ក្រសួងការបរទេសកម្ពុជា និយាយថា វៀតណាមបានបញ្ជាក់ជាថ្មីចូលរួមសហការទប់ស្កាត់បទល្មើសព្រៃឈើនិងសត្វព្រៃខុសច្បាប់ឆ្លងដែន សំដៅដល់ភាពរឹងមាំដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ក្រសួងការបរទេសកម្ពុជា ថ្លែងបែបនេះ ធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-វៀតណាម លើកទី១៨ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នាថ្ងៃទី២២ ខែធ្នូ តាមប្រព័ន្ធវីដេអូ។
ក្រសួងការបរទេសនិយាយថា ក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរបានជំរុញដល់ភាពរឹងមាំជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងស្ថិរភាពយូរអង្វែង រួមទាំងការលើកកម្ពស់បន្ថែមនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ក្រសួងការបរទេសក៏បានគូសបញ្ជាក់ថា ភាគីទាំងពីរក៏បានឯកភាពផងដែរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រទៅវិញទៅមកនៅថ្នាក់តំបន់និងអន្តរជាតិ បន្តសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
ក្រសួងបន្តថា៖ «ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មោះមុត និងកិច្ចខិតខំប្រឹងប្រែងរួមក្នុងការគ្រប់គ្រងសកម្មភាពកេងប្រវ័ញ្ចខុសច្បាប់នានា ការដឹកជញ្ជូន និងការជួញដូរឈើហ៊ុបនិងសត្វព្រៃឆ្លងដែនខុសច្បាប់»។
ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភ័ក្រ មានប្រសាសន៍ថា មួយឆ្នាំចុងក្រោយនេះ គ្មានបទល្មើសប្រភេទឈើហ៊ុបឆ្លងដែនទេ ក្រោយពីក្រុមការងារថ្នាក់ជាតិបានចុះបង្ក្រាបបទល្មើសព្រៃឈើក្នុងទ្រង់ទ្រាយធំរួចមក ប៉ុន្តែលោកថា បទល្មើសទ្រង់ទ្រាយតូចជាប្រភេទឈើសំណង់និងប្រភេទឈើដែលប្រជាពលរដ្ឋត្រូវការសម្រាប់ធ្វើផ្ទះ។
មួយវិញទៀត លោកថា បទល្មើសសត្វព្រៃឆ្លងដែនជាប្រភេទធ្វើអាជីវកម្ម ក៏លែងមានដែរ វាលើកលែងតែពលរដ្ឋវៀតណាមខ្លះលួចចូលដាក់អន្ទាក់ក្នុងទឹកដីកម្ពុជា ដោយសារតែមន្ត្រីអភិរក្សកម្ពុជានៅមានចំនួនតិច ខណៈដែនការពារជាប់ព្រំដែនខេត្តមណ្ឌគិរីនេះមានព្រំប្រទល់ជាប់វៀតណាម មានចម្ងាយជាង២០០គីឡូម៉ែត្រ។
លោក កែវ សុភ័ក្រ មានប្រសាសន៍ថា៖ «[វៀតណាម] ឆ្លងដែនលួចមកដាក់អន្ទាក់ មាន! ប៉ុន្តែបើថានាំចេញជាលក្ខណពាណិជ្ជកម្ម ដូចអត់ទាន់ដែលជួបប្រទះ»។
អ្នកសម្របសម្រួលសហគមន៍ជនជាតិដើមភាគតិចប្រចាំខេត្តមណ្ឌលគិរី លោក គ្រឿង តុលា និយាយថា បទល្មើសព្រៃឈើប្រភេទឈើហ៊ុបដឹកចេញទៅវៀតណាមនៅខេត្តនេះ នៅតែបន្តកើតមាន ចំពេលសកម្មភាពចុះបង្ក្រាបរបស់ថ្នាក់ជាតិ បានស្ងប់ស្ងាត់ទៅវិញ ដែលលោកថា ឈ្មួញដឹកចេញភាគច្រើននៅពេលយប់ចន្លោះពីម៉ោង៩ទៅម៉ោង២។
អ្នកឃ្លាំមើលជនជាតិដើមភាគតិចរូបនេះ ព្រួយបារម្ភថា បទល្មើសឆ្លងដែននឹងមិនថយចុះទេ បើមន្ត្រីទទួលផលប្រយោជន៍ពីបទល្មើស មិនត្រូវបានផ្តន្ទាទោសទេនោះ។
លោក គ្រឿង តុលា ប្រាប់ថា៖ «ខ្ញុំគិតថា ទី១ ពង្រឹងអភិក្រម ទី២ព ង្រឹងការគោរពច្បាប់ ទី៣ ត្រូវតែមានពិន័យឱ្យធ្ងន់ធ្ងរចំពោះជនដែលប្រព្រឹត្ត។ ៣ចំណុចហ្នឹង បើយើងធ្វើបាន ព្រៃឈើគង់វង្ស តែបើធ្វើមិនបាន៣ហ្នឹង មិនបាច់ស្រែកទេ ស្រែកនាំតែអត់ប្រយោជន៍»។
អ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី មានប្រសាសន៍ថា ការប្តេជ្ញាចិត្តលើក្រដាសជារឿងមួយ ប៉ុន្តែថា បើការអនុវត្តជាក់ស្តែងក្នុងការទប់ស្កាត់បទល្មើសឆ្លងដែនគ្មានប្រសិទ្ធភាពនោះ វៀតណាមនៅតែបន្តចំណេញលើសលុបពីកម្ពុជា ពាក់ព័ន្ធទៅនឹងបទល្មើសឆ្លងដែននេះ។
លោក សេង សារី មានប្រសាសន៍ថា៖ «បើនិយាយពីវៀតណាមវិញ គេទទួលបានផលចំណេញពីកម្ពុជា ៩ពាន់លានដុល្លារ ក្នុង១ឆ្នាំ ហើយសិប្បកម្មកែច្នៃប្រមាណជាជាង៤០០ កំពុងដំណើរការកែច្នៃឈើចូលពីកម្ពុជា ហើយក៏មានមនុស្សទទួលផលពីការកែច្នៃឈើហ្នឹងរាប់ពាន់នាក់»។
យ៉ាងណា គណៈកម្មការជាតិដើម្បីទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ បានបង្ហាញរបាយការណ៍អំឡុងខែធ្នូនេះថា ១១ខែឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបបទល្មើសព្រៃឈើបានសរុបជាង ៣ពាន់ករណី (៣ ៣១២) ឃាត់ខ្លួនជនល្មើសបាន ២២៨នាក់។
ចំណែកក្រសួងបរិស្ថាន បានបង្ហាញរបាយការណ៍ដែរថា ការចុះល្បាតបង្ក្រាបបទល្មើសធនធានធម្មជាតិនៅដែនជម្រកសត្វព្រៃព្រៃឡង់ រយៈពេល៩ខែ ឆ្នាំនេះ ក្រុមមន្ត្រីឧទ្យានុរក្សបង្ក្រាបបទល្មើសបានចំនួន ៩៥៤ករណី និងរឹបអូសវត្ថុតាងបានមួយចំនួន។
ក្រសួងគូសបញ្ជាក់ថា បទល្មើសទាំងនេះកើតឡើងមកពីកត្ដាជីវភាពរបស់ប្រជាសហគមន៍ ការទាក់ទាញនិងញុះញង់ពីសំណាក់ក្រុមឈ្មួញទុច្ចរិត គួបផ្សំនឹងចំនួនមន្ដ្រីឧទ្យានុរក្សនៅមានកម្រិតនៅឡើយ៕