រដ្ឋា​ភិបាល​​អនុ​ញ្ញាត​​ឱ្យ​​កាត់​​ដី​​បឹង​​តា​មោក​​ជាង​២០០​ហិ​កតា​​ទៀត​ឱ្យ​​បុគ្គល​​ឯក​ជន​​គ្រប់​គ្រង​​

ទិដ្ឋភាពបឹងតាមោក ខណៈអាជ្ញាធររៀបចំចាក់បំពេញដី ដើម្បីអភិវឌ្ឍ កាលពីឆ្នាំ២០១៩។ រូបភាព៖ ខាន់ លក្ខិណា

រដ្ឋាភិបាលបានសម្រេច​កាត់​ដី​បឹង​តា​មោក​ជាង២០០ហិ​កតា​បន្ថែម​ទៀត ប្រគល់​ទៅ​ឱ្យ​បុគ្គល​ឯកជនដើម្បី​គ្រប់គ្រង​ជា​កម្មសិទ្ធិ។

យោង​តាម​លិខិត​របស់​រដ្ឋលេខាធិការ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី លោក កែន សត្ថា ដែល​ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងធនធានទឹក ក្រសួង​រៀបចំ​ដែនដី ក្រសួងសេដ្ឋកិច្ច និង​អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បាន​លើកឡើង​ថា ចំពោះ​សំណើ​ដែ​លក្រ​សួង​និង​ស្ថាប័ន​ទាំងនោះស្នើសុំ​កាត់​ឆ្វៀល​ដី​ទំហំ២៧៥ហិ​កតា ចេញពី​ផ្ទៃដី​បឹង​តា​មោក​ (បឹង​កប់​ស្រូវ​) ក្នុង​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ​ រដ្ឋាភិបាល​បាន​យល់ព្រម​អនុញ្ញាត​ឱ្យ​កាត់​ផ្ទៃដី​តែ​ទំហំ​ជាង១៩៦ហិ​កតា​ប៉ុណ្ណោះ ដើម្បី​ធ្វើ​ប្រទានកម្ម​ទៅ​ឱ្យលោកស្រី អ៊ុយ បូរី និង​លោកស្រី គង់ សុធី ដើម្បី​គ្រប់គ្រង​ជា​កម្មសិទ្ធិ។

លិ​ខិត​ដដែល​នោះពុំ​បាន​បញ្ជាក់​ពី​តួនាទី​របស់លោកស្រី អ៊ុយ បូរី និង​លោកស្រី គង់ សុធី និង​ថា​តើ​ការ​កាត់​ដី​បឹង​នោះ​យក​ទៅ​អភិវឌ្ឍសម្រាប់​ធ្វើអ្វី​នោះ​ដែរ។

ដោយឡែក ​លិខិត​មួយទៀត​របស់​រដ្ឋលេខាធិការ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី លោក កែន សត្ថា ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ពាក់ព័ន្ធ និង​អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ឱ្យ​ដឹង​ដែរ​ថា រដ្ឋាភិបាលបាន​អនុញ្ញាត​ឱ្យ​កាត់​ផ្ទៃដី​បឹង​តា​មោក​ទំហំ២០ហិ​កតា​ទៀត នៅ​សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ ទៅ​ឱ្យលោក លន់ ហាក់ និង​អ្នកស្រី ឈុន ចាន់​ធី ដើម្បី​ជា​ការដោះដូរ ដី​ទំហំ​ជាង១ ៥៧១ម៉ែត្រក្រឡា ស្ថិតនៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ របស់​បុគ្គល​ទាំងពីរ​រូប​នេះ។ 

លិខិត​ដដែលបញ្ជាក់​ថា ការដោះដូរ​ដី​នេះ គឺ​ដើម្បី​សាងសង់​អគារ​ទីបញ្ជាការ​ស្រាល​នៅ​លើ​ដី​ទំហំ​ជាង១ ៥៧១ម៉ែត្រក្រឡា ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ។ 

វី​អូ​ឌី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពីលោក កែន សត្ថា ពាក់ព័ន្ធ​នឹង​ការ​កាត់​ផ្ទៃដី​បឹង​តា​មោកនេះ​បានទេ នៅ​ថ្ងៃ​ចន្ទ​នេះ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ផៃ ស៊ី​ផាន មានប្រសាសន៍​ថា លោក​ពុំ​បានដឹង​ទេ​ថា ​តើ​រដ្ឋ​កាត់​ផ្ទៃដី​បឹង​តា​មោកទៅ​ឱ្យ​បុគ្គល​ឯកជន​សម្រាប់​អភិវឌ្ឍ​អ្វី​នោះ​ទេ ដោយ​លោក​បង្វែរ​សំ​ណួ​រនេះទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឬក្រសួងសេដ្ឋកិច្ច និង​ក្រសួង​ដែនដី រួម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត។

លោក​ថា៖ «ជាគោល​ការណ៍​ នៅក្នុង​ការ​ធ្វើ​លទ្ធកម្ម​កាត់​ឆ្វៀល​ដី​សាធារណៈ​របស់​រដ្ឋ​មួយទៅ​ឱ្យ​អ្នកណា​ហ្នឹង ជា​សម្បទានឬដោះដូរ​ឱ្យ​អ្នកណា​ហ្នឹង តែងតែមាន​ប្រជុំ​អន្តរក្រសួង»។

អ្នកនាំពាក្យ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខ​សេន​សាន សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ចំពោះរឿងនេះ។

លោក​ថា៖ «ក្រសួងសេដ្ឋកិច្ច​គ្រាន់តែ​ដឹង​ឮរឿង​ការ​បង់ពន្ធ ប៉ុន្តែ​ការគ្រប់គ្រង​អី​ស្ថិតនៅ​លើ​ក្រសួង​ម្ចាស់​សា​ម៉ី»។ 

រដ្ឋមន្ត្រី​ក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គា​នហោ មានប្រសាសន៍​ថា លោក​បានឃើញ​លិខិត​ជុំវិញ​ការ​កាត់​បឹង​តា​មោក​នេះ​ហើយ ប៉ុន្តែ​លោក​សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​លម្អិត ដោយ​ឱ្យ​សួរ​ទៅ​ខាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​វិញ។

លោក​ថា៖ «ជា​ធម្មតា​ទេ បឹង​វា​មាន​សារៈ​ប្រយោជន៍ ប៉ុន្តែ​បឹង​មួយចំនួន​មាន​សារៈ​ប្រយោជន៍​ទាប​ជាង​ការ​អភិវឌ្ឍ អ៊ីចឹង​គេ​អាច​ថ្លឹងថ្លែង​មើលកន្លែងណា​ដែល​ចំណេញ កន្លែងណា​ដែលខាត មិនមែន​បឹង​ទាំងអស់​ហ្នឹងលុប​មិនបានទេ។ ទាល់តែ​មើល​ពី​ការសិក្សា​ច្បាស់លាស់ តើ​បឹង​ហ្នឹង​មាន​សារៈ​ប្រយោជន៍​ទេ​? បើ​មាន​សារៈ​ប្រយោជន៍ ​ត្រូវ​រក្សាទុក​ជា​បឹង ប៉ុន្តែ​បើ​អត់ គេ​អាច​មាន​វិធានការ​ធ្វើការ​អភិវឌ្ឍ»។

វី​អូ​ឌី មិន​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពីអ​ភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បានទេ ជុំវិញ​រឿង​នេះ ខណៈ​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្ដី ប្រាប់​ថា​ជាប់រវល់។

នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី ស្នើ​ទៅ​រដ្ឋាភិបាលនិង​ក្រសួង​ពាក់ព័ន្ធ​ធ្វើការ​ពិចារណា​ឡើងវិញពី​ការ​លុប​បឹង​ធម្មជាតិ ព្រោះ​បឹង​នេះមាន​សារៈសំខាន់​សម្រាប់​រំដោះ​ទឹក​ពី​រាជធានី​ភ្នំពេញ ខណៈ​កន្លងមក លោក​សង្កេតឃើញ​តំបន់​ខ្លះ​ក្នុង​រាជធានី​ភ្នំពេញបាន​រង​នូវ​ការ​ជន់​លិច ក្រោយពី​មានការ​លុប​បឹង​ធម្មជាតិ​ជាបន្តបន្ទាប់។

លោក​ថា៖ «ក្រៅ​អំ​ពី​ស្តុ​បទឹ​កនិង​រក្សា​ផល​ប៉ះពាល់​ដែល​អាច​កើតឡើង​ពី​ទឹកជំនន់ បឹង​ដើរតួ​នាទី​សំខាន់​ទៅដល់​ជីវភាព​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារដែល​រស់នៅ​ជុំវិញ​ហ្នឹង ​ដូចជា ​ប្រើប្រាស់​ទឹក នេសាទ និង​ដំា​បន្លែ​ ជាដើម។ មួយទៀត វា​ជា​សោភ័ណភាព​ទីក្រុង អាច​បង្កើន​បរិយាកាស​ល្អ វា​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ បើ​យើង​មើលទៅ​ប្រទេស​ផ្សេង​ៗ ដូចជា​វៀតណាម និង​ប្រទេស​ផ្សេងទៀត គឺ​បឹង​នៅ​កណ្ដាល​ទីក្រុង គេ​រក្សា​បឹង​ទាំងអស់​ហ្នឹង​ជា​កន្លែងលំហ​ទីក្រុង ដើម្បី​ឱ្យ​មាន​ខ្យល់​ឱកាស​ចេញចូល​ល្អ​និង​មាន​សោភ័ណភាព»។ 

កាលពីដើម​ខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការកំណត់​ផ្ទៃ​បឹង​តា​មោក ជា​សម្បតិ្ត​របស់​រដ្ឋ ដែល​មានផ្ទៃ​ដី​សរុប​ប្រមាណ៣ ២៣៩ហិ​កតា សម្រាប់​ស្តុក​ទឹក​កខ្វក់និង​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ។ 

បើ​តាម​លិខិត​របស់​រដ្ឋាភិបាល​ជាបន្តបន្ទាប់ ចាប់តាំងពី​ឆ្នាំ២០១៨ ដល់​ឆ្នាំ២០២០ ផ្ទៃ​បឹង​តា​មោក​ប្រហែល១ ០០០ហិ​កតា​ហើយ ត្រូវ​បាន​រដ្ឋាភិបាល​កាត់និង​ដោះដូរ​ទៅ​ឱ្យ​ស្ថាប័នរដ្ឋនិង​ក្រុមហ៊ុន​ឯកជន សម្រាប់​សាងសង់​អគារនិង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ៗ។

របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​សមាគម​ធាងត្នោត កាលពី​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ បង្ហាញថា បឹង​ធម្មជាតិ​ទាំងអស់នៅ​រាជធានី​ភ្នំពេញ កំពុង​ប្រឈម​នឹង​ការ​ចាក់​ដី​លុប​អស់ទាំង​ស្រុង។ របាយការណ៍​បញ្ជាក់​ថា គិត​ចាប់ពី​ឆ្នាំ១៩៩០មក បឹង​ចំនួន១៦ហើយ​ត្រូវ​បាន​ចាក់​ដី​លុប​ទាំងស្រុង ខណៈ​បឹង​ចំនួន១០ទៀតត្រូវ​គេ​ចាក់​លុប​មួយ​ផ្នែក​ៗជា​បណ្ដើរ​ៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ