អាជ្ញាធរខណ្ឌដង្កោកំពុងរៀបចំបញ្ជីឈ្មោះអ្នករស់នៅលើគំនរសំរាមដើម្បីផ្តល់ជំនួយ

សប្បុរសជនយកអំណោយចែកដល់អ្នករស់នៅក្បែរគំនរសំរាមក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ នៅថ្ងៃទី១៨ខែធ្នូឆ្នាំ២០២០។ រូបពី លោក ផន ផល្លា

 អាជ្ញាធរសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងរៀបចំបញ្ជីឈ្មោះ ប្រជាពលរដ្ឋដែលរស់នៅលើទីលានចាក់សំរាមនៅក្នុងខណ្ឌនេះ ដើម្បីផ្តល់ជំនួយបន្ទាប់ពីជំនន់ទឹកភ្លៀងបានស្រក។

លោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ បានឱ្យដឹងថា អាជ្ញាធរបានសហការជាមួយតំណាងពលរដ្ឋរស់នៅក្នុងគំនរសំរាមក្នុងភូមិតាឡី ដើម្បីកំណត់ចំនួនប្រជាពលរដ្ឋ ហើយបញ្ជូនទៅខណ្ឌដើម្បីបានជំនួយនៅឡើយនាពេលកន្លងមក។

លោកស្រី សឿង សេរី «ខ្ញុំទើបតែឱ្យគាត់(តំណាងពលរដ្ឋ)ស្រង់ស្ថិតិមកឱ្យមីង ទើបធ្វើសំណើ[…]គាត់(តំណាងពលរដ្ឋ)យកគ្រួសារដែលលំបាកហើយអត់ទាន់មានឈ្មោះនៅក្នុងបញ្ចីជាមួយក្រុមគំនរសំរាមគេ យើងធ្វើអញ្ចឹងកុំឱ្យជាន់គ្នាមីងបានប្រឹងប្រែងទាក់ទងទៅគាត់(តំណាងពលរដ្ឋ)ម្តងហើយដើម្បីធ្វើតារាងឱ្យត្រឹមត្រូវ ច្បាស់លាស់»។

ចៅសង្កាត់ដង្កោ រូបនេះបានបញ្ជាក់ថា ពលរដ្ឋប្រកបរបររើសអេតចាយក្នុងគំនរសំរាមខណ្ឌដង្កោដែលខកខានទទួលជំនួយក្រោយទឹកស្រកដោយសារអាជ្ញាធរមិនមានរបាយការណ៍ស្តីពីការរស់នៅរបស់ពួកគេ។

លោកស្រី សឿង សេរី«ដោយសារកន្លែងហ្នឹង អត់មានរបាយការណ៍ពីណាទៅ។ កន្លែងហ្នឹងជាកន្លែងអង្គការធ្លាប់ជួយគាត់ អញ្ចឹងទៅវានៅដាច់ឡែកពីសហគមន៍ ដាច់ឡែកពីភូមិអត់មានអ្នកណាគ្រប់គ្រង»។

តំណាងពលរដ្ឋ លោក ឃិន សារ៉េត មានប្រសាសន៍ថា ក្រោយទឹកស្រកពលរដ្ឋបានប្រកបរបររើសអេតចាយបន្ត ប៉ុន្តែពួកគាត់កំពុងប្រឈមបញ្ហាជីវភាពនៅឡើយ។

លោក ឃិន សារ៉េត៖«គាត់ចេះតែប្រកបមុខរបរបណ្តើរៗ បើការខ្វះខាតនៅតែខ្វះខាត ព្រោះបើយើងមិនប្រឹងរកវាអត់ អញ្ចឹងចេះតែប្រឹងរកតក់ៗចិងទៅ»

សប្បុរសជនយកអំណោយចែកដល់អ្នករស់នៅក្បែរគំនរសំរាមក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ នៅថ្ងៃទី១៨ខែធ្នូឆ្នាំ២០២០។ រូបពី លោក ផន ផល្លា

លោក រស់ បុរី ជាពលរដ្ឋ ដែលប្រកបរបររើសអេតចាយ ក្បែរគំនរសំរាម៦ឆ្នាំមកហើយនោះបានត្អូញត្អែរពីបញ្ហាជីវភាពក្រោយពេលទឹកជំនន់ស្រក ដោយសារក្នុងទីលានចាក់សម្រាមមិនមានអេតចាយច្រើនសម្រាប់លោកយកទៅលក់។

លោករស់ បុរី«ឥឡូវមិនសូវសំបួរ(អេតចាយ)ដូចមុន ខ្វះខាតស្បៀង អញ្ជឹងវាលំបាកណាស់»។

ពលរដ្ឋរូបនេះបានបន្ថែមថា បច្ចុប្បន្ន លោកកំពុងស្នាក់នៅក្នុងតង់ក្បែរគំនរសំរាមដោយថាក្នុងអំឡុងពេលដែលទឹកជន់លិច ផ្ទះរបស់លោកបានត្រាំក្នុងទឹកយូថ្ងៃ បណ្តាលឱ្យខូចខាតទាំងស្រុង។

លោករស់ បុរី «ផ្ទះនៅបានព្រោះអីទឹកស្រកទៅវិញ ផ្ទះនៅធម្មតាប៉ុន្តែខូចខាត ពុកឈើ ផ្អៀងផ្ទះ ដំបូលអីធ្លុះធ្លាយ[…] ជួនកាលគេជូយតង់ម្នាក់មួយបានប្រក់បណ្តោះអាសន្ន»។

ស្រដៀងគ្នានេះដែរ លោក សៀង វ៉ាត ជាពលរដ្ឋរស់នៅក្បែរគំនរសំរាមនិយាយថាដោយសារអេតចាយតិចជាងមុនធ្វើឱ្យលោកមានការខ្វះខាត។ លោកបានសំណូមពរឱ្យអាជ្ញាធរជួយដល់រូបលោក និងពលរដ្ឋផ្សេងទៀត។

លោក សៀង វ៉ាត«កន្លែងនេះឥឡូវ វាអត់សូវមាន(អេតចាយ) អត់សូវសំបូរដូចពីមុន ហើយអ្នកខ្វះខាតក៏ខ្វះច្រើន[..]ចង់ឱ្យជួយបងប្អូនចាក់សំរាមទាំងអស់ដែលគាត់កំពុងតែខ្វះខាតជាស្បៀង អង្ករ ទឹកត្រីអីហ្នឹង»។

បើតាម តំណាងពលរដ្ឋ​លោក ឃិន សារ៉េត បានឱ្យដឹងថាបានឱ្យដឹងថា ​ប្រជាពលរដ្ឋដែលស្នាក់នៅក្បែរគំនរសំរាមជាអចិន្រ្តៃយ៍ មានចំនួន១២៥គ្រួសារ និងមានពលរដ្ឋចំនួន៥៧០គ្រូសារផ្សេងទៀតជាជនក្រីក្រមកពីតាមបណ្តាខេត្តនានា និងក្នុងរាជធានីភ្នំពេញដោយពួកគេពឹងផ្អែកលើរបររើសអេតចាយក្បែរគំនរសំរាមនេះ។លោកថាដោយសារ ជំនន់ទឺកភ្លៀងក្នុងឆ្នាំនេះមានភាពធ្ងន់ធ្ងជាងឆ្នាំមុនៗ ទើបធ្វើឱ្យពលរដ្ឋទាំងនោះបានបាត់បង់ចំណូល ហើយក៍ប្រឈមនឹងកាខ្វះខាតអាហារផងដែរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ