ឧត្ដម​សេនីយ៍​​ផ្កាយ​​ពីរ​​ម្នាក់​​ស្ថិត​​ក្រោម​​ការ​ស៊ើប​អង្កេត​​ក្រោយ​​ពាក់ព័ន្ធ​​នឹង​​អំពើ​​ហិង្សា​​ជុំវិញ​​ជម្លោះ​ដី​ធ្លី​​នៅ​​ខេត្ត​​ព្រះ​សីហនុ​

បុរស​ម្នាក់​អះអាង​ថា​បាន​រង​របួស​ក្នុង​អំពើ​ហិង្សា​ជម្លោះដីធ្លី​មួយ​រវាង​ពលរដ្ឋ​ឃុំ​អូរឧកញ៉ាហេង និង​កូនចៅ​លោក ភឺន ផល្លា នៅ​ឃុំ​អូរឧកញ៉ាហេង ស្ថិត​ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។ (ផ្ដល់​ឱ្យ​)

ឧត្ដមសេនីយ៍​យោធា​ផ្កាយ២មួយ​រូប កំពុង​ស្ថិតនៅ​ក្រោម​ការស៊ើបអង្កេត​របស់​ក្រុម​អធិការកិច្ច​កងទ័ព បន្ទាប់ពី​មានឈ្មោះ​ជាប់ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​ដ៏​ហិង្សា​ជាមួយ​ពលរដ្ឋ​នៅក្នុង​ខេត្ត​ព្រះសីហនុ​កាលពី​សប្ដាហ៍​មុន ដែល​បណ្ដាល​ឱ្យ​អ្នកភូមិ​មួយចំនួន​រង​របួស។

ការ​ប៉ះទង្គិច​ដ៏​បង្ហូរឈាម​មួយ​ជុំវិញ​ជម្លោះដីធ្លី​មួយ​នៅ​ខេត្ត​ព្រះសីហនុ បាន​ផ្ទុះឡើង​កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​កន្លងមក​នេះ រវាង​ប្រជាពលរដ្ឋ​នៅ​ឃុំ​អូរឧកញ៉ាហេង ស្ថិត​ក្នុង​ស្រុក​ព្រៃនប់ និង​ក្រុម​មនុស្ស​មួយ​ក្រុមដែល​ត្រូវ​បាន​អ្នកភូមិ​អះអាង​ថា ជា​បក្ខ​ពួក​របស់​លោក ភឺន ផល្លា។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណា​រិន បាន​ប្រាប់​វី​អូ​ឌីកា​លពី​ដើម​សប្ដាហ៍​នេះ​ថា មនុស្ស៨នាក់ត្រូវ​បាន​ចាប់ខ្លួន​នៅ​អំឡុង​ការ​ប៉ះទង្គិច​នោះ។

ក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃអាទិត្យ​កន្លងមក​នេះ ក្រុម​ពលរដ្ឋ​ជាច្រើន​នាក់បាន​រារាំង​រថយន្ត​មួយ​គ្រឿង ដែល​ត្រូវ​បាន​សមត្ថកិច្ច​មួយ​ក្រុម​ព្យាយាម​នាំចេញ​ពីទី​តាំង​ដែល​ក្រុម​ពលរដ្ឋ​អះអាង​ថាបាន​ផ្ទុះ​ហិង្សា។

បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​និយាយ​នៅក្នុង​វីដេអូ​នោះ​ថា ពលរដ្ឋ​រង់ចាំ​មើល​ចំណាត់ការ​របស់​សមត្ថកិច្ច​ទៅលើ​បក្ខ​ពួក​របស់​លោក ភឺន ផល្លា ដែល​ត្រូវ​បាន​អះអាង​ថា​ជា​មេបញ្ជាការ​រង​កងពលតូច​លេខ៧០។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណា​រិន ប្រាប់​ថា សមត្ថកិច្ច​នឹង​ស៊ើបអង្កេត​លើ​មនុស្សដទៃ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នេះ ប៉ុន្តែលោក​បាន​ចុច​បិទ​ទូរសព្ទនៅពេល​ត្រូវ​បាន​សាកសួរ​ថា តើន​រណា​ខ្លះ​ត្រូវ​បាន​ចាប់ខ្លួន​នៅក្នុងចំណោម​មនុស្ស​ទាំង៨នាក់​នោះ។

អ្នកភូមិ​អូរ​ឧកញ៉ា​ហេង លោក រឹម សា​ឡែន ប្រាប់​វី​អូ​ឌីកា​លពី​ដើម​សប្ដាហ៍​នេះ​ថា អំពើ​ហិង្សា​ជុំវិញ​ជម្លោះដីធ្លី បាន​ឈាន​ដល់​ផ្ទុះអាវុធ៤គ្រាប់​ដែល​បាញ់​ដោយ​កូនចៅ​លោក ភឺន ផល្លា ដោយ​បណ្ដាលឱ្យ​អ្នកភូមិ​មួយចំនួន​បាន​រង​របួស។

វី​អូ​ឌី​ មិន​អាច​ស្វែងរក​ការ​បកស្រាយ​ពី​លោក ភឺន ផល្លា និង​មេបញ្ជាការ​កងពលតូច​លេខ៧០ លោក ម៉ៅ សុ​ផាន់ បានទេ ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ។

អ្នកនាំពាក្យ​កងទ័ពជើងគោក លោក ម៉ៅ ផល្លា បាន​ប្រាប់​វី​អូឌី​នៅ​ថ្ងៃនេះ​ថា អង្គភាពកងពល​តូច​លេខ៧០ បាន​ត្រួតពិនិត្យ​រួចហើយ​ចំពោះ​ករណីនេះ ហើយ​លោក​ថា បញ្ជាការ​ដ្ឋាន​កងពលតូច​លេខ៧០ នឹង​អនុវត្ត​វិន័យ​កងទ័ព​ទៅលើ​លោក ភឺន ផល្លា ប្រសិនបើ​រក​ឃើញថា ឧត្ដមសេនីយ៍​យោធា​រូប​នេះមាន​កំហុស​មែន​នោះ។

លោក ម៉ៅ ផល្លា ប្រាប់​ថា៖ «ខាង​ស្ថាប័ន​ច្បាប់ គេ​នឹង​គិតទៅ​តាម​លក្ខន្តិកៈ​របស់​កងទ័ព ហើយ​តាមច្បាប់​របស់​កងទ័ព បើ​មានរឿង​អី គេ​ផ្អែកលើ​នោះ ដើម្បី​គេដាក់​ពិន័យ​យ៉ាងណា គេ​ពិនិត្យមើល​ជាក់ស្ដែង។ នេះ​ជា​ក្រុមការងារ​របស់​ច្បាប់​របស់​កងទ័ព ​គេអ្នក​ធ្វើ»។

លោក កុយ ចាន់ អាយុ២៧ឆ្នាំ បាន​ប្រាប់​ថា លោក​បាន​រង​របួស​បែកក្បាលនិង​ត្រូវ​ចំ​ឆ្អឹងជំនីរ ក្រោយពី​ក្បាលនិង​រាងកាយ​របស់​គាត់បាន​រង​ការ​វាយ​នឹង​វត្ថុ​រឹង នៅពេល​អំពើ​ហិង្សា​បាន​ផ្ទុះឡើង​នៅ​ម៉ោង​ជិត៣រសៀល ​ថ្ងៃទី២០ ខែធ្នូ។ លោក​ប្រាប់​បន្ត​ថា លោក​បាន​ងងឹតមុខ​ដួល​ទៅលើ​ដី ហើយ​បាន​ព្យាយាម​ងើប​ដើរចេញ​ពី​កន្លែង​ហិង្សា​នោះ។

ខណៈ​ដែល​លោក​ប្រាប់​ថា លោក​នៅ​បន្ត​ឈឺក្បាល និង​មិន​អាច​ជជែក​បាន​យូរ​នោះ លោក ចាន់ បាន​រៀបរាប់​ឡើងវិញ​ថា ភ្លាម​ៗនោះ លោក​ក៏បាន​លឺ​ស្នូរ​គ្រាប់​កាំភ្លើង​បាន​ផ្ទុះឡើង​ចំនួន៣​គ្រាប់។

អ្នកភូមិ​រូប​នេះប្រាប់​ថា លោក​មិនបាន​ដឹងពី​ប្រភេទ​កាំភ្លើង​ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​បាញ់ប្រហារ​នា​ពេលនោះ​ទេ ដោយសារ​លោក​ងងឹតមុខនិង​ឈាម​ហូរចេញ​ពី​ក្បាល​លោក ប៉ុន្តែលោក​បញ្ជាក់​ថា ស្នូរ​ផ្ទុះ​គ្រាប់​កាំភ្លើងបាន​លាន់​ឮ​ឡើង​ស្ថិតនៅ​ចម្ងាយ​ប្រហែល៣ម៉ែត្រ​ពី​ខ្លួន​លោក។

លោក កុយ ចាន់ ប្រាប់​ថា៖ «ប្រើ​កាំភ្លើង​តើ! ​បាញ់! ខ្ញុំ​អត់​ដឹង ពេលនោះខ្ញុំ​រត់ចេញ នៅ​តែ​បងៗខ្ញុំគេ​ឃាត់​គេ​អីហ្នឹង។ ពេល​វាយ​ហ្នឹង បាញ់​ហើយ ប៉ុន្តែមិនដឹង​កាំភ្លើង​ម៉ាកអី។ ឮ​សូរ​ផ្ទុះ២គ្រាប់ ហើយ​ពេល​ខ្ញុំ​រត់ គេ​បាញ់១គ្រាប់​ទៀត។ បាញ់១គ្រាប់​ទៀត បាន​គ្រាប់​ខ្ទាតត្រួ​វជើង​ខ្ញុំ។ គេ​បាញ់​ហ្នឹង​បម្រុង​បំបាក់​ជើង​ខ្ញុំ​ឬមួយ​ក៏​ម៉េច ខ្ញុំ​អត់​ដឹង ប៉ុន្តែថ្ម​ខ្ទាតមកដី​ឡើង​ហុយ»។

បុរស​រូប​នេះរៀបរាប់​បន្ត​ថា៖ «រត់​មក​ ឈាម​ហូរ​ពេញ​អស់ហើយ។ ឈាម​ហូរ​ដោយសារគេ​វាយ​ ងើប​មក​រត់​រួច គេ​អូស​ខ្ញុំ​ទៅ​វាលស្រែ​ក្រោយ​ឡាន​គេ។ កាំភ្លើង​ចម្ងាយ​ខ្ទង់២ទៅ៣ម៉ែត្រ។ មីង​ខ្ញុំ​ថា​បាញ់​ពេល​គេ​កំពុង​វាយ​ខ្ញុំ តែ​ខ្ញុំ​អត់​ដឹង​ ឮ​តែ​សូរកាំភ្លើង»។

ក្នុង​វីដេអូ​ដដែល ប្រជាពលរដ្ឋ​បាន​ទាមទារ​ទៅ​សមត្ថកិច្ច​ដែល​ចុះទៅ​អន្តរាគមន៍​ដឹកនាំ​ដោយ​អធិការ​នគរបាល​ស្រុក​ព្រៃនប់ លោក ហួ យ៉ៃ ឱ្យ​បង្ហាញ​កាំភ្លើងនិង​ដំបងដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​អំឡុង​ពេល​ផ្ទុះ​អំពើ​ហិង្សា​នោះ។

មេន​គរ​បាល​ស្រុក​ព្រៃនប់ លោក ហួ យ៉ៃ បាន​ប្រាប់​ថាជាប់រវល់​ប្រជុំ នៅពេល​ត្រូវ​បាន​សាកសួរ​អំពី​ភស្តុតាង​ដែល​ត្រូវ​បាន​ប្រមូល​យក​បាន​ពី​កន្លែង​កើតហេតុ​ផ្ទុះ​អំពើ​ហិង្សា​នោះ។

អ្នកភូមិ​មួយ​រូប​ទៀត លោក សោម ច័ន្ទ​ថុល បាន​ប្រាប់​ថា លោក​ចូល​ទៅ​ជួយ​អ្នកភូមិ​ម្នាក់​ដែល​ត្រូវ​បាន​គេ​កាប់ ហើយ​ក្បាល​របស់​លោក​ក៏​ត្រូវ​វាយ​នឹង​វត្ថុ​រឹង​ផង​ដែរ ប៉ុន្តែលោក​មិនដឹង​ថាជា​វត្ថុ​អ្វី​នោះ​ឡើយ​ អំឡុង​ពេល​ប៉ះទង្គិច​នោះ។ បុរស​អាយុ២០ឆ្នាំ​រូប​នេះ ប្រាប់​ថា លោក​បាន​ប្រកាច់​ធាក់​ដី​នៅកន្លែង​ផ្ទុះ​ហិង្សា ហើយ​បាន​ព្យាយាម​ងើប​ចេញពី​កន្លែង​ផ្ទុះ​ហិង្សា​ទាំង​ស្មារតី​វង្វេង​វង្វន់។

លោក សោម ច័ន្ទ​ថុល និយាយ​ថា៖ «ខ្ញុំ​ត្រូវ​ក្បាល ពេលនោះ ខ្ញុំ​ឃើញ​គេ​ហក់​កាប់​បង​អ្នកជិតខាង ​ខ្ញុំ​ក៏​ចូល​ទៅ​ជួយ​គេ​អ៊ីចឹង ក្រោយមក​ខ្ញុំ​ងាក​ទៅ​ក្រោយ​ មិនដឹង​ត្រូវ​នឹង​ស្អី​ទេ ខ្ញុំ​ក៏​ប្រកាច់​ធាក់​ដី​នៅ​ហ្នឹង។ ខ្ញុំ​មិនដឹង​អ្នកណា​វាយ​ទេ ព្រោះ​មនុស្ស​ច្រើនពេក ខ្ញុំ​ដួល​ ពេល​ខ្ញុំ​ដួល​ហ្នឹង ពេលនោះ​ខ្ញុំ​ទប់​ជំហរ​ខ្ញុំ​បាន ​ប៉ុន្តែ​ខ្ញុំ​វង្វេង​ឡើង​អត់​រួច»។

លោក ច័ន្ទ​ថុល រៀបរាប់​បន្ត​ថា៖ «អាវុធ​ហ្នឹង ខ្ញុំ​ឮបាញ់៣គ្រាប់។ ពេល​គេ​បាញ់​ហ្នឹង ខ្ញុំ​បាន​ចូល​ទៅ​ជួយ​គាត់​ហ្នឹងហើយ។ ដំបូង​គេ​បាញ់១គ្រាប់។ ពេល​គេ​ទប់​មិនបាន គេ​បាញ់២គ្រាប់​ទៀត បាញ់​ទៅលើ២គ្រាប់ និង​បាញ់​ចុះ​មក​ដី១គ្រាប់។ ពេលនោះ មាន​ត្រូវ​ម្នាក់​បែកក្បាល​ដែរ។ ខ្ញុំ​ទៅពេទ្យ​ពេលនោះ»។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភា​រម្យ ប្រាប់​ថា លោក​សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ជុំវិញ​អំពើ​ហិង្សា​នោះ​ទេ ដោយ​ប្រាប់​ថា​ សំណុំរឿង​នេះស្ថិតនៅ​ក្រោម​ចំណាត់ការ​របស់​តុលាការ។

លោក ឃាង ភា​រម្យ ប្រាប់​ថា៖ «ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ប៉ះទង្គិច​គ្នារវាង​ភាគី​ទំនាស់​នេះ វា​ផ្ដើម​ចេញពី​រឿង​ទំនាស់​ដីធ្លី​ហ្នឹង ហើយ​បច្ចុប្បន្ន សំណុំរឿង​និងការប្រើ​អំពើ​ហិង្សា ​កំពុង​ស្ថិតនៅ​ក្នុង​ចំណាត់ការ​ស្ថាប័ន​តុលាការ អ៊ីចឹង​អាច​សួរ​ទៅ​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តដែល​លោក​កំពុង​កាន់​សំណុំរឿង​ហ្នឹង»។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក លឹម ប៊ុ​នហេង បាន​ប្រាប់​វី​អូ​ឌីតា​មតេ​ឡេ​ក្រាម​នៅ​ថ្ងៃនេះ​ថា មនុស្ស​ទាំង៨នាក់​នោះត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយចេតនា​មាន​ស្ថាន​ទម្ងន់ទោសតាម​មាត្រា២១៨ និង​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយចេតនា​មាន​ស្ថាន​ទម្ងន់ទោស​តាម​មាត្រា៤១១ នៃ​ក្រម​ព្រហ្មទណ្ឌ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ