​អាច​អ្នកណា​ដាក់​បាន​តាមតែ​អំពើ​ចិត្ត​នោះ​ទេ កុំឱ្យ​មានការ​យល់​ច្រឡំ។ ថ្ងៃមុន​សម្តេច ​[លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​] ក៏បាន​លើកឡើង​មុខសញ្ញា​មួយទៀត គឺ​ឯកឧត្តម អូន ព័ន្ធ​មុ​ន្នី​រ័ត្ន ជាមុ​ខសញ្ញា​មួយ អញ្ចឹង​ទេ​! ការ​កសាង​យុវជន​បន្តវេន​ដែលគេ​ហៅថា​ទំពាំង​ស្នង​ឫស្សី វា​មានមុខ​សញ្ញា​ច្រើន យើង​ធ្វើ​ស្រប​ទៅតាម​គោលការណ៍​ប្រជាធិបតេយ្យ​នៅក្នុង​បក្ស​ត្រឹមត្រូវ»។

ជា​កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​កាន់អំណាច លោក ហ៊ុន ម៉ា​ណែ​ត អាយុ៤៣ឆ្នាំ គឺជា​សមាជិក​មួយ​រូប​ក្នុងចំណោម​សមាជិក៣៤រូប​នៅក្នុង​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​គណបក្ស មុននឹង​ត្រូវ​បាន​ដំឡើង​ឋានៈ​ថ្មីនេះ។

ជា​អ្នក​បញ្ចប់​ការសិក្សា​ពី​បណ្ឌិតសភា​យោធា​អាមេរិក West Point លោក ហ៊ុន ម៉ា​ណែ​ត ត្រូវ​បាន​ដំឡើង​ឋានន្តរសក្តិ​ទៅជា​ឧត្ដមសេនីយ៍​ទោ​នៅ​ឆ្នាំ២០១១ ក្នុង​អាយុ៣៤ឆ្នាំ ហើយ​ត្រូវ​បាន​ដំឡើង​ទៅជា​ឧត្ដមសេនីយ៍ឯក​ផ្កាយ៣ នៅក្នុង​រយៈពេល២ឆ្នាំក្រោយ​មក។

ក្នុងរយៈពេល​មិនដល់១ខែ​ផង មុន​ការបោះឆ្នោត​ជាតិ​នៅ​ខែកក្កដា ឆ្នាំ២០១៨ លោក ហ៊ុន ម៉ា​ណែ​ត ត្រូវ​បាន​ដំឡើង​ទៅជា​អគ្គ​មេបញ្ជាការ​រង​កងទ័ព និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ទៀតផង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ