លោក​ ហ៊ុន​ សែន​ ច្រាន​ចោល​​ការ​​សុំ​​ចរចា​​រឿង​​នយោបាយ​ ខណៈ​​ជិត​ដល់​​ថ្ងៃ​​ដែល​​ក្រុម​​អតីត​​បក្ស​​ប្រឆាំង​​ប្រកាស​​ចូល​​កម្ពុជា​​

លោក ហ៊ុន សែន ថ្លែង​សារ​ផ្ញើ​ជូន​ជនរួមជាតិ​ខ្មែរ ពាក់ព័ន្ធ​ការ​បិទ​បញ្ចប់​ព្រឹត្តិ​ការណ៍​សហគមន៍ ២៨ វិច្ឆិកា​, ខួប២២ឆ្នាំ​នៃ​នយោបាយ​ឈ្នះ​ឈ្នះ និង​ការ​ទទួល​បាន​ដំណក់​ប្រេង​លើកដំបូង​របស់​កម្ពុជា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ (​ហ្វេសប៊ុក​លោក ហ៊ុន សែន​/ Screenshot​)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃនេះ បាន​ច្រានចោល​ជាថ្មីចំពោះ​ការ​ស្វះស្វែង​រក​ការចរចា​នយោបាយពីសំណាក់​ក្រុម​អតីត​គណបក្ស​ប្រឆាំង ខណៈ​ដែល​លោក​ថា លោក​មិន​អាច​អត់ឱន​ឱ្យ​បាន​ឡើយចំពោះ​អ្នក​ដែល​ចោទប្រកាន់​ទៅលើ​ក្រុម​គ្រួសារ​របស់​លោក​ថា ជាប់ពាក់ព័ន្ធ​ជាមួយ​មេដឹកនាំ​វៀតណាម។

នៅក្នុង​ការ​ថ្លែង​សារ​ពិសេស​ពាក់ព័ន្ធ​នឹង​ការ​បិទ​បញ្ចប់​ព្រឹត្តិ​ការណ៍២៨វិច្ឆិកា និង​ស្ថាន​កា​រណ៍​ថ្មី​ៗនៅ​កម្ពុជា ចេញពី​ទីក្រុង​តាខ្មៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ច្រានចោល​ចំពោះ​ការ​សុំ​ចរចាពី​ក្រុម​អតីត​បក្ស​ប្រឆាំង​ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ ខណៈ​លោក​ថា កន្លងមក អ្នក​ទាំងនោះ​បាន​ប្រកាស​ពី​ការ​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល ប៉ុន្តែ​ឥលូវ​បែរជា​មក​ចង់​ចរចា​ទៅវិញ។

លោក​បន្ត​ថា គ្មាន​ការចរចា​នយោបាយ​ណាមួយ​ត្រូវ​ធ្វើឡើង​នោះ​ទេ ដរាប​ណា​ពួក​គេ​មិនទាន់​ត្រូវ​បាន​តុលាការ​កាត់ទោស​នោះ។ មួយវិញទៀត លោក​ថា ការចោទប្រកាន់​កូនប្រុសនិង​ភរិយា​របស់​លោក ថាជា​កូននិង​ភរិយា​របស់​មេដឹកនាំ​វៀតណាមនា​ពេល​កន្លង​មកនេះ ជា​រឿង​មួយ​ដែល​លោក​មិន​អាច​ទទួលយក​បាននិង​មិន​អាច​អត់ឱន​ឱ្យ​បាន​ឡើយ ហើយ​ករណីនេះ លោក​ស្នើសុំ​ចិត្ត​មិត្ត​ភក្តិបរទេស​កុំឱ្យ​ចូល​ឡូកឡំ។

លោក​ថា៖ «ការប្រមាថ​ប្រពន្ធ​និង​កូន​របស់ខ្ញុំ ខ្ញុំ​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត ឱ្យ​ជនបរទេស​ស្តាប់​ឱ្យ​បាន ការប្រមាថ​មួយ​នេះ​ខ្ញុំ​មិន​អត់ឱន​ឱ្យ​ទេ​! ស្តាប់​ឱ្យ​បាន ភាសាខ្មែរ មិន​អាច​យោគយល់​បាន មិន​អាច​ទទួល​បាន និង​មិន​អាច​អត់ឱន​បាន ភាសា​បី​នេះ​គឺ​ខុសគ្នា។ ភាសា​មិន​អាច​អត់ឱន​បាន មានន័យថា​ ចប់ហើយ! មិន​អាច​រក​ឃើញ​នូវ​ការយោគយល់​ណាមួយ​បានទេ មាន​មួយ​អត់​មួយ​អញ្ចឹង រឿង​នេះ​រឿង​ធំ​សម្រាប់​ខ្ញុំ»។ 

កន្លងទៅ អតីតមន្ត្រី​បក្ស​ប្រឆាំង​មួយ​រូបដែល​រស់នៅ​ក្រៅប្រទេស បាន​សរសេរ​សារ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា កូនប្រុស​ច្បង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ា​ណែ​ត ថា​ជា​កូន​របស់​មេដឹកនាំ​វៀតណាម ហើយ​ភរិយា​របស់​លោកជា​ភរិយា​របស់​មេដឹកនាំ​វៀតណាម។

ការចោទប្រកាន់​នេះបាន​ធ្វើ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រតិកម្ម​ជា​ខ្លាំង ប៉ុន្តែ​ក្រោយមក មេដឹកនាំ​អតីត​គណបក្ស​ប្រឆាំង​ពេលនោះបាន​ប្រកាស​ថា បុរស​ដែល​បាន​សរសេរ​ចោទប្រកាន់​នោះត្រូវ​បាន​បញ្ឈប់​ពី​សមាជិក​បក្ស​ភ្លាម​ៗផង​ដែរ។

ការ​ថ្លែង​របស់​នាយក​រដ្ឋមន្ត្រី បាន​ធ្វើឡើង​ស្រប​ពេល​ដែល​អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខ​ហួរ បាន​ប្រកាស​ពី​គម្រោង​វិល​ចូល​កម្ពុជា​វិញ នៅ​ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ សប្តាហ៍​ក្រោយនេះ ដើម្បី​តតាំង​រឿង​ក្តី​នៅ​តុលាការ​ពាក់ព័ន្ធ​បទ​ចោទ «ឧបឃាត» ឬ «ក្បត់ជាតិ​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល»។

លោកស្រី មូរ សុខ​ហួរ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស បាន​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​ជំហរ​នយោបាយ​របស់​ប្រមុខ​រដ្ឋាភិបាល ដោយ​ថា មេដឹកនាំ​នយោបាយគួរតែ​ហ៊ាន​តម្កល់​ប្រយោជន៍ជាតិខ្ពស់​ជាង​ប្រយោជន៍​ក្រុម​គ្រួសារ។

លោកស្រី​ថា៖ «បុគ្គល​ដែល​បញ្ចេញមតិ គេ​ត្រូវ​ទុក​ដោយឡែក ប៉ុន្តែ​ផលប្រយោជន៍​ជាតិ ​គេ​ទុកជា​ធំ ហើយ​ព្រឹកមិញ​ក៏​ចាប់ ​[ចាប់​សកម្មជន​​ក្នុង​ប្រទេស​] ម្សិលមិញ​ក៏​ចាប់ ​ចាប់យក​ទាំងអស់​ទៅ ហើយ​បើ​ចាប់​បា​នប៉ុណ្ណឹ​ងហើយ សម្តេច​លោក​ចង់បាន​អី​ទៀត។ តើ​លោក​ការពារ​គ្រួសារឬមួយ​យកជាតិ​ជាធំ យើងខ្ញុំ​សុខចិត្ត​ចូល​ពន្ធនាគារ ប៉ុន្តែ​សុំ​ឱ្យ​ជាតិ​រស់ ដោះស្រាយ​គ្មានអ្វី​ក្រៅពី​ការ​ជជែកគ្នា ដើម្បី​រក​ដំណោះស្រាយ​ទេ ព្រោះ​យើង​ខ្មែរ​តែមួយ​ទេ»។

សាស្ត្រា​ចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណ​រ៉ា មានប្រសាសន៍​ថា ច្រកចេញ​នៃជ​ម្លោះ​នយោបាយ​របស់​កម្ពុជាមានតែ​យន្តការ​អន្តរជាតិ​ប៉ុណ្ណោះ ដោយ​ថា យន្តការ​ខ្មែរ​និង​ខ្មែរ លែង​ទៅរួច​ហើយ ព្រោះ​គណបក្ស​កាន់អំណាច​ពេលនេះបាន​គ្រប់គ្រង​ស្ថានការណ៍​ស្ទើរ​មួយ​រយ​ភាគរយ។

មួយវិញទៀត លោក​ថា បក្ស​កាន់អំណាច ហាក់​ដឹងមុន​ថា ការ​ងើបឡើង​វិញ​របស់​អតីត​គណបក្ស​ប្រឆាំង​នៅពេល​នេះ ជា​ហានិភ័យ​មួយ​ដល់​អំណាច​របស់​ខ្លួន។

លោក​ថា៖ «យន្តការ​អន្តរជាតិ វា​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្តល់​អត្រា​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ដូចជា EBA និង GSP របស់​សហរដ្ឋអាមេរិក អង់គ្លេស និង​មានច្បាប់​ដែលគេ​អាច​ដាក់​ទណ្ឌ​កម្ម​ផ្សេង​ៗ ជា​យន្តការ​មួយ​អាច​ឱ្យ​អ្នក​ដែលគេ​ហៅថា មិន​បើក​លំហ​ប្រជា​ធិបេ​យ្យ​ហ្នឹង អាច​បើក​លំហ​ឡើងវិញ​បាន ហើយ​កាលណា​លំហ​នេះ​បើក​ឡើងវិញ [អតីត​] គណបក្ស​ប្រឆាំង​រស់​ឡើងវិញ​ហើយ នេះ​ជា​យន្តការ​ទូទៅ»។

ទោះ​យ៉ាងណា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កំពុង​គ្រប់គ្រង​អំណាច បាន​គូសបញ្ជាក់​នៅ​ថ្ងៃនេះ​ដែរពី​ភាពរឹងមាំ​នៃ​ចំណូល​ថវិកាជាតិ​សម្រាប់​ទ្រទ្រង់​រដ្ឋបាល​របស់​លោក ខណៈ​កម្ពុជា​កំពុង​ប្រឈម​ជាមួយ​សម្ពាធ​អន្តរជាតិនិង​វិបត្តិ​កូ​វីដ១៩។

លោក​គូសបញ្ជាក់​ថា គិត​ត្រឹម​ម៉ោង៥ល្ងាច​ថ្ងៃម្សិលមិញ កម្ពុជាមានសាច់​ប្រាក់សន្សំ​ជាង៣ពាន់​លាន​ដុល្លារដែល​តម្កល់ទុក​សម្រាប់​ចំណាយ ខណៈ​ទុនបម្រុង​អន្តរជាតិ​ផ្លូវការ​របស់​កម្ពុជា មាន​ជាង២០ពាន់​លាន​ដុល្លារ ក្នុង​នោះ​បរិមាណ​មាស​សរុប៤៤តោន៤០០គីឡូ (ក្នុង​នោះ ១២តោន៤០០គីឡូ ជាម​រត​ករបស់​សម្តេច​តា តម្កល់​នៅ​ប្រទេស​ស្វីស​, ១៧តោន តម្កល់ទុក​នៅ​ធនាគារ​កណ្តាល​ប្រទេស​អង់គ្លេស និង១៥តោន​តម្កល់​នៅ​ធនាគារជាតិ​កម្ពុជា​)។ 

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែម​ថា ការនាំចេញ​របស់​កម្ពុជា​នៅ​ឆ្នាំនេះបាន​កើនឡើង​ជាង១៦ភាគរយ គិតជា​ទឹកប្រាក់​ជិត១៦ពាន់​លាន​ដុល្លារ ទោះជា​កម្ពុជាជួប​វិបត្តិ​កូ​វីដ១៩​ក៏ដោយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ