ស្ថានទូត​​កម្ពុជា​​នៅ​​ថៃ​​កំពុង​​សម្រប​សម្រួល​​ឱ្យ​​ថៃ​​បញ្ជូន​​ពលករ​​ខ្មែរ​១១​នាក់​​មក​​ប្រទេស​កំណើត​​វិញ​​

ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចចុះពិនិត្យស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ (អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI)

មន្ត្រី​កម្ពុជា​អះអាង​ថា ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​កំពុង​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ថៃ ឱ្យ​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​នូវ​ពលករ​ខ្មែរ១១នាក់ដែល​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន។

យោងទៅតាម​កាសែត​បាំង​កក​ប៉ុស្តិ៍ ពលករ​កម្ពុជា​ចំនួន១១នាក់ និង​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​តម្រួត​ថៃ​ចាប់ខ្លួន​ក្នុង​អគារ​កែច្នៃ​ដែលជា​រោងចក្រ​តូច​មួយពាក់ព័ន្ធ​នឹង​ការផលិត​សម្ភារ​ពេទ្យ ដែល​គ្មាន​ការ​អនុញ្ញាត ស្ថិតនៅ​ស្រុក​ឡាំ​លោកា ក្នុង​ខេ​តផា​ធុម​ថា​នី កាលពី​ថ្ងៃសៅរ៍​ចុង​សប្ដាហ៍​កន្លងមក​នេះ។

ប្រភព​ដដែល​បានឱ្យ​ដឹង​ថា ជនជាតិ​ចិន​និង​ពលករ​ខ្មែរ​អស់ទាំង​នោះបាន​ចូលមកធ្វើការ​ក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង បានឱ្យ​ដឹង​ថា ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ កំពុង​តាមដាននិង​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​ដោះស្រាយ​ករណីនេះ​ហើយ។

អ្នកនាំពាក្យ​រូប​នេះនិយាយ​ទៀត​ថា ពលករ​ទាំង១១នាក់​នោះត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ជាមុន​សិន ទើប​បញ្ជូន​មក​កម្ពុជា​តាម​ក្រោយ។ លោក​បន្ត​ថា តុលាការ​បាន​ចោទប្រកាន់​ពួក​គេ​ពី​បទ​ចូល​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់។

លោក​បញ្ជាក់​ថា ដំណើរ​ការកាត់​ក្ដី​នៅ​តុលាការប្រហែលជា​មិន​ត្រូវ​ប្រើ​ពេល​យូរ​នោះ​ទេ ហើយ​ពួក​គេ​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​វិញ​ក្នុងរយៈ​ពេល​ឆាប់​ៗនេះ។

តួលេខ​ផ្ដល់​ឱ្យ​ដោយ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា បង្ហាញថា ពលរដ្ឋខ្មែរ៤៦នាក់ ក្នុង​នោះ​មាន​ស្ត្រី១៦នាក់ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​ នៅចន្លោះ​ថ្ងៃទី២០ ដល់​ថ្ងៃទី២៨ ខែធ្នូ​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ