កម្ពុជា​​ប្រកាស​​បើក​​បវេសន​កាល​​ឆ្នាំ​​សិក្សា​​ថ្មី​​នៅ​​ខែ​មករា​ និង​​ឱ្យ​​សាលា​​ឯកជន​​បើក​​ដំណើរ​ការ​​ឡើង​វិញ​

បុរសពីរនាក់ជិះម៉ូតូពីមុខក្រសួងអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

​រដ្ឋាភិបាលសម្រេច​អនុញ្ញាត​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជនបើកដំណើរការ​ឡើងវិញចាប់ពី​ថ្ងៃនេះ​ទៅ ខណៈ​ការ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មីសម្រាប់​គ្រឹះស្ថាន​ចំណេះ​ទូទៅ​សាធារណៈ ​(សាលា​រដ្ឋ​) នឹង​ធ្វើឡើង​នៅ​ថ្ងៃទី១១ ខែមករា ខាងមុខ។

នៅក្នុង​ការ​ថ្លែង​សារ​ពិសេស​តាម​វីដេអូក្នុង​ទំព័រ​ហ្វេសប៊ុក​នៅ​ថ្ងៃនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឱ្យ​ក្រសួង​អប់រំ យុវជន និងកីឡា កំណត់​យក​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ សម្រាប់​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ស្រប​ពេល​ព្រឹត្តិ​ការណ៍​នៃ​ការ​ឆ្លង​ជំងឺ​កូ​វីដ១៩ក្នុង​សហគមន៍២៨វិច្ឆិកា ត្រូវ​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃនេះ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​ថា ក្នុង​ដំណាក់កាលដែល​កម្ពុជាមាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩នេះ បាន​ធ្វើ​ឱ្យ​មានផល​ប៉ះពាល់​ខ្លាំង​ដល់​វិស័យ​អប់រំ ក្នុង​នោះ​បាន​តម្រូវ​ឱ្យ​សិស្ស​រៀន​តាម​ប្រព័ន្ធ​អន​ឡាញនិង​មធ្យោបាយ​មួយចំនួន​ទៀត។ 

ជាមួយគ្នា​នេះ​ដែរ លោក​ក៏បាន​ទទួលស្គាល់​ដែរ​ថា ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញហាក់​មិនសូវ​មាន​ប្រសិទ្ធភាព​នោះ​ទេ ដោយសារ​សិស្ស​មួយចំនួន​ចាប់​មេរៀន​មិនសូវ​បាន និង​សិស្ស​ខ្លះ​ងងុយគេង​ក្នុង​ពេល​រៀន ​ជាដើម។

ភ្លាម​ៗនេះ​ដែរ ក្រសួង​អប់រំ យុវជន និងកីឡា ក៏បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយដោយ​កំណត់​យក​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ជា​ថ្ងៃ​បរិ​ច្ឆេ​ទនៃ​ការ​បើក​បវេសនកាល​ឆ្នាំ​សិក្សា២០២០​-២០២១ សម្រាប់​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ និង​បាន​អនុញ្ញាត​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជនបើកដំណើរការ​ឡើងវិញ​ផង​ដែរចាប់ពី​ថ្ងៃនេះ។ 

ក្រសួង​បន្ត​ថា ការអនុញ្ញាត​នេះសំដៅលើ​គ្រឹះស្ថានសិក្សា​ឯកជនដែល​ទទួល​បានការ​អនុញ្ញាត​ឱ្យ​ដំណើរការ​ឡើងវិញ​ក្នុង​ដំណាក់កាល​ទី១ និង​ទី២។

ក្រសួង​អប់រំ ក៏បាន​តម្រូវ​ឱ្យ​គ្រប់​គ្រឹះស្ថានសិក្សា​ទាំង​រដ្ឋនិង​ឯកជន ត្រូវ​បន្ត​អនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្តង់​ដារក្នុង​បរិបទ​កូ​វីដ១៩ និង​រក្សា​គម្លាត​សុវត្ថិភាព​សង្គមនិង​បុគ្គល និង​ក្នុងករណី​ចាំបាច់ត្រូវ​ពាក់​ម៉ាស់​ការពារ​នៅក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ