CCHRរកឃើញថា ក្រុមហ៊ុន៥ទទួលបានសិទ្ធិវិនិយោគធ្វើឱ្យកសិករ១៨០០គ្រួសារបាត់បង់ដីធ្លី

ប្រជាពល​រដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លីជាមួយក្រុមហ៊ុនអានម៉ារ៉ាឌី​ជិត៥០ ​នាក់​មកពី​ខេត្តស្វាយរៀង បាន​ប្រមូលផ្តុំគ្នាមុខក្រសួងដែនដីនគរូបនីយកម្ម និងសំណង ថ្ងៃទី ១១ កញ្ញា ២០១៨

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)ទាមទារឱ្យរដ្ឋាភិបាល និងក្រុមហ៊ុនមួយចំនួន ឈប់ប្រើប្រព័ន្ធតុ​​លា​ការ និងកងកម្លាំងប្រដាប់​អាវុធ​គំ​រា​ម​ក្រុមអ្នកមានជម្លោះដីធ្លី ខណៈ​រកឃើញថា កសិករ ១៨០០គ្រួសារបាត់បង់ដីស្រែចម្ការ​ពាក់ព័ន្ធនឹងទំនាស់ដីធ្លីជាមួយ​ក្រុមហ៊ុ​​ន​៥ ​ដែលទទួលបានដី​សម្បទានពីរដ្ឋាភិបាលសម្រាប់វិនិយោគ។

ការទាមទាររបស់CCHRនេះ ធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាន​ស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស គណនេយ្យភាពសាជីវកម្មចំ​ពោះ​​ការរំលោភបំពានសិទ្ធិដីធ្លី ចេញផ្សាយថ្ងៃទី២៥ ខែធ្នូ។

អង្គការសិទ្ធិមនុសុ្សមួយនេះ និយាយថា ការរំលោភបំពានដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាសិ​ទ្ធិម​នុស្សនានា ដែលកើតឡើងជាញឹកញាប់ក្នុងយុគសម័យទំនើបបច្ចុប្បន្ន។

អង្គការនេះបន្តថា ផ្នែកមួយដ៏សំខាន់នេះ គឺជាការលំបាកក្នុងការបញ្ចុះបញ្ចូលក្រុមហ៊ុននានា​ឱ្យធានានូវគណនេយ្យភាពចំពោះផលប៉ះពាល់លើសិទ្ធិមនុស្សរបស់ខ្លួន ដែលថា ក្រុមហ៊ុនតែងត្រូវបានចោទប្រកាន់អំពីការរឹបអូសយ​កដី ការបណ្តេញចេញដោយបង្ខំ និងការមិនគោរពសិទ្ធិដីធ្លីរបស់ជនជាតិដើមភាគតិចជាដើម។

អង្គការនេះ គូសបញ្ជាក់ថា តាមការសិក្សាលើក្រុមហ៊ុនចំនួន៥ ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ធ្វើឱ្យពលរដ្ឋ១៨០០គ្រួសារបាត់បង់ដីស្រែចម្ការ។

អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សមជ្ឈមណ្ឌលនេះ គឺលោក វណ្ណ សុផាត មានប្រសាសន៍បន្ថែមថា កត្តាចម្បង​នៃបញ្ហានេះ វាបានកើតឡើងមកពីកង្វះការប្តេជ្ញាចិត្តចូលរួមជំរុញឱ្យមានតម្លាភាពពីសំណាកអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ។

លោកថា មួយវិញទៀត ក្រុមហ៊ុនខ្វះការទទួលខុសត្រូវ ធានានូវគណនេយ្យភាព ដោយសំអាងតែលើសិទ្ធិអនុញ្ញាតពីរដ្ឋាភិបាល​ចា​ប់​ផ្តើមឈូសឆាយយកតែម្តង ឬប្រើប្រព័ន្ធតុលាការ និងកងកម្លាំង ចុះបង្ក្រាប ​ឬបណ្តេញចេញ ដើម្បីបើកផ្លូវគម្រោងវិនិយោគដោ​យ​ឈរលើស្មារតីដោះស្រាយផលប៉ះពាល់ជាក់ស្តែង។

លោក វណ្ណ សុផាត ប្រាប់ថា៖ «ទី៧ ពេលដែលសហគមន៍តស៊ូមតិដើម្បីស្វែងរកដំណោះស្រាយគឺមានការគំរាមកំហែង រារាំង បំភិតបំភ័យ​ ឬក៏ចោទប្រកាន់តាមផ្លូវតុលការចាប់ពួកគាត់ដាក់ពន្ធនាគារជាដើម ដែលភាគច្រើនប៉ះពាល់ទៅលើស្ត្រី»

លោក វណ្ណ សុផាត មានប្រសាសន៍ទៀតថា រាល់ការដាក់បណ្តឹងរបស់ពលរដ្ឋ​ទៅអាជ្ញាធរពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយ គ្មានប្រសិទ្ធិភាពទេ តែពួកគេ​ច្រើនតែរងបណ្តឹងបកវិញថា ជាអ្នកញុះញង់ ឬអាជ្ញាធរបញ្ចេញកម្លាំងរារាំង ឬចាប់ខ្លួន ពេលពួកគេចេញតស៊ូមតិស្វែងរកដំណោះស្រាយពីក្រសួងពាក់ព័ន្ធនៅថ្នាក់ជាតិ។

អ្នកសម្របសម្រួលរូបនេះ គូសបញ្ជាក់ថា ពលរដ្ឋ ១៨០០គ្រួសារនេះ ខ្លះបានបាត់បង់ដីតាំងពីឆ្នាំ២០០៦ ហើយបច្ចុប្បន្នមិនទាន់មានដំណោះស្រាយនៅឡើយ ខណៈខ្លួនសិក្សាទៅលើក្រុមហ៊ុន​៥ ដូចជាក្រុមហ៊ុនចម្ការកៅស៊ូ សុកហ្វីន ខេ ស៊ី ឌី នៅខេត្តមណ្ឌលគិរី ក្រុមហ៊ុនមួយនៅខេត្តឧត្តរមានជ័យ តំបន់សេ​ដ្ឋកិច្ចពិសេសក្នុងខេត្តពោធិ៍សាត់ និង​២ទៀតនៅខេត្តកោះកុង។

អ្នកនាំពាក្យក្រសួងដែនដី នរគរូបនីយកម្ម និងសំណង់ លោក សេង ឡូត មានប្រសាសន៍ថា លោកនឹងឆ្លើយតប ក្រោយពីអាន​សេច​ក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានេះចប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ