សមាគម​​ខ្មែរ​​កម្ពុជា​​ក្រោម​ទាមទារ​​ឱ្យ​​រដ្ឋា​ភិបាល​​ពង្រឹង​​ប្រសិទ្ធ​ភាព​​ទប់​ស្កាត់​​ការ​រើស​អើង​​ខ្មែរ​ក្រោម​​កំពុង​​រស់​នៅ​​កម្ពុជា​

ខួប៧១ឆ្នាំ នៃ​ទិវា ៤មិថុនា កម្ពុជាក្រោម​ស្ថិត​ក្រោម​ការត្រួតត្រា​របស់​វៀតណាម (៤ មិថុនា ១៩៤៩ – ៤ មិថុនា ២០២០​)នៅ​ទីស្នាក់ការ​សហគមន៍​ខ្មែរ​កម្ពុជាក្រោម ស្ថិ​នៅ​សង្កាត់​គោក​ឃ្លាំង ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។ (​ហ្វេសប៊ុក៖ ទំព័រ​សហគមន៍​ខ្មែរ​កម្ពុជាក្រោម Khmer Kampuchea Krom Community​)

​សមាគម​ខ្មែរ​កម្ពុជាក្រោម​មួយ និយាយ​ថា ពួក​គេ​ចន្លោះ​ពី២០ទៅ៣០ភាគរយ ត្រូវ​បាន​រារាំង​ក្នុង​ការស្វែងរក​ឯកសារ​ស្របច្បាប់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ធ្វើ​ឱ្យ​មិន​ទទួល​បាន​សេវា​គាំពារ​សង្គមនិង​សិទ្ធិ​បោះឆ្នោត ដែល​តម្រូវ​ឱ្យ​រដ្ឋាភិបាលត្រូវ​ពង្រឹង​ប្រសិទ្ធភាព​នេះ​ឡើងវិញ ទប់ស្កាត់​ការ​រើសអើង​ខ្មែរកម្ពុជាក្រោមដែល​បាន​មក​រស់នៅ​លើទឹក​ដី​កម្ពុជា​យូរឆ្នាំ​មកនេះ។

ការ​ទាម​ទា​ររបស់​សមាគម​ខ្មែរ​កម្ពុជាក្រោម​នេះ ធ្វើឡើង​តាមរយៈ​លិខិត​ចុះ​ថ្ងៃទី២៥ ខែធ្នូ ដែល​ដាក់​ជូន​ទៅ​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ លោក ស ខេង ដើម្បី​ជំរុញ​ដំណោះស្រាយ។

នាយក​ប្រតិបត្តិ​សមាគម​ខ្មែរ​កម្ពុជាក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន យឿង និយាយ​ក្នុង​លិខិត​នោះ​ថា តាម​ស្ថិតិ​ប៉ាន់ស្មាន បច្ចុប្បន្ន ខ្មែរកម្ពុជាក្រោម​ជាង១លាន​នាក់រស់​នៅ​កម្ពុ​ជា ក្នុង​នោះ​ខ្មែរ​កម្ពុជា​ក្រោមចន្លោះ​ពី២០ទៅ៣០ភាគរយ មិនទាន់​មាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ សំបុត្រ​កំណើត សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ​ ជាដើម ដើម្បី​បញ្ជាក់​ពី​ភាព​ស្របច្បាប់​ជា​ពលរដ្ឋខ្មែរ​នៅឡើយ​ទេ។

លោក​ថា ឯក​សារ​ទាំងនោះ​មាន​សារៈសំខាន់​ចាំបាច់ ដើម្បី​ឱ្យ​ពួក​គេ​អាចយ​កទៅ​ប្រើប្រាស់​សម្រាប់​ទទួល​បាន​សេវា​គាំពារ​សុខភាព ការអប់រំ កម្មសិទ្ធិ​ដីធ្លី លិខិតឆ្លងដែន ផលប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ និង​សិទ្ធិ​បោះឆ្នោត ​ជាដើម។ លោក​ថា បើ​បញ្ហា​នេះ​នៅតែ​អូស​បន្លាយ វា​នឹង​បណ្តាល​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ​ជាច្រើនអាច​នឹង​ប្រឈម​ហានិភ័យ​ជា​ប្រជាជន​គ្មាន​រដ្ឋ។

សមាគម​នេះប្រាប់​ទៅ​លោក ស ខេង ទៀត​ថា នៅ​ខេត្ត​សៀមរាប ខ្មែរកម្ពុជាក្រោម​ប្រមាណ​៣៣២គ្រួសារ មាន​សមាជិក១ ២៦៦នាក់ ក្នុង​នោះ​សមាជិក១០០នាក់​មិន​មាន​ឯកសារ​ស្របច្បាប់។

លោក សឺន យឿង រំឭក​ថា ២៧ឆ្នាំ​មកនេះ រដ្ឋាភិបាល​នៅតែ​មិន​អាច​ធ្វើ​បាន​នូវ​អ្វី​ដែល​ខ្លួន​ធ្លាប់​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា រដ្ឋាភិបាល​ចាត់ទុក​ខ្មែរក្រោមដែល​កំពុង​រស់នៅ​កម្ពុជា​ជា​ពលរដ្ឋខ្មែរ។

លោក សឺន យឿង និយាយ​ថា៖ «សមាជិក​ខ្មែរក្រោម​ដែល​គ្មាន​អត្តសញ្ញាណ​បណ្ណ នៅតែ​បន្ត​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ការរស់នៅ​ប្រទេស​កម្ពុជា ​ដូចជា ​ការរើសអើង កង្វះ​ផ្ទះសម្បែង និង​កង្វះ​ការ​ទទួលស្គាល់​ពី​អាជ្ញាធរ»។

សមាគម​ខ្មែរ​កម្ពុជាក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ជំរុញ​ទៅ​ក្រសួងមហាផ្ទៃ​ ឱ្យ​ធានា​ថា ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ ស្តី​ពី អ​ត្ត​សញ្ញាណ​កម្ម​ ឆ្នាំ២០១៧​-២០២៦ នឹង​មិន​មាន​នរណា​ម្នាក់​ត្រូវ​បាន​រារាំង​ពី​ការប្រើ​ប្រាស់​សិទ្ធិ ដើម្បី​ទទួល​បាន​ឯក​សារ​បញ្ជាក់​អត្តសញ្ញាណ​នេះ និង​ថា រដ្ឋាភិបាល​ត្រូវ​ចេញ​សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ឱ្យ​បាន​ច្បាស់លាស់​ជាថ្មី​ម្តង​ទៀត​អំពី​គោលជំហរ​របស់​ខ្លួន​ដែល​ថា​«ខ្មែ​ក្រោម​គឺជា​ពលរដ្ឋខ្មែរ»

នាយក​ប្រតិបត្តិ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ដើម្បី​សិទ្ធិមនុស្ស​ និង​អភិវឌ្ឍន៍ លោក សឺន យឿង មានប្រសាសន៍​បន្ថែម​ថា វា​មាន​សារៈសំខាន់​ណាស់ដែល​ក្រសួង​ត្រូវ​ពង្រឹង​ប្រសិទ្ធភាព​នេះ ដើម្បីឱ្យ​ពលរដ្ឋខ្មែរ​ក្រោម​ទទួល​បាន​ឯកសារ​ស្របច្បាប់​គ្រប់គ្នា​ត្រឹម​ដំណាច់​ឆ្នាំ២០២១។

លោក សឺន យឿង មានប្រសាសន៍​ថា៖ «បើ​អាជ្ញាធរ​គាត់​យោគយល់ គាត់​មើលតាម​ច្បាប់​សញ្ជាតិ តាមច្បាប់​រដ្ឋធម្មនុញ្ញ និង​តាម​សេចក្តី​ប្រកាស​របស់​សម្តេច​តា អ៊ីចឹង​បងប្អូន​ខ្មែរក្រោម​ឱ្យ​តែម​កដល់​ស្រុកខ្មែរ​ហ្នឹង គឺ​ខ្មែរ​ហើយ»។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​ច្រានចោល​ការចោទប្រកាន់​នេះ ដោយ​ថា ទាំង​រដ្ឋាភិបាលនិង​អាជ្ញាធរ​មិនដែល​រើសអើង​ខ្មែរក្រោម​ទេ តែថា បញ្ហា​វា​នៅត្រង់​ខ្មែរក្រោម​ខ្លះ​មិន​មាន​អាសយ​ដ្ឋាន​រស់នៅ​ជាក់លាក់។

លោក ខៀវ សុភ័​គ មានប្រសាសន៍​ថា៖ «រឿង​រើសអើង គ្មាន​នរណា​រើសអើង​គាត់​ទេ មានតែ​គាត់​ទេ​ដែល​រើសអើង​គេ ​[អាជ្ញាធរ​] នោះ។ រើសអើង​យ៉ាងម៉េច​? ពួក​គាត់​ភាគច្រើន​មកដល់​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល ចោទ​រដ្ឋាភិបាល​ថា រណប​យួន​អី​អញ្ចឹង។ គាត់​ទេ ​អ្នក​រើសអើង! ជេរ​អាជ្ញាធរ​សុទ្ធតែ​រណប​យួន។ នរណា​គេ​ទៅ​រណប​យួន​ ខ្មែរ​តើ! គ្មាន​នរណា​រើសអើង​គាត់​ទេ មានតែ​គាត់​រើសអើង​គេ»។

ខ្មែរ​កម្ពុជាក្រោម​មួយ​រូប​នៅ​ខេត្ត​សៀមរាប លោក អប សា​រ៉េ​ត និយាយ​ថា គាត់​មក​រស់នៅ​លើទឹក​ដី​កម្ពុជា​តាំងពី​ឆ្នាំ១៩៨២ ហើយ​ថា ពេលនេះ អាជ្ញាធរ​មិនព្រម​ធ្វើ​អត្តសញ្ញាណ​បណ្ណ​ថ្មី​ឱ្យ​គាត់​ទេ ខណៈ​អត្តសញ្ញាណ​បណ្ណ​ចាស់​គាត់​ផុត​សុពលភាព។

លោក អប សា​រ៉េ​ត ប្រាប់​ថា៖ «ឯកសារ​ខ្ញុំ​មាន​គ្រប់ហើយ ប៉ុន្តែគ្រាន់តែ​អត្តសញ្ញាណ​បណ្ណ​ខ្ញុំ​អស់​សុពលភាព ​រដ្ឋអំណាចគេ​មិនទាន់​ធ្វើ​ឱ្យ គេ​ថា​យើង​ខ្មែរក្រោម រង់ចាំ​ថ្នាក់លើ​សម្រេច»។

អ្នក​ស្រាវ​ជ្រាវសង្គម ​លោក​បណ្ឌិត សេង សារី មានប្រសាសន៍​ថា ការ​ទាមទារ​ឯកសារ​ស្របច្បាប់​របស់​ខ្មែរ​កម្ពុជាក្រោម​ សម្រាប់​អ្នក​ដែល​បាន​មក​រស់នៅ​លើទឹក​ដី​កម្ពុជា​នៅពេល​នេះ អាច​ជា​ការ​លំបាក បើ​គេ​មើល​ពី​មុំ​នយោបាយ​រវាង​រដ្ឋាភិបាល​កម្ពុជានិង​វៀតណាម​បច្ចុប្បន្ន។

លោក សេង សារី មានប្រសាសន៍​ថា៖ «រដ្ឋាភិបាល​មួយ​ដែល​ផ្តល់​សារៈសំខាន់​ដល់​ជនជាតិ​ខ្មែរ ទោះបី​មក​ពី​និន្នាការឬមក​ពី​តំបន់​ណា​ហ្នឹង បើ​គាត់​ធ្វើ​ម៉េច​ព្យាយាម​សម្រួល​ឯកសារ​ផ្សេង​កុំ​តម្រូវ​ឱ្យ​ច្រើនជ្រុល​ពេក អាហ្នឹង​ខ្ញុំ​ថា វា​ងាយ​ស្រួយ​ទេ ប៉ុន្តែយើង​ដឹង​ហើយ​ថា ការ​ផ្តល់​សញ្ជាតិ​ឱ្យ​ខ្មែរ​កម្ពុជាក្រោម​ហ្នឹង វា​គឺជា​រឿង​មួយ​ពាក់ព័ន្ធ​ជាមួយ​វៀតណាម​ដែរ»។

ទោះជាយ៉ាងណា ក្រៅពី​ប្រាប់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ឱ្យ​ពង្រឹង​ប្រសិទ្ធភាព​ទប់ស្កាត់​ការរើសអើង​ខ្មែ​កម្ពុជាក្រោម សមាគម​ការពារ​សិទ្ធិ​ខ្មែរ​កម្ពុជា​ក្រោមមួយ​នេះ ក៏បាន​ប្រៀបធៀប​ដែរ​ថា ខ្មែរក្រោម​ដែល​កំពុង​រស់នៅ​លើទឹក​ដី​កំណើត​របស់​ខ្លួនដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​វៀតណាម វៀតណាម​មិន​មាន​គោលនយោបាយ​ផ្តល់​ដីសម្បទាន​សង្គមកិច្ច​ដល់​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ដែល​ក្រីក្រ ដើម្បី​មានលទ្ធភាព​បង្កបង្កើនផល​ទេ ខណៈ​ខ្មែរក្រោម​នៅ​ទៅ​នោះ​ជាង១០លាន​នាក់ មិន​ទទួល​បាន​សិទ្ធិ​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​សង្គមនិង​កិច្ចការ​នយោបាយ ដូចជា ​ការបោះឆ្នោត ​ជាដើម ចំ​ណែ​វិស័យ​អប់រំ​វិញ​ថា ស្តី្រខ្មែរក្រោម​មាន​រហូតដល់៩៥ភាគរយ មិន​ចេះ​អាននិង​សរសេរ​អក្សរខ្មែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ